ក្រចេះ: មន្ត្រីនគរបាលស្រុកឆ្លូង ខេត្តក្រចេះ បានអះអាងកាលពីម្សិលមិញថា សាកសពយុវសិស្ស ២ នាក់ត្រូវបានរកឃើញអណ្ដែតនៅលើផ្ទៃទឹក ក្រោយពីមានឧបទ្ទវហេតុលិចទូកក្នុងទន្លេមេគង្គកាលពីចុងសប្ដាហ៍កន្លងមកនេះ។
លោក ឆុង តូរ៉ាន់ អធិការស្រុកឆ្លូងបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា យុវសិស្សដែលបាត់ខ្លួនទាំង ២ នោះរួមមានឈ្មោះ រឿន សុធារិទ្ធ ភេទប្រុស អាយុ ១៧ ឆ្នាំ និងម្នាក់ទៀតឈ្មោះ វ៉ាន់ ពុទ្ធនិរន្ទ៍ ភេទប្រុស អាយុ ១៨ ឆ្នាំ។ ពួកគេជាកូនប្រជាកសិករនៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ហើយរៀននៅវិទ្យាល័យសិលាវេទីគាតឈន់។
លោក តូរ៉ាន់ ថ្លែងថា ក្រោយពីមុជទឹក និងតាមរុករកអស់រយៈពេល ៣ ថ្ងៃរួចមកនៅព្រឹកថ្ងៃចន្ទវេលាម៉ោង ៩:៣០ នាទីក្រុមសមត្ថកិច្ចបានប្រទះឃើញសាកសពរបស់ពួកគេផុសអណ្ដែតឡើងលើផ្ទៃទឹកទន្លេមេគង្គនៅ ២ កន្លែងផ្សេងគ្នា ក្នុងនោះសពរបស់យុវសិស្សឈ្មោះ រឿន សុធារិទ្ធ ត្រូវបានប្រទះឃើញអណ្ដែតលើផ្ទៃទឹកក្នុងចម្ងាយប្រមាណមួយគីឡូម៉ែត្រពីកន្លែងកើតហេតុ ខណៈសពរបស់យុវសិស្សឈ្មោះ វ៉ាន់ ពុទ្ធនិរន្ទ៍ ត្រូវបានប្រទះឃើញអណ្ដែតឡើងនៅឃុំជំនីក ស្រុកក្រូចឆ្មារ ដែលមានចម្ងាយប្រមាណ ១០ គីឡូម៉ែត្រពីកន្លែងកើតហេតុ។
លោកបានបន្តថា នៅពេលនេះសពរបស់ពួកគេទាំង ២ ត្រូវបានប្រគល់ជូនក្រុមគ្រួសាររបស់ពួកគេ ដើម្បីនាំទៅរៀបចំពិធីបុណ្យតាមប្រពៃណី។
កាលពីថ្ងៃសៅរ៍ មានករណីលិចទូកមួយក្នុងទន្លេមេគង្គក្រោយចេញដំណើរបានប្រមាណជាង ១០០ ម៉ែត្រពីមាត់កំពង់ ដែលមានទីតាំងស្ថិតនៅចំណុចមុខវត្តហាន់ជ័យ ក្នុងភូមិហាន់ជ័យទី ២ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ៕