Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សវនាការ​សំណុំ​រឿង​ ស៊ីឈ្នួល​ពពោះ​ជំនួស​ត្រូវ​បាន​លើក​ពេល

Content image - Phnom Penh Post
ស្ត្រី​ជាប់ចោទ​ក្នុង​សំណុំ​រឿង​ពពោះ​ជំនួស​នៅ​តុលាការ​ពី​ម្សិលមិញ​។ ផា លីណា

សវនាការ​សំណុំ​រឿង​ ស៊ីឈ្នួល​ពពោះ​ជំនួស​ត្រូវ​បាន​លើក​ពេល

ភ្នំពេញៈ សំណុំ​រឿង​ជួល​ស្ត្រី​ខ្មែរ​ពពោះ​ជំនួស​ដែល​មាន​ជន​ជាប់ចោទ​បី​នាក់​ត្រូវ​បាន​សាលាដំបូង​រាជធានី​ប្រកាស​លើក​ពេល​ដោយ​មិន​មាន​ពេល​កំណត់ បន្ទាប់ពី​ចាប់​ផ្តើម​កាត់ក្តី​បាន​ប្រមាណ ១៥ នាទី ក្រោម​ហេតុផល​អវត្តមាន​សាក្សី និង​ជនរងគ្រោះ​ព្រម​ទាំង​មេធាវី​ម្នាក់​ទៀត ខណៈ​រដ្ឋាភិបាល​កំពុង​ធ្វើការ​ពិភាក្សា​គ្នា​ដើម្បី​កុំ​ឲ្យ​កម្ពុជា​ក្លាយ​ជា​គោលដៅ​នៃ​ការ​ធ្វើ​អាជីវកម្ម​ពពោះ​ជំនួស​នេះ​។

ស្ត្រី Tammy Davis-Charles ជនជាតិ​អូស្ត្រាលី​ជា​ស្ថាបនិក​ភ្នាក់ងារ​ដែល​បង្កើត​របរ​ស៊ីឈ្នួល​ពពោះ​ជំនួស មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ Fertility Solutions PGD និង​ជនជាតិ​កម្ពុជា​ពីរ​នាក់​មាន​ស្ត្រី​ជា​គិលានុបដ្ឋាយិកា​ឈ្មោះ សំរិទ្ធ ចាន់ចរិយា និង​បុរស​ជា​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ឈ្មោះ ពេញ ឫទ្ធី ត្រូវ​បាន​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ចាប់​ខ្លួន​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១៦ និង​បាន​ចោទប្រកាន់​ពី​បទ​អន្តរការ​រវាង​អ្នក​សុំ​កូន​ និង​ស្ត្រី​ពពោះ​ និង​បទ​សុំ​ឲ្យ​ផ្តល់​ឯកសារ​ដោយ​ទុច្ចរិត​។

ទោះ​យ៉ាង​ណា​ស្ត្រី​ជាប់​ចោទ​ឈ្មោះ​ ចរិយា អះអាង​ថា​ខ្លួន​មិន​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ទេ​។

កាលពី​ម្សិលមិញ​សាលា​ដំបូង​រាជធានី​មាន​លោកស្រី​ចៅក្រម​ សោ លីណា បាន​បើក​សវនាការ​លើ​ករណី​នេះ​ដែល​មាន​វត្តមាន​មេធាវី​ចំនួន ៥ រូប​ការពារ​ឲ្យ​ជន​ជាប់ចោទ​បី​រូប​ខាង​លើ​។ ប៉ុន្តែ​អវត្តមាន​សាក្សី​ និង​ជនរងគ្រោះ​ព្រម​ទាំង​សមត្ថកិច្ច​។ ក្នុង​សវនាការ​តំណាង​ព្រះរាជអាជ្ញា​បាន​ស្នើសុំ​ដល់​ចៅក្រម​ឲ្យ​ពន្យារពេល​ដោយ​អះអាង​ថា​មិន​មាន​វត្តមាន​គ្រប់​ភាគី​។

ទោះ​យ៉ាង​ណា​មេធាវី​បី​រូប​ដែលមាន​វត្តមាន​របស់​លោកស្រី Tammy យល់​ថា​គួរ​តែ​បន្ត​ដោយសារ​មាន​ឯកសារ​ចម្លើយ​សាកសួរ​របស់​សាក្សី និង​ជនរងគ្រោះ​រួចរាល់​អស់​ហើយ​។ ក្រោយពី​ស្តាប់​យោបល់​ទាំង​ព្រះរាជអាជ្ញា និង​មេធាវី​លោកស្រី​ចៅក្រម​បាន​សម្រេច​ពន្យារពេល​សវនាការ​ដោយ​មិន​កំណត់​ថ្ងៃ​។

លោក ឈាង សោភ័ណ មេធាវី​ម្នាក់​ក្នុង​ចំណោម ៤ ​នាក់ និង​ស្ត្រី​ជាប់ចោទ Tammy បាន​ឲ្យ​ដឹង​ក្រោយ​សវនាការ​ថា​កូនក្តី​របស់​លោក​បាន​ជាប់ឃុំ ៦ ខែ​មក​ហើយ ហើយ​គាត់​ជាប់​ក្នុង​បទមជ្ឈិម​ប៉ុណ្ណោះ ដូច្នេះ​តុលាការ​មិន​គួរ​ពន្យារ​ពេល​នោះ​ទេ​។

