ភ្នំពេញៈ លោក​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ព្រមាន​មិន​ចូលរួម ឬ​ទាត់ចោល​សេចក្ដី​ថ្លែងការណ៍​រួម​អាស៊ាន-អូស្ត្រាលី ប្រសិន​បើ​ត្រូវ​បាន​គេ​ដាក់​សម្ពាធ ឬ​គាប​សង្កត់​ក្នុង​កិច្ចប្រជុំ​កំពូល អាស៊ាន-អូស្ត្រាលី (Asean-Australia Specail Summit) ដែល​គ្រោង​ធ្វើ​ឡើង​ក្នុង​ប្រទេស​អូស្ត្រាលី​នា​ខែ​មីនា​ខាង​មុខ​នេះ​។

ជាមួយ​គ្នា​នេះ​ លោក​បាន​ព្រមាន​ផង​ដែរ​ដល់​អ្នក​ធ្វើការ​តវ៉ា​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​អូស្ត្រាលី ឬ​ដុត​រូបថត​របស់​លោក​។

ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​សំណេះ​សំណាល​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ​ ១៥១០០ នាក់​មកពី​រោងចក្រ​ចំនួន​ ១៥ នៅ​តំបន់​ទឹកថ្លា​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ដែល​ទំនង​ឆ្លើយតប​នឹង​សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី​លោក Richard Di Natale ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង (The Greens Party) ដែល​ធ្លាប់​ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ដក​សំណើ​អញ្ជើញ​លោក​ ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​គ្រោង​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​ចាប់ពី​ថ្ងៃ​ទី​ ១៧-១៨ ខែ​មីនា​ខាង​មុខ​។

លោក​ថ្លែង​ថា​៖ «​នៅ​ពេល​ខាង​មុខ​មាន​កិច្ចប្រជុំ​អាស៊ាន​នៅ​ស៊ីដនី​។ អាស៊ាន និង​អូស្ត្រាលី​នឹង​គាបសង្កត់​កម្ពុជា ខ្ញុំ​សូម​ផ្ដាំ​ទៅ​ស្គាល់​ពី​អាស៊ាន​ឲ្យ​ច្បាស់​បន្តិច​។ អាស៊ាន​បើ​អត់​ ហ៊ុន សែន អត់​មាន​ន័យ​ថា​អាស៊ាន​ទេ​។ ហ៊ុន សែន អាច​ជំទាស់​មិន​ឲ្យ​ចេញ​សេចក្ដី​ថ្លែងការណ៍​ណា​មួយ​រួច​រវាង​អាស៊ាន និង​អូស្ត្រាលី​។ សាកល្បង​លមើល​ទៅ​មិនមែន​ត្រឹម​តែ​អូស្ត្រាលី​អាច​គាប​សង្កត់​កម្ពុជា​ទេ ហ៊ាន​មើល​កម្ពុជា​សូម​ដាក់​បញ្ហា​ទុក​ជា​មុន បើ​សិន​ជា​អ្នកឯង​ហ៊ាន​ផ្ដេសផ្ដាស​។ កម្ពុជា​តែ​ម្នាក់​អាច​នឹង​ធ្វើឲ្យ​គាំង​ទាំងអស់​នៃ​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​ព្រោះ​របៀបរបប​ការងារ​របស់​អាស៊ាន វា​ត្រូវ​តែ​មាន​កុង​សង់ស៊ីស រឿង​អី​ដែល​ [​យើង​] ​ត្រូវ​ហោះ​ពី​កម្ពុជា​ទៅ​ឲ្យ​គេ​ស្ដី​ឲ្យ​នៅ​ប្រទេស​អូស្ត្រាលី​»​។

លោក​បន្ថែម​ថា​៖ «​រឿង​នេះ​អូស្ត្រាលី​គួរ​តែ​អរគុណ​កម្ពុជា​វិញ​ទេ ដែល​មក​បញ្ចុះបញ្ចូល​កម្ពុជា​ឲ្យ​គាំទ្រ​ការ​ធ្វើការ​ជួប​ប្រជុំ​ខួប​រំឭក​អនុស្សាវរីយ៍​ទំនាក់ទំនង​រវាង​អាស៊ាន និង​អូស្ត្រាលី អូស្ត្រាលី​គួរ​តែ​អរគុណ​កម្ពុជា​មិនមែន​ហៅ​កម្ពុជា​ទៅ​ស្ដី​ឲ្យ​នោះ​ទេ កុំ​ច្រឡំ​»​។

