ភ្នំពេញៈ សំណុំ​រឿង​អតីត​តំណាង​រាស្ត្រ ​២ រូប នៃ​​គណបក្ស​សង្គ្រោះ​ជាតិ ដែលរង​ការ​វាយដំដោយ​ក្រុម​អង្គរក្ស​នាយក​រដ្ឋមន្ត្រី បាន​ឈាន​ជិត​ដល់​រយៈពេល ២ ឆ្នាំ ទើប​សាលាឧទ្ធរណ៍ ប្រកា​ស​​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​សុក្រ​នេះ ប៉ុន្តែមេធាវី​ថា ​ពួកគេ​នឹង​មិន​ចូលរួម​នោះទេ ដោយសារកំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស។

អតីត​តំណាង​រាស្ត្រ​លោក គង់ សភា និង ញ៉យ​ ចំរើន​ ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស ត្រូវ​បាន​ជន​ជាប់ចោទ​ ៣ នាក់ ដែល​គេ​ស្គាល់​ថា​ ជា​ អង្គរក្ស​លោក​ ហ៊ុន សែន បាន​ប្រើ​ហិង្សា​រហូត​ដល់​របួស​ជាទម្ងន់​ នៅ​ច្រក​ខាង​ត្បូង​វិមាន​រដ្ឋ​សភា​ កាលពី​ខែ​កក្កដា ឆ្នាំ ២០១៥។

ជន​ដៃ​ដល់​ទាំង​បី ត្រូ​វ​បាន​ចាប់​ខ្លួន​ បញ្ជូន​ទៅ​ពន្ធនាគារ​​ដោយ​មាន​ឈ្មោះ ចាយ សារិទ្ធ ម៉ៅ ហឿន និង សុត​ វណ្ណី ដោយ​រងការ​ចោទ​ពីបទ «ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា» ។

ពួកគេ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា​ ២០១៦​ ​សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជន​ទាំង ៣​នាក់ ​ជាប់​ពន្ធនា​គារ ៤ ​ឆ្នាំ ប៉ុន្តែ​អនុវត្ត​ទោស​តែ​ ១ ​ឆ្នាំ និងបង្គាប់ឲ្យពួកគេទាំង៣នាក់ ​រួមគ្នាសងជំងឺចិត្តចំនួន ៤០​លាន​រៀល​ឲ្យ​ជន​រង​គ្រោះ។

ក្រោយ​ពី​បាន​នៅ​ក្រៅ​ឃុំ​ ជន​ជាប់​ចោទ​ទាំង​ ៣ នាក់ ដែល​សុទ្ធ​តែ​ជា​យោធា ថែម​ទាំង​ទទួល​បាន​ការដំឡើង​ឋានន្តរ​ស័ក្តិ​ទៀត​ផង​។

យោង​តាម​ដីកា​កោះ​ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក​ស្រី ​សា កញ្ញារិទ្ធ ព្រះ​រាជ​អាជ្ញា​សាលា​​ឧទ្ធរណ៍​ ដែល​ចុះ​ហត្ថ​លេខា​តាំង​ពី​ថ្ងៃ​ទី​៩​ ខែកុម្ភៈ ឆ្នាំ២០១៨ និងមេធាវី ​ទទួល​បាន​ម្សិលមិញ បាន​កោះ​ហៅ​លោក គង់ សភា និង​លោកញ៉យ ចំរើន អតីត​តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ទៅ​ចូលរួម​សវនាការ​ នា​សាលា​ឧទ្ធរណ៍​នៅម៉ោង៨ ព្រឹក ថ្ងៃ​សុក្រ​ ទី២៣ ខែមីនា​ លើ​បណ្ដឹង​ឧទ្ធរណ៍​របស់​ពួក​គេ​ប្រឆាំង​ជន​ជាប់​ចោទ​ទាំង ៣ រូប​ ។

ជនជាប់ចោទ សុត វណ្ណី (ឆ្វេង) និង​ ម៉ៅ ហឿន ពេល​នាំ​ពីពន្ធនាគារ មក​តុលាការរាជធានី​ភ្នំពេញ កាលពីខែ​មេសា ឆ្នាំ ២០១៦។ ពួកគេ ក្រោយ​មក​ត្រូវ​ដោះ​លែង​ ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ​។ផា លីណា

លោក ​កែត ឃី មេធាវីម្នាក់​ក្នុង​ចំណោម​មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​រង​គ្រោះ​ថ្លែង​ថា ​កូន​ក្ដី​របស់​លោក​នឹង​មិន​បង្ហាញ​ខ្លួន​សម្រាប់​សវនា​ការ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃសុក្រសប្ដាហ៍​នេះ​ទេ ដោយ​សារ​តែ​ពួក​គេ​កំពុង​បំពេញ​ភារកិច្ច​នៅ​ក្រៅ​ប្រទេស​ ហើយ​មេធាវី​នឹងការពារ​ក្ដី​ជំនួស តែ​លោក​ ហាក់​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ប្រើ​រយៈ​ពេល​យូរ​ក្នុង​ការ​លើក​សំណុំ​រឿង​នេះ​មក​ជំនុំ​ជម្រះ។

ទាក់ទងនឹង​សំណុំរឿងមួយ​នេះ ចំណាយ​ពេល​យូរ ក្នុង​ការ​ទទួល​ការ​កាត់​ក្តី​ លោក ជិន ម៉ាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែង​ថា ​ការ​យឺត​យ៉ាវ​នៃ​សំណុំ​រឿង​អាច​ដោយ​សារ​ «ភាព​ស្មុគ​ស្មាញ»​នៃ​សំណុំ​រឿង​ដែល​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ដើម្បី​សិក្សា​ ព្រម​ទាំង​ការ​កក​ស្ទះ​នៃ​សំណុំ​រឿង​ដោយ​សារ​តែ​សាលា​ឧទ្ធរណ៍​មាន​តែ​មួយ​កន្លែង​នៅ​ភ្នំពេញ​។

ទោះ​យ៉ាង​ណា ​លោក​បញ្ជាក់​ថា ៖«ចេតនា​របស់​ពួក​គាត់​មិន​មែន​ជា​ចេតនា​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ទេ​ គឺ​ជា​ចេតនា​ក្នុង​ការ​ចំណេញ​នយោបាយ​ច្រើន​ជាង​»៕