ភ្នំពេញៈ អ្នកស្រី ប៊ូ រចនា ភរិយា​លោក កែម ឡី បាន​ថ្លែង​អំណរគុណ​ដល់​សហគមន៍​ខ្មែរ នៅ​ប្រទេស​អូស្ត្រាលី ដែល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​អ្នកស្រី និង​កូនៗ​ទាំង​ ៥ ​នាក់​ឲ្យ​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​អូស្ត្រាលី​ ខណៈ​ដែល​លោក ហុង លីម តំណាងរាស្ត្រ​អូស្ត្រាលី ដើម​កំណើត​ខ្មែរ​ដែល​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​ជួយ​ដល់​ភរិយា​ និង​កូនៗ​របស់​អ្នក​វិភាគ​ល្បី​ឈ្មោះ​ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​រូប​នេះ​បាន​ប្តេជ្ញា​បន្ត​ស្វែងរក​យុត្តិធម៌​ឲ្យ​លោក​ កែម ឡី និង​ជួយ​គាំពារ​ឧបត្ថម្ភ​គ្រប់​បែប​យ៉ាង​ដល់​កូន​ទាំង ៥ ធ្វើ​យ៉ាង​ណា​ឲ្យ​ពួកគេ​បាន​រៀនសូត្រ​ពេញលេញ​នៅ​ក្នុង​ប្រទេស​ជឿនលឿន​មួយ​នេះ​។ នេះ​បើ​តាម​អ្នកស្រី រចនា និង​លោក លីម ដែល​បាន​និយាយ​នៅ​ក្នុង​វេទិកា​អ្នក​ស្តាប់​របស់​វិទ្យុ​អាស៊ីសេរី​កាលពី​យប់មិញ​។

ភរិយា និង​កូនៗ​ទាំង​ ៥ ​នាក់​របស់​អ្នកវិភាគ​នយោបាយ​ដ៏មាន​ប្រជាប្រិយភាព លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ នៅ​កណ្តាល​រាជធានី​ភ្នំពេញ​បាន​ទៅ​ដល់​ទីក្រុង​មែលប៊ន​ប្រទេស​អូស្ត្រាលី បន្ទាប់ពី​ចំណាយ​ពេល​ជាង​ ១ ​ឆ្នាំ​សំងំ​រស់នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ក្រោយ​អំពើ​ឃាតកម្ម លើ​លោក​ កែម ឡី ដែល​មជ្ឈដ្ឋាន​ជាច្រើន​ចាត់ទុក​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​។

ទោះ​យ៉ាង​ណា​ដំណើរ​ចាកចេញ​ពី​ប្រទេស​ថៃ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​របស់​ភរិយា និង​កូនៗ​ទាំង​ ៥ ​នាក់​របស់​លោក​ កែម ឡី នេះ​មិន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​នោះ​ឡើយ​ ដោយសារ​អាជ្ញាធរ​ថៃ​បាន​ធ្វើឲ្យ​មាន​ការ​រាំងស្ទះ​ជាច្រើន​ម៉ោង​នៅ​ព្រលាន​យន្តហោះ​ក្នុង​ក្រុង បាងកក នៅ​ក្នុង​ថ្ងៃ​ចេញ​ដំណើរ គឺ​នៅ​ថ្ងៃ​ទី​ ១៦ កុម្ភៈ​ដោយសារ​តែ​ថា កូនប្រុស​ពៅ កែម ឡី វីរៈបុត្រ កើត​នៅ​ក្នុង​ប្រទេស​ថៃ​មិន​មាន​លិខិត​ស្នាម​ត្រឹមត្រូវ និង​មូលហេតុ​ផ្សេង​ទៀត​ដែល​មិន​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​។