លោក​ ហ៊ុន សែន ក៏​ព្រមាន​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​មនុស្ស​ដែល​លោក​ហៅថា​ជា​ពួក​ក្រុម​ជ្រុលនិយម​ដែល​ខ្សែអាត់​សំឡេង​សន្ទនា​របស់​ពួកគេ​ត្រូវ​បាន​ថត​ដោយ​ «​សីហា​» ​ដែល​ទំនង​សំដៅ​ដល់​ទំព័រ​ហ្វេសប៊ុក​អនាមិក​ដែល​តែងតែ​ទម្លាយ​រឿង​អាស្រូវ​របស់​អតីត​ឥស្សរជន​គណបក្ស​ប្រឆាំង​។ ពួកគេ​បាន​និយាយ​ថា អង្គការ​សហប្រជាជាតិ និង​អាស៊ាន​នឹង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​របស់​លោក​។

លោក​បញ្ជាក់​ថា​៖ «​រឿង​អី​បែរ​ជា​នាំ​គ្នា​ថា បន្តិច​ទៀត​ ហ៊ុន សែន ទៅ​អូស្ត្រាលី​ហ្នឹង គេ​គាប​។ គេ​ហៅ​ទៅ​គាប ឱ​ព្រះ​អើយ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​មួយ​ដែល​មាន​ឯករាជ្យ ហើយ​គឺជា​សមាជិក​ស្មើភាព ស្មើ​សិទ្ធិ និង​មាន​សិទិ្ធ​វេតូ​ផង​ដែរ​។ និយាយ​មួយ​បែប​បើ​គ្មាន​កុងសង់ស៊ីស​ទេ គឺ​មាន​ន័យ​ថា​ចេញ​មិន​រួច​ទេ​...​អ្នក​ដែល​មិន​ស្គាល់​ពី​អាស៊ាន រៀន​ស្គាល់​ពី​អាស៊ាន​ឲ្យ​ច្បាស់ ហ៊ុន សែន មួយ​មិន​ត្រឹម​តែ​អ្នកឯង​មិន​អាច​ដាក់​គំនាប ហើយ​មិនមែន​រឿង​របស់​អ្នកឯង​ដាក់​គំនាប​មក​លើ​ខ្ញុំ​ទេ​»​។

លោក​ ហ៊ុន សែន ក៏​ព្រមាន​បាតុករ​ទាំងឡាយ​ណា​ដែល​ហ៊ាន​ដុត​រូបថត​របស់​គាត់​ក្នុង​ការ​ធ្វើ​បាតុកម្ម​ណា​មួយ​នៅ​ប្រទេស​អូស្ត្រាលី​ដើម្បី​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​នាពេល​នោះ​។

លោក​ថ្លែង​ថា​៖ «​សូម​ផ្តាំ​ទៅ​អា​អ្នក​ត្រៀម​ធ្វើ​បាតុកម្ម មុខ​របស់​លោក​ឯង​ត្រូវ​ចាំ ជា​កិត្តិយស​នៃ​រដ្ឋាភិបាល​របស់​លោក​ឯង ប៉ុន្តែ​ជា​សេរីភាព​របស់​អ្នកឯង ដែល​អ្នកឯង​កុំភ្លេច​ថា ខ្ញុំ​ក៏​មាន​ប្រជាជន​នៅ​ខាង​ក្រៅ​ប្រទេស​គាំទ្រ​ជួប​រាប់រយ​នាក់​...​ជានិច្ចកាល​ខ្ញុំ​ទៅ​ខាង​ណា​ក៏ដោយ​អ្នក​ធ្វើ​បាតុកម្ម​មាន​ប្រមាណ​ជា​ ១០ ​ភាគរយ​នៃ​អ្នក​មក​ជួប​ខ្ញុំ​តែ​ប៉ុណ្ណោះ​»​។

លោក​បាន​បន្ត​ប្រកាស​ថា ​ចលនា​សង្គ្រោះ​ជាតិ​របស់​លោក សម រង្ស៊ី គឺជា អង្គការ​ភេរវកម្ម​ដែល​មាន​បំណង​បំផ្លាញ​ជាតិ​។

