កំពង់ធំៈ នគរបាល​ស្រុក​បារាយណ៍​កំពុង​តាម​ស្វែងរក​ចាប់​ខ្លួន​បុរស​ជា​ជន​ដៃដល់​ម្នាក់​​ដែល​ចាក់​បងថ្លៃ​ ១ ​ដាវ​ស្លាប់​ និង​​រត់​គេច​ខ្លួន​កាលពី​ថ្ងៃ​ទី​ ១១ ខែ​កុម្ភៈ​នៅ​ភូមិ​បឹង​ខាងត្បូង ឃុំ​បឹង​ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​។

លោក​ កែ កញ្ចនា អធិការរង​នគរបាល​ស្រុក​បារាយណ៍​ប្រាប់​ពី​ម្សិលមិញ​ថា ករណី​ចាក់​គ្នា​ស្លាប់​នោះ​ជន​ដៃដល់​បាន​គេច​ខ្លួន​បាត់ បន្ទាប់ពី​ចាក់​សម្លាប់​ជនរងគ្រោះ ប៉ុន្តែ​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់​ខ្លួន​ជនសង្ស័យ​។

លោក​ប្រាប់​ថា​ជនសង្ស័យ​ឈ្មោះ​ ម៉ោល មុត អាយុ​ ៣១ ​ឆ្នាំ រីឯ​បុរស​ជា​ជន​រងគ្រោះ​ឈ្មោះ​ លួន ធូរ អាយុ​ ៣០ ​ឆ្នាំ​ត្រូវ​ជា​ប្អូនថ្លៃ​។ ពួកគេ​រស់នៅ​ផ្ទះ​ជាមួយ​គ្នា​ក្នុង​ភូមិ-ឃុំ កើតហេតុ​ខាង​លើ​។

លោក​បាន​បញ្ជាក់​ថា​៖ «​រឿង​នេះ​វា​ពិបាក​កំណត់​ឲ្យ​បាន​ជាក់លាក់​ណាស់ ព្រោះ​សាក្សី​មិន​ច្បាស់​មាន​តែ​ម្តាយ​ជនរងគ្រោះ​តែ​ម្នាក់​គត់​។ ប៉ុន្តែ​ជនរងគ្រោះ​ជា​អ្នក​ប្រមឹក​រាល់​ថ្ងៃ​តែងតែ​អុកឡុក​ក្នុង​គ្រួសារ​»​។

លោក​ កែ កញ្ចនា បាន​រំឭក​ប្រាប់​តាម​សម្តី​ម្តាយ​ជនរងគ្រោះ​ថា មុន​កើត​ហេតុ​ពួកគេ​ទាំង​ ២ ​នាក់​បាន​ចេញ​ពី​ផ្ទះ​ទៅ​ផឹកស៊ី​។ លុះ​នៅ​វេលា​ម៉ោង​ ១០ ​កន្លះ​យប់​ថ្ងៃ​អាទិត្យ​ទើប​ត្រឡប់​​មក​ផ្ទះ​វិញ ឯ​បង​ថ្លៃ​បាន​ដេក​លើ​គ្រែ ហើយ​ខណៈ​នោះ​ក៏​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​។

លោក​ប្រាប់​បន្ត​ថា​ពេល​ឈ្លោះ​នោះ​ជនរងគ្រោះ​បាន​គំរាម​ជន​ដៃដល់​ថា​នឹង​អារក​សម្លាប់​ចោល ហើយ​ស្រប​ពេល​នោះ​ជនរងគ្រោះ​បាន​កាន់​ដាវ​ទៅ​រក​រឿង​ជនសង្ស័យ​។ ​ពេល​នោះ​ពួកគេ​បាន​ប្រវាយ​ប្រតប់​គ្នា ហើយ​ជន​សង្ស័យ​ដណ្ដើម​បាន​ដាវ​ក៏​ចាក់​ជនរងគ្រោះ​ត្រូវ​ចំ​ក្រោម​ក្លៀក​ឆ្វេង​ ១ ​ដាវ​ដោត​ជាប់​នឹង​ខ្លួន​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​តែ​ម្ដង​។ ​បន្ទាប់​មក​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ទៅ​៕