Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សារ​នយោបាយ​ថ្មី​របស់​សង្គ្រោះ​ជាតិ​ ប្តូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ

Content image - Phnom Penh Post
(ពី​ឆ្វេង​ទៅ​ស្ដាំ) លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​, លោក ប៉ុល ហំម លោកស្រី​ មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​​។ ផា លីណា

សារ​នយោបាយ​ថ្មី​របស់​សង្គ្រោះ​ជាតិ​ ប្តូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ

ភ្នំពេញៈ បន្ទាប់ពី​​បាន​ជ្រើសរើស​មេដឹកនាំ​​ថ្មី​​គណបក្ស​​ប្រឆាំង​បាន​ប្រកាស​ជា​សាធារណៈ​​នូវ​សារនយោបាយ​ថ្មី​​របស់​ខ្លួន​ដែល​ថា​នឹង​ទម្លាក់​ប្រាក់​ចំនួន ៥០ ម៉ឺន​​ដុល្លារ​ទៅ​ឃុំ​ សង្កាត់​នីមួយៗ​ក្នុង​មួយ​ឆ្នាំ​ដើម្បី​​​ធ្វើការ​អភិវឌ្ឍ​ថ្នាក់​មូលដ្ឋាន​​ និង​ដាក់​នូវ​ពាក្យ​ស្លោក​ថា​ «ប្តូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ» នៅ​ពេល​គណបក្ស​​បាន​ឈ្នះ​ឆ្នោត​ឡើង​គ្រប់គ្រង​ប្រទេស​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​។

លោក កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ​ត្រូវ​បាន​បោះឆ្នោត​​ឲ្យ​ធ្វើ​ជា​​ប្រធាន​​គណបក្ស​​​ជា​ផ្លូវការ​ជំនួស​​​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​នេះ​ដែល​បាន​លាលែង​ពី​តំណែង ​​ខណៈ​​មេដឹកនាំ​បី​​រូប​ទៀត​រួមមាន លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និង​​លោក អេង ឆៃអ៊ាង ក៏​ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ធ្វើ​ជា​អនុប្រធាន​​គណបក្ស​​​នេះ​នៅក្នុង​សមាជ​កាលពី​ម្សិលមិញ​ផង​ដែរ​​។ ​

នៅ​ក្នុង​សមាជ​ដែល​ធ្វើ​ឡើង​នៅ​​​​ទីស្នាក់ការ​​គណបក្ស​សង្គ្រោះ​ជាតិ​​​ក្នុង​សង្កាត់​ចាក់អង្រែ​លើ​ ខណ្ឌ​មានជ័យ គណបក្ស​នេះ​​​បាន​​ដាក់​ចេញ​​​នូវ​កម្មវិធី​នយោបាយ​​ថ្មី​អាទិភាព​​ចំនួន ៥ ចំណុច​​រួម​មាន​ប្តូរ​មេឃុំ​​​បម្រើ​បក្ស​​ ដាក់​មេឃុំ​បម្រើ​រាស្ត្រ ពង្រឹង​សិទ្ធិ​អំណាច​របស់​ប្រជាពលរដ្ឋ​លើក​កម្ពស់​ការ​អភិវឌ្ឍ​ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​សេវា​សាធារណៈ សន្តិសុខ ​និង​វិមជ្ឈការ​។​

គណបក្ស​នេះ​​បញ្ជាក់​ថា​ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​​ឈ្នះ​ឆ្នោត​រដ្ឋាភិបាល​​ថ្មី​​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្តល់​សិទ្ធិ​អំណាច​​​ឲ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ធ្វើការ​សម្រេច​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​ឃុំ​​ សង្កាត់​​​ដោយ​ការ​ផ្តល់​​ថវិកា​​ចំនួន ៥០ ម៉ឺន​ដុល្លារ​សម្រាប់​ឃុំ​ សង្កាត់​នីមួយៗ​ក្នុង​មួយ​ឆ្នាំ​ ​និង​សេវា​សាធារណៈ​ផង​ដែរ​។​

