ភ្នំពេញៈ នៅពេលលោក កែម ឡី ត្រូវបានគេបាញ់សម្លាប់ទាំងកណ្តាលថ្ងៃ កាលពីជាងមួយឆ្នាំកន្លះមុន វាបានបណ្តាលឲ្យមានការកាន់ទុក្ខដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីការកាន់ទុក្ខនៃការសោយទិវង្គតរបស់សម្តេច នរោត្តម សីហនុ ដែលជាស្ថាបនិកនាំមកនូវឯករាជ្យសម្រាប់ប្រទេសកម្ពុជា។
ខណៈត្រូវបានកោតសរសើរចំពោះសមត្ថភាពរបស់លោកក្នុងការវិភាគអំពីបញ្ហានយោបាយ និងសង្គមសម្រាប់ប្រជាជនកម្ពុជាព្រមទាំងភាពមិនភ័យខ្លាចរបស់លោកនៅក្នុងការរិះគន់ឥតសំចៃលើរដ្ឋាភិបាលលោក កែម ឡី ត្រូវបានគេបាញ់សម្លាប់ទាំងកណ្តាលថ្ងៃនៅក្នុងស្ដារម៉ាតនៅការ៉ាស់សាំងកាល់តិចបូកគោក្នុងរាជធានីភ្នំពេញដែលមានមនុស្សច្រើនកុះករ បន្ទាប់ពីលោកធ្វើអត្ថាធិប្បាយនៅក្នុងវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិកវីអូអេ ស្តីពីរបាយការណ៍របស់អង្គការ Global Witness អំពីគ្រួសារ និងអត្ថប្រយោជន៍អាជីវកម្មរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
មនុស្សជាច្រើនជឿថាការបាញ់សម្លាប់នេះពាក់ព័ន្ធនឹងរឿងនយោបាយ ហើយការលើកហេតុផលដោយឃាតករដែលថាគាត់សម្លាប់លោក កែម ឡី ដោយសារលោក កែម ឡី ជំពាក់លុយមិនសងត្រូវបានច្រានចោលដោយមជ្ឈដ្ឋានទូទៅ និងភរិយារបស់លោក កែម ឡី ដោយផ្ទាល់។
ខណៈមជ្ឈដ្ឋានមួយចំនួនមិនពេញចិត្តនឹងការខ្វះវឌ្ឍនភាពនៅក្នុងការស៊ើបអង្កេតករណីឃាតកម្មលើលោក កែម ឡី នៅក្នុងរយៈកាលជាច្រើនខែ បន្ទាប់ពីការសម្លាប់លោកកិច្ចខិតខំប្រឹងប្រែងជាច្រើនដើម្បីរក្សាការចងចាំអំពីលោក កែម ឡី បានធ្វើឡើងតាំងពីការសាងសង់កន្លែងរំឭកវិញ្ញាណក្ខន្ធ រហូតដល់គំនិតផ្តួចផ្តើមផ្សេងៗរំឭកដល់វីរភាពរបស់លោក កែម ឡី។
ប៉ុន្តែឥឡូវនេះខណៈរដ្ឋាភិបាលពាក់ព័ន្ធនៅក្នុងការបង្ក្រាបជាបន្តបន្ទាប់ទៅលើអ្នកប្រឆាំង កិច្ចខិតខំប្រឹងប្រែងរក្សាកេរដំណែលរបស់លោក កែម ឡី កំពុងសាបរលាបបាត់បន្តិចម្តងៗ ហើយអ្នកដែលនៅពីក្រោយកិច្ចខិតខំប្រឹងប្រែងនេះកំពុងតែមានភាពភ័យខ្លាចកាន់តែខ្លាំងឡើង។ នេះបើតាមអតីតមិត្តភក្តិ និងសហការីរបស់បណ្ឌិត កែម ឡី។
ភាពតានតឹងរវាងការចង់ឲ្យមានការចងចាំពីលោក កែម ឡី និងភាពចាំបាច់នៃការទៅបណ្ណាល័យ កែម ឡី ត្រូវបិទទ្វាររបស់ខ្លួនកាលពីខែធ្នូ។
