Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - លោក ហ៊ុន សែន បង្ហាញ​ខ្លួន​តាម​ផ្លូវ​ដើម្បី​បញ្ជាក់​ពី​សុខភាព​ និង​លុប​មន្ទិល​ឈឺ​ធ្ងន់

Content image - Phnom Penh Post
លោក​នាយក​រដ្ឋមន្ត្រី ថតរូប​សែលហ្វី​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ផ្លូវ ៦០ ម៉ែត្រ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​។ រូបថត ហ្វេសប៊ុក

លោក ហ៊ុន សែន បង្ហាញ​ខ្លួន​តាម​ផ្លូវ​ដើម្បី​បញ្ជាក់​ពី​សុខភាព​ និង​លុប​មន្ទិល​ឈឺ​ធ្ងន់

ភ្នំពេញ: លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ចុង​សប្ដាហ៍​ បាន​បង្ហាញ​ខ្លួន​តាម​ការ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​តាម​ផ្លូវ​សាធារណៈ​ចំនួន​ពីរ​ទីតាំង​ក្នុង​គោលបំណង​បំបាត់​មន្ទិល​​សង្ស័យ​ទៅ​លើ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ជុំវិញ​បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន​របស់​លោក​ថា​បាន​និង​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ហើយ​បាន​ផ្លាស់ប្ដូរ​មន្ទីរពេទ្យ​នៅឯ​បរទេស​ពី​មួយ​ទៅ​មួយ​ដែល​នឹង​នាំ​ដល់​ការ​ច្របូក​ច្របល់​ដល់​ប្រទេស​ជាតិ​។

លោក ហ៊ុន សែន កាលពី​ថ្ងៃ​សៅរ៍​បាន​ធ្វើ​ដំណើរ​តាម​វិថី​​មុនីវង្ស ខណៈ​ដែល​រថយន្ត​មក​ដល់​ចំណុច​មុខ​សណ្ឋាគារ​ភ្នំពេញ​ក៏បាន​ Live Video Clip ដោយ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​គោរព​បងប្អូន​ជន​រួមជាតិ​ជាទី​ស្រឡាញ់​ព្រឹក​មិញ​នេះ​មាន​ការ​ទាក់ទង​មក​តាម​ការ​និយាយ​តៗ​គ្នា​ថា​ខ្ញុំ​កំពុង​ឈឺ​ធ្ងន់ ហើយ​ក្មួយ​បង្កើត​របស់​ខ្ញុំ​បែរ​ជា​យល់​ថា​ខ្ញុំ​កំពុង​បញ្ជូន​ទៅ​ប្រទេស​បារាំង​មួយ​ចំនួន​ទៀត​ថា ខ្ញុំ​កំពុង​ត្រូវ​បាន​បញ្ជូន​ពី​សាំងហ្គាពួរ​ទៅ​ហុងកុង ឥឡូវ​នេះ​ខ្ញុំ​កំពុង​ស្ថិត​នៅ​ខាង​មុខ​សណ្ឋាគារ​ភ្នំពេញ​បាន​សេចក្ដី​ថា​ខ្ញុំ​កំពុង​ជិះ​សង្កេត​មើល​ទីក្រុង​ភ្នំពេញ​តែ​ម្ដង​។ ដូច្នេះ​ពាក្យ​ចចាម​អារ៉ាម​ដ៏អាក្រក់​នេះ​គួរ​ត្រូវ​បាន​បំបាត់​ចោល​តាមរយៈ​វីដេអូ​របស់​ខ្ញុំ​ដែល​កំពុង​តែ​ផ្សាយ​»​។

លោក នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថា​៖ «​នៅ​លើ​ផ្លូវ​ខ្ញុំ​ធ្វើ​ដំណើរ​តាម​របៀប​ធម្មតា​ហើយ​កំពុង​តែ​ស្ទះ​ចរាចរណ៍​ដូច​គេ​ដូច​ឯង​ដែរ ពេល​នេះ​សុំ​បងប្អូន​ពិនិត្យ​មើល​អ្នក​ដែល​បំផុស​នោះ​គេ​មាន​ចេតនា​អ្វី​ពិតប្រាកដ ព្រោះ​ថា​នាយក​រដ្ឋមន្ត្រី​ដែល​បាត់​ខ្លួន​គឺជា​នាយក​រដ្ឋមន្ត្រី​ដែល​មិន​បាន​...​បើ​សិន​ជា​នាយករដ្ឋមន្ត្រី​បាត់បង់​តំណែង​ជា​ស្ថាពរ​ដូច​អ្វី​ដែល​គេ​បាន​លើក​ឡើង​នោះ​ប្រាកដ​ណាស់​ប្រទេស​នេះ​នឹង​ច្របូក​ច្របល់ ប៉ុន្តែ​សុំ​បងប្អូន​ជន​រួមជាតិ​ទុកចិត្ត​ទៅ​លើ​ការ​ទទួល​ខុសត្រូវ​របស់​ខ្ញុំ​»​។