លោក ហុង លីម បាន​ថ្លែង​ថា​៖ «​ដល់​តារាង​កប៉ាល់​ហោះ អាជ្ញាធរ​ថៃ​អត់​ឲ្យ​ចេញ​ទេ ពីព្រោះ​វីរៈបុត្រ​កើត​នៅ​ប្រទេស​ថៃ​អត់​មាន​លិខិត​ស្នាម និង​បញ្ហា​ផ្សេង​ទៀត ដែល​យើង​បាន​សួរ​គេ តែ​គេ​អត់​ប្រាប់​ឲ្យ​យើង​ដឹង​ទេ​។ នៅ​ពេល​នោះ​លោក ភាព ដែល​ជា​តំណាង​ក្រុម​ការងារ​របស់​យើង​ដែល​ទៅ​ចាំ​អម​ដំណើរ​ពួកគេ បាន​តេ​មក​ខ្ញុំ​ថា ត្រូវ​ធ្វើ​ម៉េច​បើ​គេ​ឃាត់​មិន​ឲ្យ​ចេញ​អ៊ីចឹង​? ពេល​នោះ​ខ្ញុំ​ភ័យ​អើយ​ភ័យ ដែល​នៅ​ក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​មិន​ដែល​មាន​ការ​ភិតភ័យ​ខ្លាំង​ដូច្នេះ​ទេ​»​។

លោក​ លីម ថ្លែង​ថា​លោក​បាន​ប្រាប់​ក្រុម​ការងារ​របស់​លោក​ថា ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​អ្នកស្រី រចនា និង​កូន​ ៤ ​នាក់​ដែល​មាន​ឯកសារ​គ្រប់គ្រាន់​បាន​ចេញ​មក​មុន​សិន ចំណែក​ វីរៈបុត្រ ទុក​ឲ្យ​លោក​ ភាព នាំ​យក​ចេញ​ទៅ​តាម​ប្រទេស​ភូមា​នៅ​ពេល​ក្រោយ​។

ប៉ុន្តែ​ទោះ​យ៉ាង​ណា​លោក លីម បញ្ជាក់​ថា​៖ «​នៅ​ពេល​នោះ​ក៏​មាន​ការ​អន្តរាគមន៍​ភ្លាមៗ​ពី​ស្ថានទូត​អូស្ត្រាលី​នៅ​ទីក្រុង​បាងកក និង​អង្គការ​អន្តរជាតិ ហើយ​​ ២ ​ម៉ោង​ក្រោយ​មក​ក៏​គេ​អនុញ្ញាត​ឲ្យ​ម្តាយ​កូន​ទាំង ៥ នាក់​បាន​ចេញ​មក​កាន់​ប្រទេស​អូស្ត្រាលី ធ្វើឲ្យ​ពួកយើង​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​»​។

បើ​តាម​លោក​ លីម ការ​បាន​ចាកចេញ​របស់​ភរិយា និង​កូនៗ​លោក កែម ឡី នេះ​ក៏​មាន​ការ​ជួយ​ជ្រោមជ្រែង​យ៉ាង​ខ្លាំង​ផង​ដែរ​ពី​មេធាវី​អន្តរជាតិ​មួយ​ក្រុម​។

ក្រៅពី​ថ្លែង​អំណរគុណ​ដល់​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី និង​ថ្លែង​អំណរគុណ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នៅ​ក្នុង​ប្រទេស​ និង​នៅ​ក្រៅ​ប្រទេស​ដែល​តែងតែ​យក​ចិត្ត​ទុកដាក់​ឈឺឆ្អាល​ដល់​សុខទុក្ខ​អ្នកស្រី និង​កូនៗ​របស់​អ្នកស្រី អ្នកស្រី ប៊ូ រចនា ក៏​បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​លោក ជុន ច័ន្ទបុត្រ ដែល​ជា​អ្នក​សម្របសម្រួល​វេទិកា​អ្នក​ស្តាប់​របស់​វិទ្យុ​អាស៊ីសេរី​ផង​ដែរ​ថា ក្រុម​គណៈកម្មការ​បុណ្យសព​លោក កែម ឡី មាន​ព្រះតេជគុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង និង​លោក​ មឿន តុលា មិន​ដែល​បាន​ប៉ះពាល់​លុយ​បុណ្យសព​ប្តី​របស់​អ្នកស្រី​ដូច​មាន​ការ​ប្តឹង​ទៅ​តុលាការ ហើយ​តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​អ្នក​ទាំង​ ៣ ​នេះ​ទេ​។ «​គណៈកម្មការ​អត់​បាន​កាន់​លុយ​ទេ​...​តុលាការ​ខ្មែរ​សូម​ឈប់​ឲ្យ​គេ​ចាប់​អ្នក​គ្មាន​កំហុស​អ៊ីចឹង​ទៅ​...​ពួកគាត់​ (​គណៈកម្មការ​) ​អ្នក​ចាត់ចែង​លុយ​គ្រួសារ​ទាំង​ ២ ​ខាង​ប្តី​ខ្ញុំ និង​ខាង​ខ្ញុំ​ជា​អ្នក​កាន់​លុយ អត់​បាត់បង់ អត់​មាន​បញ្ហា​លុយ​ហ្នឹង​ទេ​»​។

