Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សវនាការ​លើ​សកម្មជន​បរិស្ថាន​ធ្វើ​ឡើង​ដោយ​រឹតបន្តឹង

Content image - Phnom Penh Post
សកម្មជន​ជាប់​ឃុំ​ទាំង​ ៣ ​នាក់​មាន​​លោក ទ្រី សុវិគា លោក សាន់ ម៉ាឡា និង​លោក ស៊ីម សំណាង ត្រូវ​នាំឡើង​​តុលាការ​ខេត្ត​កោះកុង។

សវនាការ​លើ​សកម្មជន​បរិស្ថាន​ធ្វើ​ឡើង​ដោយ​រឹតបន្តឹង

ខេត្តកោះកុងៈ សាលា​ដំបូង​ខេត្ត​កោះកុង​កាល​ពី​ម្សិលមិញ​បាន​បើក​សវនាការ​ជំនុំជម្រះ​សំណុំ​រឿង​សកម្មជន​បរិស្ថាន​បី​រូប​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ដោយសារ​​តែ​បាន​​ចូលរួម​ធ្វើការ​តវ៉ា​​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់​កាលពី​ឆ្នាំ​ ២០១៥​។

សវនាការ​បិទ​ទ្វារ​នេះ​ត្រូវ​បាន​កងកម្លាំង​សមត្ថកិច្ច​ធ្វើការ​យាមកាម​ និង​រឹតបន្តឹង​យ៉ាង​ខ្លាំង​ដែល​សូម្បី​តែ​​ក្រុម​គ្រួសារ​ជន​ជាប់ចោទ​​​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​សវនាការ​ដែរ​ខណៈ​ដែល​​ប្រជាសហគមន៍​​ប្រមាណ​ជា ៨០ នាក់​បាន​​ឈរ​​តវ៉ា​ហាល​ភ្លៀង​នៅ​ខាង​ក្រៅ​តុលាការ។

ប្រជាសហគមន៍​​ទាំង​នេះ​មកពី​ជីខលើ ជីខក្រោម អារ៉ែង កោះ​ស្រឡៅ និង​​អណ្តូងទឹក។ ពួកគេ​បាន​នាំ​គ្នា​ឈរ​​លើក​បដា​កាន់​រូបថត​សកម្មជន​ទាំង​បី​នាក់ និង​មាន​កាន់​ទង់ជាតិ​ និង​ទង់​សាសនា​​នៅ​ហាល​​ភ្លៀង​ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ការ​​ចោទ​ប្រកាន់ និង​ដោះលែង​ពួកគេ​ដែល​គ្រាន់​តែ​ធ្វើការ​តវ៉ា​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ដើម្បី​ទុក​ជា​ប្រយោជន៍​សម្រាប់​សហគមន៍​ប៉ុណ្ណោះ​។

សកម្មជន​ជាប់​ឃុំ​ទាំង​ ៣ ​នាក់​មាន​​លោក ទ្រី សុវិគា លោក សាន់ ម៉ាឡា និង​លោក ស៊ីម សំណាង ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​សម្រេច​​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​តាំងពី​ខែ​សីហា​ឆ្នាំ​ ២០១៥ គឺ​មាន​រយៈពេល​ប្រមាណ​ ១០ ខែ​ហើយ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​គំរាម​​កំហែង​ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វី​មួយ​បន្ទាប់ពី​ពួកគេ​បាន​ធ្វើការ​តវ៉ា​ប្រឆាំង​ទៅ​នឹង​សកម្មភាព​បូម​ខ្សាច់​នៅ​ក្នុង​ស្រុក​កោះកុង និង​ស្រុក​បទុមសាគរ​។

សវនាការ​នោះ​មិន​ទាន់​មាន​លទ្ធផល​ទេ​។ នៅ​ពេល​ព្រឹក​តុលាការ​បាន​ធ្វើការ​សាកសួរ​ជន​ជាប់​ចោទ​ទាំង​ ៣ ​​នាក់​ទាក់ទង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នោះ។ ចំណែក​​នៅ​ពេល​រសៀល​បាន​ធ្វើការ​សាកសួរ​ភាគី​​ដើម​បណ្តឹង​ក្រុមហ៊ុន Direct Access ចំនួន ២ នាក់ និង​សាក្សី​ក្រុមហ៊ុន​ ៣ ​នាក់។