លោក​មេធាវី​ថា​ តាម​ភ័ស្តុតាង និង​ចម្លើយ​របស់​ពួកគេ​អាច​សមល្មម​នឹង​តុលាការ​បន្ត​សវនាការ​បាន​ដើម្បី​ចៀសវាង​ការ​ឃុំ​ខ្លួន​លើស​កំណត់​។ «​វា​គ្រាន់​ជា​បទល្មើស​មជ្ឈិម អ៊ីចឹង​ការ​មិន​បន្ត​សវនាការ ប៉ះពាល់​សិទ្ធិ​កូនក្តី​ខ្ញុំ​ដែរ​»​។

ដោយ​ឡែក​ស្ត្រី​ជាតិ​អូស្ត្រាលី និង​បុរស​ឈ្មោះ ពេញ រិទ្ធិ បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​។ ចំណែក​ស្ត្រី​ជាប់​ចោទ ចាន់ចរិយា នៅ​មិន​អស់​ចិត្ត​នឹង​ការ​ដែល​ខ្លួន​មក​ជាប់គុក​ក្នុង​ករណី​នេះ​នោះ​ទេ​។ ចរិយា ​ដែល​មាន​កូន​តូច​កាត់​សាសន៍​អង់គ្លេស​អាយុ​ប្រមាណ ១០ ​ខែ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​មក​កាន់​តុលាការ ដើម្បី​ជួប​មុខ​ម្តាយ ប៉ុន្តែ​កូន​តូច​ដែល​បាន​បែក​ម្តាយ ៦ ​ខែ​មក​ហើយ​បាន​ស្រែក​យំ​ខ្លាំងៗ​នៅពេល​ដែល​ម្តាយ​លូក​ដៃ​បី​ត្រកង​ដោយ​ក្តី​នឹក​រឭក​យ៉ាង​ខ្លាំង​នោះ​។

ចរិយា ​និយាយ​ថា ​នាង​បែក​កូន​តាំងពី​អាយុ ៤ ​ខែ​នៅ​ពេល​គេ​ចាប់​ខ្លួន​នៅ​ខែ​វិច្ឆិកា​កន្លង​មក​។

នាង​និយាយ​ថា ​នាង​ជា​គិលានុបដ្ឋាយិកា​ធ្វើការ​នៅ​មន្ទីរពេទ្យ HOPE នៅ​ភ្នំពេញ​ និង​ធ្វើ​ការងារ​រក​កម្រៃ​ក្រៅ​ម៉ោង​ជាមួយ​លោកស្រី Tammy ដូច្នេះ​នាង​មិន​បាន​ដឹង​អ្វី​អំពី​ករណី​ស៊ីឈ្នួល​ពពោះ​នោះ​ទេ​ព្រោះ​នាង​ជា​អ្នក​ថែទាំ​អ្នក​ជំងឺ​ប៉ុណ្ណោះ​។ ចរិយា ​ថា​នាង​ចូល​ធ្វើការ​ឲ្យ​ជនបរទស​រូប​នេះ​នៅ​ខែ​តុលា ឆ្នាំ​ ២០១៥ រហូត​ដល់​ខែ​កក្កដា​ទើប​បាន​ឈប់​ពី​ការងារ​ក្រៅ​ម៉ោង​នេះ​ដោយសារ​ខ្លួន​កំពុង​មាន​ទម្ងន់ និង​ត្រៀម​សម្រាល​។ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​នាង​ទាំង​នៅ​សរសៃ​ខ្ចី​។

ទាក់ទង​នឹង​ករណី​ពពោះ​ជំនួស​រដ្ឋាភិបាល​បាន​សម្ដែង​ការ​ព្រួយបារម្ភ និង​បាន​បើក​កិច្ចប្រជុំ​ដើម្បី​ស្វែងរក​នីតិវិធី​ក្នុង​ការ​ទប់ស្កាត់​។ ក្នុង​នោះ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស កាលពី​ខែ​មេសា​បាន​ធ្វើការ​ពិភាក្សា​ជាមួយ​អន្តរក្រសួង​ដើម្បី​ពិភាក្សា​រៀបចំ​នីតិវិធី​សម្រាប់​ការ​អនុវត្ត​សេចក្តី​ជូន​ដំណឹង​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ចេញ​ថ្ងៃ​ ២៨ ខែ​មីនា​កន្លង​ទៅ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ជួល​ស្ត្រី​ខ្មែរ​ពពោះ​ជំនួស​ដើម្បី​យក​ទារក​ចេញ​ទៅ​ចិញ្ចឹម​នៅ​ក្រៅ​ប្រទេស​។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ មាន​ករណី​ម្តាយ​នាំ​យក​កូន​ដែល​បង្កើត​រួច​យក​ចេញ​តាម​ច្រក​ព្រំដែន​មាន​ ១៨​ ​ករណី​ដែល​អាជ្ញាធរ​កំពុង​តាមដាន​ធ្វើការ​។ ប្រការ​នេះ​ធ្វើ​ឲ្យ​មន្ត្រី​ពិបាក​ធ្វើការ​ស្រប​ពេល​រដ្ឋាភិបាល​កំពុង​ធ្វើ​ឲ្យ​មាន​ភាព​ស្រប​ច្បាប់​សម្រាប់​ទារក​ដែល​ត្រូវ​គេ​ពពោះ​ជំនួស​។ «​ពួកគេ​(​ជនបរទេស​) ​ត្រូវ​ធ្វើ​តាម​នីតិវិធី​តុលាការ ដែល​ផ្តល់​សិទ្ធិ​ថា​ជា​អាណាព្យាបាល បើ​មិន​អ៊ីចឹង​វា​អាច​ជា​ការ​ពង្រត់​កូន​ហ្នឹង​»៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