ភ្នំពេញៈ សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​កាលពី​ម្សិលមិញ​បាន​ទទួល​ស្គាល់​ថា​ទ្រង់​ពិត​ជា​បាន​ស្នើសុំ​ចិន​ឲ្យ​ជួយ​គណបក្ស​ទ្រង់​មែន ហើយ​ក៏​​បាន​ឆ្លើយតប​នឹង​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ​ចក្រីនុពល​ដែល​ព្រមាន​ប្ដឹង​រំលាយ​គណបក្ស​របស់​ទ្រង់​ថា​ជា​ «​សិទ្ធិ​របស់​គេ​» ​ខណៈ​ព្រះអង្គ​ថា ការ​សុំ​ជំនួយ​ពី​ចិន​ក៏​ជា​ «​សិទ្ធិ​» ​របស់​ព្រះអង្គ​ដូច​គ្នា ហើយ​ឲ្យ​ ឬ​មិន​ឲ្យ​ស្រេច​តែ​ចិន​។

ក្នុង​ជំនួប​ទ្វេភាគី​រវាង​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ និង​លោក វ៉ាង វៃគួង ប្រធាន​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សង្គម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ថ្ងៃ​ទី​ ២៥ ​ខែ​ធ្នូ​ឆ្នាំ​មុន​ទ្រង់​បាន​ស្នើ​ជំនួយ​ពី​ចិន​ដើម្បី​គាំទ្រ​គណបក្ស​ដែល​ព្រះអង្គ​ថា​ក្រីក្រ​ជា​អ្វី​ដែល​មជ្ឈដ្ឋាន​មួយ​ចំនួន​ថា​ផ្ទុយ​នឹង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​។

ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ចក្រីនុពល កាលពី​សប្ដាហ៍​មុន​ប្រកាស​ថា​ប្រសិន​បើ​ចិន​ពិត​ជា​ជួយ​ឧបត្ថម្ភ​តាម​សំណើ​របស់​សម្តេច​ក្រុមព្រះ​ពិត​មែន​នោះ​ទ្រង់​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​កំពូល​ដើម្បី​រំលាយ​គណបក្ស​នេះ​។

សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​បន្ទាប់ពី​ពិធី​សូត្រមន្ត និង​រាប់បាត្រ​ក្នុង​ព្រះបរមរាជវាំង​កាលពី​ព្រឹក​ម្សិលមិញ​ថា ពិត​ជា​បាន​ស្នើសុំ​ចិន​មែន ព្រោះ​បក្ស​ធ្លាក់​ខ្លួន​ក្រ​ជាង​គេ​។ ក៏​ប៉ុន្តែ​ព្រះអង្គ​​ថា ស្រេច​តែ​ចិន​គេ​ឲ្យ គេ​មិន​ឲ្យ​ស្រេច​តែ​គេ​។

ឆ្លើយតប​នឹង​ការ​ព្រមាន​ប្ដឹង​រំលាយ​បក្ស​ទ្រង់​នោះ​ព្រះអង្គ​តប​ថា​ជា​ «​សិទ្ធិ​របស់​គេ​»​។

ព្រះអង្គ​សង្កត់​ធ្ងន់​ថា​៖ «​អា​នេះ​ជា​សិទ្ធិ​របស់​ខ្មែរ​ម្នាក់ៗ ប៉ុន្តែ​ខ្ញុំ​ជម្រាប​ហើយ អម្បាញ់​មិញ​នេះ​ថា​ជា​សិទ្ធិ​របស់​ខ្ញុំ​ដែល​ជា​ប្រធាន​​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ក្រ​ជាង​គេ​នេះ សុំ​ចិន​ហើយ​បើ​ចិន​គេ​យល់​ថា ខ្ញុំ​ធ្វើ​នេះ​គឺ​វា​ផ្ទុយ​នឹង​និយាយ​ហើយ​និយាយ​ទៀត ច្បាប់​របស់​គេ​មាន​។ ទេ​ចិន​គេ​ឆ្លើយ​មក​វិញ​ថា​គេ​មិន​ឲ្យ​ទៅ វា​ចប់​គ្នា​ត្រឹម​ហ្នឹង​ហើយ​»​។

