ភ្នំពេញៈ បួន​ឆ្នាំ​ក្រោយ​ពី​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ដោយ​ហិង្សា​ទៅ​លើ​កម្មករ​កាត់ដេរ​ដែល​ធ្វើការ​តវ៉ា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៥ ​នាក់ និង​របួស​ជាច្រើន​នាក់​មក​នោះ​កាលពី​ម្សិលមិញ​សហជីព​ឯករាជ្យ​ និង​កម្មករ​ហាក់​មិន​មាន​សកម្មភាព​អ្វី​ដើម្បី​រំឭក​អំពី​ព្រឹត្តិការណ៍​តវ៉ា​សុំ​ដំឡើង​ប្រាក់ខែ​កាលពី​ឆ្នាំ ២០១៤ ដែល​ត្រូវ​បាន​បង្ក្រាប​ដោយ​ហិង្សា​នោះ​ទេ ដោយ​ពួកគេ​បាន​និយាយ​ថា​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​គឺជា​ការ​រារាំង​ដ៏ចម្បង​មួយ​។

កាលពី​ឆ្នាំ​ ២០១៣ កម្មករ​រោងចក្រ​កាត់ដេរ​រាប់ពាន់​នាក់​បាន​នាំ​គ្នា​ដើរ​ដង្ហែ​តាម​ដងផ្លូវ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ទាមទារ​សុំ​ដំឡើង​ប្រាក់ឈ្នួល​គឺ​មិន​យូរ​ប៉ុន្មាន បន្ទាប់ពី​គណបក្ស​ប្រឆាំង​បាន​ប្រមូលផ្តុំ​ធ្វើការ​តវ៉ា​នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៣​។ នៅ​ទីបំផុត​ការ​តវ៉ា​នោះ​បាន​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​យ៉ាង​ហិង្សា​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ពី​កង​យោធា និង​កម្លាំង​ប៉ូលិស​នៅ​លើ​ផ្លូវ​វេងស្រេង​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​ ៣ និង​ទី​ ៤ ខែ​មករា​ឆ្នាំ ២០១៤​។

មន្ត្រី​សន្តិសុខ​ក៏​បាន​ចូល​ទៅ​វាយ​បំបែក​បាតុកម្ម​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅឯ​ទីលាន​ប្រជាធិបតេយ្យ​ផង​ដែរ ដែល​បាន​បង្ខំ​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ ឲ្យ​ចាកចេញ​ពី​ទីតាំង​នោះ​។ ​ចាប់​តាំងពី​ពេល​នោះ​មក​សហជីព​បាន​រៀបចំ​ព្រឹត្តិការណ៍​នោះ​ជា​រៀងរាល់​ឆ្នាំ​ដោយ​មាន​ពិធី​រំឭក​ខួប​នៃ​ការ​បង្ក្រាប​ដ៏ហិង្សា​នោះ​។

ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​កាលពី​ម្សិលមិញ​សហជីព​បាន​លើក​ឡើង​ថា​ការ​បង្ក្រាប​នយោបាយ​នាពេល​បច្ចុប្បន្ន​គឺ​សំដៅ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​វា​បាន​ធ្វើឱ្យ​ពួកគេ​ពិបាក​ក្នុង​ការ​រៀបចំ​កម្មករ​សម្រាប់​ប្រារព្ធ​ពិធី​នេះ​។

លោក វន់ ពៅ ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (IDEA) ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ ២៣ ​នាក់​ដែល​ត្រូវ​បាន​ក្រុម​ទាហាន​វាយដំ​បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់​នៅ​មុខ​រោងចក្រ​កាត់ដេរ​យ៉ាកជីង ហើយ​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​ «​បង្ក​ហិង្សា​ដោយ​ចេតនា​» ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​ដោះលែង​ដោយ​ការ​ព្យួរទោស​។

