Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សង្គ្រោះ​ជាតិ​ស្នើ​ឲ្យ​មាន​ការ​ពន្យារ​ពេល​បោះ​ឆ្នោត​នៅ​ឃុំ​-សង្កាត់ មួយ​ចំនួន

Content image - Phnom Penh Post
ក្រុម​មនុស្ស​កំពុង​តែ​តម្រង់​ជួរ​ដើម្បី​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ ហុង មិនា

សង្គ្រោះ​ជាតិ​ស្នើ​ឲ្យ​មាន​ការ​ពន្យារ​ពេល​បោះ​ឆ្នោត​នៅ​ឃុំ​-សង្កាត់ មួយ​ចំនួន

ភ្នំពេញៈ មន្រ្តី​នាំ​ពាក្យ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​ឲ្យ​ដឹង​ថា ស្ថាប័ន​របស់​ខ្លួន​នឹង​ធ្វើ​ការ​ពិចារណា​លើ​សំណើរ​សុំ​ពន្យារ​កាល​បរិច្ឆេទ​កំណត់​ ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ-សង្កាត់​មួយ​ចំនួន ដែល​ស្នើ​​ឡើង​ដោយ​​គណបក្ស​​សង្គ្រោះ​​ជាតិ។

នៅ​ក្នុង​កិច្ច​ប្រជុំមួយ​រវាង​ក្រុម​មន្រ្តី​គណបក្ស​ប្រឆាំង​និង​ក្រុម​មន្រ្តី​រៀប​ចំ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​សុំ​ការ​ពន្យារ​ពេល​​​ចុះ​ឈ្មោះ​បោះឆ្នោត​ចំនួន បី​ថ្ងៃ ​នៅ​ឃុំ-សង្កត់​ណា​ដែល​មាន​ប្រជាពលរដ្ឋ​តិច​ជាង ​៥០ ភាគរយ បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ក៏​ប៉ុន្តែ​មាន​អ្នក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ជាង ៥០ នាក់​ក្នុង​មួយ​ថ្ងៃៗ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ថ្លែង​បន្ទាប់​ពី​កិច្ច​ប្រជុំ លោក ហង្ស ពុទ្ធា ​មន្រ្តី​នាំពាក្យ​របស់ គ.ជ.ប បាន​ឲ្យដឹងថា ស្ថាប័ន​របស់​លោក​នឹង​ធ្វើ​ការ​ពិចារណា​លើ​សំណើរ​នេះ បន្ទាប់​ពី​កាល​បរិច្ឆេទ​កំណត់​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​អង្គារ​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ស្នើសុំ​ការ​ធ្វើ​ស្ថិតិ​ស្តី​ពីការ​ចុះ​ឈ្មោះ​បោះ​ឆ្នោតតាម​ឃុំ-សង្កាត់នីមួយៗ ដែល គ.ជ.ប បាន​យល់​ព្រម​ផ្តល់​ឲ្យ ព្រម​ទាំង​បាន​ស្នើ​សុំ​ជា​ថ្មី​ម្តង​ទៀត​នូវការ​ដាក់​​​ស្ថានីយ៍​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចល័តនៅ ជិត​ព្រំ​ដែន​ដើម្បី​ជួយ​ពលករ​ចំណាក​ស្រុក​កម្ពុជា​ជាង ១ លាន​នាក់​នៅ​ប្រទេស​ថៃឲ្យ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

គ.ជ.ប ធ្លាប់​បាន​បដិសេធ​នូវ​សំណើរ​ទី​ពីរនេះ​ម្តង​រួច​មក​ហើយ ដោយ​បាន​លើកឡើង​នូវ​ច្បាប់​បោះ​ឆ្នោត ដែល​តម្រូវ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឃុំ-សង្កាត់​ដែល​ខ្លួន​កើត ឬ​រស់​នៅ។ កាល​ពី​ថ្ងៃ​សុក្រ លោក ហង្ស​ពុទ្ធា បាន​បញ្ជាក់​ដូច​គ្នា​ដដែល​នេះ​ចំពោះ​គោល​ជំហរ​របស់ គ.ជ.ប។

លោក​ថ្លែងថា៖ «គិត​តាម​ផ្លូវ​ច្បាប់ ការ​បង្កើត​អង្គភាព​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចល័ត​នៅ​តាម​ព្រំ​ដែន​មិន​អាច​ធ្វើ​ទៅ​រួច​នោះ​ឡើយ។ យើង​អាច​ធ្វើ​បាន តែ​យើង​ត្រូវ​ធ្វើ​វិសោធនកម្ម​ច្បាប់​ជា​មុន​សិន»។

លោក យឹម សុវណ្ណ កាល​ពី​ម្សិលមិញ បាន​ទទួល​ស្គាល់​ថា ប្រហែល​ជា «យឺត​ពេល​ទៅ​ហើយ» ក្នុង​ការ​ជួយ​ពលករ​ចំណាក​ស្រុក​នៅ​ប្រទេស​ថៃ ក៏​ប៉ុន្តែ​លោក​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​ធានា​ថា ពលករ​ទាំង​នោះ​មាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ»៕ TN

0

Comments

Please, login or register to post a comment