លោក ហុង លីម ក៏​បាន​ថ្លែង​ផង​ដែរ​ថា​ពី​ពេល​នេះ​ទៅ​មុខ​រូបលោក ក្រុមការងារ និង​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​នឹង​ខិតខំ​ស្វែងរក​យុត្តិធម៌ ជូន​លោក កែម ឡី និង​ធ្វើ​យ៉ាងណា​ឲ្យ​កូន​ទាំង​ ៥ ​របស់​លោក​ កែម ឡី បាន​រៀនសូត្រ​ពេញលេញ​នៅ​ក្នុង​ប្រទេស​នេះ​។

លោក កែម ឡី អ្នក​វិភាគ​នយោបាយ​ដ៏ល្បីល្បាញ​ដែល​តែងតែ​និយាយ​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃ​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​កាលពី​ព្រឹក​ថ្ងៃ​ទី ១០ ខែ​កក្កដា ឆ្នាំ ២០១៦ នៅ​ស្តារម៉ាត ការ៉ាស់សាំង​បូកគោ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​លោក​បាន​ធ្វើការ​អត្ថាធិប្បាយ​តាម​វិទ្យុ​អាស៊ីសេរី​អំពី​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក Global Witness ដែល​រាយការណ៍​អំពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ជាមួយ​នឹង​ក្រុមហ៊ុន​ជាង ១០០ នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ក្រោយ​បញ្ចប់​ពិធី​បុណ្យសព​ស្វាមី​របស់​ខ្លួន​ដែល​មាន​អ្នក​ចូលរួម​កាន់​ទុក្ខ​រាប់សែន​នាក់​នោះ អ្នកស្រី ប៊ូ រចនា ដែល​នៅ​ពេល​នោះ​កំពុង​មាន​ផ្ទៃពោះ​កូន​ទី ៥ និង​កូនៗ ៤ នាក់​បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ថៃ ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​ ៣ ដោយសារ​តែ​ការ​រស់នៅ​ក្នុង​ប្រទេស​មាន​ការ​ព្រួយបារម្ភ​ពី​បញ្ហា​សុវត្ថិភាព​។ នៅ​ក្នុង​ខែ​តុលា​ក្នុង​ឆ្នាំ​ដដែល​នោះ​អ្នកស្រី​បាន​សម្រាល​កូន​ទី ៥ ហើយ​បាន​ដាក់​ឈ្មោះ​ថា «​កែមឡី វីរៈបុត្រ​»​។

លោក នឿន ចាន់នី ជា​ស្វាមី​របស់​អ្នកស្រី ប៊ូ ម៉ូលីកា ដែល​ជា​បងស្រី​បង្កើត​របស់​អ្នកស្រី ប៊ូ រចនា ​ថ្លែង​ថា​សាច់ញាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​បាន​ដឹង​ទាល់​តែ​សោះ​អំពី​ដំណើរ​របស់​ភរិយា​លោក កែម ឡី ទៅ​ដល់​អូស្ត្រាលី រហូត​ដល់​មាន​ការ​ផ្សព្វផ្សាយ​របស់​ព័ត៌មាន​។