លោក​ថ្លែង​ថា​៖ «​សូម​ផ្តាំ កុំ​ដុត​រូប​ឲ្យ​សោះ ដុត​រូប​អញ​តាម​ដល់​ផ្ទះ អញ​ប្រាប់​ឲ្យ​ហើយ​។ ជំនាន់​ធ្វើ​បាតុកម្ម​ ២០១៣ អត់​ហ៊ាន​ទេ​ណា សម្ដេច​ក្រឡាហោម ប្រាប់​ទៅ​ទូត​អាមេរិកាំង​ថា ឯ.ឧ ប្រាប់​ទៅ​ពួក​ធ្វើ​បាតុកម្ម​... យក​រូប​អញ​ទៅ​ដុត អញ​តាម​វាយ​ដល់​ផ្ទះ អញ​ប្រាប់​ឲ្យ​ហើយ​»​។

លោកស្រី​ មូរ សុខហួរ អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា ក្រុម​អ្នកប្រឆាំង​ និង​អ្នកនយោបាយ​អូស្ត្រាលី​បាន​បញ្ជាក់​យ៉ាង​ច្បាស់​រួច​ទៅ​ហើយ​អំពី​សកម្មភាព​ដែល​អូស្ត្រាលី​នឹង​ធ្វើ​។

លោកស្រី​ថ្លែង​នៅក្នុង​សារ​ថា​៖ «​វា​គឺជា​ព័ត៌មាន​សាធារណៈ​។ មិន​ចាំបាច់​អី​ទៅ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់ និង​គ្មាន​សីលធម៌​ទៅ​ស្ដាប់​កិច្ចសន្ទនា​ឯកជន​»​។

លោកស្រី​ថ្លែង​បន្ត​ទៀត​ថា​លោក ហ៊ុន សែន ពិតជា​ចង់​ឈរ​នៅ​លើ​ឆាក​តែ​មួយ​ដូចជា​ថ្នាក់ដឹកនាំ​ក្នុង​តំបន់​ដទៃ​ទៀត​ដែរ ហើយ​ការ​គំរាមកំហែង​របស់​លោក​គឺ​មិន​បាន​ផល​អ្វី​ទាំងអស់​។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​បាន​ថ្លែង​ថា៖ «​គាត់​ពិត​ជាមាន​ការ​ខឹងសម្បា​យ៉ាងខ្លាំង​នៅពេល​ប្រជាជន​ខ្មែរ​ក្រៅ​ស្រុក​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រូបគាត់​នៅពេល​ដែល​គាត់​ធ្វើ​ដំណើរ​ទៅ​បរទេស​។ បន្ទាប់មក​លោក​បាន​សន្យា​ថា​នឹង​ធ្វើ​បាតុកម្ម​វាយបក​នៅ​ក្នុង​ប្រទេស​តប​ទៅ​ពួក​ប្រឆាំង​ដែល​គាត់​ចោទ​ថា​ជា​អ្នក​ដែល​នៅ​ពី​ក្រោយ​ព្រឹត្តិការណ៍​បាតុកម្ម​នៅ​បរទេស​ទាំងនោះ​។

លោក ឡៅ ម៉ុងហៃ ថ្លែង​បន្ត​ថា​វា​ប្រាកដ​ហើយ​លោក (​ហ៊ុន សែន​) នឹង​មិន​អត់​ឱន​ចំពោះ​​មតិ​រិះគន់​លើ​រូបលោក និង​របប​របស់​លោក​នោះ​ទេ ហើយ​លោក​នឹង​ប្រឆាំង​នឹង​ការរិះគន់​នៅឯ​វេទិកា​អន្តរជាតិ​ផ្លូវការ​នៅ​ទី​នោះ​។ ពិតណាស់​គាត់​នឹង​មិន​អត់ឱន​ចំពោះ​ការ​រិះគន់​ណាមួយ​របស់គាត់ និង​របប​របស់គាត់ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​វា​នៅក្នុង​វេទិកា​អន្ដរជាតិ​ជា​ផ្លូវការ​នៅ​ទីនោះ ហើយ​បន្ទាប់​មក​ទោះបី​ជា​លោក​ឈ្នះ​ក៏ដោយ ប៉ុន្តែ​លោក ហ៊ុន សែន​នឹង​ខូច​មុខមាត់​មិនតិច​ទេ​។ ដូច្នេះ​លោក​ជ្រើសរើស​ការ​វាយបក​វិញ​ជា​ជាង​ការ​ចូលរួម​របស់​លោក​»៕

រាយការណ៍​បន្ថែម​ដោយ​ Andrew Nachemson