ភ្នំពេញៈ លោក លឺ ឡាយស្រេង ត្រូវ​តុលាការ​សម្រេច​ផ្តន្ទាទោស​ពី​បទ​បរិហារកេរ្តិ៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​តម្រូវ​ឲ្យ​សង​ជំងឺ​ចិត្ត​លោក​ ហ៊ុន សែន រហូត​ដល់ ៥០០ លាន​រៀល ព្រម​ទាំង​បង់​ពិន័យ ៨ លាន​រៀល ចូល​ថវិកា​រដ្ឋ។

លោកចៅក្រម អ៊ី ឋាវរៈ នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​​បើក​សវនាការ​កាត់​ទោស​កំបាំង​មុខ​ជន​ជាប់​ចោទ​តែ​ប្រមាណ​កន្លះ​ម៉ោង នៅ​​ព្រឹក​ថ្ងៃ​ទី ២៥ ខែ​មករា និង​ប្រកាស​សាលក្រម​តែ​ម្តង​ នៅ​ចំពោះ​មុខ​មេធាវី គី តិច តំណាង​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ និង​អវត្តមាន​ភាគី​ចុង​ចោទ​គឺ​លោក លឺ ឡាយស្រេង ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស។

លោក​ចៅក្រម បាន​ថ្លែង​ថា៖ «តាង​នាម​ប្រជា​រាស្ត្រខ្មែរ តុលាការ​សម្រេច ទី១ ពិន័យ​ជន​ជាប់​ចោទ ​លឺ ឡាយស្រេង អាយុ ៧៧ ឆ្នាំ​ចំនួន ៨ លាន​រៀល ចូល​ថវិកា​រដ្ឋ ទី២ បង្គាប់​ឲ្យ​ជន​ជាប់​ចោទ​បង់​សំណង​ជំងឺ​ចិត្ត​ ទៅ​ដើម​បណ្ដឹង​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ចំនួន​ ៥០០ លាន​រៀល»។

លោក​ចៅក្រម ក៏​សម្រេច​ឲ្យ​ផ្សព្វផ្សាយ​សាលក្រម​នេះ​ជា​សាធារណៈ ​ស្រប​​តាម​មាត្រា​ ៣១០ តាម​ការ​ស្នើ​សុំ​របស់​លោក​មេធាវី គី តិច និង​បើក​ផ្លូវ​ប្តឹង​ឧទ្ធរណ៍​តាម​ច្បាប់​កំណត់។

រឿង​ក្តី​ក្តាំ​នេះ​ បាន​កើត​ចេញ​ពី​ការ​សន្ទនាឯក​ជន​តាម​ទូរស័ព្ទ​រវាង​លោក លឺ ឡាយស្រង និង​លោក​ស្រី​ គី លំអង ដែល​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ ហ៊្វុនស៊ិនប៉ិច ​ដូច​គ្នា ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ២១ ខែ​តុលា ឆ្នាំ​ ២០១៧ នៅ​វេលា​ម៉ោង ៧ និង ១៥ នាទី​ព្រឹក។ ប៉ុន្តែ​​ អាខោន​ហ្វេសប៊ុក​ ដែល​ដាក់​ឈ្មោះថា សីហា បាន​យក​ការ​សន្ទនា​ឯកជន​ដែល​ត្រូវ​គេ​លួច​ថត​នោះ មក​បង្ហោះ​​ លើ​អាខោន​របស់​ខ្លួន​ នៅ​វេលា​ម៉ោង ១១ និង ១៣ នាទី​ព្រឹក គឺ​ក្រោយ​តែ​ ៤ ​ម៉ោង​ប៉ុណ្ណោះ។

