Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - លោក ហ៊ុន សែន ប្រកាស​អនុវត្ត​សាលដីកា​ពេល​ដែល​លោក សម រង្ស៊ី មក​ដល់

Content image - Phnom Penh Post
លោក ហ៊ុន សែន ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ម្សិលមិញ​។ រូបថត SPM

លោក ហ៊ុន សែន ប្រកាស​អនុវត្ត​សាលដីកា​ពេល​ដែល​លោក សម រង្ស៊ី មក​ដល់

ភ្នំពេញ: លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​ព្រមាន​កាលពី​ម្សិលមិញ​ថា​នឹង​អនុវត្ត​សាលដីកា​ចាប់​ខ្លួន​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បើ​ទោះបី​ជា​រាជរដ្ឋាភិបាល​បាន​ប្រកាស​លុប​បម្រាម​ប្រឆាំង​លោក​ សម រង្ស៊ី ក្នុង​ការ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ក៏ដោយ​។

នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា​ជាង​ ៩០០ ​នាក់​កាលពី​ម្សិលមិញ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ លោក ហ៊ុន សែន ថ្លែង​ថា​ទ្វារ​បាន​បើក​ចំហ​សម្រាប់​លោក រង្ស៊ី រួច​ហើយ​អាច​ចូល​បាន​ដោយ​សេរី​តាម​ផ្លូវ​គោក ទឹក និង​អាកាស បើ​សិន​ជា​ជន​ជាប់ចោទ​រូប​នេះ​មាន​សេចក្ដី​ក្លាហាន​តែ​លោក​នាយក​រដ្ឋមន្ត្រី​បាន​គិត​ទុក​ថា​លោក រង្ស៊ី គ្មាន​ភាព​ក្លាហាន​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ដំណើរ​​ត្រឡប់​មក​កម្ពុជា​វិញ​ទេ ដោយ​លោក​បាន​ច្រៀង​ប្រៀបធៀប​ទៅ​នឹង​ប្រយោគ​មួយ​នៅ​ក្នុង​បទចម្រៀង​ខ្មែរ​ដែល​បាន​ច្រៀង​ថា​៖ «​ក្របី​ស៊ី​ស្រូវ​បង​មិន​សូវ​ហ៊ាន​ដេញ ក្របី​ដើរ​ចេញ​បង​ដេញ​ឲ្យ​ស្រី​មើល ក្រពើ​ក្នុង​ទឹក​បង​មិន​សូវ​ហ៊ាន​ចាប់ ក្រពើ​ងាប់​ស្រាប់​បង​ចាប់​ឲ្យ​ស្រី​មើល អ្នក​ក្លាហាន​វា​អ៊ីចឹង​»​។

លោក ហ៊ុន សែន បាន​ថ្លែង​បន្ត​ថា​៖ «​អត្ថាធិប្បាយ​បិទ​​កន្ទុយ​ចុងក្រោយ​របស់​ខ្ញុំ ខ្ញុំ​លើក​ជា​សំណួរ​ថា អ្វី​ជា​ឧបសគ្គ​សម្រាប់​ការ​វិល​ត្រឡប់​? ​គឺ​គុក​។ ហើយ​បើ​គុក​ជា​ឧបសគ្គ​មួយ​​ជីវិត​នេះ​គាត់​ (​រង្ស៊ី​) ​អត់​មក​ទេ ព្រោះ​គុក​វា​មិន​ដែល​ឆេះ​អស់​ទេ អស់​មួយ​នៅ​សល់​មួយ​ទៀត​កុំ​ឆ្ងល់​។ ឥឡូវ​ខ្លួន​បាន​សន្យា​ថា​មក​មិន​ខ្លាច​គុក​ទេ (​ហើយ​) ​ម៉េច​ក៏​មិន​មក​រក​គុក​មក​ខ្ញុំ​អត់​ឃាត់​តែ ប៉ុន្តែ​បើ​អ្នក​ឯង​ប្រគល់​ខ្លួន​ឲ្យ​ចាប់​ដោយ​ស្រួល​វា​អត់​មាន​បញ្ហា​អ្វី​កើតឡើង​ទេ អា​នេះ​ច្បាប់ រឿង​ស្អី​ប្រធាន​បក្ស​នៅឯ​ណេះ ខ្លួនឯង​លាលែង​ហើយ​បែរ​ជា​ប្រកាស​ត្រឡប់​មក​ប្រទេស​ដើម្បី​ប្រជែង​យក​អំណាច​ពី​លោក ហ៊ុន សែន បើ​អ៊ីចឹង​ប្រធាន​បក្ស​នៅ​ទី​នេះ​ធ្វើ​អី​»​។

