ភ្នំពេញៈ អគ្គ​​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ នៅ​តែ​បន្ត​ធ្វើ​ការ​​ដក​ហូត​ឯក​សារ​មិន​ត្រឹម​ត្រូវ​ពី​ជន​ជាតិ​វៀត​ណាម ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា បើ​​ទោះបីជា​ដំណើ​រការ​​​នេះ​ នៅ​មិន​ទាន់​បាន​បញ្ចប់​បាន​មួយ​ខេត្ត​ក្តី។

អនុ​ប្រធាន​នាយក​ដ្ឋាន​​អន្តោ​ប្រវវេស​ន៍​ក្រសួង​មហា​ផ្ទៃ លោក​ សុខ លី​ហួត ​បាន​ពន្យល់​ថា៖«ពួកគេ​នៅតែ​ដំណើរ​ការ​នៅ​ឡើយ។ ផែន​ការ​របស់​យើង​ គឺ​ចំណាយ​ពេល​ប្រាំ​ពីរ​ខែ​ទៅមួយ​ឆ្នាំ»។

មន្ត្រី​អន្តោ​ប្រវេសន៍​ បាន​ចាប់​ផ្តើម​ដកហូត​ឯក​សារ​ពី​ជន​ជាតិ​​​​វៀត​ណាម​​ ដែល​រស់​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​កាល​ពី​ខែ​វិច្ឆិកា។ ​

ដំណើរ​ការ​បង្ក្រាប​នេះ​ បាន​រីក​រាល​ដាល​ដល់​រាជ​ធានី​ភ្នំពេញ​ ហើយ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​គ្រប់​ខេត្ត​ទាំង​អស់​នៅ​ក្នុង​ប្រទេស។

លោក​ ​លី​ហួត ​បាន​ថ្លែងថា​ គ្រប់​ខេត្ត​ទាំង​អស់​ គឺ​កំពុង​អនុវត្ត​ដំណើរ​នេះ​ នឹង​កំពុង​ត្រៀម​រៀបចំ​ ដើម្បី​អនុវត្ត។

លោក​បញ្ជាក់​ថា៖«ខេត្ត​មួយ​ចំនួន ​កំពុង​ដក​ហូត​ ហើយ​មួយ​ចំនួន​ទៀត​ កំពុង​ណែ​នាំ។​ នេះ​គ្រាន់​តែ​ជា​ផែន​ការ​ប៉ុណ្ណោះ...​ យើង​មិន​មាន​តួ​លេខ​អំ​ពី​ចំនួន​អ្នក​ដែល​ត្រូវ​បាន​ដក​ហូត​នៅ​ឡើយ​ទេ»។

ជន​ជាតិ​​វៀត​ណាម​ជាច្រើន​នាក់​ ដែល​ត្រូវ​បាន​សម្ភាស​ នៅ​ខេត្ត​កំពង់​ឆ្នាំង ​​និង​រាជ​ធានី​ភ្នំ​ពេញ​ ពួកគេ​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ពួកគេ​គ្មាន​ឯក​សារអ្វី​ផ្សេង​ទេ​។

ពួក​គេ​​បាន​អះ​អាង​ថា ពួក​គេ​បាន​រស់​នៅ​ក្នុងប្រទេស​ក​ម្ពុ​ជា​អស់​រយៈ​ពេល​ជា​ច្រើន​ជំនាន់​មក​ហើយ ​ប៉ុន្តែ​បាន​រត់​ភៀសខ្លួន​ជា​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ ដែល​ក្នុង​ពេលនោះ ​ជន​ជាតិ​វៀត​ណាម​គឺជា​គោល​ដៅ​​ដែ​ល​ត្រូវ​បោស​សម្អាត។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ពួក​គេ​ខ្លះ​មិន​ចេះ​និយាយ​ភាសាខ្មែរ​ច្បាស់​ទេ។

លោក​លី​ហួត​បាន​ឲ្យ​ដឹងថា​ ដំណើរ​ការ​នេះ ​គឺ​ត្រូវ​ចំណាយ​ពេល​យូរ​ ពីព្រោះ​ជន​ជាតិ​វៀត​ណាម​ខ្លះ ​នៅមាន​ការ​ស្ទាក់​ស្ទើរ​ ក្នុងការ​ចូល​ខ្លួន ​ហើយ​បាន​ព្រមាន​ថា ​អ្នក​ដែល​មិន​សហ​ការ ​អាច​ប្រឈម​នឹង​ការ​និរទេស។

លោក​បន្ថែម​ថា៖«អ្នក​ខ្លះ​ មានការ​ស្ទាក់​ស្ទើរ​ឬ​ភ័យ​ខ្លាច។ អ្នក​ខ្លះ​ទៀត​ គាត់​យល់​​ ដូច្នេះ​ហើយ​ពួកគាត់​បាន​ចូល​មក​យ៉ាង​ឆាប់រហ័ស។ ប្រសិន​បើ​ពួកគេ​ មិន​សហការ​ជា​មួយ​យើង​ទេ នោះ​យើង​នឹង​ធ្វើតាម​នីតិវិធី​របស់​យើង។ យើង​នឹង​និរទេស​ពួក​គេ។ ​យើង​មិន​អាច​អនុ​ញ្ញាត​ឱ្យ​ពួកគេ​ធ្វើ​អ្វី​តាម​ដែល​ពួកគេ​ចង់​ នោះ​ទេ»។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ ​មន្ត្រី​ខេត្ត​ស្វាយ​រៀង​ ពី​មុន​ធ្លាប់​បាន​ត្អូញត្អែរថា​ នាយក​ដ្ឋាន​អន្តោ​ប្រ​វេសន៍​តែង​តែ​ពន្យា​រពេល​​ដំណើរ​ការ​នេះ។

លោក​ គង់ ​សំអឿន​ ស្នង​ការ​រង​​ខេត្ត​ស្វាយ​រៀង​ បាន​ឱ្យ​ដឹង​កាល​ពី​ចុង​ខែ​មុន​ថា៖«យើង​កំពុង​រង់​ចាំ​មន្ត្រី​អន្តោ​ប្រវេសន៍​​ ពីក្រសួង​ចុះ​មក។ ពួក​គេ​តែង​តែ​លុប​ចោល​ពេល​ចុះ​មក​»៕ NS