លោក​ចៅក្រម​ជំនុំជម្រះ មីន មករា បាន​សម្រេច​ប្រកាស​ផ្អាក​សវនាការ និង​បន្ត​នៅ​ម៉ោង ៨ ព្រឹក​ថ្ងៃ​អង្គារ​នេះ​ទៀត​បន្ទាប់ពី​មន្រ្តី​អនុរក្ស​ពន្ធនាគារ​ប្រាប់​ថា​ផុត​ម៉ោង​ដែល​មិន​អាច​អនុញ្ញាត​ឲ្យ​ជន​ត្រូវ​ចោទ​ទាំង ៣ នាក់​បន្ត​សវនាការ​បាន​ទៀត​នោះ​ទេ។

លោក​ មករា បដិសេធ​ធ្វើ​អត្ថាធិប្បាយ​។ ចំណែក​លោក​ ឈិន ឡុង អ្នក​​នាំ​ពាក្យ​តុលាការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ដោយសារ​សវនាការ​នៅ​បន្ត​ថ្ងៃ​អង្គារ​នេះ​ទៀត​ទើប​ថ្ងៃ​កំណត់​ប្រកាស​សាលក្រម​មិន​ទាន់​ត្រូវ​បាន​ធ្វើ​ឡើង​នោះ​ទេ​។

នៅ​មុន​ពេល​ផ្អាក​សវនាការ​កញ្ញា កែត ដាលីន ជា​ក្រឡា​បញ្ជី​បាន​ឡើង​អាន​ចម្លើយ​សាក្សី​ក្រុមហ៊ុន​ដោយ​ចោទ​ប្រកាន់​ថា​នៅ​ក្នុង​អំឡុង​ខែ​កក្កដា​ឆ្នាំ ២០១៥ ក្រុម​សហគមន៍ និង​សកម្មជន​បរិស្ថាន​បាន​នាំ​គ្នា​កាន់តែ​ច្រើន​ឡើងៗ​រហូត​ដល់​ទៅ​​ជាង​ ១០០ នាក់​បាន​ឡើង​ទៅ​លើ​សាឡាង​បូម​ខ្សាច់​ហើយ​ស្រែក​ឡូឡា «ដេញ​យួន​ខុស​ច្បាប់​មិន​ឲ្យ​នៅ» ហើយ​បើ​មិន​ចេញ​នោះ​ទេ​នឹង​ដុត​កំទេច​សាឡាង​ចោល​​ដោយ​​អះអាង​ថា​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​អាជ្ញាប័ណ្ណ។

ទោះ​យ៉ាង​ណា​អ្នក​ចូលរួម​បាតុកម្ម​គឺ​អ្នកស្រី​ ឆាយ វី អាយុ ៥៨ ឆ្នាំ​ដែល​ជា​សាក្សី​ឲ្យ​ជន​ជាប់ចោទ​បាន​បដិសេធ​ថា​វា​គឺជា​រឿង​អយុត្តិធម៌​ណាស់​ដែល​សកម្មជន​ទាំង​បី​នាក់​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​បែប​នេះ។

អ្នកស្រី​ថា​ មាន​សហគមន៍​មួយ​ចំនួន​បាន​ឡើង​ទៅ​លើ​សាឡា​បូមខ្សាច់​មែន​ហើយ​ត្រូវ​បាន​ស្រ្តី​ជនជាតិ​វៀតណាម​ដែល​ជា​ប្រពន្ធ​កម្មករ​បូម​ខ្សាច់​ជេរ​ពួកគេ​ថា «ខ្សាច់​ហ្នឹង​មិន​មែន​បស់​ម៉ែ​ហ្ហែង​ទេ​»​។

តាម​ឯកសារ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​បាន​ប្តឹង​ទាមទារ​សំណង​ចំនួន​ ១០ ម៉ឺន​ដុល្លារ​ និង​ផ្តន្ទាទោស​ជន​ជាប់ចោទ​តាម​ច្បាប់​។ មន្រ្តី​អាជ្ញាធរ​មួយ​ចំនួន​ក៏​បាន​ផ្តល់​ជា​ចម្លើយ​ដាក់​បន្ទុក​លើ​សកម្មជន​ទាំង​បី​នាក់​ផង​ដែរ។ ក្នុង​នោះ​រួម​មាន​​មន្រ្តី​នៅ​សាលា​ស្រុក​បទុមសាគរ និង​មន្រ្តី​រ៉ែ និង​​ថាមពល​ខេត្ត​កោះកុង​។

