ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ធ្វើការ​វាយប្រហារ​ធ្ងន់ៗ​ទៅ​លើ​ក្រុម​អ្នក​វិភាគ​ដែល​លោក​ហៅ​ថា​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​បែប​ «​ល្ងង់ខ្លៅ​» ឬ​«​អាល្ងង់​ទូ​» ​ដែល​មិន​យល់​អ្វី​សោះ​អំពី​ប្រសាសន៍​របស់​លោក បន្ទាប់ពី​អ្នក​វិភាគ​ទាំង​នោះ​បាន​លើក​ឡើង​ថា​កម្ពុជា​នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ទៀត​ដែល​មិន​ទាន់​ដោះស្រាយ​។

ការ​ថ្លែង​របស់​លោក ហ៊ុន សែន បាន​ធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​កម្មការិនី​ជាង​ ១៣៥០០ នាក់​មកពី​រោងចក្រ​ចំនួន ១៣ ក្នុង​សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ​កាលពី​ម្សិលមិញ បន្ទាប់ពី​មាន​ការ​ចុះ​ផ្សាយ​នូវ​អត្ថបទ​មួយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ក្រោម​ចំណងជើង​ថា​ «​លោក ហ៊ុន សែន សរសើរ​ពី​សមិទ្ធផល​ខណៈ​អ្នក​តាមដាន​ថា​នៅ​មាន​បញ្ហា​មិន​ទាន់​ដោះស្រាយ​» កាលពី​ថ្ងៃ​ទី​ ២៨ ខែ​ធ្នូ ឆ្នាំ​ ២០១៧ ដោយ​អត្ថបទ​នេះ​បាន​ដក​ស្រង់​សម្ដី​អ្នក​វិភាគ​ដែល​រិះគន់​ថា​កម្ពុជា​នៅ​មាន​បញ្ហា​ជាច្រើន​ទៀត​មិន​ទាន់​ដោះស្រាយ​បាន​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​ថ្ងៃ​មុន​ខ្ញុំ​បាន​និយាយ​ពី​បញ្ហា​វឌ្ឍនភាព​ពួកគេ​យក​ទៅ​ចុះផ្សាយ​នៅ​តាម​សារព័ត៌មាន​ថា​មាន​វឌ្ឍភាព​ដោះស្រាយ​បាន​ល្អ ប៉ុន្តែ​បញ្ហា​ប្រឈម​នៅ​តែ​មាន​។ ខ្ញុំ​សូម​ផ្តាំ​ទៅ​អស់​លោក​អ្នក​វិភាគ ឬ​អស់​លោក​អ្នក​សរសេរ​ទាំងឡាយ​។ អស់​លោក​ត្រូវ​ចងចាំ​ថា​សូម្បី​តែ​ជីវិត​ខ្លួន​លោក ក្រុម​គ្រួសារ​លោក ឬ​ក៏​ប្រពន្ធ​លោក​ខ្លួន​លោក​ផ្ទាល់​កូន​លោក​ផ្ទាល់​ក៏​សុទ្ធ​តែ​មាន​បញ្ហា​ប្រឈម​ទាំងអស់​»​។

លោក​បញ្ជាក់​ថា ​គ្មាន​រឿង​ណា​មួយ​ដែល​ដោះស្រាយ​ដល់​ទីបញ្ចប់​របស់​វា​ទេ​។ ប្រទេស​នៅ​លើ​ពិភពលោក​គ្មាន​ប្រទេស​ណា​មួយ គ្មាន​បញ្ហា​ប្រឈម​នោះ​ដែរ សូម្បី​តែ​សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​មហា​អំណាច​ខាង​សេដ្ឋកិច្ច​មួយ បញ្ហា​ប្រឈម​នៃ​ប្រទេស​នេះ​ក៏​នៅ​តែ​មាន ដូច្នេះ​ហើយ​បាន​ជា​ប្រធានាធិបតី​ដូណាល់ត្រាំ បច្ចុប្បន្ន​បាន​ខិតខំ​ខ្លាំង​ណាស់​ដើម្បី​កាត់​បន្ថយ​នូវ​ការ​ចំណាយ​នានា​ដែល​មិន​ចាំបាច់​ហើយ​មក​បង្កើន​នូវ​ការ​ចំណាយ​ក្នុង​ប្រទេស​។