លោក នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ផង​ដែរ​ថា​សាលក្រម​កាត់ទោស (​ជន​ជាប់ចោទ សម រង្ស៊ី​) ​វា​មាន​សុពលភាព​ផ្នែក​​តុលាការ​ដែល​ធ្វើ​កិច្ចការងារ​នេះ​ជាមួយ​នឹង​នគរបាល​យុត្តិធម៌ គេ​ធ្វើ​កិច្ចការ​របស់​គេ​មិន​ទាក់ទង​ព្រោះ​ច្រើន​ដង​ពេក​ហើយៗ​សូម​ផ្ដល់​ជា​មតិ​បើ​ដោយ​រោយ​ទៅ​ជាមួយ​គ្នា​ប្រយ័ត្ន​រលាយ​បក្ស​ (​គណបក្ស​សង្គ្រោះ​ជាតិ​) បន្តិច​ទៀត​គាត់​រក​លេស​អី​ទៀត​ហើយ​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​មក​ស៊ីសង​លើ​អ្នកឯង​ទេ រឿង​ច្បាប់​សុំ​ឲ្យ​ច្បាប់​ធ្វើ​ទៅ​ខ្ញុំ​មិន​លូកលាន់​សុំ​អន្តរាគមន៍​ណា​មួយ​នោះ​ទេ​នៅ​ពេល​ដែល​អ្នកឯង​មិន​ទាន់​បាន​ជាប់គុក​ ២​ ​ភាគ​ ៣ ​នៃ​គុក​ដែល​អ្នកឯង​ត្រូវ​ទទួល​កន្លង​ទៅ​ខ្ញុំ​បាន​សម្រួល​ច្រើន​ហើយ​ល្មម​ដឹង​ខ្លួន​»​។

លោក ហ៊ុន សែន មិន​បាន​
ពន្យល់​ឲ្យ​បាន​ច្បាស់លាស់​នៅ​ក្នុង​បទ​អត្ថាធិប្បាយ​របស់​លោក​កាលពី​ម្សិលមិញ​ក៏ដោយ តែ​បម្រាម​ដែល​ប្រឆាំង​ទៅ​នឹង​ការ​ធ្វើ​ដំណើរ​របស់​លោក រង្ស៊ី គឺ​បំណង​ការពារ​សុវត្ថិភាព​ដល់​លោក រង្ស៊ី បើ​សិន​ជា​មាន​ការ​ចាប់​ខ្លួន​ដោយ​ក្រុម​សមត្ថកិច្ច​នៅពេល​ដែល​អតីត​មេបក្ស​ប្រឆាំង​រូប​នេះ​មក​ដល់​កម្ពុជា​ដែល​អាច​ និង​មាន​ការ​ផ្ទុះ​បាតុកម្ម​ណា​មួយ​កើតឡើង​។

លោក​ថ្លែង​ថា​៖ «​ពេល​ដែល​គេ​គិត​ដល់​សុវត្ថិភាព​របស់​ខ្លួនៗ​យក​អាណឹង​ប្រើប្រាស់​ (​បម្រាម​) ព្រោះ​ខ្ញុំ​ត្រូវ​គិត​ដែរ​តែ​មក​ប្រទាំង​ប្រទើស​គ្នា ប្រទេស​នេះ​វា​ទៅ​ជា​បញ្ហា ប៉ុន្តែ​ដល់​គាត់​លេង​ខ្លាំង​ពេក​លុប​ចោល​ទៅ​អញ្ជើញ​អ្នក​ក្លាហាន​ចូល​ស្រុក​ហើយ​គាត់​នឹង​បន្ត​លេង​ទៀត តើ​ចេញ​អី​មក​ទៀត​ចាំ​មើល មើល​អ្នក​ក្លាហាន​សូម​អញ្ជើញ​ទ្វារ​ចំហ​ហើយ ពី​មុន​ខ្ញុំ​គិត​សុវត្ថិភាព​លោក​តែ​ដោយសារ​លោក​ថា​មក​ភ្លាមៗ ខ្ញុំ​ក៏​អុក​ភ្លាម​ដែរ មិន​ទាន់​បាន​ ១០ ​ម៉ោង​ផង ដូរ​ចិត្ត​ថា​អត់​មក​វិញ​»​។

លោក រង្ស៊ី បាន​សរសេរ​ផុស​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ម្សិលមិញ​ បាន​ឲ្យ​ដឹង​ថា​មុន​នឹង​វិល​ត្រឡប់​មក​​ប្រទេស​កម្ពុជា​វិញ​គឺ​ត្រូវការ​ឲ្យ​លោក ហ៊ុន សែន បោះបង់​ចោល​នូវ​បំណង​ដែល​ធ្លាប់​បាន​ថ្លែង​ជា​សាធារណៈ​ថា​នឹង​លះបង់​មនុស្ស​ពី​ ១០០ ​ទៅ​ ២០០ ​នាក់​ដើម្បី​រក្សា​ស្ថិរភាព​នយោបាយ​ និង​សន្តិភាព​នៅ​កម្ពុជា​។