សកម្មជនបងប្អូនភ្លោះលោក ជុំ ហួរ និង លោក ជុំ ហួត គឺជាផ្នែកនៃគម្រោងរបស់លោក កែម ឡី ដើម្បីបង្កើតបណ្ណាល័យនៅគ្រប់ខេត្តដើម្បីជួយសិស្សនិស្សិតរៀនអំពីប្រវត្តិសាស្ត្ររបស់កម្ពុជា ភូមិវិទ្យា និងទស្សនវិជ្ជា។ ពួកគេបានថ្លែងថា ប៉ុន្តែភាគច្រើនបំផុតនៃបណ្ណាល័យទាំងនោះមិនដែលកើតចេញជារូបរាងដោយសារអាជ្ញាធរមូលដ្ឋានមិនអនុញ្ញាតឲ្យកើតមាន។
ប៉ុន្តែតាមរយៈការប្រើថវិកាបរិច្ចាគដែលទទួលបានពីមុនការសម្លាប់លោក កែម ឡី បងប្អូនទាំង ២ នាក់នេះដែលជាអតីតសកម្មជនបរិស្ថានបានព្យាយាមបង្កើតបណ្ណាល័យមួយបែបនេះនៅក្នុងសង្កាត់បឹងកក់ រាជធានីភ្នំពេញ ប្រហែលពាក់កណ្តាលឆ្នាំមុនហើយបានដាក់ឈ្មោះលោក កែម ឡី។
ពួកគេថ្លែងថាកាលពីដំបូងបណ្ណាល័យនេះដំណើរការបានរលូនហើយមានសៀវភៅជាង ១០០០០ ក្បាលហើយមានសិស្សនិស្សិតប្រហែលបី ៤ នាក់មកអានសៀវភៅនៅក្នុងបណ្ណាល័យនេះក្នុង ១ ថ្ងៃៗ ប៉ុន្តែនៅពេលស្ថានភាពនយោបាយកាន់តែមានភាពតានតឹងសិស្សនិស្សិតឈប់ទៅអានសៀវភៅ។ លោក ហួត ថ្លែងថា៖ «បន្ទាប់ពីការចាប់ខ្លួនលោក កឹម សុខា លែងមានសិស្សមក»។
លោក ហួរ បញ្ជាក់ថាបណ្ណាល័យនេះត្រូវបានគេឃ្លាំមើល ជាពិសេសនៅយប់មុនការរំលាយគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកាឆ្នាំ ២០១៧ ដែលកាលនោះមានមន្ត្រីកងរាជអាវុធហត្ថប្រមាណ ២០ នាក់មកពិនិត្យមើលកន្លែងនេះ។
ទោះយ៉ាងណាក្តីនាយប៉ុស្តិ៍សង្កាត់បឹងកក់ ១ លោក ហម គា បានបដិសេធថា មិនមានការចុះទៅកន្លែងនោះទេដោយថ្លែងថាលោក «មិនបានដឹងថា តើ [បណ្ណាល័យនោះ] នៅកន្លែងណាទេ»។
បងប្អូនភ្លោះទាំង ២ នាក់នេះបានទទូចថាការចុះទៅរបស់មន្ត្រីអាជ្ញាធរបានធ្វើឲ្យមានការភ័យខ្លាច។ ជាងនេះទៀតកិច្ចខិតខំប្រឹងប្រែងចងចាំពីភាពសកម្មផ្នែកនយោបាយរបស់លោក កែម ឡី កាន់តែសាបបន្តិចម្តងៗ បន្ទាប់ពីមានការចាប់ឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានមជ្ឈដ្ឋានជាច្រើនថ្កោលទោស។
លោក ហួត ថ្លែងថា ការបរិច្ចាគថវិកាដែលពួកលោកទាំង ២ នាក់បងប្អូនទទួលបានពីបរទេសឥឡូវនេះបានទៅសមាជិកគណបក្សប្រឆាំងវិញ។
ពួកគេនិយាយថាខណៈសិស្ស និស្សិត នៅតែនៅឆ្ងាយឈប់មកអានសៀវភៅបណ្ណាល័យនេះត្រូវបិទទ្វារកាលពីខែធ្នូ។ «វាពិបាកដើម្បីឲ្យក្មេងមកចូលអានដោយសារពួកគេបារម្ភ។ ពួកគេបានសួរយើងថា៖ «តើអ្នកចង់ក្លាយជា កែម ឡី ទី ២ ដែលត្រូវបានគេធ្វើឃាតឬ?»។
