ភ្នំពេញៈ ករណី​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​ពលរដ្ឋ ៣៧៥ គ្រួសារ ជាមួយ​ក្រុមហ៊ុន Koh Kong Plantation Co.,Ltd និង​ ​ក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd នៅ​ស្រុក​ស្រែ អំបិល និង ​ស្រុក​ប​ទុម​សាគរ ខេត្តកោះកុង នៅ​ព្រឹក​ថ្ងៃនេះ ត្រូវបាន​ដោះស្រាយ​បញ្ចប់​ក្រោយពី​មាន​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ព្រមព្រៀង ទទួលយក​ដំណោះស្រាយ ដោយ​ក្រុម​ហ៊ុន​ព្រម​កាត់​ដីជាង ៨០០ ហិកតាជូន​ពលរដ្ឋ​។

ក្នុងនោះ​មាក​ការចូលរួម​ពី​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក វេ​ង សាខុន រដ្ឋមន្ត្រីក្រសួង​កសិក​កម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​កម្ម លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក​ឧកញ៉ា លី យ៉ុង​ផាត់ តំណាង​ក្រុមហ៊ុន​វិនិយោគ​ដំណាំ​អំពៅ តំណាង​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ប្រមាណ​ជិត ៣០០ នាក់។

តាម​សេចក្ដីប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ភ្លាមៗនៅ​ព្រឹក​នេះ បាន​បង្ហាញថា ជា​លទ្ធផល​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​បាន​ព្រមព្រៀងគ្នា​បញ្ចប់​ករណី​វិវាទ​នេះ ជា​ស្ថាពរ ដោយ​ក្រុង​ប្រជាពលរដ្ឋ ១៧៥ គ្រួសារ យល់ព្រម​ទទួលយក​ដំណោះស្រាយ​ជា​ដី​ទំហំ ៣ ហិកតា និង​ថវិកា​ចំនួន ២៥០០ ដុល្លារ​អាមេរិក ក្នុង​មួយ​គ្រួសារ ប៉ុន្ដែ​មិន​ដោះស្រាយ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ដោះស្រាយ​ហើយ​នោះទេ ហើយ​ប្រជាពលរដ្ឋ​ចំនួន ២០០ គ្រួសារ​ផ្សេងទៀត ក៏​យលព្រម​ទទួលយក​ដំណោះស្រាយ​ជា​ដី​ទំហំ ១,៥ ហិកតា ក្នុង​មួយ​គ្រួសារ។

ដោយឡែក ភាគី​ក្រុមហ៊ុន​យល់ព្រម​ឲ្យ​រដ្ឋ​កាត់​ដី​ទំហំ ៨២៨ ហិកតា ស្ថិតនៅក្នុង​ឃុំ​ជីខ​លើ ស្រុកស្រែ​អំបិល ខេត្តកោះកុង ចេញពី​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​បានទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល ដើម្បី​រដ្ឋ​ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ខាងលើ និង​ផ្ដល់​ថវិកា​តាម​ចំនួន​ខាងលើ​ជូន​ក្រុម​ប្រជាពលរដ្ឋ​ក្នុងចំណោម ១៧៥ គ្រួសារ​តាម​សំណូមពរ។

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​លើកឡើងថា លោក​ព្យាយាម​សម្របសម្រួល​ដោះស្រាយ​ករណី​វិវាទ​នេះ ឲ្យ​ចង់​ត្រឹម​ថ្ងៃនេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី​របស់​ពួកគាត់​ស្របច្បាប់​ឡើងវិញ។

ទន្ទឹម​​នឹង​ការដោះស្រាយ​នេះ លោក​បាន​សង្កត់ធ្ងន់​លើ​ចំនួន​ប្រជាពលរដ្ឋ​ដែលមាន​វិវាទ​ដីធ្លី​ពិតប្រាកដ។

លោក​បញ្ជាក់ថា ៖ «ខ្ញុំ​សុំ​ចំនួន​ប្រជាពលរដ្ឋ​ដែលមាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ពិតប្រាកដ ព្រោះ​ខ្ញុំ​មិន​ចង់​ដោះស្រាយ​ឲ្យ​ចំនួន ១៧៥ គ្រួសារ​រួចរាល់​ហើយ ស្រាប់តែ​មួយខែ​ក្រោយមក​មាន​ពលរដ្ឋ ១០០​ គ្រួសារ​ទៀត​មក​តវ៉ា​លើដី​ដែល​បាន​ដោះស្រាយ​ហើយ​នេះ។ អ៊ីចឹង ​ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ស្ថានភាព​បែបនេះ ខ្ញុំ​សុំ​ឲ្យ​ពលរដ្ឋ​ក្នុង​វិវាទ​នេះ ចុះកិច្ចសន្យា​ទទួល​ដី និង​បញ្ឈប់​សកម្មភាព​តវ៉ា​ចាប់ពីពេលនេះ​តទៅ»។

អ្នកស្រី ផាវ ញ៉ើ​ង តំណាង​ប្រជា​ពល​ចំនួន ១៧៥ គ្រួសារ​មកពី​ឃុំ​ជីខ​លើ ស្រុកស្រែ​អំបិល​បាន​លើកឡើងថា អ្នកស្រី​សាទរ​ចំពោះ​ចំណាត់​ការបស់​ក្រសួង និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដោយ​អ្នកស្រី​បាន​សំណូមពរ​ទៅ​រដ្ឋាភិបាល​ជួយ​សាងសង់​ហេដ្ឋា​​រចនាសម្ព័ន្ធ និង​ផ្ដល់​សេវាសាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​ទាំងនេះ។

អ្នកស្រី​បន្តថា ទីតាំង​ដី​ដែល​រដ្ឋាភិបាល​សម្រេច​ប្រគល់​ឲ្យ​ពលរដ្ឋ​នេះ មាន​ចំណាយ​ប្រមាណ​ជិត ២០ គីឡូម៉ែត្រ​ពី​ទីតាំង​ដី​ភូមិ​ចាស់​របស់​ពួកគាត់ និង​ជា​តំបន់​ដាច់ស្រយាល​គ្មាន​សេវាសាធារណៈ ឬ​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​របស់​រដ្ឋ ព្រោះ​ប្រជាពលរដ្ឋ​ខ្លះ​មិនមាន​មធ្យោបាយ​ធ្វើដំណើរ ឬ​ដឹកជញ្ជូន​នោះទេ។

អ្នកស្រី​បញ្ជាក់ថា ៖ «រដ្ឋាភិបាល​ផ្ដល់​ដី​ឲ្យ​ពលរដ្ឋ​នៅ​កន្លែង​ដាច់ស្រយាល ដែល​ឆ្ងាយ​ពី​ភូមិ​ពលរដ្ឋ​ធ្លាប់​រស់នៅ ព្រមទាំង​គ្មាន​សេវាសា​ធារណៈ។ ដូច្នេះ ពលរដ្ឋ​ព្រម​ទទួលយក​សំណង​នេះ ប៉ុន្ដែ​សុំ​ជួយផ្ដល់​សេវាសាធារណៈ​ឲ្យ​ពលរដ្ឋ​ទាំងនេះ​ផង» ៕