Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​ផ្ដើម​ផលិត​ភ្លើង​ចែក​ខេត្ត​ ២

Content image - Phnom Penh Post
លោក​នាយក​រដ្ឋមន្ត្រី​ក្នុង​ពិធី​ទប់​ទឹក​​នៅ​ទំនប់​សេសាន​កន្លង​ទៅ​។ ហុង មិនា

វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​ផ្ដើម​ផលិត​ភ្លើង​ចែក​ខេត្ត​ ២

ស្ទឹងត្រែងៈ ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​ដែល​ធំ​បំផុត​នៅ​កម្ពុជា​បាន​ចាប់ផ្តើម​ផលិត​ភ្លើងអគ្គិសនី​ហើយ​ដោយ​បាន និង​កំពុង​បញ្ជូន​ទៅ​ប្រើប្រាស់​នៅ​ខេត្ត​ក្រចេះ និង​កំពង់ចាម ខណៈ​អាជ្ញាធរ និង​ក្រុមហ៊ុន​កំពុង​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ដែល​មិន​ព្រម​ចាកចេញ​ឲ្យ​ចប់​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ​។

តួប៊ីន​ទី​មួយ​កម្លាំង​ ៥០ ​មេហ្គាវ៉ាត់​ក្នុង​ចំណោម​តួប៊ីន​សរុប​ ៨ ​កម្លាំង​ ៤០០ ​មេហ្គាវ៉ាត់​នៃ​ទំនប់​វារីអគ្គិសនី​មួយ​នេះ​បាន​ផលិត​ភ្លើង​អគ្គិសនី​រយៈពេល​ ៥ ​ថ្ងៃ​មក​ហើយ ហើយ​កាលពី​ម្សិលមិញ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​លោក​ ស៊ុយ សែម និង​លោក​ឧកញ៉ា​ គិត ម៉េង រួម​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចុះ​ទៅ​ពិនិត្យ​ និង​អបអរសាទរ​ចំពោះ​ដំណើរការ​នេះ​។ នេះ​បើ​តាម​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​។

លោក នូ សុវណ្ណារ៉ា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​បាន​ថ្លែង​ថា​៖ «​តួប៊ីន​ទី​ ១ ​ផលិត​ភ្លើង​បាន​ ៥ ​ថ្ងៃ​ហើយ​។ ​បញ្ជូន​ [​តាម​​បណ្តាញ​ជាតិ​] ​ទៅ​ខេត្ត​កំពង់ចាម​ហើយ​។ នេះ​គឺជា​ជោគជ័យ​ដ៏ល្អ​មួយ​ដែល​ជួយ​កាត់​​បន្ថយ​ការ​នាំ​ចូល​ភ្លើង​»​។

ប៉ុន្តែ​លោក​ថា​នៅ​ខេត្ត​ស្ទឹងត្រែង​មិន​ទាន់​បាន​ប្រើ​ទេ​ដោយសារ​រៀបចំ​មិន​ទាន់​រួច រីឯ​តួប៊ីន​ផ្សេងៗ​ទៀត​នឹង​បន្ត​ដំណើរការ​នៅ​ដំណាក់កាល​ក្រោយៗ​ទៀត​។

កាលពី​ចុង​ខែ​កញ្ញា​ឆ្នាំ​នេះ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​បើក​សម្ពោធ​ឲ្យ​ដំណើរការ​ដោយ​ចុច​ប៊ូតុង​បិទ​ទ្វារ​ទឹក​ដើម្បី​សន្សំ​ទឹក​ទុក​ដំណើការ​តួប៊ីន​នេះ​។ ប្រមុខ​រដ្ឋាភិបាល​បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា​នៅ​ឆ្នាំ​ ២០២២ ​គ្រប់​ភូមិ​ទាំង​ ១៤១៦៨ ​នៅ​កម្ពុជា​នឹង​មាន​ភ្លើង​ប្រើ​។ មក​ទល់​ពេល​នេះ​ ៧៩ ​ភាគរយ​ ឬ​ជាង​ ៣ ​លាន​ខ្នង​ផ្ទះ​មាន​អគ្គិសនី​ប្រើប្រាស់​ក្នុង​តម្លៃ​សមរម្យ​។

លោក​នាយក​រដ្ឋមន្ត្រី​ធ្លាប់​បាន​ឲ្យ​ដឹង​ថា​ តម្លៃ​ភ្លើង​ពី​មុន​គឺ​ ៩៥០ ទៅ​​ ១០០០ ​រៀល​ក្នុង​ ១ ​គីឡូវ៉ាត់​​ម៉ោង​តែ​បច្ចុប្បន្ន​នេះ​ចុះ​មក​នៅ ៧៧០ ​រៀល​ក្នុង​ ១ ​គីឡូវ៉ាត់​ម៉ោង​នៅ​តំបន់​អគ្គិសនី និង​ ៧៩០ រៀល​ក្នុង​ ១ ​គីឡូវ៉ាត់​ម៉ោង​ក្នុង​តំបន់​ដែល​ផ្នែក​ឯកជន​ភ្ជាប់​ជាមួយ​បណ្តាញ​អគ្គិសនី​ជាតិ​។ ចំពោះ​ពលរដ្ឋ​ក្រីក្រ​ដែល​ប្រើ​តិច​មិន​លើស​ពី​ ១០ គីឡូវ៉ាត់​ម៉ោង​ក្នុង ១ ​ខែ​គឺ​មាន​តម្លៃ​តែ​ ៤៨០ ​រៀល​ប៉ុណ្ណោះ​​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​ហើយ​បើ​ប្រើ​អស់​ពី​ ១១ ​ដល់​ ៥០១ ​គីឡូវ៉ាត់​ម៉ោង​ក្នុង​ ១ ​ខែ​ត្រូវ​បង់​តម្លៃ​ ៦១០ ​រៀល​​ក្នុង​​ ១ ​គីឡូវ៉ាត់ម៉ោង​ដោយ​រដ្ឋ​ជួយ​ចេញ​ខាត​ឲ្យ​ខ្លះ​។

