Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សម្តេច​ឪ​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​នៅ​ប៉េកាំង

សម្តេច​ឪ​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​នៅ​ប៉េកាំង

120928_02b
សម្តេចឪ នៅក្នុងព្រះរាជពិធីចម្រើនព្រះជនព្រះអង្គ កន្លងមក

ភ្នំពេញៈ ព្រះ​អង្គ​ម្ចាស់​ ស៊ីសុវត្ថិ​ធម្មិកោ លេខា​ផ្ទាល់​របស់​ព្រះមហា​វីរក្សត្រ នរោត្តម​សីហនុ បាន​ឲ្យ​ដឹង​ថា សម្ដេច​ឪ​ ដែល​សព្វ​ថ្ងៃ គង់​ប្រថាប់​នៅ​ប្រទេស​ចិន ព្រះ​អង្គ​នឹង​មិន​យាង​ត្រឡប់​មក​កម្ពុជា​ ដើម្បី​ប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ព្រះអង្គ​នៅ ខែ​ក្រោយ​នេះ​ទេ ដោយ​សារ​ព្រះ​អង្គ​គ្រោង​នឹង​រៀបចំ​ពិធី​បុណ្យ​នេះ​នៅ​ទីក្រុង​ប៉េកាំង ។

ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន​សម្តេច​ឪ ក្នុង​ជន្មាយុ ៩០ ព្រះ​វស្សា យាង​ចូល​៩១ ព្រះ​វស្សា នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ​ខែ​ក្រោយ​នេះ​។ ព្រះ​អង្គ​ម្ចាស់​ ធម្មិកោ ដែល​ទើប​តែ​យាង​ត្រឡប់​មក​ពី​ប្រទេស​ចិន​វិញ បាន​មាន​បន្ទូល​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិល​មិញ​ថា ការ​ដែល​សម្តេច​ឪ មិន​យាង​ត្រឡប់​មក​ចូល​រួម​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម របស់​ព្រះ​អង្គ នៅ​កម្ពុជា ដោយ​សារ​ព្រះ​អង្គ មិន​សូវ​មាន​ព្រះ​កាយ​ពល​មាំ​ទាំ​។

ព្រះ​អង្គ​ម្ចាស់ ធម្មិកោ ទ្រង់​មាន​បន្ទូល​បញ្ជាក់​ថា៖«​សម្ដេច​ឪ​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ចម្រើន​ ព្រះ​ជន្ម​ នៅ​ទីក្រុង​ប៉េកាំង ដោយ​មាន​ព្រះ​រាជវង្សានុវង្ស​ចូល​រួម​ជួប​ជុំ​នៅ​ទី​នោះ។ តាម​ទម្លាប់ ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ចិន តែង​តែ​នាំ​យក​ផ្កា​ទៅ​ថ្វាយ​ដល់​ព្រះ​អង្គ​នៅ​ទីនោះ​»។

ព្រះ​អង្គ ម្ចាស់​ធម្មិកោ​ ទ្រង់​បាន​បន្ថែម​ថា សម្ដេច​ឪ​ នឹង​មិន​អញ្ជើញ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ ឲ្យ​ទៅ​ចូល​រួម​ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​របស់​ព្រះ​អង្គ​ទេ ពីព្រោះ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​របស់​ព្រះ​អង្គ​ នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​ជា​លក្ខណៈ​ក្រុម​ព្រះ​រាជ​វង្សានុវង្ស​តែ ប៉ុណ្ណោះ​។ ព្រះ​អង្គ​ម្ចាស់​ ធម្មិកោ ឲ្យ​ដឹង​ថា សម្តេច​ឪ មិន​មាន​បញ្ហា​សុខភាព​ទេ​ តែ​គ្រាន់​តែ​ព្រះ​អង្គ​ មាន​ការ​ ហត់​នឿយ​បន្ដិច​ប៉ុណ្ណោះ។

បើ​តាម​ព្រះ​អង្គ​ម្ចាស់​ធម្មិកោ​ កាល​ពី​ ៤-៥​ ឆ្នាំ​មុន​ នៅ​ពេល​សម្ដេច​ឪ​ មានព្រះ​កាយ​ពល​ហត់​នឿយ​ ព្រះអង្គ​ក៏​ប្រារព្ធ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម ព្រះ​អង្គ នៅ​ក្រុង​ប៉េកាំង​ដូច​គ្នា​នេះ​​ដែរ​៕ PN

0

Comments

Please, login or register to post a comment