អ្នកស្រី សំ សំណាង​ អាយុ​ ៥៥ ឆ្នាំ​រួម​នឹង​ប្តី​ឈ្មោះ ឡាច ទ្រី អាយុ​ ៦១ ឆ្នាំ​ជា​ម្តាយ​ និង​ជា​ឪពុក​របស់​សកម្មជន​ ទ្រី សុវិគា បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​សៀមរាប​ដើម្បី​ចូលរួម​ស្តាប់​សវនាការ​នេះ​ប៉ុន្តែ​ពួកគាត់​បាន​សម្តែង​ការ​ខក​ចិត្ត​ខណៈ​ដែល​នគរបាល​បាន​ហាម​មិន​ឲ្យ​ចូល​ស្តាប់​សវនាការ​។

ម្តាយ​ សុវិគា ​​និយាយ​​ថា​ពួកគាត់​ចង់​ឃើញ​មុខ​កូន​ប្រុស​ដោយ​ផ្ទាល់​ និង​ចូលរួម​ស្តាប់​ពី​ដំណើរការ​សាវនាការ​នោះ​។ ប៉ុន្តែ​បាន​ត្រឹម​តែ​អង្គុយ និង​ឈរ​ហាល​ភ្លៀង​នៅ​ខាង​ក្រៅ​តុលាការ​​។ អ្នកស្រី​ សំណាង​ តែងតែ​ធ្វើ​ដំណើរ​មកពី​សៀមរាប​ទៅ​ខេត្ត​កោះកុង​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​ ១ ខែ​ដើម្បី​សួរ​សុខទុក្ខ​កូន និង​ផ្តល់​ជា​ថវិកា ឬ​ម្ហូប​ចំណី​ដល់​កូន​ប្រុស​ដែល​មួយ​លើកៗ​ចំណាយ​អស់​ជាង​ ៤០ ម៉ឺន​រៀល​។ ប៉ុន្តែ​ពួកគាត់​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​ជួប​កូន​តែ​ ១៥ នាទី​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ដង​​។ «ខ្ញុំ​ពិបាក​មហាសែន​ពិបាក​ហើយ​មិន​ដែល​ជួប​ប្រទះ​ទេ​។ ខំ​ដាំ​សណ្តែក​​លក់​ពេល​ខ្លះ​លក់​មាន់​លក់​ជ្រូក​ដើម្បី​យក​លុយ​មក​សួរ​សុខទុក្ខ​កូន​នៅ​ពន្ធនាគារ​»។ សុវិគា បាន​សម្រេច​​ឈប់​ធ្វើការ​ផ្នែក IT នៅ​ខេត្ត​សៀមរាប​ដែល​ទទួល​បាន​ប្រាក់​ខែ ៥០០ ដុល្លា​ក្នុង​មួយ​ខែ​កាលពី​ឆ្នាំ​ទៅ​ដើម្បី​ចូលរួម​ការពារ​បរិស្ថាន​ជាមួយ​នឹង​អង្គការ​មាតា​ធម្មជាតិ​។

អ្នកស្រី​ ផាវ ញើង ​អាយុ​ ៤០ ឆ្នាំ​មកពី​សហគមន៍​ជីខក្រោម​និយាយ​ខ្លាំងៗ​នៅ​មុខ​តុលាការ​ថា​ពលរដ្ឋ​ប្រមាណ​​ជា​ ៣០០ នាក់​បាន​ទៅ​តវ៉ា​បណ្តេញ​កប៉ាល់​បូមខ្សាច់​ប៉ុន្តែ​តុលាការ​បាន​ចាប់​ឃុំ​ខ្លួន​តែ​សកម្មជន​បី​នាក់​នោះ​។ «បូមខ្សាច់​ធ្វើ​ឲ្យ​ប្រេង​អណ្តែត​ពេញ​ផ្ទៃ​ទឹក​ រក​ត្រី​ ក្តាម​អី​មិន​បាន​ បាត់​ព្រៃ​កោងកាង​។ វា​មិន​យុត្តិធម៌​ទេ​។ អស់​ដី អស់​ព្រៃ អស់​ត្រី​សមុទ្រ​ហើយ​ជីវិត​រស់​នៅ​មាន​ន័យ​អី​ទៀត​?»៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