កាលពី​ឆ្នាំ​មុន​លោក​ ពៅ គឺជា​សហជីព​តែ​មួយ​គត់​ដែល​បាន​ធ្វើ​ពិធី​រំឭក​ដល់​ព្រឹត្តិការណ៍​តវ៉ា​នៅ​ផ្លូវ​វេងស្រេង​នៅឯ​អង្គការ Solidarity House ជាមួយ​ក្រុម​កម្មករ​ដោយ​បាន​ដាក់​រូបភាព​នៃ​បាតុកម្ម​តវ៉ា​នោះ​នឹង​បាន​រៀបចំ​ពិធី​តាម​បែប​សាសនា​ហើយ​មេដឹកនាំ​សហជីព​ខ្លួន​លោក​ផ្ទាល់​បាន​បង្ហាញ​សម្លៀកបំពាក់​ប្រឡាក់​ឈាម​ដែល​បាន​ពាក់​នៅ​ថ្ងៃ​នោះ​។

ប៉ុន្តែ​ទោះបី​យ៉ាង​ណា​ក៏ដោយ​ដោយ​សារភាព​តានតឹង​ផ្នែក​នយោបាយ​ដែល​កំពុង​ឡើង​ «​កម្តៅ​» ​លោក​ថ្លែង​ថា​គ្មាន​មធ្យោបាយ​ណា​ដែល​លោក​ប្រថុយ​រៀបចំ​ពិធី​ដើម្បី​រំឭក​ដល់​បាតុកម្ម​តវ៉ា​ដែល​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា​នោះ​ទេ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ​សហជីព​ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងអស់​មិន​ចង់​ធ្វើការ​ប្រមូល​ផ្តុំ​នៅ​ទីធ្លា​សាធារណៈ​ណា​មួយ​នោះ​ទេ​ដោយសារ​តែ​ពួកគេ​មាន​ការ​ព្រួយបារម្ភ​ច្រើន​អំពី​សន្តិសុខ​របស់​ពួកយើង​»​។

ជា​ការពិត​វា​ជា​ផ្នែក​មួយ​នៃ​ការ​យល់​ឃើញ​របស់​រដ្ឋាភិបាល​ដែល​ថា​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​បង្កើត​ «​បដិវត្តន៍​ពណ៌​» ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​។

រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ និង​ចង្អុល​បង្ហាញ​ដោយ​ផ្ទាល់​ថា​ការ​តវ៉ា​នៅ​ផ្លូវ​វេងស្រេង​ភ្ជាប់​ទៅ​នឹង​ផែនការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​ចោទប្រកាន់​។

លោក​ ពៅ ​បាន​ទទួល​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​ពី​ការ​វាយដំ​ជា​អ្វី​ដែល​លោក​បាន​បន្ត​ព្យាបាល​ចាប់​តាំងពី​ពេល​នោះ​មក​។

លោក​ ពៅ ​ថ្លែង​ថា​៖ «​បន្ទាប់ពី​ខ្ញុំ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ សុខភាព​របស់​ខ្ញុំ​ចុះ​ខ្សោយ​ដោយសារ​តែ​ការ​វាយដំ​ពី​សំណាក់​ក្រុម​ទាហាន​ឆត្រយោង​នៅ​កងពលតូច​លេខ ៩១១​។ ឥឡូវ​នេះ​ខ្ញុំ​ត្រូវ​ទៅ​មន្ទីរពេទ្យ​រៀងរាល់​ ២ ​ខែ​ម្តង​ដើម្បី​ព្យាបាល​។ ខ្ញុំ​បាន​រងគ្រោះ​ជាច្រើន​ពី​ការ​ចាប់​ខ្លួន​នោះ​»​។