លោក ហ្វុត ឃឿន ជនជាតិ​ដើម​ភាគតិច​ឡាវ​ដែល​មិន​ទទួល​យក​សំណង​ទៅ​នៅ​កន្លែង​ក្រុមហ៊ុន​រៀបចំ​ជូន​បាន​ឲ្យ​ដឹង​ថា​ពលរដ្ឋ​ដែល​បាន​ភ្លើង​ប្រើ​ពី​ទំនប់​នេះ​កំពុង​សប្បាយ​ចិត្ត​។ តែ​ចំពោះ​រូប​លោក និង​ពលរដ្ឋ​ជាង​ ១០០ ​គ្រួសារ​ទាំង​នៅ​ស្រែគ​ចាស់ និង​ក្បាល​រមាស​គឺ​នៅ​តែ​ជា​ជនរងគ្រោះ​ដដែល​។

លោក​ ឃឿន ​ថា​៖ «​ការ​អភិវឌ្ឍ​ត្រូវការ​ភ្លើង​ប្រើ តែ​សំខាន់​សុំ​ឲ្យ​​ក្រុមហ៊ុន​ និង​អាជ្ញាធរ​គិតគូរ​ដល់​អ្នក​រងគ្រោះ​ផង​។ យើង​មិន​ប្រឆាំង​ទេ តែ​សុំ​រស់នៅ​ក្បែរ​ហ្នឹង​ហើយ​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​ដល់​យើង​ផង​»​។

លោក ម៉ែន គង់ អ្នក​នាំពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​នេះ​ក្រុម​ការងារ​ដោះស្រាយ​ផលប៉ះពាល់​កំពុង​ខំ​ដោះស្រាយ​សំណង​ជូន​ពលរដ្ឋ​ដែល​នៅ​សល់​ឲ្យ​ចប់​ត្រឹម​ខែ​មករា​ឆ្នាំ​ក្រោយ​ដោយ​មាន​ការ​ធ្វើ​ផ្លូវ​សម្រាប់​ចេញចូល​នៅ​កន្លែង​ដែល​ពួកគាត់​កំពុង​ជ្រើសរើស​នៅ​ និង​ទៅ​មណ្ឌល​សុខភាព​ដែល​មាន​ស្រាប់​មួយ​។ លើស​ពី​នោះ​ក្រុម​ការងារ​ក៏​នឹង​ចុះ​ពិនិត្យ​ជាក់ស្តែង​ពី​ចំនួន​ក្មេង​​គ្រប់​អាយុ​ចូល​រៀន​ដើម្បី​ពិចារណា​ធ្វើ​សាលារៀន​ដែល​អាច​ឲ្យ​សិស្ស​ទាំង​ ២ ​កន្លែង​ដែល​នៅ​សេសសល់​អាច​ចូល​រៀន​បាន​ទាំងអស់​គ្នា​។

លោក​ថា​៖ «​យើង​ត្រូវ​បត់បែន​តាម​ការ​ស្នើសុំ​របស់​ពួកគាត់​។

យើង​ត្រូវ​ដោះស្រាយ​ឲ្យ​ចប់​យ៉ាង​យូរ​បំផុត​ក្នុង​ខែ​មករា​។ យើង​នឹង​រៀបចំ​ម្តង​ ១ ​គ្រួសារៗ​ជូន​ពួកគាត់​»​។

គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​តម្លៃ​ជាង​​ ៧៨១ ​លាន​ត្រូវ​បាន​សិក្សា​តាំងពី​ឆ្នាំ​ ២០០៤ ហើយ​ចាប់ផ្តើម​សាងសង់​ពី​ឆ្នាំ​ ២០១៤​។

ក្រុមហ៊ុន​ស្ថិត​ក្នុង​គម្រោង​នេះ​រួម​មាន​ក្រុមហ៊ុន Royal Group របស់​លោក​ឧកញ៉ា គិត ម៉េង ៣៩ ភាគរយ​ក្រុមហ៊ុន Hydrolancang International Energy របស់​ប្រទេស​ចិន​ ៥១ ភាគរយ​ (​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​នៃ​ក្រុមហ៊ុន​ China Huaneng Group) និង​ក្រុមហ៊ុន​នៃ​ប្រទេស​វៀតណាម EVN International មាន ១០ ភាគរយ​៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