Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អនុម័ត​សច្ចាប័ន​ កម្មករ​ការងារ​ផ្ទះ

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អនុម័ត​សច្ចាប័ន​ កម្មករ​ការងារ​ផ្ទះ

ភ្នំពេញ: កម្មករ​ការងារ​ផ្ទះ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជា​ ២០០ ​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ភោជនីយដ្ឋាន​​ទំនើប​មួយ​ក្នុង​ក្រុង​ភ្នំពេញ​ពី​ម្សិលមិញ​ដើម្បី​ប្រារព្ធ​ទិវា​កម្មករ​ការងារ​ផ្ទះ​អន្តរជាតិ​ខួប​លើក​ទី​ ៦ ​បំណង​ជំរុញ​ពន្លឿន​ការ​អនុម័ត​សច្ចាប័ន​ដែល​ជា​ច្បាប់​គាំពារ​កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ​ (​ស្ដ្រី​មេផ្ទះ​) ​ដើម្បី​ធានា​ឲ្យ​ពួកគេ​ទទួល​បាន​ការងារ​សមរម្យ សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្រេច​ចិត្ត និង​រស់នៅ​ដែល​មាន​សេរីភាព​ពី​ហិង្សា​គ្រប់​រូបភាព​។

អ្នកស្រី មាស ស្រអែមផល្លា ប្រធាន​ក្រុម​នៃ​បណ្ដាញ​កម្មករ​ធ្វើការ​តាម​ផ្ទះ​បាន​និយាយ​ថា​បច្ចុប្បន្ន​សង្គម​ខ្មែរ​មិន​ទាន់​ទទួល​ស្គាល់ និង​មិន​ទាន់​ឲ្យ​តម្លៃ​ស្ត្រី​ដែល​ធ្វើការ​តាម​ផ្ទះ​នោះ​ទេ​ហើយ​កម្ពុជា​ក៏​មិន​ទាន់​មាន​ច្បាប់​គាំពារ​កម្មករ​ធ្វើ​ការងារ​នេះ​ដែរ​។ ដោយ​កន្លង​មក​មាន​ការ​មើលងាយ ធ្វើបាប និង​ប្រើ​អំពើ​ហិង្សា​មក​លើ​កម្មករ​ជាដើម​។

​អ្នកស្រី​បន្ត​ថា​ សព្វថ្ងៃ ​មិនមែន​តែ​អ្នកស្រី​ម្នាក់​ប៉ុណ្ណោះ​ទេ​ដែល​ជួប​បញ្ហា​លំបាក​ក្នុង​ការងារ​ផ្ទះ​នេះ ប៉ុន្ដែ​មាន​ស្ដ្រី​ជាច្រើន​នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការងារ​លើស​ម៉ោង​ហើយ​ថៅកែ​ប្រើ​គ្មាន​ម៉ោង​បរិភោគ​អាហារ និង​ថ្ងៃ​ឈប់​សម្រាក​មិន​អនុញ្ញាត​ឲ្យ​ឈប់​ដោយ​គំរាម​កាត់​ប្រាក់​ខែ​។

អ្នកស្រី​ថ្លែង​ថា​៖ «​នៅពេល​ដែល​គេ​បង្ខំ​ខ្ញុំ​ឲ្យ​ធ្វើការ​បន្ថែម​ម៉ោង​ម្ដងៗ ខ្ញុំ​ស្ទើរ​តែ​ចង់​យំ បើ​ខ្ញុំ​ប្រកែក​ថា​មិន​ធ្វើ គេ​គំរាម​ខ្ញុំ​ថា​ត្រូវ​តែ​កាត់​ប្រាក់ខែ​។ ម្យ៉ាង​វិញ​ទៀត​បើ​ខ្ញុំ​ព្រម​ធ្វើការ​ថែម​ម៉ោង​ហើយ គេ​ថែម​លុយ​ឲ្យ​ទៅ វា​មិន​អី​ទេ តែ​អត់​បាន​លុយ​ផង ពេល​ខ្លះ​ខ្ញុំ​លួច​យំ​ក៏​មាន​ដែរ​»​។ ករណី​នេះ​អ្នកស្រី​បាន​ស្នើ​ឲ្យ​មាន​ច្បាប់​គាំពារ​ដូចជា មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ថែម​ម៉ោង​ដោយ​ធានា​ថា​គ្រប់​គ្នា​ទទួល​បាន​ការងារ​សមរម្យ សេរីភាព​ក្នុង​ការ​ដើរហើរ និង​រស់នៅ​ដែល​មាន​សេរីភាព​ពី​ហិង្សា​គ្រប់​ទម្រង់​។

អ្នកស្រី វុន សម្ភស្ស ប្រធាន​បណ្ដាញ​កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ​កម្ពុជា (CDWN) បាន​ឲ្យ​ដឹង​ថា​យើង​កំពុង​ជំរុញ​រដ្ឋាភិបាល​ឲ្យ​អនុម័ត​អនុសញ្ញា​លេខ​ ១៨៩ ស្ដីពី​ការងារ​សមរម្យ​សម្រាប់​​កម្មករ​ការងារ​ផ្ទះ​។ អនុសញ្ញា​លេខ ១៨៩ នេះ​បាន​ចែង​ថា​កម្មករ​ការងារ​ផ្ទះ​គឺជា​កម្មករ​។ ពួកគាត់​គួរ​តែ​ទទួល​បាន​សិទ្ធិ​ស្មើគ្នា​ដូច​កម្មករ​ដទៃ​ទៀត​ដែរ​។ បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន ២៤ ហើយ​ដែល​បាន​ផ្ដល់​សច្ចាប័ន​ចំពោះ​អនុសញ្ញា​នេះ​។