លោក​បន្ថែម​ថា​៖ «​នៅ​ក្នុង​ប្រទេស​ទាំងអស់​នៅ​ក្នុង​ពិភពលោក​សុទ្ធតែ​មាន​តម្រូវការ​កែទម្រង់ ខ្ញុំ​ទទួល​យក​អស់​លោក​កុំ​មើល​ឃើញ​ហើយ​អស់​លោក​ស្ដាប់​ពី​ដើម​រហូត​ដល់​ចប់ ទើប​អស់​លោក​បាន​ដឹង​ថា​ខ្ញុំ​ចង់​និយាយ​ពី​អ្វី បើ​អស់​លោក​ខ្ញុំ​និយាយ ១ ​ម៉ោង​អស់​លោក​ស្តាប់​ខ្ញុំ​ត្រឹម​តែ​ ៣ ​វិនាទី ឬ​ក៏​មួយ​វិនាទី​អស់​លោក​មិន​អាច​វ៉ៃ​តម្លៃ​ត្រូវ​ទេ រហូត​ដល់​ថ្ងៃ​ស្លាប់​ទៅ​ទៀត​។ អស់​លោក​នៅ​តែ​មិន​យល់ ហើយ​ដោយសារ​តែ​អស់​លោក​ស្ដាប់​មិន​យល់​ដូច្នេះ​ហើយ​បាន​ជា​អស់​លោក​មិន​ដែល​ធ្វើ​អ្វី​ជោគជ័យ​នោះ​ទេ​។ បើ​សិន​ជា​អស់​លោក​មាន​ជោគជ័យ​អស់​លោក​អាច​កាន់​អំណាច​នៅ​ស្រុក​នៅ​ប្រទេស​កម្ពុជា​ជំនួស​ ហ៊ុន សែន បាត់​ទៅ​ហើយ​»​។

លោក​ ហ៊ុន សែន ថា​មុន​នឹង​អត្ថាធិប្បាយ​លើ​ប្រសាសន៍​របស់​លោក​ត្រូវ​ស្ដាប់​តាំងពី​ក្បាល​ដល់​កន្ទុយ​ជា​មុន​សិន​។ ​«​អ៊ីចឹង​ខ្ញុំ​គ្រាន់​តែ​ដាស់តឿន​ថា បើ​ចង់​ធ្វើ​ជា​អ្នក​វិភាគ​ត្រឹមត្រូវ​ម្នាក់​អស់​លោក​ត្រូវ​ស្ដាប់​ពី​ក្បាល​ឲ្យ​ដល់​កន្ទុយ ហើយ​អស់​លោក​ស្ដាប់​ចុះ​ស្ដាប់​ឡើង​ចាំ​លោក​វិភាគ​។ ថា​តើ​គេ​និយាយ​អ្វី គេ​និយាយ​ហ្នឹង​ក្នុង​គោលបំណង​អ្វី ខ្ញុំ​មិន​ចង់​ធ្វើ​ជា​សាស្ត្រាចារ្យ ប្រដៅ​អស់​លោក​ទេ ក៏ប៉ុន្តែ​យ៉ាង​ហោច​ណាស់ ខ្ញុំ​មាន​បទពិសោធ​នៅ​ក្នុង​អំណាច​នៅ​សល់​តែ​ ១ ​ឆ្នាំ​ទៀត​គឺ​មាន​រយៈពេល​ ៤០ ​ឆ្នាំ​ហើយ​»​។

