ភ្នំពេញៈ ក្មេងស្រី​ជា​សិស្ស​សាលា​ម្នាក់​ដែល​គេ​ឃើញ​ស្លាប់​អណ្តែត​ទឹក​ប្រឡាយ​ក្បែរ​សាលារៀន​បាខៅ​ក្នុង​ភូមិ​ព្រៃផ្តៅ ឃុំ​ស្តៅកោង ស្រុក​បាភ្នំ កាលពី​រសៀល​ថ្ងៃ​ទី​​ ១៩ ខែ​កុម្ភៈ​ត្រូវ​បាន​នគរបាល​ជំនាញ​បញ្ជាក់​កាលពី​ម្សិលមិញ​ថា គឺជា​ករណី​រំលោភ​សម្លាប់​។

លោក អ៊ុក ផាត ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ព្រៃវែង​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា មន្ត្រី​ជំនាញ​ផ្នែក​កោសល្យវិច័យ​អះអាង​ប្រាប់​លោក​ថា ក្មេងស្រី​រូប​នេះ​ត្រូវ​បាន​គេ​រំលោភ​ហើយ​សម្លាប់​។

លោក​ថ្លែង​ដោយ​ស្រង់​តាម​សម្តី​មន្ត្រី​ជំនាញ​ម្នាក់​ថា​៖ «​នៅ​លើ​ខ្លួនប្រាណ​សព​ក្មេង​រងគ្រោះ​ផ្នែក​អាវ​ខាង​លើ​មាន​សភាព​ធម្មតា​ទេ ដោយឡែក​ខោ​បាន​ដាច់​រហែក​នៅ​ត្រង់​បរិវេណ​ប្រដាប់​ភេទ​។ ដូច្នេះ​សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា ពិតជា​ករណី​រំលោភ​សម្លាប់​ក្មេង​រងគ្រោះ​មែន​»​។

ក្មេងស្រី​រងគ្រោះ​ឈ្មោះ សុខ ចាន់ថង អាយុ​ ១៣ ឆ្នាំ​រៀន​នៅ​ថ្នាក់​ទី ៦ នៃ​សាលាបឋមសិក្សា​បាខៅ និង​មាន​លំនៅ​ក្នុង​ភូមិ​ព្រៃផ្តៅ ឃុំ​ស្តៅកោង ស្រុក​បាភ្នំ​។

បើ​តាម​លោក ខាត់ ចាន់រិទ្ធី នាយ​ប៉ុស្តិ៍​ស្តៅកោង បាន​និយាយ​ប្រាប់​តាម​សម្តី​បុរស​ឈ្មោះ សុខ និន អាយុ ៥៨ ឆ្នាំ ជា​ជីតា​របស់​ក្មេង​រងគ្រោះ​ថា​នៅ​ថ្ងៃ​ទី ១៥ កុម្ភៈ​ចៅស្រី​របស់​គាត់​បាន​ត្រឡប់​មកពី​សាលារៀន​ហើយ​ប្តូរ​សម្លៀកបំពាក់​រួច​ចេញ​ទៅ​ឃ្វាលគោ ហើយ​បាន​បាត់​មិន​ឃើញ​មក​ផ្ទះ​វិញ​ឡើយ​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​ ១៦ កុម្ភៈ​ទើប​គាត់​រាយការណ៍​តាម​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​។

លោក​នាយប៉ុស្តិ៍​បន្ត​ថា ​ក្មេង​រងគ្រោះ​ត្រូវ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ស្រះ​ទឹក​កំប្លោក នៅ​ក្បែរ​សាលារៀន​ហើយ​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​សាកសព​ក៏​ប្រគល់​ទៅ​ក្រុម​គ្រួសារ​ក្មេងរងគ្រោះ​ ខណៈ​សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់​ខ្លួន​ជន​ដៃដល់​៕