លោក រង្ស៊ី ថ្លែង​ថា​៖ «​ខ្ញុំ​ត្រូវការ​ឲ្យ​លោក ហ៊ុន សែន បញ្ជាក់​ថា​គាត់​យល់​ព្រម​បោះបង់​គម្រោង​របស់​គាត់​ដែល​ចង់ "​កម្ចាត់​មនុស្ស​ពី ១០០ ទៅ ២០០ នាក់​" ដើម្បី​រក្សា​អំណាច​របស់​គាត់​។ គម្រោង​នេះ​ត្រូវ​បាន​គាត់​ប្រកាស​ជា​សាធារណៈ​ថ្មីៗ​នេះ​។ ខ្ញុំ​ដឹង​ថា​តាំង​តែ​ពី​ឆ្នាំ ១៩៩៧ ខ្ញុំ​ជា​មនុស្ស​ទី ១ នៅ​លើ​បញ្ជី​ខ្មៅ​របស់​គាត់​ហើយ​ខ្ញុំ​ក៏​ដឹង​ដែរ​ថា​គាត់​បាន​រក្សា​ផ្នត់​គំនិត និង​ទម្លាប់​ខ្មែរ​ក្រហម​តាំងតែ​ពី​គាត់​ធ្វើ​ជា​មេទ័ព​ខ្មែរក្រហម​ក្រោម​របប ប៉ុល ពត​»​។

លោក មាស នី អ្នក​វិភាគ​សង្គម​នៅ​ក្នុង​សង្គម​ស៊ីវិល​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​សារ​ឆ្លងឆ្លើយ​គ្នា​រវាង​លោក ហ៊ុន សែន និង លោក សម រង្ស៊ី វា​គ្រាន់តែ​ជា​ល្បែង​នយោបាយ​ចាស់​ក្នុង​ការ​ផ្ចាញ់​ផ្ចាល​គ្នា​ទៅវិញ​ទៅមក​តែ​ប៉ុណ្ណោះ វា​មិនមែន​ជា​ដំណោះស្រាយ​នយោបាយ​បង្រួបបង្រួម​នោះ​ទេ​។

លោក មាស នី ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា​លោក សម រង្ស៊ី មិន​ហ៊ាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នោះ​ទេ​នៅពេល​ដែល​គាត់​កំពុង​ប្រឈម​នឹង​ការ​ជាប់​គុក​នោះ បើ​គាត់​ហ៊ាន​ចូល​គុក ជីវិត​នយោបាយ​របស់​គាត់​នឹង​ត្រូវ​ចប់​ដោយ​គាត់​មិន​អាច​ធ្វើ​អ្វី​បាន​ទាំងអស់ ហើយ​ក៏​គ្មាន​ហេតុផល​ដែល​គាត់​ត្រូវ​មក​ចូល​គុក​ទេ ខណៈ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​​ដំណើរការ​ទៅ​បាន​ដោយ​គ្មាន លោក រង្ស៊ី​»​។

ជាមួយ​គ្នា​នេះ​ដែរ​លោក នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​សរសើរ​ដល់​គណបក្ស​នយោបាយ​ទាំងអស់​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែល​សម្រេច​បាន​ជោគជ័យ​ហើយ​ពិត​តែ​មិន​ទាន់​ប្រកាស​លទ្ធផល​ផ្លូវការ​តែ​បក្ស​នេះ​ថា​ឈ្នះ បក្ស​នោះ​ថា​ឈ្នះ​ហើយ​បើ​ឈ្នះ​ទទួល​យក​ទៅ​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​ស្ថានភាព​បោះ​ចម្រុះ​នៅ​មូលដ្ឋាន​វា​បាន​ចាប់ផ្ដើម​តាំងពី​ឆ្នាំ​ ២០០២ ដូច្នេះ​បងប្អូន​យើង​អាច​ចេះ​ធ្វើ​ការងារ​ជាមួយ​គ្នា​នៃ​បណ្ដា​បក្ស​នយោបាយ​ដែល​នៅ​ជាមួយ​គ្នា ព្រោះ​តិច​ណាស់​ដែល​គណបក្ស​ណា​មួយ​កាន់កាប់​អាសនៈ​ទាំងអស់​នៅ​ក្នុង​ឃុំ​សង្កាត់​នោះ​។ ជាទូទៅ​យើង​បាន​ដឹង​ហើយ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​កាន់​ជិត​ ១/៣ គណបក្ស​ប្រជាជន​កាន់​ ២/៣ (​គឺ​) ៣០ ភាគរយ​ និង​ ៧០ ​ភាគរយ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ​មិន​មាន​អ្នក​ណា​មួយ​នៅ​តែ​ឯង​ទេ កន្លែង​ខ្លះ​មាន​ ៣ ​បក្ស កន្លែង​ខ្លះ​មាន​ដល់​ ៤ ​បក្ស រៀន​ធ្វើការ​ជាមួយ​គ្នា​ព្រោះ​នេះ​ជា​ការ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​»៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