ភ្នំពេញៈ យ៉ាងហោចណាស់រថយន្តសណ្ដោងខ្នាតយក្សចំនួនជិត ៥០០ គ្រឿងត្រូវបានដោះទ្រុងសណ្ដោង និងកាត់កែច្នៃឲ្យទៅរកសភាពដើមវិញឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសគ្រាន់តែ ២ ថ្ងៃក្រោយពី លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រមានដកមន្ត្រីទាំងឡាយណាដែលពាក់ព័ន្ធឲ្យរថយន្តប្រភេទនេះធ្វើចរាចរណ៍នៅលើដងផ្លូវដែលជាមូលហេតុធ្វើឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងខូចខាតផ្លូវ។ មួយថ្ងៃក្រោយពីការព្រមាន លោក ហ៊ុន សែន បានផ្ញើសាជាថ្មីទៀតនៅលើទំព័រ
Facebook ផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃអាទិត្យម្សិលមិញថា៖ «ចំពោះរថយន្តតទ្រុង និងកាត់តកែច្នៃទាំងអស់ បើឃើញមានបើកបរនៅខេត្តណា ឬស្រុកណាគឺត្រូវចាប់ទុកទាំងអស់។ ទាំងរដ្ឋមន្ត្រី ទាំងចៅហ្វាយខេត្ត ចៅហ្វាយខណ្ឌ ទាំងចៅហ្វាយស្រុក គឺត្រូវទទួលខុសត្រូវ។ បើមិនចាត់វិធានការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង»។
ក្នុងពិធីសម្ពោធស្ពាននៅខេត្តកំពង់ចាមកាលពីថ្ងៃទី ៩ ខែកុម្ភៈ លោក ហ៊ុន សែន ក៏បានថ្លែងផងដែរថា៖ «ខ្ញុំនឹងតាមមើល ហើយអស់លោកកុំភ្លេចថា ដឹងដៃ ហ៊ុន សែន ហើយដកចៅហ្វាយខេត្តត្រឹមតែ ២៤ ម៉ោង ហើយបើចង់ដកចៅហ្វាយស្រុកត្រឹមតែ ១៥ នាទី ហើយនរណាហ៊ានលែងគឺខ្ញុំនឹងរករឿងអ្នកហ្នឹងហើយ។ បទបញ្ជានេះមិនត្រូវបានលើកលែង ពីមុនធ្លាប់ដាក់ម្តងហើយប៉ុន្តែវារើឡើងវិញ»។
លោកបន្តថា៖ «ហើយចាំឲ្យគេលើកគ្នាមកតវ៉ាដល់ផ្ទះ ហ៊ុន សែន ហើយនៅពេលដល់ផ្ទះចាប់ពួកគេបញ្ចូលព្រៃសឥតមានឲ្យរញ៉េរញ៉ៃពីព្រោះបំផ្លាញជីវិតមនុស្សផ្លូវថ្នល់ដែលយើងរកលុយទាំងលំបាក ទាំងលុយខ្លួនឯងផង និងទៅខ្ចីគេផងយកមកធ្វើផ្លូវហេតុអ្វីបានមកបំផ្លាញដើម្បីចំណេញក្រុមហ៊ុនមួយ និងចំណេញឡានមួយ ហើយខ្លួនបំផ្លាញបែបនេះ»។
យោងតាមសារលោក ហ៊ុន សែន បានឲ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះមានរថយន្តកែច្នៃដាក់ទ្រុងសណ្តោងធំៗខុសបច្ចេកទេស ៨១ គ្រឿងហើយដែលបានកាត់ទ្រុងចេញ និងរថយន្ត ៧៦ គ្រឿងទៀតត្រូវបានដោះទ្រុងសណ្តោងចេញ ហើយ ៣១០ គ្រឿងទៀត កំពុងត្រៀមកាត់ទ្រុងចេញ។
ក្រសួងសាធារណការធ្លាប់លើកឡើងថា កម្ពុជាត្រូវបង់ខាតលុយជាង ២០០ លានដុល្លាររាល់ឆ្នាំ ចំណាយលើការជួសជុលផ្លូវ។
លោក ហ៊ុន សែន បានអះអាងថាក្រោយម៉ោង ១២ យប់ថ្ងៃទី ៩ ខែកុម្ភៈ រថយន្តតទ្រុង និងសណ្ដោងដែលខុសលក្ខណៈបច្ចេកទេសដើមនៃការផលិតមិនត្រូវមានវត្តមាននៅលើផ្លូវទេ។
លោក គង់ សុវណ្ណ ប្រឹក្សាផ្នែកការងារសុវត្ថិភាពចរាចរណ៍ក្នុងគម្រោងថ្លែងថាការបង្ក្រាបនេះត្រូវតែមាននិរន្តរភាព គឺមិនមែនគ្រាន់តែធ្វើឡើងនៅពេលណាដែលនាយករដ្ឋមន្ត្រីប្រកាសនោះទេ។
លោកថា៖ «វាជាចំណុចល្អ ប៉ុន្តែយើងចង់ឲ្យវាមាននិរន្តរភាពមិនមែនមានតែនៅពេលដែលនាយករដ្ឋមន្ត្រីព្រមាននោះ ឬគ្រាន់តែធ្វើការបង្ក្រាបមួយ ឬ ២ សប្តាហ៍នោះ»។
លោកថ្លែងបន្តថា រថយន្តដឹកទំនិញទាំងអស់នោះអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវ ហើយវាក៏បំផ្លាញផ្លូវថ្នល់ផងដែរ ដូច្នេះហើយត្រូវបង្កើតយន្តការប្រកបដោយនិរន្តរភាពដើម្បីដាក់ឲ្យមានការទទួលខុសត្រូវពិតប្រាកដទៅលើមន្ត្រីអនុវត្តច្បាប់។
លោកបានថ្លែងថាការស្រាវជ្រាវបានរកឃើញថាការអប់រំត្រូវតែមកជាមួយនឹងការអនុវត្តច្បាប់។ ត្រូវតែធ្វើការអប់រំដល់ក្រុមហ៊ុនរថយន្តទាំងនោះហើយត្រូវធ្វើការពិនិត្យប៉ុស្តិ៍ត្រួតពិនិត្យឲ្យបានជាប់លាប់ធ្វើ ដូច្នេះដើម្បីកុំឲ្យមានការរត់គេច ហើយក៏ត្រូវបង្រៀនការអនុវត្តច្បាប់ដើម្បីឲ្យគេយល់ដឹងអំពីច្បាប់ឲ្យបានត្រឹមត្រូវផងដែរ៕