ភ្នំពេញៈ ក្រុម​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ក្រុម​ជន​បង្ក​អំពើ​ហិង្សា​ទៅ​លើ​អ្នក​បើកបរ​រថយន្ត​ម្នាក់​ឲ្យ​រងរបួស​ធ្ងន់ ក្រោយ​ពេល​គាត់​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បុក​អ្នក​បើកបរ​ម៉ូតូ​ម្នាក់​នៅ​ខណ្ឌ​ឫស្សីកែវ ហើយ​ព្យាយាម​បើក​រត់​។

លោក សែម សុគន្ធា អនុប្រធាន​នគរបាល​ចរាចរណ៍ រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា លោក ស៊ុយ សារ៉េត អាយុ​ ៥២ ​ឆ្នាំ​ជា​សាស្ត្រាចារ្យ​ភាសា​អង់គ្លេស​នៅ​សាកល​វិទ្យាល័យ​កម្ពុជា​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បើក​រថយន្ត​បុក​អ្នក​បើកបរ​ម៉ូតូ​ម្នាក់​នៅ​ម្ដុំ​វត្ត​ទួល​អស់​លោក​ (​វត្ត​ទួលសន្តិវ័ន​) ស្ថិត​ក្នុង​សង្កាត់-ខណ្ឌ​ឫស្សីកែវ ហើយ​មិន​ព្រម​ឈប់​ដោះស្រាយ​ដោយ​បាន​ព្យាយាម​បើក​រត់គេច​ដែល​នាំ​ឲ្យ​មាន​ហ្វូង​មហាជន​ជិះ​ម៉ូតូ​តាម​ដេញ​ចាប់ និង បង្ក​ហិង្សា​ទៅ​លើ​គាត់​យ៉ាង​ធ្ងន់ធ្ងរ​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​ ៥ ​ល្ងាច​ថ្ងៃ​អាទិត្យ​។

លោក សុគន្ធា បាន​បញ្ជាក់​ថា​៖ «​គាត់​ [​ស៊ុយ សារ៉េត​] ត្រូវ​បាន​ហ្វូង​មហាជន​វាយ​ដោយ​ដុំថ្ម បណ្ដាល​ឲ្យ​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ផ្នែក​ក្បាល និង មុខ ដោយ​បែក​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន និង​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​ប្រទេស​វៀតណាម ​ដើម្បី​ព្យាបាល​ទាំង​យប់​»​។

លោក សុគន្ធា ​បាន​បន្ថែម​ថា​៖ «​យោង​ព័ត៌មាន​ដែល​យើង​ប្រមូល​បាន​ក្នុង​ជំហាន​បឋម លោក​ ស៊ុយ សារ៉េត ដែល​ជា​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ក្លាយ​ជា​ជនរងគ្រោះ​ដោយ​ការប្រើ​អំពើ​ហិង្សា​ពី​ហ្វូង​មហាជន​នោះ គឺ​គាត់​បាន​បុក​អ្នក​បើកបរ​ម៉ូតូ​មួយ​គ្រឿង​នៅក្នុង​ សង្កាត់-ខណ្ឌ​ឫស្សីកែវ ហើយ​បើក​រត់​គេច​រហូត​ដល់​ម្ដុំ​ពេទ្យ​លោកសង្ឃ​ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ ២ ខណ្ឌ​ទួលគោក ដោយ​កាត់​តាម​ផ្សារ​ធំថ្មី សណ្ឋាគារ​ស និង​បើក​គេច​មក​តាម​ផ្លូវ​កម្ពុជា​ក្រោម ទើប​ត្រូវ​ក្រុម​មហាជន​តាម​ទាន់ និង​វាយប្រហារ​ដោយ​កំរោល បណ្ដាល​ឲ្យ​គាត់​រងរបួស​ធ្ងន់​»​។

លោក​បាន​បន្ត​ថា​យ៉ាង​ណា​ក៏ដោយ​នៅ​ក្នុង​ករណី​នេះ សមត្ថកិច្ច​នគរបាល​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ កំពុង​មាន​ចំណាត់ការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​អត្តសញ្ញាណ​ក្រុម​ជនបង្ក​ហិង្សា ដើម្បី​ធ្វើការ​ឃាត់​ខ្លួន​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​។

ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​ធ្វើការ​ឃាត់​ខ្លួន​ក្រុម​ជនបង្ក​អំពើ​ហិង្សា​ណា​ម្នាក់​នៅ​ឡើយ​ទេ ខណៈ​អ្នក​បើកបរ​ម៉ូតូ ដែល​រងគ្រោះថ្នាក់​ស្រាល​ដោយសារ​តែ លោក ស៊ុយ សារ៉េត បើកបរ​រថយន្ត​បុក​នោះ សមត្ថកិច្ច​ក៏​នៅ​មិន​ទាន់​ទទួលបាន​អត្តសញ្ញាណ​នៅ​ឡើយ​ដែរ​។

កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ អ្នកស្រី ជា លីន ដែល​អះអាង​ថា​ជា​មិត្តភក្ដិ​ស្និទ្ធស្នាល​របស់​ភរិយា​លោក ស៊ុយ សារ៉េត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​នៅពេល​នេះ​ស្ថានភាព​របួស​របស់​លោក សារ៉េត បាន​ធូរស្រាល​បន្តិច​ហើយ ដោយ​គាត់​អាច​និយាយ​បាន​តិចៗ​ខ្លះ​ហើយ បន្ទាប់ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​វៀតណាម​បាន​ពិនិត្យ​ព្យាបាល​ដោយ​កាំរស្មី​អ៊ិច្ស​»​។