លោក​បន្ត​ថា​ លោក​កាន់​អំណាច​នៅ​ក្នុង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​គឺ​មាន​រយៈពេល ៣៣ ឆ្នាំ​ទៅ​ហើយ «​ដូច្នេះ​យ៉ាង​ណា​ក៏​ខ្ញុំ​អាច​មាន​ពិសោធ​លើស​លោក​ទៅ​លើ​បញ្ហា​ការ​គ្រប់គ្រង​រដ្ឋ​គ្រប់គ្រង​សង្គម​ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កើតឡើង​មិនមែន​បញ្ហា​កំប៉ិច​កំប៉ុក​លែង​ប្ដី លែងប្រពន្ធ ឬ​ក៏​ជម្លោះ​គ្រួសារ​ទេ ខ្ញុំ​ដោះស្រាយ​បញ្ហា​ដែល​មាន​ចរិត​គ្រប​ដណ្ដប់ មិន​គ្រាន់​តែ​ប្រទេស​កម្ពុជា​មួយ​ទេ ក៏​ប៉ុន្តែ​វា​គ្រប​ដណ្ដប់​ដល់​បញ្ហា​តំបន់ និង​អន្តរជាតិ​»​។

លោក ហ៊ុន សែន បាន​លើក​ឡើង​ថា​អ្វី​ដែល​លោក​បាន​លើក​ឡើង​នេះ មិនមែន​ជា​សារ​ស្ដីបន្ទោស​ក្នុង​ឆ្នាំ​ថ្មី​ទេ​ក៏​ប៉ុន្តែ​កាលពី​ដំណាច់ឆ្នាំ​កន្លង​មក​នេះ​ស្រាប់​តែ​ឃើញ​អត្ថបទ​សារព័ត៌មាន​ថា​លោក ហ៊ុន សែន បាន​ដោះស្រាយ​បញ្ហា​ជាតិ​មាន​វឌ្ឍនភាព​ល្អ​ប្រសើរ ប៉ុន្តែ​ភ្លេច​គិត​ដល់​បញ្ហា​សេសសល់​។ «​គេ​បាន​និយាយ​ហើយ​និយាយ​ទៀត​ខ្ញុំ​សូម​ប្រាប់​ថា​ចំណុច​សេសសល់​ប្រទេស​ណា​ក៏​មាន កុំ​ថា​ដល់​ប្រទេស​បុគ្គល​ម្នាក់ៗ​ក៏​នៅ​តែ​មាន​ថ្ងៃ​នេះ​យើង​រស់ តើ​​ថ្ងៃ​ស្អែក​មាន​អ្វី​កើតឡើង វា​សុទ្ធ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​យើង​»​។

ជាមួយ​គ្នា​នេះ​លោក ហ៊ុន សែន ថែម​ទាំង​បាន​ហៅ​ក្រុម​អ្នក​វិភាគ​ថា​​ «​វិភាគ​បែប​កន្ទុយ​អណ្ដើក​» «​ល្ងង់ខ្លៅ​» ​និង​ប្រាប់​កុំ​ឲ្យ​ហៅ​ពួកគេ​ថា​ជា​សេដ្ឋវិទូ ឬ​ទស្ស​វិទូ​អ្វី​នោះ​ដោយ​ជំនួស​មក​វិញ​នូវ​ពាក្យ​ «​អាល្ងង់​ទូ​» ​ទើប​ត្រឹមត្រូវ​ជាដើម​។

លោក​ថ្លែង​បែប​ចំអក​ថា​៖ «...​វិភាគ​បែប​កន្ទុយ​អណ្ដើក វិភាគ​បែប​ល្ងង់ខ្លៅ កុំ​ហៅ​ថា​ទស្សនវិទូ​ហៅ​អាល្ងង់ទូ ទើប​វា​ត្រឹមត្រូវ​។ មិនមែន​សេដ្ឋវិទូ​ទេ​ហៅ​អាល្ងង់​ទូ ទើប​វា​ត្រឹមត្រូវ​។ អ៊ីចឹង​ខ្ញុំ​មិន​ចង់ ឲ្យ​អ្នក​វិភាគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​អ្នក​វិភាគ​នៅ​ប្រទេស​មួយ​ចំនួន​ក្លាយ​ទៅ​ជា​អាល្ងង់​ទូ​ទេ​ព្រោះ​សេដ្ឋវិទូ ឬ​ទស្សនវិទូ គេ​មាន​​ចរិត​ទូលំ​ទូលាយ​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​វិភាគ​បញ្ហា​នីមួយៗ ប៉ុន្តែ​ណាស់​ហើយ​ចុះ ទុក​វា​មួយ​អន្លើ​ដោយសារ​គ្នា​វា​ល្ងង់​ហ្នឹង​ហើយ​បាន​ជា​គ្នា​មិន​ដែល​បាន​ធ្វើ​នាយក​រដ្ឋមន្ត្រី​មិន​ដែល​បាន​ធ្វើ​រដ្ឋមន្ត្រី​នឹង​គេ​ហើយ​បើ​សិន​បាន​ធ្វើ​ក៏​គេ​ដេញ​ចោល​ភ្លាមៗ​ដែរ មិន​ដែល​បាន​កាន់​អំណាច​យូរ​ទេ ដោយសារ​តែ​វា​អ៊ីចឹង​បាន​វា អ៊ីចឹង​អាហ្នឹង​រឿង​វា​ពិត​»​។