ប៉ុន្តែបងប្អូនភ្លោះទាំង ២ នាក់ប្តេជ្ញាចិត្តបន្តចក្ខុវិស័យរបស់លោក កែម ឡី បើទោះបីជាពួកគេមិនប្រាកដថា តើពួកគេនឹងទទួលបានថវិកាពីកន្លែងណាក៏ដោយ។ បើទោះបីជាបណ្ណាល័យ កែម ឡី ឥឡូវនេះបានបិទទ្វារលោក ហួរ បានថ្លែងថាពួកគេនឹងបើកបណ្ណាល័យថ្មីមួយលើកនេះមិនមានឈ្មោះមិនមានស្លាកនៅលើទ្វារទេ។
ទន្ទឹមនេះនៅក្នុងខេត្តបាត់ដំបង ក្រុមនិស្សិតមួយក្រុមទៀតក៏បានបើកបណ្ណាល័យតូចមួយជាការគោរពដល់លោក កែម ឡី ផងដែរ។ បណ្ណាល័យនេះស្វាគមន៍សិស្សនិស្សិតប្រមាណ ១០ នាក់ក្នុងមួយថ្ងៃ និងមានសៀវភៅប្រហែលពី ៥០០ ទៅ ៦០០ ក្បាល។ នេះបើតាមលោក និល តំណាង ដែលជាអ្នកធ្វើការស្ម័គ្រចិត្ត។
ប៉ុន្តែលោក តំណាង ពន្យល់ថាបណ្ណាល័យនេះគ្រាន់តែជាវិធានការពាក់កណ្តាលប៉ុណ្ណោះ។ អ្នកវិភាគរួមទាំងក្រុមនិស្សិតចង់បង្កើតឲ្យមានវិទ្យាស្ថានមួយដើម្បីបង្រៀនសិស្សនិស្សិតអំពីការតាមដានសិទ្ធិមនុស្ស និងសកម្មភាពវាយតម្លៃ។ លោកបន្ថែមថា៖ «គាត់ (កែម ឡី) បានទៅប្រទេសអូស្ត្រាលីហើយទទួលបានថវិកាមួយចំនួន ប៉ុន្តែយើងមិនទទួលបានថវិកានោះដោយសារគាត់ត្រូវបានបាញ់សម្លាប់»។
លោកពន្យល់ថា លោក ឡី ទើបតែត្រឡប់មកវិញប្រហែលមួយខែពីមុនពេលគាត់ត្រូវបានគេបាញ់សម្លាប់។
លោកបន្តថា បន្ទាប់ពីការសម្លាប់ លោក ឡី ក្រុមរបស់លោកមានការភ័យខ្លាចយ៉ាងខ្លាំងក្នុងការជំរុញសកម្មភាពបន្ថែមទៀតឲ្យមានការបើកវិទ្យាស្ថាននេះហើយមិនមានថវិកាបន្តសកម្មភាពទេ។ ប្រហែលមួយឆ្នាំក្រោយមកពួកគេយ៉ាងហោចណាស់បានសម្រេចចិត្តបង្កើតបណ្ណាល័យដោយប្រើថវិកាដែលនិស្សិត ២ នាក់ក្នុងចំណោមនិស្សិតទាំងនោះទទួលបានពីកម្មវិធីភាពជាអ្នកដឹកនាំវ័យក្មេងដែលរៀបចំឡើងដោយស្ថានទូតអាមេរិក។
បណ្ណាល័យនេះក៏បានរៀបចំធ្វើសិក្ខាសាលាមិនគិតថ្លៃស្តីពីការអប់រំរបស់មុខអាជីពការបណ្តុះបណ្តាលជំនាញ ប៉ុន្តែលោក តំណាង ថ្លែងថាការភ័យខ្លាចកំពុងកើតមាននៅជុំវិញពួកគេ។ «យើងភ័យខ្លាច និងបារម្ភអំពីការគំរាមកំហែងនយោបាយសម្រាប់ក្រុមរបស់យើង»។
លោកថា នគរបាល សន្តិសុខ និងអ្នកដទៃៗទៀតយូរៗម្តងបានមកសួរពួកលោកនៅបណ្ណាល័យថាតើពួកលោកទទួលបានថវិកាពីណា។ លោក តំណាង ថ្លែងបន្តថាការត្រួតពិនិត្យនេះបានធ្វើឲ្យមានការភ័យខ្លាចបើសូម្បីតែមានការព្យួររូបថតលោក កែម ឡី នៅក្នុងបណ្ណាល័យក៏ដោយ។
នគរបាលខេត្តបាត់ដំបងមិនអាចទាក់ទងសុំអធិប្បាយបាន។
