កំពតៈ សមត្ថកិច្ច​បាន​ដាក់​កម្លាំង​យាម​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពត​ដើម្បី​រង់ចាំ​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ដែល​បាន​ដាក់​ថ្នាំ​បំពុល​សម្លាប់​កូនប្រុស​តូចៗ​របស់​ខ្លួន ២ នាក់​រួច​សម្លាប់​ខ្លួនឯង​តែ​មិន​ស្លាប់​កាលពី​ថ្ងៃ​ទី​ ៣០ ខែ​មករា ឆ្នាំ​ ២០១៨ នៅ​ភូមិ​ត្រពាំងខ្វារ ស្រុក​អង្គរជ័យ​ដោយសារ​តែ​ខឹង​នឹង​ប្តី​ទៅ​មាន​ស្រី​ថ្មី​។

លោក​ កែវ យន់ អធិការរង​ស្រុក​អង្គរជ័យ​ឲ្យ​ដឹង​ថា​ស្ត្រី​សង្ស័យ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពត​ហើយ​នៅ​ពេល​ស្ត្រី​សង្ស័យ​មាន​អាការ​ធូរស្បើយ សមត្ថកិច្ច​នឹង​ចាប់​ខ្លួន​តែ​ម្តង​។

លោក​បញ្ជាក់​ថា​៖ «​ខាង​សមត្ថកិច្ច​ខ្ញុំ​នឹង​នាំ​ខ្លួន​គាត់​ទៅ​ស្នងការ​នគរបាល​ខេត្ត​កំពត​បន្ត​ទៀត​ព្រោះ​គាត់​សម្លាប់​មនុស្ស​»​។

ស្ត្រី​សង្ស័យ​ឈ្មោះ ប៉ាក សុខហេង អាយុ ២៧ ឆ្នាំ ឯ​កូនប្រុស​ដែល​គាត់​បាន​ដាក់​ថ្នាំ​សម្លាប់ កូន​បង ឈ្មោះ ហ៊ាល សុវណ្ណាមិ អាយុ ៦ ឆ្នាំ និង​កូនប្រុស​ប្អូន​ឈ្មោះ ហ៊ាល ក្តាន់ អាយុ ៤ ឆ្នាំ ពួកគេ​រស់នៅ​ស្រុក​ទ្រាំង​ខេត្ត​តាកែវ​។

លោក យន់ ឲ្យ​ដឹង​ទៀត​ថា​ ​ករណី​នេះ​បើ​តាម​សម្តី​ស្ត្រី​សង្ស័យ​មុន​ឈាន​ដល់​ការ​ដាក់​ថ្នាំ​បំពុល​សម្លាប់​កូន​នោះ​គឺ​ដោយសារ​នាង​ខឹង​ប្តី​របស់​នាង​មក​ធ្វើការ​នៅ​ភ្នំពេញ ហើយ​មាន​ប្រពន្ធ​ចុង​។ បន្ទាប់ពី​ដឹង​ថា​ប្តី​មាន​ប្រពន្ធ​ចុង​មក​ស្ត្រី​សង្ស័យ​បាន​ទូរស័ព្ទ​សួរ​ប្តី​ថា តើ​រវាង​ប្រពន្ធ កូន និង​ស្រី​ក្រោយ​យក​មួយ​ណា​? ពេល​នោះ​ប្តី​ឆ្លើយ​តាម​ទូរស័ព្ទ​ថា គាត់​យក​ស្រី​ក្រោយ​។ បន្ទាប់ពី​ស្ត្រី​សង្ស័យ​ឈ្លោះ​គ្នា​ជាមួយ​ប្តី​មក​នាង​ក៏​ធ្វើ​ដំណើរ​នាំ​កូនប្រុស​ ២ ​នាក់​ពី​ស្រុក​ទ្រាំង ខេត្ត​តាកែវ​មក​ខេត្ត​កំពត​ហើយ​ជួល​បន្ទប់​ផ្ទះសំណាក់​យីហោ​សុខមនោរម្យ​ស្នាក់​នៅ​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី ៣០ ខែ​មករា​ស្ត្រី​សង្ស័យ​ក៏​ទិញ​ថ្នាំពេទ្យ​ចំនួន​ ៤ ​បន្ទះ​ និង​ថ្នាំពេទ្យ​មួយ​បំពង់​ទៀត ។ បន្ទាប់​មក​ស្ត្រី​សង្ស័យ​ក៏​យក​ថ្នាំ​នោះ​ ២ ​បន្ទះ​លាយ​ជាមួយ​ចំណី​ឲ្យ​កូន​ហូប​ហើយ​ខ្លួន​គាត់​ក៏​លេប​ថ្នាំ​នោះ​អស់​ ២ ​បន្ទះ​ដែរ​។

បន្ទាប់ពី​ស្ត្រី​សង្ស័យ និង​កូន​ពុល​ថ្នាំ​មក​ក៏​មាន​ការ​ឆោឡោ និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។ ពេល​សមត្ថកិច្ច​ទៅ​ដល់​កន្លែង​កើតហេតុ​ក៏​ដឹក​ស្ត្រី​សង្ស័យ​ និង​ក្មេង​រងគ្រោះ​ទៅ​មន្ទីរពេទ្យ​ខេត្ត​កំពត តែ​ដល់​ពាក់​កណ្តាល​ផ្លូវ​ក្មេង​រងគ្រោះ​ដាច់​ខ្យល់​ស្លាប់​ឯ​ស្ត្រី​សង្ស័យ​ត្រូវ​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​រួច​ផុត​ពី​សេចក្តី​ស្លាប់​។

លោក​ មេធាវី ឡោ គីមហ្គេច ​បាន​ពន្យល់​ថា​ករណី​នេះ​មិន​ចាំបាច់​មាន​បណ្តឹង​ពី​សាច់ញាតិ​ទេ​គឺ​នគរបាល​ត្រូវ​ធ្វើ​របាយការណ៍​ទៅ​ព្រះរាជអាជ្ញា ហើយ​ព្រះរាជអាជ្ញា​នឹង​ធ្វើ​បណ្តឹង​បរិហារ​មួយ​ទៅ​ចៅក្រម​ស៊ើប​ដើម្បី​ចាត់ការ​លើ​រឿង​នោះ​។ រឿង​នេះ​ស្ត្រី​សង្ស័យ​អាច​នឹង​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​៕