Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ ហ៊ុន សែន រិះគន់​ទូត​អាមេរិក​នៅ​ភ្នំពេញ​ មិន​គោរព​នយោបាយ​ ដូណាល់ ត្រាំ

Content image - Phnom Penh Post
លោក ហ៊ុន សែន សំណេះ​សំណាល​ជាមួយ​លោក​ ត្រាំ នៅ​កិច្ចប្រជុំ​អាស៊ាន​នៅ​ទីក្រុង​ម៉ានីល​។ ហ្វេសប៊ុក​លោក​ ហ៊ុយ វណ្ណៈ

លោក​ ហ៊ុន សែន រិះគន់​ទូត​អាមេរិក​នៅ​ភ្នំពេញ​ មិន​គោរព​នយោបាយ​ ដូណាល់ ត្រាំ

ភ្នំពេញ: លោក ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​ ៥ ​ដើម្បី​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៤០ ​នៃ​ទំនាក់​ទំនង​កិច្ចសន្ទនា​អាស៊ាន-សហរដ្ឋអាមេរិក​កាលពី​ម្សិលមិញ​នៅ​ទីក្រុង​ម៉ានីល សាធារណរដ្ឋ​ហ្វីលីពីន​បាន​រិះគន់​ខ្លាំងៗ​ដល់​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ​ថា​មិន​បាន​អនុវត្ត​តាម​គោលនយោបាយ​ថ្មី​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ ដោយ​បាន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​អ្នក​ដទៃ​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​យើង​ខ្ញុំ​ជា​ជនរងគ្រោះ​ម្តង​ហើយ​ម្តង​ទៀត​។ ឥឡូវ​កំពុង​ត្រូវ​បន្ត​ក្លាយ​ជា​ជនរងគ្រោះ​ដោយសារ​តែ​សកម្មភាព​របស់​អ្នក​ខាង​ក្រោម ដែល​ដើរ​ខុស​ពី​បន្ទាត់​នយោបាយ​របស់​ឯកឧត្តម (​ដូណាល់ ត្រាំ​) ​នយោបាយ​របស់​ឯកឧត្តម​កំពុង​តែ​ធ្វើការ​កែប្រែ ប៉ុន្តែ​ស្ថានទូត [​អាមេរិក​] នៅ​ទីក្រុង​ភ្នំពេញ​មិន​ទាន់​បាន​ធ្វើការ​កែប្រែ​ទេ​។ យើង​ខ្ញុំ​ត្រូវការ​កសាង​ច្បាប់​គេ​មករា​រាំង​ការ​កសាង​ច្បាប់ យើង​ខ្ញុំ​អនុវត្ត​នូវ​ការ​អនុវត្ត​ច្បាប់​របស់​ប្រទេស​ត្រូវ​បាន​គេ​រារាំង​។ ចំណុច​នេះ​ខ្ញុំ​គិត​ថា​ប្រហែល​ជា​ឯកឧត្តម​ត្រូវ​មាន​ភារកិច្ច ដើម្បី​ដាស់​តឿន​ជាមួយ​នឹង​មន្ត្រី​ទាំង​ឡាយ​ព្រោះ​រឿង​នេះ​ជា​គោលការណ៍​ធំ​ណាស់​ទាក់ទង​ការ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​គេ​»​។

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​បន្ត​ថា​៖ «​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ​មិន​ត្រឹម​តែ​មិន​មាន​អព្យាក្រឹត​ចំពោះ​បញ្ហា​ប្រទេស​កម្ពុជា​ទេ មិន​មាន​អព្យាក្រឹត​ទាំង​បេក្ខជន​ប្រធានាធិបតី​នៅ​សហរដ្ឋ​អាមេរិក​ខ្លួនឯង​តែ​ម្តង​។ ចំណុច​នេះ​ខ្ញុំ​ចង់​ជម្រាប​ជូន​ឯកឧត្តម​ថា​សហរដ្ឋ​អាមេរិក បើ​សិន​ជា​អនុវត្ត​តាម​គោលនយោបាយ​ថ្មី​របស់​ឯកឧត្តម​ក្នុង​ការ​គោរព​ឯករាជ្យ និង​អធិបតេយ្យភាព​នៃ​ប្រទេស​ដទៃ​សហរដ្ឋ​អាមេរិក​នឹង​មាន​មិត្តភក្តិ​ច្រើន​ណាស់​ហើយ​គេ​គោរព និង​គេ​ស្រឡាញ់​»​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​តុលាការ​កំពូល​នឹង​ធ្វើការ​សម្រេច​ចិត្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​តើ​នឹង​ត្រូវ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ឬ​យ៉ាង​ណា បន្ទាប់ពី​គណបក្ស​មួយ​នេះ​ និង​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ត្រូវ​បាន​ចោទប្រកាន់​ថា​ក្បត់​ជាតិ​ព្រោះ​មាន​ចេតនា​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​។

លោក ហ៊ុន សែន ក៏​បាន​​សរសើរ​លោក ត្រាំ ផង​ដែរ​ថា​៖ «​ខ្ញុំ​គិត​ថា​ឯកឧត្តម​ជា​មនុស្ស​ដ៏អស្ចារ្យ​ដែល​ខ្ញុំ​គោរព​បំផុត​ឯកឧត្តម​បាន​និយាយ​នៅឯ​អង្គការ​សហប្រជាជាតិ​នៅ​អេប៉ិច និង​និយាយ​នៅ​ថ្ងៃ​នេះ​នៅ​ត្រង់​ថា ឯកឧត្តម​បាន​និយាយ យើង​គោរព​ឯករាជ្យ​ និង​អធិបតេយ្យភាព​នៃ​ប្រទេស​របស់​អ្នក យើង​ចង់​ឲ្យ​អ្នក​ខ្លាំង រីកចម្រើន​ និង​មាន​ឯករាជ្យ​ដោយ​ខ្លួនឯង​​ចាក់ឫស​ជ្រៅ​នៅ​ក្នុង​តម្លៃ​ប្រវត្តិសាស្ត្រ​របស់​អ្នក និង​ប្រឹងប្រែង​ដើម្បី​អនាគត​ល្អ​ប្រសើរ​នៃ​ប្រជាជន​អ្នក​»​។