ដោយឡែក​ស្ត្រី​ជា​អាជីវករ​មា្នក់​នៅឯ​កន្លែង​ដែល​មាន​ការផ្ទុះ​ហិង្សា​ដោយ​ហ្វូង​មហាជន​ទៅលើ​លោក ស៊ុយ សារ៉េត បាន​និយាយ​ថា​មាន​ម៉ូតូ​រាប់សិប​គ្រឿង​បាន​ដេញ​តាម​ឡាន​នោះ​ហើយ​ឡាន​នោះ​បាន​ឈប់​ដោយសារ​បាន​បុក​ជាមួយ​ឡាន​ឡង់គ្រីស័រ​មួយ ដែល​ធ្វើឲ្យ​រថយន្ត​នោះ​មិន​អាច​ទៅ​មុខ​បាន ដែល​ធ្វើឲ្យ​ក្រុម​អ្នក​បើក​ម៉ូតូ​ប្រដេញ​តាម​ទាន់ ហើយ​នាំ​គ្នា​វាយប្រហារ​លើ​គាត់ ដោយ​ដុំថ្ម​។

អ្នកស្រី​បាន​និយាយ​ថា​៖ «​ខ្ញុំ​ឃើញ​គេ​យក​ដុំថ្ម​វាយ​ទៅ​លើ​គាត់​។ ខ្ញុំ​អាណិត​គាត់​ខ្លាំង​ណាស់​តែ​ខ្ញុំ​មិន​អាច​ជួយ​គាត់​បាន ដោយ​ពេល​នោះ​ប្រជាជន​កំពុង​ផ្ទុះ​កំហឹង​វាយ​ទៅ​លើ​រូបគាត់​។ ខ្ញុំ​យល់​ថា ពួកគេ​មិន​គួរ​វាយ​គាត់​ដល់​ថ្នាក់​នេះ​ទេ​។ ការ​វាយ​ទៅ​លើ​រូបគាត់​បែប​នេះ​វា​ពិតជា​សាហាវ​ខ្លាំង​ណាស់​។ បើ​ប៉ូលិស​មក​ជួយ​គាត់​មិន​ទាន់​ពេលវេលា​ទេ​នោះ គាត់​ប្រាកដ​ជា​ត្រូវ​ពួក​មហាជន​ទាំង​នោះ​វាយ​ស្លាប់​មិន​ខាន​»​។

ស្ត្រី​រូប​នេះ​បាន​បន្ត​ថា អ្នកស្រី​មិន​ដែល​ស្គាល់​មុខ​អ្នក​ដែល​វាយដំ​ទៅ​លើ​អ្នក​បើក​​រថយន្ត​នោះ ព្រោះ​ពួកគេ​មិនមែន​ជា​អ្នក​រស់នៅ​ម្ដុំ​នេះ​ទេ​។ ពួកគេ​វាយ​គាត់​ហើយ​ក៏​បំបែក​ផ្លូវ​គ្នា​ចេញ​ទៅ​អស់ គឺ​នៅ​វេលា​ម៉ោង​ ៧ ​យប់​។

ចំណែក​អ្នកស្រី ប្រាក់ ហាក់ អាយុ​ ៦០ ​ឆ្នាំ​ដែល​រស់នៅ​ម្ដុំ​នោះ​ដែរ​បាន​និយាយ​ថា ដោយសារ​ឡាន​នោះ​បាន​បុក​គេ​របួស​ហើយ​បើក​រត់ ហើយ​ពេល​គេ​តាម​ទាន់​គឺ​ត្រូវ​ឈឺ​សាច់​បែប​នេះ​។

អ្នកស្រី​បាន​បន្ត​ថា​៖ «​ហេង​ហើយ​ដែល​បុក​នៅ​ពេល​ថ្ងៃ បើ​ពេល​យប់​វិញ​ម្ល៉េះ​គាត់​នឹង​បើក​រត់​រួច​ខ្លួន​មិន​ខាន ហើយ​បើ​គាត់​កុំ​តដៃ​ជាមួយ​នឹង​ក្រុម​ម៉ូតូ ដែល​ប្រដេញ​តាម​មក​នោះ ក៏​ពួកគេ​មិន​វាយ​គាត់​ទ្រម​ដល់​ថ្នាក់​នេះ​ទេ តែ​ដោយសារ​គាត់​តដៃ​ដោយ​ចង្អុល​មុខ​ពួកគេ​ធ្វើឲ្យ​ពួកគេ​ខឹង​វាយ​គាត់​រឹតតែ​ខ្លាំង​។ ​មិន​ថា​ខ្ញុំ​មិន​ថា​គេ​ទេ​តែ​បុក​ហើយ​រត់ គឺ​ពិត​ជា​មាន​កំហឹង ហើយ​នៅ​ពេល​តាម​ទាន់​ចាប់​បាន​គឺ​ត្រូវ​តែ​វាយ​ខ្លះ​ហើយ​»​។

លោក តន់ រ៉ាវី នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ទឹកល្អក់​ ២ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គាត់​ [​ស៊ុយ សារ៉េត​] ​បាន​ប៉ះ​គេ​តាំង​ពី​នៅឯ​កន្លែង​ផ្សេង ហើយ​គាត់​មិន​ព្រម​ឈប់​មើល​គេ ដូច្នេះ​បាន​ជា​គេ​តាម​គាត់ ដោយ​កំហឹង និង​តាម​ការស្រែក​ញុះញង់​ថា​គាត់​បាន​បុក​គេ​ «​ស្លាប់​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​នៅពេល​នេះ​យើង​កំពុង​តាម​អ្នក​ដែល​បាន​វាយ​ទៅ​លើ​រូបគាត់ ហើយ​យើង​បាន​មាន​តម្រុយ​ខ្លះៗ​ហើយ​»៕