ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកម្សិលមិញបានរិះគន់អត្ថបទមួយដែលចុះផ្សាយដោយកាសែតភ្នំពេញ-ប៉ុស្តិ៍ដោយលោកថា ភ្នំពេញប៉ុស្តិ៍អះអាងថា ប្រទេសអាល្លឺម៉ង់បានដាក់ការហាមប្រាមទិដ្ឋាការ ខណៈអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានចោទសួរអំពីក្រមសីលធម៌របស់អ្នកកាសែតម្នាក់ដែលសរសេរអត្ថបទនេះ។
ថ្លែងទៅកាន់កម្មករកាត់ដេរកាលពីព្រឹកម្សិលមិញ លោកនាយករដ្ឋមន្ត្រីបានចោទសួរអំពីស្ថានភាពពិតនៃអត្ថបទដែលចុះផ្សាយដោយកាសែតភ្នំពេញប៉ុស្តិ៍ ដោយលោកថា អត្ថបទនេះផ្អែកលើព័ត៌មានខុស។
លោកបានចោទសួរថា៖ «តើអាល្លឺម៉ង់ហាមប្រាមទិដ្ឋាការរបស់យើងឬ?... ឥឡូវនេះ ខ្ញុំលើកជាឧទាហរណ៍ ថាតើពួកគេហាមប្រាម? កាសែតភ្នំពេញ-ប៉ុស្តិ៍! ខ្ញុំអត់ដឹងថា តើកាសែតភ្នំពេញប៉ុស្តិ៍ ទទួលបានព័ត៌មាននេះពីណា? ពួកគេចុះផ្សាយដូចនេះ ប៉ុន្តែឧទាហរណ៍ ប្រសិនបើអាល្លឺម៉ង់ធ្វើដូចនេះ អ្នកដែលទទួលបានអត្ថប្រយោជន៍គឺកម្ពុជា ពួកគេនិយាយថាអាល្លឺម៉ង់នឹងមិនផ្តល់ទិដ្ឋាការឯកជនដល់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់រួមទាំង ហ៊ុន សែន»។ «តើមានន័យយ៉ាងម៉េច? វាមានន័យថា ប្រសិនបើយើងទៅអាល្លឺម៉ង់ជាទេសចរពួកគេនឹងមិនអនុញ្ញាត? ប៉ុន្តែប្រសិនបើទៅជាកិច្ចប្រជុំនឹងអាចទៅចូលរួមបានឬ?»។
អត្ថបទភ្នំពេញប៉ុស្តិ៍ចុះផ្សាយកាលពីថ្ងៃចន្ទបានលើកឡើងថា អាល្លឺម៉ង់ព្យួរការផ្តល់ទិដ្ឋាការអនុគ្រោះសម្រាប់ការធ្វើដំណើរឯកជនរបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងក្រុមគ្រួសារ។ នេះមានន័យថានៅពេលការធ្វើដំណើរមិនមែនជាការធ្វើដំណើរផ្លូវការ មន្ត្រីរដ្ឋាភិបាលនឹងត្រូវឆ្លងកាត់នីតិវិធីយូរជាងមុន ស្មុគស្មាញជាងមុន និងធម្មតាគ្មានលក្ខណពិសេសដូចក្រោមការប្រព្រឹត្តអនុគ្រោះពិសេសនោះទេ។
ប៉ុន្តែដោយហាក់បីដូចជាជឿថា អាល្លឺម៉ង់កាត់ផ្តាច់ការចេញទិដ្ឋាការទេសចរណ៍ទាំងស្រុង លោក ហ៊ុន សែនថ្លែងថាលោកក៏មិនចង់ទៅអាល្លឺម៉ង់ដែរ។
លោកសួរថា៖ «តើមានប្រយោជន៍អ្វីទៅទីនោះ?»។ «យើងមិនទាន់បានទៅលេងសព្វកន្លែងនៅក្នុងប្រទេសនៅឡើយផង តើយើងត្រូវការទៅលេងប្រទេសដទៃធ្វើអ្វី? ប្រទេសជិតខាងរបស់យើង តើខ្ញុំទៅញឹកញាប់ឬ? ខ្ញុំអត់មានពេលគ្រប់គ្រាន់ សូម្បីតែមកជួបអ្នក (កម្មករ)»។