លោក ចាន់នី ថ្លែង​ថា​៖ «​ពី​ដំបូង​ក្រុម​គ្រួសារ​មិន​បាន​ជឿ​ទេ​ថា វា​ជា​ការពិត តែ​ទោះ​ជា​យ៉ាង​ណា គឺ​រូបខ្ញុំ​ផ្ទាល់ រួមទាំង​គ្រួសារ​ទាំង​មូល​មាន​ក្តី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​។ ទន្ទឹម​នឹង​ការ​ត្រេកអរ ពួកយើង​ក៏​មាន​ការ​សោកស្តាយ ដែល​ពួកយើង​មិន​បាន​ដឹង​មុន​ថា គាត់​បាន​ចាកចេញ​ទៅ​អូស្ត្រាលី ព្រោះ​យើង​បាន​និយាយ​គ្នា​រួច​ហើយ​ថា ឪពុកម្តាយ​គាត់ និង​បងប្អូន​ផ្សេងៗ​ទៀត ត្រៀម​ខ្លួន​ទៅ​ជូន​ដំណើរ​គាត់​នៅ​ប្រទេស​ថៃ​»​។

ខណៈ​ក្រុម​គ្រួសារ​របស់​លោក កែម ឡី ក្នុង​ប្រទេស​កម្ពុជា​បាន​សម្ដែង​ការ​អបអរ​ពី​ដំណឹង​នេះ ឥស្សរជន​របស់​អតីត​គណបក្ស​ប្រឆាំង​ដែល​កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​ថៃ​បាន​សម្ដែង​សុទិដ្ឋិនិយម និង​ក្ដីសង្ឃឹម សម្រាប់​អនាគត​របស់​ពួកគេ​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​នៅ​ប្រទេស​ទី​ ៣​។

លោក ម៉ែន វិបុល អតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង ក្នុង​ចំណោម​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​ជាច្រើន​រូប​ទៀត​ដែល​កំពុង​សុំ​សិទ្ធិ​ជ្រកកោន​ក្នុង​ប្រទេស​ថៃ​ថ្លែង​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា វា​ជា​ជំហាន​វិជ្ជមាន​មួយ សម្រាប់​ពួកលោក ហើយ​លោក​សង្ឃឹម​ថា​អង្គការ​សហប្រជាជាតិ​នឹង​ជួយ​ជំរុញ​រឿង​នេះ​ឲ្យ​បាន​ឆាប់​រហ័ស​។ «​វា​ផ្តល់​ក្ដីសង្ឃឹម​ដល់​ជន​ដែល​សុំ​សិទ្ធិ​ជ្រកកោន​កុំ​ឲ្យ​គ្នា​នៅ​រងា មាន​ការ​លំបាក ដូច​ដឹង​ស្រាប់​ហើយ​នៅ​ទឹកដី​គេ មិន​ដូច​ទឹកដី​របស់​យើង​ទេ​...»​។

លោក​បណ្ឌិត មាស នី អ្នកវិភាគ​នយោបាយ​ថ្លែង​ថា​ការ​បាន​ទៅ​តាំង​លំនៅ ក្នុង​ប្រទេស​អូស្ត្រាលី​របស់​ក្រុម​គ្រួសារ​លោក ឡី កាន់​តែ​បង្ហាញ​ថា អូស្ត្រាលី ទទួល​ស្គាល់​ថា​កម្ពុជា​ពិតជា​មាន​បញ្ហា​នយោបាយ និង​សិទ្ធិ​មនុស្ស​។ «​ខ្ញុំ​ពិតជា​កោត​សរសើរ និង​គាំទ្រ​ចំពោះ​ការ​ឆ្លើយតប​បែប​នេះ និង​ការ​គាំទ្រ​ពី​សហគមន៍​ខ្មែរ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​។ ពួកគេ​ធ្វើការ​យ៉ាង​លំបាក​ដើម្បី​សម្រេច​បាន​នូវ​រឿង​នេះ​»៕