Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សមត្ថកិច្ច​ថា​មិន​បាន​ធ្វើ​ខុស​ចំពោះ​ការ​រារាំង​ការ​ជួបជុំ​រំឭក​ពី​ការ​ចុះ​ឈ្មោះ

សមត្ថកិច្ច​ថា​មិន​បាន​ធ្វើ​ខុស​ចំពោះ​ការ​រារាំង​ការ​ជួបជុំ​រំឭក​ពី​ការ​ចុះ​ឈ្មោះ

បន្ទាយមានជ័យៈ សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ពី​ម្សិលមិញ​បាន​អះអាង​ថា​ពួកគាត់​មិន​បាន​ធ្វើ​ខុស​ចំពោះ​ការ​រារាំង​សមាជិក​គណបក្ស​ប្រឆាំង​នៅ​ស្រុក​មង្គលបុរី​មិន​ឲ្យ​ប្រមូល​ផ្តុំ​​លើក​ទឹកចិត្ត​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ឱ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ​ទេ​ប៉ុន្តែ​បាន​ហៅ​សកម្មភាព​នោះ​ថា «អនាធិបតេយ្យ» ដោយសារ​មិន​មាន​ច្បាប់​អនុញ្ញាត។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​អាទិត្យ​ និង​ថ្ងៃ​ចន្ទ​កន្លង​ទៅ​បាន​ព្យាយាម​ប្រមូល​ផ្តុំ​អ្នក​គាំទ្រ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ក្រើន​រំឭក​​ពលរដ្ឋ​ក្នុង​តំបន់​នោះ​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែល​ឈាន​ដល់​សប្តាហ៍​ចុងក្រោយ​នៃ​យុទ្ធនាការ​បី​ខែ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ថ្នាក់​ឃុំ​-សង្កាត់​​នៅ​ឆ្នាំ​ ២០១៧ ​និង​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៨ ​បន្តបន្ទាប់​គ្នា​។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​នេះ​លោក​ សរ ចាន់ដេត ​បាន​ថ្លែង​ថា​កាលពី​ថ្ងៃ​អាទិត្យ​ ប៉ូលិស​បាន​រារាំង​អ្នក​ភូមិ​មិន​ឲ្យ​ចូលរួម​ទោះបី​ជា​មាន​ពលរដ្ឋ​ប្រមាណ​ ៥០ ​នាក់​នៅក្នុង​ពិធី​ជួបជុំ​រួច​ទៅ​ហើយ​ក្តី។ ​លុះ​ដល់​ថ្ងៃ​ចន្ទ​មាន​ក្រុម​មន្ត្រី​ប្រហែល​ ១០ ​នាក់​បាន​មក​បិទ​កម្មវិធី​ជួបជុំ​នោះ​។

លោក​បាន​ថ្លែង​ថា៖ «ដោយ​មិន​ចង់​ប៉ះ​ទង្គិច​គ្នា​យើង​ក៏​សម្រេច​បញ្ឈប់»។

លោក​​ថា​វា​នៅ​មាន​ការ​ចាំបាច់​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ខេត្ត​នេះ​ខណៈ​តួលេខ​របស់​ គជប បាន​បង្ហាញ​ថា​មាន​ពលរដ្ឋ​តែ​ ៦៣ ​ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​ចុះ​ឈ្មោះ​រួចរាល់​ក្នុង​ចំណោម​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​។ «ពួកគេ​ថា​វា​មិន​ស្រប​ច្បាប់​ប៉ុន្តែ​ខ្ញុំ​បាន​ដាក់​ [ពាក្យ​ស្នើសុំ​] មួយ​សប្តាហ៍​មុន»។

បើ​ទោះបី​ជា​ច្បាប់​កម្ពុជា​​តម្រូវ​ឲ្យ​ជូន​ដំណឹង​មុន​ពេល​ធ្វើ​បាតុកម្ម​អ្វី​មួយ​ក្តី​តែ​វា​មិន​សំដៅ​ដល់​ការ​ជួបជុំ​ដែល​មាន​ទ្រង់ទ្រាយ​តូច​នោះ​ទេ​ខណៈ​ដែល​ គជប ​ក៏​បាន​លើក​ទឹក​ចិត្ត​ផង​ដែរ​ដល់​គណបក្ស​នយោបាយ​ឲ្យ​ជួយ​បញ្ចុះ​បញ្ចូល​ពលរដ្ឋ​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​អធិការ​នគរបាល​ស្រុក​មង្គលបុរី​លោក ស៊ី ឌី ពី​ម្សិលមិញ​បាន​ថ្លែង​ថា​មន្ត្រី​លោក​បាន​អនុវត្ត​ត្រឹមត្រូវ​ដោយ​លោក​​ថា​មិន​បាន​ទទួល​ការ​ជូន​ដំណឹង​ពី​ក្រុម​នេះ​ហើយ​ថា​ពួកគេ​គ្មាន​សិទ្ធិ​ «ជួបជុំ​ដូច​អ្វី​ដែល​ពួកគេ​ចង់​ធ្វើ​នោះ​ទេ​ព្រោះ​វា​មាន​លក្ខណៈ​អនាធិបតេយ្យ»។

លោក​ថា៖ «ក្នុង​ការ​ប្រមូល​ផ្តុំរ​បស់​ពួកគេ​ជា​ញឹកញាប់​តែង​មួលបង្កាច់​រដ្ឋាភិបាល​ដូចជា​ថា​រដ្ឋាភិបាល​មិន​បាន​ជួយ​រក​ការងារ​ឲ្យ​ពលរដ្ឋ​ជាដើម»៕ NS

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