ទន្ទឹមនេះអ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន បានរិះគន់អ្នកយកព័ត៌មានម្នាក់កាលពីល្ងាចម្សិលមិញនៅក្នុងក្រុម whatsapp ដែលមានតំណាងប្រព័ន្ធផ្សព្វផ្សាយជិត ១០០ នាក់ដោយថ្លែងថាអត្ថបទនោះឆ្លុះបញ្ចាំងពីក្រមសីលធម៌ខ្សោយ។ «ការសរសេរអត្ថបទនេះហាក់បីដូចជាមានចេតនាអាក្រក់ បំភាន់សាធារណជនឲ្យមានការយល់ច្រឡំ។ វាបង្ហាញយ៉ាងច្បាស់ថា អ្នកសរសេរនេះចង់ឲ្យអាល្លឺម៉ង់ព្យួរទិដ្ឋាការដូចអ្វីដែលគាត់និយាយ»។ «តើនោះជាវិជ្ជាជីវៈសារព័ត៌មានរបស់អ្នកកាសែតភ្នំពេញប៉ុស្តិ៍ឈ្មោះ Leone Kijewski? តើគាត់មានភាពលម្អៀងចង់ឲ្យមានការព្យួរទិដ្ឋាការដូចអ្វីដែលគាត់សរសេរឬ? ប្រសិនបើដូចនេះ គាត់មិនមែនជាអ្នកកាសែតទេ គាត់ជាអ្នកនយោបាយ»។
នៅពេលទាក់ទងកាលពីថ្ងៃម្សិលមិញលោក ឥសាន បានថ្លែងជាដដែលៗអំពីការរិះគន់របស់លោក ប៉ុន្តែលើកឡើងបន្តិចបន្តួចថា អាល្លឺម៉ង់មិនបានធ្វើសេចក្តីសម្រេចដកការប្រព្រឹត្តអនុគ្រោះពិសេសសម្រាប់ទិដ្ឋាការនោះទេ។ «តើគាត់ទទួលព័ត៌មាននេះពីណា? ហើយនៅចុងបញ្ចប់នៃអត្ថបទនោះ និយាយថានឹងមានកិច្ចប្រជុំសហភាពអឺរ៉ុបនៅថ្ងៃទី ២៦... ហេតុដូច្នេះអ្វីៗមិនទាន់កើតឡើងនៅឡើយទេ»។
លោក ឥសាន បន្តថា៖ «៩០ ភាគរយនៃអត្ថបទនោះបានដាក់សម្ពាធទៅលើរដ្ឋាភិបាលថា រដ្ឋាភិបាលអាល្លឺម៉ង់បានព្យួរទិដ្ឋាការអនុគ្រោះសម្រាប់មន្ត្រីរដ្ឋាភិបាលសំខាន់ៗរួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន... ហេតុអ្វីអ្នកនិយាយថាវាត្រូវបានព្យួររួចហើយ?...»។
លោកបន្តថា៖ «អ្នកសរសេរនេះមិនមែនជាអ្នកកាសែតវិជ្ជាជីវៈ ហើយជាអ្នកនយោបាយល្អជាង»។
លោកថ្លែងថាលោកពិតជាជឿថាមាន «ឯកសារ» មួយ ប៉ុន្តែលោកថានេះមិនបានបញ្ជាក់ពីការព្យួរការប្រព្រឹត្តអនុគ្រោះពិសេសសម្រាប់ទិដ្ឋាការនោះទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានបង្ហោះអ៊ីមែលមួយដែលបង្ហាញថា ពាណិជ្ជករអាល្លឺម៉ង់ឈ្មោះ Gunther Mull បដិសេធចំពោះអត្ថបទរបស់កាសែត-ភ្នំពេញប៉ុស្តិ៍។