លោក តំណាងបញ្ជាក់ថា៖ «យោងតាមការសង្កេតរបស់ខ្ញុំប្រជាពលរដ្ឋនៅខេត្តបាត់ដំបងហាក់ដូចជាស្ងប់ស្ងាត់ ប៉ុន្តែមិនមានសុខដុមទេ។ បើទោះបីជាពួកគេមិនបង្ហាញក៏ដោយ ប៉ុន្តែពួកគេក៏នៅតែមានកំហឹងនៅក្នុងចិត្តរបស់ពួកគេនៅឡើយ»។
នៅក្នុងរាជធានីភ្នំពេញលោក សេង សារី ដែលធ្លាប់ធ្វើការជាមួយលោក កែម ឡី បានថ្លែងនៅក្នុងបទសម្ភាសមួយកាលពីដើមខែនេះថារូបលោក និងអ្នកដទៃមួយចំនួនផ្សេងទៀតបាននិងកំពុងធ្វើការដើម្បីបង្កើតមូលនិធិ កែម ឡី មួយឡើង ប៉ុន្តែអ្វីៗបានជាប់គាំង។
លោកបញ្ជាក់ថា៖ «យើងបានដាក់ពាក្យទៅក្រសួងមហាផ្ទៃកាលពី ៣ ខែមុន...ប៉ុន្តែរហូតមកដល់ពេលនេះយើងនៅមិនទាន់ទទួលបានការឆ្លើយតបពីក្រសួងមកវិញទេ»។
លោក ឈឹម កាន ប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយនៃក្រសួងមហាផ្ទៃបានថ្លែងកាលពីសប្តាហ៍មុនថានេះមិនមែនជាការពិតទេ។
លោកថា៖ «ខ្ញុំទើបតែបានទទួលឯកសារកាលពីប៉ុន្មានថ្ងៃមុនហ្នឹងហើយឥឡូវនេះខ្ញុំកំពុងពិនិត្យមើលសំណើរបស់ពួកគេ»។
កាលពីសប្តាហ៍មុនលោក សារី បានឲ្យដឹងថាក្រុមរបស់លោកមិនបានឮដំណឹងអ្វីពីក្រសួងទេអស់រយៈពេលជាច្រើនខែមកហើយ។ លោកបានលើកឡើងថា មូលនិធិនេះគាំទ្រជាពិសេសដល់ក្រុមអ្នកស្រាវជ្រាវបរិស្ថានវ័យក្មេង ជាមួយនឹងមធ្យោបាយហិរញ្ញវត្ថុ និងការបណ្ដុះបណ្ដាលដោយឲ្យយុវជនកម្ពុជាចូលរួមក្នុងឆាកនយោបាយ «ដូចដែលពួកគេធ្លាប់ធ្វើពីមុន»។
លោក សារី ថ្លែងថាលោក ឡី ៖ «គួរត្រូវបានគេចងចាំថា ជាវីរបុរស ប៉ុន្តែលោកបានលើកឡើងថាវប្បធម៌កម្ពុជាមិនទាន់បានគិតដល់ចំណុចនេះទេ។ ពាក្យថា វីរបុរស មិនទាន់ត្រូវបានគេកំណត់ពិតប្រាកដនៅឡើយ។ ដូច្នោះហើយទើបអ្នកនយោបាយជាច្រើនចង់បានមុខងារនេះ»។
ប៉ុន្តែសម្រាប់លោក សារី លោក ឡី គឺជាគំរូមួយដែលត្រូវធ្វើតាម។ លោកបញ្ជាក់ថា៖ «យើងត្រូវតែកសាងវប្បធម៌មួយដើម្បីគាំទ្រដល់មនុស្សល្អ និងវីរបុរស។ ប៉ុន្តែសម្រាប់ពេលនេះមនុស្សល្អតែងតែមានបញ្ហា»។
ទន្ទឹមនឹងនេះដែរគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលត្រូវបានចូលរួមបង្កើតឡើងដោយលោក កែម ឡី កំពុងស្វែងរកការបន្តកេរដំណែលរបស់លោក ឡី នៅក្នុងវិស័យនយោបាយ។ នេះបើយោងតាមលោក សាម អ៊ីន អ្នកនាំពាក្យគណបក្សនេះ។
លោកលើកឡើងថា៖ «យើងចាត់ទុកលោក កែម ឡី ដូចជាបិតាស្ថាបនិករបស់យើងហើយយើងបានដាក់រូបថតរបស់គាត់នៅក្នុងខិត្តប័ណ្ណរបស់យើងថាជាបិតាស្ថាបនិករបស់យើង»។