លោក​ ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​​ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ទៅ​នឹង​លោក ហ៊ុន សែន បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​រូប​លោក​នាយក​រដ្ឋមន្ត្រី​ជាមួយ​នឹង​លោក ដូណាល់ ត្រាំ និង​ថ្នាក់ដឹកនាំ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​គឺជា​សារ​មួយ​បង្ហាញ​ជ័យជម្នះ​ធំ​ណាស់ ហើយ​ក្រោយ​ថ្ងៃ​ទី​ ១៦ ​ខែ​វិច្ឆិកា​នេះ​ច្បាស់​ហើយ​គណបក្ស​ប្រឆាំង​ត្រូវ​រំលាយ​។

លោក វណ្ណៈ ថ្លែង​ថា​៖ «​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន របស់​យើង​គឺជា​មេដឹកនាំ​ម្នាក់​ក្នុង​ចំណោម​មេដឹកនាំ​ពិភពលោក​ដែល​បាន​គាំទ្រ​លោក ត្រាំ ក្នុង​អំឡុង​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​។ ការ​ជួប​នេះ​គឺជា​លើក​ទី​មួយ​រវាង​មេដឹកនាំ​ទាំង​ពីរ ហើយ​វា​ជា​និមិត្តរូប​សម្រាប់​ទាំង​មិត្តភាព​លក្ខណៈ​បុគ្គល​ និង​ការទូត​រវាង​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី ដូណាល់ ត្រាំ និង​រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក​។ ប្រជាពលរដ្ឋ​កម្ពុជា​មាន​មោទនភាព​ដែល​ឃើញ​មេដឹកនាំ​របស់​យើង​ឈរ​ស្មើភាព​គ្នា​ជាមួយ​​មេដឹកនាំ​ពិភពលោក​ដទៃៗ​នៅ​គ្រប់​វេទិកា​សកល​ដែល​នេះ​ជា​មោទនភាព​នៃ​រដ្ឋ​ឯករាជ្យ និង​មាន​អធិបតេយ្យភាព​»​។

ស្ថានទូត​អាមេរិក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​។

លោក អូ វីរៈ អ្នកវិភាគ​នយោបាយ​បាន​លើក​ឡើង​ថា​លោក ត្រាំ មិន​មាន​គំនិត​អ្វី​អំពី​អ្វី​ដែល​លោក ហ៊ុន សែន កំពុង​និយាយ​ទេ​។

លោក Carl Thayer សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ New South Wales បាន​ថ្លែង​តាម​អ៊ីមែល​ថា​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​កិច្ចប្រជុំ​អាស៊ាន​ទេ​។ «​និយាយ​ត្រង់ៗ​ទៅ​កម្ពុជា​មាន​ឋានៈ​ទាប​នៅ​ក្នុង​បញ្ជី​នៃ​ប្រទេស​សំខាន់ៗ​ដែល​ចូលរួម​កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​អាស៊ាន និង​ APEC»​។

លោក​ថ្លែង​ថា​៖ «​នេះ​គឺ​ពាក់ព័ន្ធ​បន្ថែម​ទៀត​ទៅ​នឹង​កម្រិត​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​ និង​គំនិត​ផ្តួចផ្តើម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ពង្រឹង​សន្តិភាព​ និង​សន្តិសុខ​តំបន់​»​។

នៅក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ​ដែរ​លោក ហ៊ុន សែន ក៏​បាន​ស្នើសុំ​ដល់ ដូណាល់ត្រាំ ឲ្យ​បង្វែរ​បំណុល​ដែល​រាជរដ្ឋាភិបាល​ជំពាក់​មក​ជួយ​កម្ពុជា​វិញ ព្រោះ​បំណុល​នេះ​ត្រូវ​បាន​ជំពាក់​ដោយសារ​តែ​កម្ពុជា​ត្រូវ​បាន​ទម្លាក់​ដោយ​រដ្ឋប្រហារ​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​។

លោក ហ៊ុន សែន បាន​ថ្លែង​ថា​៖ «​យើង​ខ្ញុំ​ជា​អ្នក​ទទួល​មរតក ដូច្នេះ​យើង​ខ្ញុំ​ត្រូវ​មាន​ភារកិច្ច​សង​។ ខ្ញុំ​បាន​ស្នើសុំ​ថា​យើង​ខ្ញុំ​សង ប៉ុន្តែ​សុំ​ឲ្យ​អាមេរិក​បង្វែរ​​បំណុល​នោះ​មក​ជួយ​ដល់​​កម្ពុជា​វិញ​។ ចំណុច​នេះ​ដែល​យើង​ខ្ញុំ​ស្នើសុំ​ឲ្យ​ឯកឧត្តម​ធ្វើការ​ពិចារណា​ព្រោះ​ថា​វា​ដូចជា​ការ​យក​ញញួរ​មក​វ៉ៃ​យើង​ខ្ញុំ​ហើយ​ឲ្យ​យើង​ខ្ញុំ​សង​ថ្លៃ​ញញួរ​នោះ​ទៅ​ទៀត​»៕ PS

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