ព្រះវិហារ/មណ្ឌលគិរីៈ ក្រុមហ៊ុន ដួងស្រួច បានដាក់លិខិតទៅអាជ្ញាធរខេត្ត ព្រះវិហារ ដើម្បីស្នើសុំប្រមូលឈើហុប ដែលនូវសេសសល់ជាង ១០០ ម៉ែត្រគុបឡើងវិញ ក្រោយពីរដ្ឋាភិបាល បានបញ្ឈប់សម្មភាពកាលពីចុងខែកុម្ភៈ កន្លងមក ខណៈដែលសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតថាតើក្រុមហ៊ុននេះមានជាប់ពាក់ព័ន្ធនឹងការជួលជនជាតិវៀតណាម ចំនួន ៨ នាក់ឲ្យចូលមកឈូសឆាយដីព្រៃនៅក្នុងខេត្ត មណ្ឌលគិរី ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១០ ខែមករា ដែរឬយ៉ាងណា។
ក្រោយពេលទីស្តីការណៈរដ្ឋមន្ត្រី បានសម្រេចបញ្ឈប់សកម្មភាពប្រមូលឈើប្រមាណ ២ សប្តាហ៍ ក្រុមហ៊ុនដួងស្រួច បានធ្វើសំណើរទៅសាលាខេត្តព្រះវិហារ ដើម្បីសុំដំណើរការប្រមូលឈើ ដែលនៅសេសសល់បង្ហើយ។ នេះបើយោងតាមលោក លី ពុទ្ធារ៉ា តំណាងឲ្យក្រុមហ៊ុនក្នុងខេត្តព្រះវិហារ។
លោកអះអាងថា ឈើមាននៅសេសសល់នោះគឺមានកូនឈើប្រមាណជា ៤ ទៅ ៥ ពាន់ដើម និងឈើហុបប្រហែលជាង ១០០ ម៉ែត្រគុប។
លោក ពុទ្ធារ៉ា បាននិយាយថា៖ «ខាងនាយកក្រុមហ៊ុន បានដាក់សុំប្រមូលឈើដែលនៅសល់ទៅខេត្ត»។ ទោះយ៉ាងណា លោកអះអាងថា លោកមិនបានដឹងទេថា តើខាងអាជ្ញាធរបានឆ្លើយតបហើយឬនៅនោះទេ ព្រោះខាងនាយកក្រុមហ៊ុន លោកដួង ស្រួចជាអ្នកចាត់ចែងការងារនេះ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ នៅថ្ងៃនេះ។ ចំណែកឯលោកស្រី ចឹក ហេង អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តមានប្រសាសន៍ថា លោកស្រី មិនទាន់បានដឹងពីការស្នើសុំប្រមូលឈើដែលនៅសេសសល់នោះទេ ហើយថា នឹងរកមើលលិខិតស្នើសុំនោះ។
នៅមុនពេលត្រូវបានបញ្ឈប់ការប្រមូលឈើនោះ ក្រុមហ៊ុនដួង ស្រួចត្រូវបានអាជ្ញាធរឃុំ រំដោះស្រែ ក្នុងស្រុជាំក្សាន្ត បានដាក់លិខិតសុំបញ្ឈប់សកម្មភាពការប្រមូលឈើរបស់ក្រុមហ៊ុននេះ ដោយបានចោទប្រកាន់ថា ក្រុមហ៊ុនបានប្រមូលទិញឈើពីខាងក្រៅដីសម្បទានសង្គមកិច្ចទំហំ ១៥៤៥ ហិកតា។ ទោះយ៉ាងណា លោក ពុទ្ធារ៉ា បានច្រានចោលការចោទប្រកាន់នេះ។
ពាក់ព័ន្ធនឹងក្រុមហ៊ុន ដួងស្រួចនេះដែរ ជនជាតិវៀតណាម ៨ នាក់ដែលត្រូវបានចាប់ឃុំខ្លួននៅពន្ធនាគារខេត្ត មណ្ឌលគិរី បានសារភាពប្រាប់មន្ត្រីរដ្ឋបាលព្រៃឈើថា ពួកគេ ត្រូវបានក្រុមហ៊ុនជួលឲ្យធ្វើកម្មការឈូសឆាយព្រៃ នៅមុនពេលចាប់ឃាត់ខ្លួនកាលពីកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៨ នៅឃុំក្រងតេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ អាជ្ញាធរក៏បានរឹបអូសរណាយន្ត ២ គ្រឿង និងអាប៊ុល៣គ្រឿង ដែលមានបិទស្លាកសញ្ញាក្រុមហ៊ុនដួងស្រួចគ្រុប។
តុលាការខេត្តមណ្ឌលគិរី បានអះអាងថា ពួកគេកំពុងតែធ្វើការស៊ើបអង្កេតថាតើក្រុមហ៊ុនដួងស្រួចមានជាប់ពាក់ព័ន្ធនឹងការឈូសឆាយ និងបានជួលជនជាតិវៀតណាមទាំងនោះ ឲ្យធ្វើកម្មភាពឬយ៉ាងណា។
មេធាវីម្នាក់របស់ជនជាតិវៀតណាមទាំង ៨ នាក់បានដាក់ពាក្យសុំឲ្យពួកគេនៅក្រៅឃុំ កាលអំឡុងខែកុម្ភៈ កន្លងមក តែត្រូវបានតុលាការខេត្តបដិសេធ។ នេះបើតាមលោក ម៉ម វណ្ណដា អ្នកនាំពាក្យអយ្យការខេត្ត។
លោក វណ្ណដា បញ្ជាក់ថា៖«ប៉ុន្តែសាលាដំបូងយើងបានបដិសេធមិនឲ្យនៅក្រៅឃុំបណ្តោះអាសន្នទេ ព្រោះយើងអង្កេតមិនទាន់ចប់។ ហួសជាង ១០ ថ្ងៃបានគាត់ដាក់»។ លោកបន្តថា សំណើរសុំនៅក្រៅឃុំនោះ ត្រូវបានបញ្ជូនទៅសាលាឧទ្ធរណ៍ ដើម្បីធ្វើការសម្រេច។
លោកអ៊ុក សាវុធអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ បានឲ្យដឹងកាលពីម្សិលមិញថា សាលាឧទ្ធរណ៍ ក៏បានសម្រេចមិនអនុញ្ញាតឲ្យពួកគេនៅក្រៅឃុំនោះដែរ។
លោក មាស ប្រុស អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី បានឲ្យដឹងថា៖ «វៀតណាម នៅក្នុងឃុំទាំងអស់ហ្នឹង ចៅក្រមកំពុងតែដំណើរការស៊ើបអង្កេតដោយ គាត់ចុះទៅដល់កន្លែងកើតហេតុ។ យើងមិនទាន់ដឹងថា គាត់ចូលមកតាមណា និងមានកំហុសអីយ៉ាងណា។ ចឹងឲ្យនៅក្រៅឃុំមិនទាន់បានទេ តែមេធាវីគេប្រញាប់»។