លោកបានសរសើរការប្តេជ្ញាចិត្តរបស់លោក ឡី ចំពោះដំណើរការលទ្ធិប្រជាធិបតេយ្យ និង «ភាពក្លាហានរបស់គាត់ក្នុងការនិយាយការពិត»។ លោក អ៊ីន ថ្លែងថាគណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏មានគម្រោងកសាងរូបចម្លាក់លោក ឡី ដើម្បីជាការផ្តល់កិត្តិយសដល់លោកផងដែរនៅពេលដែលគណបក្សមានឱកាសដឹកនាំរដ្ឋាភិបាល។
ប៉ុន្តែយ៉ាងណាក៏ដោយទោះបីជាមានការសន្យាថានឹងដាក់បេក្ខជនតំណាងឈរឈ្មោះនៅទូទាំងប្រទេសដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចក្នុងការបោះឆ្នោតជាតិនាខែកក្កដាខាងមុខក្តី ក៏គណបក្សតូចតាចប្រឈមនឹងឧបសគ្គជាច្រើននៅចំពោះមុខគណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានទទួលបានជ័យជម្នះចំនួន ០,០៧ ភាគរយនៃអាសនៈក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងការបោះឆ្នោតឃុំ សង្កាត់ កាលពីឆ្នាំ ២០១៧។
អតីតមិត្តរួមការងារ និងជាមិត្តភក្តិម្នាក់របស់លោក កែម ឡី គឺលោក ឡៅ ម៉ុងហៃ ដែលជាអ្នកវិភាគនយោបាយម្នាក់ផងដែរនោះថ្លែងថាមធ្យោបាយដ៏ល្អបំផុតមួយក្នុងការផ្តល់កិត្តិយសដល់កេរដំណែលរបស់លោក កែម ឡី គឺឃើញការស៊ើបអង្កេតអំពើឃាតកម្មលើរូបគាត់ឲ្យបានពេញលេញ ខណៈដែលជាញឹកញាប់នៅពេលមានការសម្លាប់ពាក់ព័ន្ធក្នុងរឿងនយោបាយតែងតែមិនមានដំណោះស្រាយ។
ទោះបីជាជនល្មើសដែលសម្លាប់លោក កែម ឡី ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីការធ្វើឃាតនោះក៏ដោយក៏នៅមានសំណួរជាច្រើនលើកឡើងជុំវិញមូលហេតុដែលជននោះបានលើកឡើងដែលមិនគួរឱ្យជឿ ហើយសូម្បីតែមន្ត្រីរដ្ឋាភិបាលក៏បានលើកឡើងថាពួកគេជឿថាគាត់ (ជួប សម្លាប់) មិនមែនធ្វើសកម្មភាពនោះតែម្នាក់ឯងដែរ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់មានការស្វែងរកអ្នករួមគំនិតនៅឡើយទេ។
លោក ឡៅ ម៉ុងហៃ បន្តថា៖ «តែងតែមានការលើកឡើងដោយបង្ហាញអំពីការនាំយកយុត្តិធម៌ជូនគាត់។ ប៉ុន្តែសកម្មភាពជាក់ស្តែងគឺគ្មានទេ»។
លោកថ្លែងថា៖ «ដោយសារតែមានការភ័យខ្លាចដូច្នេះហើយគ្មាននរណាម្នាក់ផ្តួចផ្តើមស្នើសុំជាផ្លូវការ ឬមិនផ្លូវការឲ្យអាជ្ញាធរធ្វើការស៊ើបអង្កេតបន្ថែមទៀតទេ...»។
លោកថ្លែងថា លោកមានអារម្មណ៍ថាលោកជំពាក់អ្វីមួយចំពោះលោក ឡី។ បើសិនស្ថានភាពនយោបាយស្ងប់ស្ងាត់ជាងនេះលោក ម៉ុងហៃ ចង់ស្នើឲ្យមានក្រុមស៊ើបអង្កេតមួយចំពោះករណីធ្វើឃាតនេះ»៕ PS/NS