ក៏​ប៉ុន្តែ​លោក​បណ្ឌិត ​ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​យល់​ថា​វា​ជា​ការ​ «​ធម្មតា​» ​ទៅ​ហើយ​សម្រាប់​លោក ហ៊ុន សែន ក្នុង​ការ​មាន​ «​ប្រតិកម្ម​ខ្លាំង​» ​ដែល​លោក​ថា​គ្រាន់​តែ​ជា​ការ​ «​ដោះសា​» ​របស់​លោក​។

លោក​ថ្លែង​ថា​៖ «​វា​ជា​ការ​ដោះសា​ទេ ប៉ុន្តែ​ទី ១ បើ​កែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ អាហ្នឹង​អ្នក​អត្ថាធិប្បាយ​ផ្សេងៗ​ដែល​មាន​ឱកាស ឬ​គេ​ផ្ដល់​ឱកាស​ឲ្យ​បញ្ចេញ​មតិ​ហ្នឹង​គឺ​គេ​តែងតែ​យក​រដ្ឋធម្មនុញ្ញ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស អាហ្នឹង​គឺជា​ខឿន ឬ​ក៏​ជា​គ្រឹះ និង​ក្របខ័ណ្ឌ​នៃ​ការ​ធ្វើ​អត្ថាធិប្បាយ​ហ្នឹង​។ រឿង​កែទម្រង់ រឿង​លទ្ធផល​នៃ​សន្តិភាព​គេ​វាយតម្លៃ​លទ្ធផល​នៃ​ការ​កែទម្រង់​នូវ​សកម្មភាព​ជាក់ស្ដែង​វា​លេច​ចេញ​ជាក់ស្ដែង​មក​»​។

«​យើង​និយាយ​ថា​រិះគន់​ស្ថាបនា​ការ​រិះគន់​នេះ​គឺ​អាច​ជា​ការ​រិះគន់​ស្ដីបន្ទោស អវិជ្ជមាន​ហើយ​នឹង​រិះគន់​វិជ្ជមាន​វា​ទៅ​ជាមួយ​គ្នា​ដូចជា​គេ​ថា “​កុំ​ទាត់​ធាក់​ក្មេង​អ៊ីចឹង គេ​រិះគន់​” មនុស្ស​ម្នាក់​ដែល​ទាត់​ធាក់​ក្មេង បើ​ម្ដាយ​ទាត់​ធាក់​ក្មេង កុំ​ធ្វើ​អ៊ីចឹង​អាហ្នឹង វា​អវិជ្ជមាន​ហើយ គេ​បន្ទោស​ហើយ អាហ្នឹង​មាន​ន័យ​ថា​ថ្ងៃ​ក្រោយ​កុំ​ធ្វើ​បែប​ហ្នឹង​ទៀត​ជា​ការ​កែលម្អ​»​។

លោក​ថា​ ការ​រិះគន់​ទាំងអស់​ឲ្យ​តែ​មាន​មូលដ្ឋាន​ច្បាស់លាស់​ជាក់លាក់ វា​មិន​ជា​បញ្ហា​ទេ បើ​សិន​ជា​អ្នក​ដែល​ត្រូវ​គេ​រិះគន់​ចេះ​ទទួល​នូវ​ការពិត​។