បើ​ទោះបី​ជា​ លោក​មិន​បាន​ថ្លែង​សារ​អ្វី​ទៀត​ក៏ដោយ លោក​នាយក​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​បាន​ផុស​ហ្វេសប៊ុក​ពី​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​នៅ​លើ​ផ្លូវ​សាធារណៈ​ដែល​គេ​ស្គាល់​ថា​ផ្លូវ​ ៦០ ​ម៉ែត្រ​ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មានជ័យ ក្រុង​ភ្នំពេញ ដោយ​បាន​ជួប​អ្នក​បើកបរ​មួយ​ចំនួន​នៅ​តាម​ផ្លូវ​ក៏​បាន​ចូល​ទៅ​កាន់​ចង្កូត​រថយន្ត​មួយ​ចំនួន​នៅ​ទី​នោះ​បាន​បង្ហាញ​នូវ​ស្នាម​ញញឹម និង​ភាព​រឹងមាំ​។

ទំនង​ជា​សារ​ឆ្លើយតប​ជា​លើក​ទី​មួយ​រួច​ម្ដង​មក​ហើយ​ប្រមាណ​ជាង​មួយ​សប្ដាហ៍​កន្លង​មក​នេះ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ផូស្ត​រូប​លោក​ និង​សមាជិក​គ្រួសារ​ដែល​បាន​បង្ហាញ​ពី​ភាព​លំហែ​កាយ​តាម​បែប​គ្រួសារ​ហើយ​ក៏​ត្រូវ​បាន​គេ​សង្ស័យ​ផង​ដែរ​ថា​លោក​កំពុង​ស្ថិត​នៅ សាំងហ្គាពួរ​ដើម្បី​ព្យាបាល​ជំងឺ​នា​ពេល​នោះ​ទន្ទឹម​នឹង​នោះ​ដែរ​ក៏​មិន​មាន​ការ​ប្រជុំ​គណៈរដ្ឋមន្ត្រី​ទៀត​។

លោក ហ៊ុន សែន បាន​ថ្លែង​នាពេល​នោះ​ថា​៖ «​តើ​ខ្ញុំ​មាន​សិទ្ធិ​សប្បាយ​រីករាយ​ជួបជុំ​កូនចៅ​ដូច​ក្នុង​រូបថត​នេះ​ដែរ​ឬទេ​? ​តើ​ខ្ញុំ​ត្រូវ​តែ​ប្រាប់​មនុស្ស​គ្រប់​គ្នា​ពិសេស​ពួក​ជនពាល​ថា ខ្ញុំ​កំពុង​ស្ថិត​នៅ​ទី​នេះ​ ឬ​ទី​នោះ​ដែរ​ឬ​ទេ​?»​។

Content image - Phnom Penh Post
លោក ហ៊ុន សែន កំពុង​កាន់​ចង្កូត​ឡាន​បើកបរ​លើ​វិថី​ ៦០ ម៉ែត្រ​។ រូបថត ហ្វេសប៊ុក

លោក​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា​បើ​ទោះ​ជា​មាន​ការ​ផ្ទេរ​ ឬ​មិន​ផ្ទេរ​សិទ្ធិ​ ឬ​ស្ថិត​នៅ​ទី​ណា​ក៏​នៅ​តែ​មាន​លទ្ធភាព​ដឹកនាំ​ប្រទេស​ជាតិ​ជាពិសេស​បង្ក្រាប​លើ​ការ​បង្ក​ចលាចល​របស់​ក្រុម​ជនពាល និង​ក្រុម​ជ្រុលនិយម​បាន​ដែរ​។

ការ​ឆ្លើយតប​របស់​លោក​នាយក​រដ្ឋមន្ត្រី​ធ្វើ​ឡើង​បន្ទាប់ពី​ហ្វេសប៊ុក​របស់​សកម្មជន​បក្ស​ប្រឆាំង Chham Chhany សរសេរ​ថា​ពេល​អវត្តមាន​នាយក​រដ្ឋមន្ត្រី​គឺ​ត្រូវ​តែ​មាន​នាយក​រដ្ឋមន្ត្រី​ស្ដីទី តែ​ប្រភព​បាន​និយាយ​ថា ហ៊ុន សែន មិន​ផ្ទេរ​តំណែង​នាយក​រដ្ឋមន្ត្រី​ស្ដីទី​ឲ្យ​ ស ខេង ឬ​ ប៊ិន ឈិន ទេ ព្រោះ​អត់​ទុក​ចិត្ត ហើយ​សូម្បី​តែ​កូនៗ ហ៊ុន សែន ក៏​អត់​ហ៊ាន​ចេញ​ទៅ​មើល ហ៊ុន សែន ​ឈឺ​ម្ដង​ទាំង​អស់​គ្នា​ដែរ (​ម៉ាណែត ម៉ានី ម៉ានិត​) ដោយ​ខ្លាច​មាន​បញ្ហា​ផ្ទៃក្នុង​ (​ពាល​ស៊ី​ពាល​ក្នុង​បក្ស​តែ​មួយ​)​។