កាលពី​ថ្ងៃ​ ២៨ ធ្នូ កន្លង​ទៅ​​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ចក្រីនុពល​​ដែល​ជា​សែ​រាជវង្ស​មួយអង្គ​ផង​​ដែរ​បាន​ព្រមាន​ប្ដឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដោយ​យោង​លើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ត្រង់​​មាត្រា​ ២៩ ដែល​ហាម​មិន​ឲ្យ​ទទួល​វិភាគទាន ទោះ​តាម​រូបភាព​ណា​ក៏ដោយ​ពី​ស្ថាប័ន​បរទេស​ក្រុមហ៊ុន បរទេស ជនបរទេស​ ឬ​អង្គការ​ដែល​មាន​ប្រភព​ហិរញ្ញប្បទាន​ពី​បរទេស​។

ទន្ទឹម​នឹង​នេះ​ទ្រង់​ក៏​ព្រមាន​ឲ្យ​​មហាជន​ធ្វើ​បាតុកម្ម​នៅ​មុខ​​ស្ថានទូត​ចិន​ប្រចាំ​ភ្នំពេញ​ផង​ដែរ​។ ​ព្រះអង្គ​សរសេរ​បន្ថែម​ថា​៖ «​ចាំ​មើល​សិន (​ប្រសិន​បើ​!!!) ​ប្រទេស​ចិន​ពិត​ជា​ជួយ​ឧបត្ថម្ភ​តាម​សំណើ​របស់​សម្តេច​ក្រុម​​ព្រះ​ពិតមែន​នោះ ខ្ញុំ​នឹង​ដឹកនាំ​មហាជន​ធ្វើ​បាតុកម្ម មុខ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​​កម្ពុជា​។ ​ត្រូវ​ប្តឹង​ទៅ​តុលាការ​កំពូល​ដើម្បី​រំលាយ​គណបក្ស​នេះ​ដូច​គណបក្ស​នេះ​ធ្លាប់​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ តើ​ទៅ​រួច​ទេ បើ​ហ៊្វុនស៊ិនប៉ិច​ជា​ដៃគូ​របស់​...!!!»​។

គណបក្ស​ហ៊្វុនស៊ិនប៉ិច​កាលពី​ថ្ងៃ​ទី​ ២៧ ធ្នូ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ថា​គណបក្ស​​កុម្មុយនីស្ត​ចិន​ធ្លាប់​បាន​ផ្តល់​ជំនួយ​ជា​ម៉ាស៊ីន ជីក​អណ្ដូង​ម៉ាស៊ីន​បូម​ទឹក គ្រឿង​ម៉ាស៊ីន​កសិកម្ម និង​ឧបករណ៍​ផ្សេងៗ​ទៀត​តាមរយៈ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក្នុង​រាជរដ្ឋាភិបាល​ចម្រុះ​តែ​បាន​បដិសេធ​ចំពោះ​ការ​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​ចិន​។

លោក​ សុខ ឥសាន ​អ្នក​នាំ​ពាក្យ​​គណបក្ស​ប្រជាជន​ធ្លាប់​អះអាង​ថា ការ​អំពាវនាវ​របស់​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ក្នុង​ការ​សុំ​ជំនួយ​ពី​ប្រទេស​ចិន​គ្រាន់​តែ​ជា​ «​សកម្មភាព​ល្អ​» ដើម្បី​ពង្រឹង​ទំនាក់​ទំនង សាមគ្គីភាព មិត្តភាព មិនមែន​ដូច​អតីត​មេ​បក្សប្រឆាំង​ដែល​ជា​ផែនការ​បរទេស​ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ទេ​។

រីឯ​លោក​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ក៏​ធ្លាប់​អះអាង​ដែរ​ថា​នឹង​គ្មាន​ការ​ស៊ើប​អង្កេត​លើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែរ បើ​ទោះ​ជា​មាន​ការ​ទទូច​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​ដោយ​លើក​ឡើង​ថា​គ្មាន​ «​ភ័ស្តុតាង​»៕