ជនរងគ្រោះ​ម្នាក់​ទៀត​ពី​ការ​វាយដំ​នោះ​គឺ​លោក ថេង សាវឿន ក៏​ត្រូវ​បាន​ផ្តន្ទាទោស​ស្រដៀង​គ្នា​ដូច​លោក​ពៅ​ដែរ​។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​រូប​នេះ​មិន​មាន​ឈ្មោះ​នៅ​ក្នុង​សំណុំ​រឿង​ការ​កាត់ក្តី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ប៉ុន្តែ​លោក​មាន​ឈ្មោះ​ថា​បាន​ប៉ុនប៉ង​ចាប់ផ្តើម​បដិវត្តន៍​ពណ៌ បើ​យោង​តាម​ឯកសារ​លេចធ្លាយ​របស់​ប៉ូលិស​ដែល​និយាយ​អំពី​អ្វី​ដែល​គេ​ហៅថា​ «​បដិវត្តន៍​ពណ៌​» ​នោះ​។

លោក​ សាវឿន បាន​ថ្លែង​ថា​ការ​ភ្ជាប់​មេដឹកនាំ​សហជីព​ទៅ​នឹង​រឿងក្តី​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​ធ្វើ​ឱ្យ​ពួកគេ​ជួប​ការ​លំបាក​។

លោក​បន្ថែម​ថា ក្នុង​ស្ថានភាព​បច្ចុប្បន្ន ការ​រិះគន់​អំពី​ការ​បង្ក្រាប​គឺ​គេ​គិត​ថា​ហាក់​ដូចជា​ការ​គាំទ្រ​បដិវត្តន៍​ពណ៌​។ លោក​បញ្ជាក់​ថា​៖ «​យើង​មិន​បាន​រៀបចំ​ឲ្យ​មាន​ការ​ជួបជុំ​ណា​មួយ​ទេ​ពីព្រោះ​រដ្ឋាភិបាល​អះអាង​ថា​យើង​បាន​ធ្វើ​ចលនា​បដិវត្តន៍​ពណ៌​។ ដូច្នេះ​ហើយ​យើង​ខ្លាច​ថា​រដ្ឋាភិបាល​នឹង​ចាត់​​វិធានការ​ប្រឆាំង​ពួកយើង​»​។

លោកស្រី អ៊ូទេព ផល្លីន ដែល​ទើប​ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា​បាន​ថ្លែង​ថា​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​អំពី​ព្រឹត្តិការណ៍​ផ្លូវ​វេងស្រេង​ម្តង​ហើយ​ម្តង​ទៀត​ហាក់​ជា​ការ​ផ្ញើសារ​ដ៏ខ្លាំងក្លា​មួយ​ទៅ​កាន់​សហជីព​។

លោកស្រី​ថ្លែង​ថា​៖ «​បញ្ហា​គឺ​យើង​មិន​ចង់​ឃើញ​ការ​បង្ក្រាប​ ឬ​អំពើ​ហិង្សា​ណា​ទៀត​ទៅ​លើ​ប្រជាពលរដ្ឋ​នោះ​ទេ​»​។

លោកស្រី​បាន​លើក​ឡើង​ថា ទោះបី​ជា​មិន​មាន​ការ​រៀបចំ​ពិធី​អ្វី​ដើម្បី​រំឭក​ដល់​ឱកាស​នោះ​ក្តី ប៉ុន្តែ​កម្មករ​បាន​ដឹង​យ៉ាង​ច្បាស់​អំពី​ព្រឹត្តិការណ៍​កាលពី​ខែ​មករា​ឆ្នាំ ២០១៤ ហើយ​ថា​ផលប្រយោជន៍​ដែល​ពួកគេ​ទទួល​បាន​នាពេល​នេះ​គឺ​ដោយសារ​តែ​បាតុកម្ម​តវ៉ា​នៅ​ផ្លូវ​វេងស្រេង​។

លោកស្រី​បន្ថែម​ថា​៖ «​ទោះបី​ជា​ពួកគេ​មិន​ហែ​ក្បួន​ ឬ​មិន​ចេញ​សកម្មភាព​ណា​មួយ​នៅ​ថ្ងៃ​​នេះ ប៉ុន្តែ​ពួកគេ​ក៏​នៅ​តែ​ចងចាំ​ដែរ​»៕ NS