ជាមួយ​គ្នា​នេះ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ប្រតិកម្ម​ផង​ដែរ​តាមរយៈ​ព័ត៌មាន​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​លោក​ផង​ដែរ​គឺ​ Fresh News ដោយ​បាន​ថ្លែង​បដិសេធ​ចំពោះ​លិខិត​ចំហ​របស់​លោក លឺ ឡាយស្រេង អតីត​ឧបនាយក​រដ្ឋមន្ត្រី​មកពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​បាន​ស្នើសុំ​បង្កើត​ច្បាប់​ដើម្បី​ការពារ​នាយក​រដ្ឋមន្ត្រី​ដែល​ផុត​អាណត្តិ​គ្រប់​រូប​។

លោក ហ៊ុន សែន បាន​ហៅ​សេចក្ដី​ស្នើ​ច្បាប់​នេះ​ជា​រឿង​ស្មោកគ្រោក និង​កលល្បិច​មិន​មាន​ភាព​ស្មោះត្រង់​ដែល​មាន​ចេតនា​ធ្វើឲ្យ​មាន​ការ​យល់​ច្រឡំ​ចំពោះ​នាយក​រដ្ឋមន្ត្រី​កំពុង​កាន់​តំណែង​បាន​ធ្វើអ្វី​មួយ​ខុស​នោះ​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​ និង​សមាជិក​រដ្ឋសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សរសេរ​ចែកចាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម Telegram ពី​ម្សិលមិញ​ថា​ដូច្នេះ​ការ​ចង់​ឲ្យ​មាន​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​អស់​ពី​តំណែង មិន​បម្រើ​ផលប្រយោជន៍​រួម​របស់​ប្រជាជន​ទេ ហើយ​ផ្ទុយ​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ផង​។ ម្យ៉ាង​ទៀត​ការ​​ចង់​បាន​នេះ​អាច​ជា​ឧបាយកល​ទុច្ចរិត​ឲ្យ​ប្រជាជន​មើល​ឃើញ​ដោយ​ច្រឡំ​ថា​នាយក​រដ្ឋមន្ត្រី​ក្នុង​តំណែង​បច្ចុប្បន្ន បាន​និង​កំពុង​ធ្វើ​ខុស​អ្វី​មួយ​យ៉ាង​ធ្ងន់ធ្ងរ​។

លោក ឥសាន ថ្លែង​ថា​៖ «​ដូច្នេះ​ការ​ចង់​ឲ្យ​មាន​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​អស់​ពី​តំណែង​អាច​ចាត់​ទុក​ថា​ជា​ការ​ស្រមើល​ស្រមៃ​របស់​មនុស្ស​ចាស់​វង្វេង​សតិ​តែ​ប៉ុណ្ណោះ គ្មាន​បាន​ការ​ឡើយ​។ ច្បាប់​មិន​អាច​ត្រូវ​ធ្វើ​ក្នុង​បំណង​ការពារ​ដោយ​ឡែក​សម្រាប់​តែ​បុគ្គល​ណា​​មួយ​ឡើយ​។ បើ​ពុំ​នោះ​ទេ វា​នឹង​មិន​មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​សម្រាប់​ប្រជាពលរដ្ឋ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ឡើយ​»​។

ប្រតិកម្ម​នេះ​កើតឡើង​បន្ទាប់ពី​លោក ឡាយស្រេង កាលពី​ថ្ងៃ​ទី​ ១៥ កក្កដា បាន​ធ្វើ​លិខិត​​ចំហ​ជូន​លោក ហ៊ុន សែន និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើសុំ​ឲ្យ​បង្កើត​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​គ្រប់​រូប​ដែល​ផុត​អាណត្តិ​។

លោក ឡាយស្រេង ថ្លែង​ថា​៖ «​វា​គ្មាន​ចេតនា​ណា​មួយ​មើល​ងាយ​នោះ​ទេ​។ ខ្ញុំ​និយាយ​រួច​ហើយ​ថា ខ្ញុំ​មិន​ដឹង​ថា​ការ​បោះឆ្នោត​អាណត្តិ​ក្រោយ​មិន​ដឹង​ថា​ពី​ណា​ឈ្នះ​ទេ​»៕

0

Comments

Please, login or register to post a comment