ភ្នំពេញៈ កាលពី​ថ្ងៃ​ទី ៥ ខែ​កុម្ភៈ ឆ្នាំ ២០១៨ ការិយាល័យ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​លោក Patrick Leahy បាន​បញ្ជាក់​ថា​ច្បាប់​ទ្វេភាគី​កំពុង​ត្រូវ​បាន​ធ្វើ​សេចក្តី​ព្រាង​ដើម្បី​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​។

លោក Tim Rieser មន្ត្រី​ការិយាល័យ​ជំនួយ​គោល​នយោបាយ​ការបរទេស​របស់​លោក Leahy បាន​ថ្លែង​តាមរយៈ​អ៊ីមែល​ថា​៖ «​សមាជិក​ព្រឹទ្ធសភា​លោក Leahy និង​សមាជិក​ព្រឹទ្ធសភា​ដទៃ​ទៀត​នៅ​ទី​នេះ​ ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​កាន់តែ​ខ្លាំង​ឡើងៗ​ ចំពោះ​ទង្វើ​របស់​លោក [​នាយក​រដ្ឋមន្ត្រី​] ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ចិន​ក្នុង​ការ​រុះរើ​ស្ថាប័ន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ដទៃ​ទៀត​បាន​ចំណាយ​ពេល​អស់​ជាច្រើន​ឆ្នាំ​ដើម្បី​ជួយ​កសាង​ឡើង​»​។

លោក Rieser បញ្ជាក់​ថា​អាមេរិក​បាន​ទុក​ «​ជម្រើស​មួយ​ចំនួន​ឲ្យ​ជា​ជាង​ការ​បង្កើន​ទណ្ឌកម្ម​»​។

គណបក្ស​ប្រឆាំង​ដ៏ធំ​ដែល​មាន​ប្រជាពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ស្ទើរ​ពាក់​កណ្តាល​ប្រទេស​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដ៏ចម្រូង​ចម្រាស​ដោយ​តុលាការ​កំពូល​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​។

ជា​ការ​ឆ្លើយតប​សហរដ្ឋ​អាមេរិក​បាន​កាត់​ជំនួយ​ដែល​ត្រូវ​ផ្តល់​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​រួម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​ប្រឆាំង​នឹង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ហើយ​បាន​សន្យា​ថា​នឹង​មាន​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​។

លោក Rieser បាន​បន្ថែម​ថា​៖ «​ការ​តាក់តែង​ច្បាប់​នេះ​អាច​នឹង​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​ផ្សេងៗ​ទៀត ហើយ​លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​នឹង​មាន​ការ​ខិតខំ​ជា​អន្តរជាតិ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​បង្ក្រាប​លើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​កម្ពុជា​»​។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក Rieser មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា​តើ​នឹង​មាន​ការ​ដាក់​ទណ្ឌកម្ម​អ្វី​បន្ថែម​នោះ​ទេ​ហើយ​ក៏​មិន​បាន​បញ្ជាក់​ថា​នរណា​កំពុង​ធ្វើ​សេចក្តី​ព្រាង​ និង​គាំទ្រ​ដល់​ការ​ធ្វើ​ច្បាប់​នេះ​ដែរ​៕ NS