នៅ​ក្នុង​ការសន្ទនា​នោះ លោក​ លឺ ឡាយ​ស្រេង បាន​អះអាង​ថា​ ​ព្រះ​អង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ បាន​ទទួល​ថវិកា​ ១ ​លាន​ដុល្លារ​ ពី​លោក​ ហ៊ុន សែន និង​យក​លុយ ​២ ​ម៉ឺន​ដុល្លារ​ពី​សមាជិក​បក្ស​ដែល​ចង់​បាន​តំណែង​តំណាង​រាស្ត្រ​ ដោយ​លោក​​ថ្លែង​ថា៖ «​ឱ​! ពួក​អា​អត់​ខ្មាស​ហ្នឹង ​ឥឡូវ​កំពុង​ពាក់​អាវ​ក្វាស៊េ កំពុង​ចែក​ ថ្ងៃ​មុន​​ចែក​កៅអី។ យី​! គិត​ទៅ​អាមនុស្ស​រក​លុយ​បាន​​​ស្រួល​...ហ៊ុន សែន ឲ្យ​ជិត​ ១ លានចុះ​​ម្នាក់​ ២ ​ម៉ឺន​បាន​ជិត​ ១ ​លាន​បាត់​ទៀត​ហើយ។ ហ្អេ អស្ចារ្យ​! ចេះ​តែ​ទៅ​ហើយ​មុខ​អា​មួយ​នេះ​អា​សម្តេច​ចោល​ម្សៀត​មួយ​​នេះ​យ៉ាប់​មែន​ទែន​ហ្មង​។ ខ្ញុំ​ថា អាហែ្អង ខ្ញុំ​ទ្រាំ​មិន​បាន ថោក​ទាប​ពេក​»។

ក្រោយ​​ពេល​​ការ​សន្ទនា​នេះ​ត្រូវ​បាន​គេ​លួច​ថត ហើយ​យក​មក​ផ្សព្វ​ផ្សាយ​ អ្នក​ច្បាប់​ តំណាង​ឲ្យ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែននិង​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ បាន​ដាក់​ពាក្យ​ប្តឹង​លោក លឺ ឡាយ​ស្រេង ពី​បទ​បរិហារកេរ្តិ៍ ខណៈ​ដែល​ក្រសួង​យុត្តិធម៌​​ ក៏​បាន​​ដាក់​​ប្តឹង​ផង​ដែរ​ ដោយ​​ចោទ​ថា លោក លឺ ឡាយស្រេង​បាន​ប្រមាថ ព្រះ​ចេស្តា​ព្រះ​មហាក្សត្រ។

ថ្លែង​នៅ​ក្នុង​សវនាការ លោក គី តិច ទទួល​ស្គាល់​ថា សំឡេង​សន្ទនានោះ​ ជា​ការ​សន្ទនា​ឯកជន ប៉ុន្តែ​លោក​ថ្លែង​​ថា វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​លោក​នាយក​រដ្ឋមន្ត្រី។

លោកនិយាយ​ថា៖ «វា​ជា​សំឡេង​សន្ទនា​ឯកជន ប៉ុន្តែ​នៅ​ពេល​ផ្សព្វផ្សាយ​ជា​សាធារណៈ វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ យ៉ាង​ធ្ងន់ធ្ងរ ដល់​កិត្តិយស​សម្តេច​នាយក​រដ្ឋ​មន្ត្រី ប៉ះពាល់​​ព្រះ​មហា​ក្សត្រ»។

លោក គី តិច បាន​សន្និដ្ឋាន​ថា៖ «យើង​ស្តាប់​ទៅ​វា​ជា​ការ​និយាយ​លេង​សើច ចំអក​ឡកឡឺយ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះ​មហាក្សត្រ​ ដែល​ច្បាប់​បាន​ហាម​ឃាត់​ប៉ះពាល់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ គឺ​សម្តេច​នាយក​រដ្ឋមន្ត្រី។ បុគ្គល​នេះ ​បាន​រត់​គេច​ទៅ​ក្រៅ​ប្រទេស មិន​ចូល​បំភ្លឺ មិន​​ដាក់​ភ័ស្តុតាង និង​មិន​មាន​មេធាវី​ការពារ​ដែល​នេះ​បញ្ជាក់​ថា​ គាត់​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​របស់​ខ្លួន»។

លោក គី តិច ថ្លែង​ថា បើ​សិន​ជា​មិន​ផ្តន្ទា​ទោស​លើ​អំពើ​នេះ​ទេ អាច​ធ្វើ​ឲ្យ​សាធារណជន​ជឿ​ថា លោក​នាយក​រដ្ឋមន្ត្រី ពិត​ជា​បាន​ប្រ​គល់​ប្រាក់ ១ លាន​ដុល្លារ​ ដើម្បី​សូក​ប៉ាន់​គណបក្ស​ហ៊្វុនស៊ិនប៉ិច រហូត​ដល់​ ១ ​លាន​ដុល្លារ​​មែន។

លោក លឺ ឡាយ​ស្រេង ដែល​កំពុង​ស្ថិត​នៅ​សហរដ្ឋ​អាមេរិក ​មិនអាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ៕