លោក​ ម៉ុងហៃ បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ខ្លះៗ​ដោយ​លោក​ថា​ដោយសារ​អ្នក​មាន​អំណាច​មាន​ទាំង​កម្លាំង និង​មធ្យោបាយ​ផ្សេងៗ​។ «​ដូចជា​ខ្ញុំ​សម្ភាស​គឺ​ថា​រដ្ឋាភិបាល​សូម្បី​ប្រកាស​ជា​សាធារណៈ​ក្ដី​គឺ​ដូចជា​មិន​បាន​ទទួល​នូវ​ការពិត​ទាំងអស់​ទេ ហើយ​ដូចជា​ខ្លាច​ការពិត​។ ជាធម្មតា​ទេ​មនុស្ស បើ​សិន​ជា​មាន​អ្នក​មាន​អំណាច​ហើយ​មាន​មធ្យោបាយ មាន​កម្លាំង ហើយ​មធ្យោបាយ​ទៀត​នោះ ទោះបី​គាបសង្កត់ ឬ​ដាក់​ទណ្ឌកម្ម​លើ​យើង​អាហ្នឹង​តែងតែ​ព្រួយបារម្ភ​»​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ថ្លែង​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​រិះគន់​ដើម្បី​ស្ថាបនា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍន៍​ប្រជាធិបតេយ្យ​។

លោក​ថ្លែង​ថា​៖ «​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​គឺ​មាន​តម្លៃ ហើយ​អ្នក​ដឹកនាំ​ដែល​មាន​ប្រជាធិបតេយ្យ​ពិត​ជា​មាន​ការ​ស្វាគមន៍ ការ​ពិនិត្យ​មើល​ទៅ​លើ​អ្វី​ដែល​ជា​សមិទ្ធផល និង​ប្រៀបធៀប​ជា​សមិទ្ធផល​ជាមួយ​នឹង​ចំណុច​ខ្វះខាត​...​។ អ៊ីចឹង​តួអង្គ​ដែល​ជា​អ្នក​ឲ្យ​យោបល់ រួម​ចំណែក​យ៉ាង​សំខាន់​ណាស់​ក្នុង​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​ប្រជាធិបតេយ្យ​»​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​នេះ​ជា​សេរីភាព​នៃ​ការ​សម្ដែង​មតិ​របស់​មនុស្ស​គ្រប់​រូប​។ យើង​អត់​មាន​ការ​ខ្វល់​ពី​ការ​លើក​ឡើង​ណា​មួយ​ទេ ព្រោះ​មនុស្ស​គ្រប់​រូប​មាន​សេរីភាព​សម្ដែង​មតិ​មាន​សិទ្ធិ​ក្នុង​ការ​ប្រតិកម្ម​មាន​សិទ្ធិ​ក្នុង​ការ​ឲ្យ​យោបល់ អ៊ីចឹង​យ៉ាង​ម៉េច​ក៏ដោយ​យើង​ជា​អ្នក​ឃ្លាំ​មើល​យើង​នៅ​តែ​ឈរ​លើ​ជំហរ​ផ្តល់​យោបល់​ក្នុង​ន័យ​ស្ថាបនា​ដើម្បី​ឲ្យ​មាន​ការ​រីកចម្រើន​ផ្តល់​ផលប្រយោជន៍​ដល់​ពលរដ្ឋ​កាន់តែ​ច្រើន​ទៅ​។ រឿង​ល្ងង់ រឿង​ចេះ​ហ្នឹង​ខ្ញុំ​គិត​ថា​គេ​ហៅ​ថា​គ្រប់​គ្នា​ជា​តួអង្គ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​។ អ្នក​នេះ​បន្តិច អ្នក​នោះ​បន្តិច​មិនមែន​គិត​ថា​ទាល់​តែ​គ្រប់​គ្នា​ធ្វើ​រដ្ឋមន្ត្រី​ទេ​ពេល​មាន​អ្នក​ធ្វើ​ទាល់​តែ​មាន​អ្នក​ឃ្លាំ​មើល​»៕