អ្នកស្រី​ថា​៖ «​ប្រទេស​ជាច្រើន​ដែល​បាន​អនុម័ត​ច្បាប់​ជាតិ និង​គោលនយោបាយ​យ៉ាង​ច្រើន​ដើម្បី​ធានា​សិទ្ធិ​របស់​កម្មករ​ការងារ​ផ្ទះ​។ ពួកយើង​ចូលរួម​ក្នុង​ការ​អំពាវនាវ​ឲ្យ​សេចក្ដី​ប្រកាស​ត្រូវ​បាន​អនុម័ត និង​អនុវត្ត​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»​។

លោក Williom Conklin ​នាយក​មជ្ឈមណ្ឌល​អាមេរិកកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ (ACILS) បាន​លើក​ឡើង​ថា​កម្មករ​ការងារ​ផ្ទះ​គឺ​ដូចជា​កម្មករ​ដទៃ​ទៀត​ដោយ​ត្រូវ​ពឹង​ផ្អែក​លើ​ការងារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព និង​ចិញ្ចឹម​ជីវិត​ហើយ​វា​ក៏​រួមចំណែក​យ៉ាង​សំខាន់​សម្រាប់​សង្គមជាតិ​ដែរ​។

លោក​បន្ត​ថា​៖ «​កន្លង​មក​យើង​បាន​ស្នើសុំ​ឲ្យ​មាន​អនុម័ត​អនុសញ្ញា​ស្ដីពី​ការងារ​សមរម្យ​សម្រាប់​កម្មករ​ការងារ​ផ្ទះ ប៉ុន្ដែ​នៅ​មិន​ទាន់​បាន​ជា​លទ្ធផល​នៅ​ឡើយ​ទេ​។ យើង​នៅ​តែ​ទទូច​ស្នើ​សុំ​ក្របខ័ណ្ឌ​គោលនយោបាយ​គ្រប់​ជ្រុងជ្រោយ​មួយ​ដែល​នឹង​ដោះស្រាយ​ឫសគល់​នៃ​ភាព​ក្រីក្រ ការ​រើសអើង និង​អសន្តិសុខ ដើម្បី​ធានា​ថា​គ្រប់​គ្នា​ទទួល​បាន​ការងារ​សមរម្យ សេរីភាព​ក្នុង​ការ​ដើរហើរ និង​រស់នៅ​ដែល​មាន​សេរីភាព​ពី​ហឹង្សា​គ្រប់​ទម្រង់​។

បើ​តាម​ការ​ស្រាវជ្រាវ​របស់​លោក ចាន់ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ (CPS) បាន​ឲ្យ​ដឹង​ថា​លោក​បាន​ជួប​កម្មករ​ធ្វើ​ការងារ​ផ្ទះ​ចំនួន ៦០០ ​នាក់​ដោយ​បាន​វិភាគ​ទិន្នន័យ ហើយ​រកឃើញ​ថា ៩២% ជា​ស្ត្រី​ដែល​ធ្វើ​ការងារ​ជា​ស្ត្រី​មេផ្ទះ​ក្នុង​នោះ ៣៩% ​មាន​អាយុ​លើស​ពី ៤០ ​ឆ្នាំ និង​មាន​ថៅកែ​ជា​ជនជាតិ​បរទេស​​ចំនួន ៦៥%​។

ចំនួន ៤៥% រៀបការ​ហើយ ៣២% ​នៅ​លីវ និង​ ២៣% ​លែងលះ ឬ​បែកបាក់​គ្រួសារ​ក្នុង​នោះ​ដែរ ១១% ធ្លាប់​ធ្វើការ​ចំណាក​ស្រុក និង ៦០% ​ចេះ​ភាសា​បរទេស​ហើយ​ភាគច្រើន​ជា​ភាសា​អង់គ្លេស​។ ចំណែក ៦៧% ទទួល​បាន​ការងារ​ធ្វើ​តាមរយៈ​សាច់ញាតិ ឬ​មិត្តភក្ដិ និង​២៤% ​ទៀត​តាម​ការ​ណែនាំ​ដោយ​និយោជក​មុនៗ​។

អ្នក​នាំពាក្យ​ក្រសួង​ការងារ​បណ្ដុះបណ្ដាល និង​វិជ្ជាជីវៈ​លោក ហេង សួរ មិន​អាច​ធ្វើការ​ទាក់ទង​បាន​ទេ​។

ដោយ​ឡែក​ អ្នក​នាំ​ពាក្យ​ក្រសួង​កិច្ចការ​នារី លោកស្រី យិន សារ៉ាក់ ឲ្យ​ដាក់​លិខិត​ជា​មុន​សិន​ទើប​អាច​ឆ្លើយ​ប្រាប់​បាន​។

អនុសញ្ញា​លេខ​ ១៨៩ ​នេះ​មាន​ ២៧ ​មាត្រា​នឹង​បាន​ចែង​ពី​គោល​សំខាន់ៗ ក្នុង​ន័យ​លើក​កម្ពស់​សិទ្ធិ​ជា​មូលដ្ឋាន​នៃ​កម្មករ​ធ្វើការ​តាម​ផ្ទះ​នៅ​នឹង​កន្លែង​ការងារ​របស់​ពួកគេ​។ ក្នុង​នោះ​រួមមាន​កម្មករ​ធ្វើការ​តាម​ផ្ទះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​កម្មករ​ដែល​មាន​ប្រាក់​ឈ្នួល​គោល​ការងារ​មាន​ពេលវេលា​ត្រឹមត្រូវ ពុំ​ត្រូវ​គេ​បង្ខិតបង្ខំ​៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