ភ្នំពេញ: តុលាការ​កំពូល បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ របស់​សកម្មជន​បរិស្ថាន​ខេត្ត កោះកុង ២ ​រូប កាល​ពី​ព្រឹក​មិញ​នេះ។

ចៅក្រម សឹង បញ្ញាវុឌ្ឍ បានបើក​សវនាការ​កាត់​ក្តី​សំណើ​សុំ​ឲ្យ​អ្នក​ទាំង​ពីរ​នៅ​ក្រៅ​ឃុំ នា​ព្រឹក​ថ្ងៃ​ទី ៩ ខែ​កុម្ភ:នេះ មុខ​មេធាវី​ជន​ជាប់​ចោទ​ទាំង​ពីរ​រូប លោក សំ ចំរើន ប៉ុន្តែ​អវត្តមាន​កូន​ក្តី ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ខេត្ត កោះកុង។

លោក សំ ចំរើន យល់​ថា ការ​សម្រេច​មិន​ដោះ​លែង​កូន​ក្តី​លោក ជា​រឿង «អយុត្តិធម៌»។

ពួកគេ​ជា​សកម្មជន​អតីត​អង្គការ​មាតា​ធម្មជាតិ ឈ្មោះ ហ៊ុន វណ្ណៈ​ អាយុ ៣៥ ឆ្នាំ និង​ ឌឹម គុណ​ឌី ​អាយុ ២១ ឆ្នាំ ​ត្រូវ​បាន​តុលាការ​ធ្វើការ​ចោទ​ប្រកាន់​ពី​បទ ​«ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» និង​ ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត កោះកុង​ចាប់​តាំង​ពី​ខែកញ្ញា ​ឆ្នាំ ២០១៧ មក។

នៅ​ថ្ងៃ​ចាប់​ខ្លួន សកម្មជន​ទាំង ២ ​បាន​ថត​រូប​កប៉ាល់​ដឹក​ខ្សាច់ ​ពី​ទូក​របស់​ពួកគេ​នៅ​សមុទ្រ ដែល​មាន​ចម្ងាយ​រហូត​ដល់​មួយ​គីឡូ​ម៉ែត្រ​ពី​កប៉ាល់​​ទាំង​នោះ​ដែល​​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក​ ​លី យ៉ុងផាត់ ក្នុង​ស្រុក​ព្រែក​ខ្សាច់​ ក្នុង​ស្រុក​ គិរីសាគរ។

កាល​ពី​ថ្ងៃ ២៦ ខែ​មករា​កន្លង​ទៅ​នេះ អ្នក​ទាំង​ពីរ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ កោះកុង ប្រកាស​សាលក្រម ដោយ​ផ្តន្ទា​ទោស ពួកគេ ១ ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ម្នាក់ ១ លាន​រៀល​ តែ​ឲ្យ​អនុវត្ត​ទោស​តែ​ ៥ ខែ​ប៉ុណ្ណោះ។

សូម​បញ្ជាក់ថា លោក ឌឹម គុនឌី​ និង​លោក​ ហ៊ុន វណ្ណៈ​ ត្រូវ​បាន​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ (Amnesty International) ទទួល​ស្គាល់​ថា ជា​អ្នក​ទោស​មនសិការ៕