ប៉ុន្តែអ្នកប្រឹក្សាផ្នែកច្បាប់របស់លោក Mull នៅក្រុមហ៊ុន Dermalog ឈ្មោះ Ingwar Gruneisen បានថ្លែងកាលពីយប់មិញថា ការអះអាងថាអត្ថបទនោះខុស គឺផ្អែកទៅលើការយល់ខុស ប៉ុន្តែលោកមិនបានបំភ្លឺថា តើការយល់ខុសនោះ កើតចេញពីលោក Mull ឬក៏កើតចេញពីមន្ត្រីកម្ពុជា។ អត្ថបទនេះត្រូវបានគេបកស្រាយខុសថា វិធានការនោះអនុវត្តចំពោះការធ្វើដំណើរផ្លូវការរបស់មន្ត្រីជាន់ខ្ពស់កម្ពុជា ប៉ុន្តែមិនមែនដូច្នោះទេ។
លោក Gruneisen ថ្លែងថា ការអះអាងមិនត្រឹមត្រូវថា អត្ថបទនេះមិនសុក្រឹត និង «ប្រឌិតដោយអ្នកប្រឆាំងគឺផ្អែកលើការយល់ខុសអំពីខ្លឹមសារនៃអត្ថបទ»។
ច្បាប់ចម្លងនៃអ៊ីមែលដើមពីលោក Mull ដែលភ្នំពេញប៉ុស្តិ៍ទទួលបានក៏មានឃ្លាមួយមិនបញ្ចូលដោយលោក ខៀវ សុភ័គ ដែលទំនងជាគាំទ្រចំពោះអត្ថបទរបស់កាសែតភ្នំពេញប៉ុស្តិ៍ ហើយបង្ហាញថាមន្ត្រីរដ្ឋាភិបាលកម្ពុជានាពេលខាងមុខឆាប់ៗនឹងលែងទទួលបានការប្រព្រឹត្តអនុគ្រោះពិសេសសម្រាប់ទិដ្ឋាការឯកជនមិនត្រឹមតែទៅអាល្លឺម៉ង់ទេ ប៉ុន្តែក៏ថែមទាំងទៅរដ្ឋសមាជិកដទៃទៀតជាង ២០ នៃតំបន់ Schengen របស់អឺរ៉ុប។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងជាមន្ត្រីក្រសួងមហាផ្ទៃកាលពីម្សិលមិញបានថ្លែងថា កាសែតភ្នំពេញប៉ុស្តិ៍ មិនបានធ្វើអ្វីមួយខុសនោះទេ ប៉ុន្តែរដ្ឋាភិបាលត្រូវតែប្រតិកម្ម។
លោកបានថ្លែងនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យថា៖ «ព័ត៌មាននេះត្រូវបានលេចធ្លាយ ប៉ុន្តែនៅពេលយើងពិនិត្យមើលគេហទំព័រផ្លូវការរបស់ស្ថានទូតអាល្លឺម៉ង់ប្រចាំរាជធានីភ្នំពេញ វាមិនមានទេ»។
«មិនថា អាល្លឺម៉ង់ចេញព័ត៌មាននោះឬអត់នោះទេ វាប៉ះពាល់មុខមាត់កម្ពុជា។ ក្រសួងត្រូវតែផ្តល់ការពន្យល់មិនរិះគន់ [កាសែតភ្នំពេញប៉ុស្តិ៍] ប៉ុន្តែបានបញ្ជាក់ថា វាមិនបានកើតឡើង...ព័ត៌មាននេះបានទៅដល់សារព័ត៌មាន ហើយសារព័ត៌មានបានចុះផ្សាយ។ ក្រសួងត្រូវបានបង្ហាញ ដើម្បីការពារមិនឲ្យមានភាពចលាចល។ ចំពោះខ្ញុំ កាសែតភ្នំពេញប៉ុស្តិ៍មិនខុសទេ ដោយសារពួកគេមានប្រភព ខណៈក្រសួងការបរទេសដែលជាអ្នកទទួលខុសត្រូវលើកិច្ចការទិដ្ឋាការត្រូវបង្ហាញ និងការពាររដ្ឋាភិបាលរបស់ខ្លួន»។
ក្រសួងការបរទេសអាល្លឺម៉ង់មិនបានឆ្លើយតបត្រឹមម៉ោងចេញកាសែតដោយថ្លែងថាការឆ្លើយតបចំពោះសំណើរបស់ប្រព័ន្ធផ្សព្វផ្សាយកំពុងព្រាងនៅឡើយ៕ PS
រាយការណ៍បន្ថែមៈ ម៉ិច ដារ៉ា តាំង រីនីត និង បែន សុខហ៊ាន