Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សមាជិក​ក្រុម​ប្រឹក្សា​ឃុំបក្ស​ប្រឆាំង ឃាត់​ខ្លួន​ជាង​បីម៉ោង មិន​ឲ្យ​ឡើង​មក​ភ្នំពេញ​

Content image - Phnom Penh Post
លោក សុខ ខេមរិន ដឹកនាំ​កិច្ច​ប្រជុំ​ នាពេល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា។ រូបថត​ នគរបាល​ជាតិ​

សមាជិក​ក្រុម​ប្រឹក្សា​ឃុំបក្ស​ប្រឆាំង ឃាត់​ខ្លួន​ជាង​បីម៉ោង មិន​ឲ្យ​ឡើង​មក​ភ្នំពេញ​

កំពង់​ឆ្នាំងៈ សមាជិក​ក្រុម​ប្រឹក្សា​ឃុំម្នាក់​នៅ​ខេត្ត​កំពង់​ឆ្នាំង​ នៃ​គណបក្ស​សង្គ្រោះជាតិ​ ត្រូវ​បាន​កម្លាំង​ស​មត្ថកិច្ចនគរបាល​ខេត្ត​​ឃាត់​ខ្លួន​ មិន​ឲ្យ​ធ្វើ​ដំណើរ​មកកាន់​រាជ​ធានី​ភ្នំពេញ ជា​ការ​​​​បញ្ចៀស​នូវ​ការ​ប្រមូល​ផ្តុំ​កម្លាំង​ប្រឆាំង ​នឹង​សវនាការ​លើ​បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នា​តុលា​ការ​កំពូល​នៅថ្ងៃ​ទី​១៦ ខែ​វិច្ឆិកានេះ​​។

លោក​ យន់ សុភក្តិ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សំរោង​សែន ស្រុក​កំពង់​លែង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​អស់​រយៈ​ពេល​ជាង​៣ម៉ោង កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​នេះ នៅ​លើ​កំពង់​ចម្លង​មួយ​ ក្នុង​ពេល​រៀបធ្វើ​ដំណើរ​ជាមួយ​កូន​ស្រី​មកលេង​ប្រពន្ធ​នៅ​រាជ​ធានី​ភ្នំពេញ​។

ទោះ​យ៉ាង​ណា​សមាជិក​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​ដោះលែងវិញ​​ក្រោម​ការ​ធានា​ពី​មន្ត្រី​របស់​ខ្លួន ដោយ​តម្រូវ​ឲ្យ​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា ថា​នឹង​មិន​មក​ភ្នំពេញ​មុនថ្ងៃ​ទី​១៧ ខែ​វិច្ឆិកានោះទេ​។

លោក កែ ថៃ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់​ឆ្នាំង ប្រាប់ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​បាន​ធានា​លោក​យន់ សុភក្តិ ដើម្បី​ឲ្យ​បាន​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ដោយ​សន្យា​ថា​នឹង​មិន​ឡើង​មក​ភ្នំពេញ​នោះទេ។

លោក​បញ្ជាក់​ថា ៖ «គេ​ដាក់​សម្ពាធ​យើង​គ្រប់​យ៉ាង»។

ទាក់ទង​នឹង​ការ​ព្យាយាម​មិន​ឲ្យ​មានកម្លាំង​ប្រឆាំង​ប្រមូល​ផ្តុំ​ អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ កាល​ពី​ព្រឹក​មិញ បាន​ដឹកនាំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ស្តីពីការ​បង្ការ​និង​បង្រ្កាប​ និង​ការ​ទប់​ស្កាត់​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ចំណាត់​ការ​តុលាការ​កំពូល ដែល​ត្រូវ​បើក​សវនា​ការ​កាត់​ក្តី​ទាក់ទិន​នឹង​បណ្តឹង​រំលាយ​គណ​បក្ស​សង្គ្រោះជាតិនាថ្ងៃ​១៦ ខែ​វិច្ឆិកា​ ខាង​មុខនេះ​។

កិច្ច​ប្រជុំ​នេះ​មាន​ការ​ដឹកនាំ​ដោយ​លោក​ឧត្តម​សេនីយ៍​​ឯក សុខ​ ខេមរិន ប្រធាន​នាយកដ្ឋាន​នគ​បាល​ព្រហ្មទណ្ឌ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ និង​មាន​ការ​ចូលរួម​ពី​អនុប្រធាន​នាយកដ្ឋាន​,​ នាយការិយាល័យ​,​ នាយ​រង​ការិយាល័យ​ និង​ថ្នាក់ដឹកនាំ​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ដែល​ពាក់ព័ន្ធ​ទាំងអស់​ផង​ដែរ​ ។​

​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​គេហ​ទំព័រ​របស់នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា ៖​ «កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​រក្សា​ការពារ​សន្ដិសុខ​ សណ្ដាប់ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​ក្នុង​បរិបទ​នយោបាយ​ថ្មី​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ត្រូវ​រំលាយ​ដោយ​តុលាការ​កំពូល​ ដោយ​បង្ការ​ ទប់ស្កាត់​មិន​ទុក​ឲ្យ​មានការ​ញុះញង់​ បំផុស​កៀងគរ​ប្រជាពលរដ្ឋ​ប្រមូលផ្ដុំ​បង្កចលាចល​សង្គម​បាន​» ។

លោក​សុខ ខេមរិន បាន​ណែនាំ​ឲ្យ​មន្ត្រី​នគរបាល​ទាំង​អស់​ ក្តាប់​ឲ្យ​បាន​ទាន់​ពេល​ និងវិភាគ​ឲ្យ​បាន​ត្រូវ នូវ​សកម្មភាព​ខុស​ច្បាប់​ដែល​សមត្ថកិច្ច​យល់​ថា ធ្វើ​ឲ្យ​«​ប៉ះពាល់ចំពោះ​​​ដំណើរការ​សវនាកា​របស់​តុលាការ​កំពូល​ នា​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ ដើម្បី​ដាក់​ចេញ​នូវ​វិធានការ​បង្ការ​ ទប់ស្កាត់​សម​ស្រប​ និង​មាន​ប្រសិទ្ធភាព»​ ។

ការ​ត្រៀម​កម្លាំង​ដ៏រឹងមាំ​ ទូទាំង​ប្រទេស​ កើតមាន​ក្នុង​រយៈពេលចុង​ក្រោយ​នេះ​នៅ​ទូទាំង​ប្រទេស ដែល​ជាក់​ស្តែង​ក្រសួង​មហាផ្ទៃ​លោក​រដ្ឋ​មន្ត្រី​ស ខេង ក៏​បាន​ណែនាំ​ឲ្យ​អភិបាល​រាជ​ធានី ខេត្ត​ រៀបចំក្រុម​ការងារ​ប្រចាំ​បញ្ជា​តាម​ដាន​បញ្ហា​ទាក់ទង​នឹង​គម្រោង​ទាំង​ឡាយ​ណា​ដែល​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​​៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