គណបក្ស​ប្រឆាំង​បាន​បញ្ជាក់​​ទៀត​ថា​ នឹង​​ផ្តល់​ការ​អប់រំ​ កិច្ចការ​សង្គម ប្រព័ន្ធ​ទឹកស្អាត ផ្លូវ​ថ្នល់​ក្នុង​ឃុំ​ សង្កាត់​ និង​​ផ្តល់​អ្នក​ជំនាញ​​បច្ចេកទេស​កសិកម្ម​ និង​សុខាភិបាល​។ ​ពង្រឹង​ប្រសិទ្ធភាព​សន្តិសុខ និង​​លើក​​តម្កើង​​ការងារ​នគរបាល​សម្រាប់​ឃុំ​ សង្កាត់​​ឲ្យ​មាន​សុវត្ថិភាព​មិន​មាន​គ្រឿងញៀន​​ និង​គ្មាន​ហិង្សា​។ ​ផ្តល់​លិខិត​ផ្សេងៗ​ដោយ​មិន​រើសអើង​​មាន​របៀប​ទាន់​ពេល​ ​និង​បង្កើត​ថវិកា​​ដើម្បី​ជួយ​ជនរងគ្រោះ​។

គណបក្ស​ប្រឆាំង​ក៏​បាន​​បញ្ជាក់​ផង​ដែរ​ថា​ នឹង​ការពារ​ដី​​ស្រប​ច្បាប់​​របស់​ប្រជាពលរដ្ឋ​ និង​​ហាម​ឃាត់​មេ​ឃុំ​ មិន​ឲ្យ​​ចុះ​ហត្ថលេខា​​លើ​ការ​វិនិយោគ​​ ឬ​​សម្បទាន​ណា​ដែល​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​ជាតិ​​ និង​ប្រជាពលរដ្ឋ​ឡើយ​​​។ ​ផ្តល់​ការ​ប្រឹក្សា​យោបល់​ និង​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​​​ពាក់ព័ន្ធ​នឹង​កម្ចី​​ និង​​ទីផ្សារ​ផលិតផល​​កសិកម្ម​។ អភិវឌ្ឍ​ការ​វិនិយោគ​​ដោយ​ផ្តល់​​អត្ថប្រយោជន៍​​អាទិភាព​សម្រាប់​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ សង្កាត់​។ ​ពាក់ព័ន្ធ​នឹង​ការ​ពង្រឹង​សិទ្ធិ​​អំណាច​​របស់​ប្រជាពលរដ្ឋ​រដ្ឋាភិបាល​ថ្មី​នឹង​ផ្តល់​ឱកាស​​លើក​ទឹកចិត្ត​ប្រជាពលរដ្ឋ​​​​ឲ្យ​បង្កើត​សហគមន៍​​ផ្តល់​​ការ​ប្រឹក្សា​យោបល់​ វាយតម្លៃ​ ​និង​ចូលរួម​ធ្វើការ​សម្រេច​ចិត្ត​នៅ​ក្នុង​ឃុំ​ សង្កាត់​។

លោក កឹម សុខា បាន​ប្រាប់​​អង្គ​សមាជ​ថា​៖ «​​នៅ​ពេល​យើង​ជា​មេឃុំ​ ចៅ​សង្កាត់ មេឃុំ​ ចៅសង្កាត់​ [​របស់​គណបក្ស​សង្គ្រោះជាតិ​]​ បើ​ហ៊ាន​ឃុបឃិត​ជាមួយ​ពាណិជ្ជករ​ខិលខូច​បំពាន​យក​ដី​ប្រជាពលរដ្ឋ ​យើង​ត្រូវ​តែ​វាយតម្លៃ​ យើង​ត្រូវ​តែ​ផ្តន្ទាទោស​។ ​នេះ​ជា​អ្វី​​ដែល​ [​គណបក្ស​សង្គ្រោះជាតិ​]​ សូម​បញ្ជាក់​ជា​មុន​»។

លោក កឹម សុខា បាន​ថ្លែង​ថា​៖ «​​ប្រសិន​បើ​ពួកគេ​ចង់​ធ្វើការ​វិនិយោគ​យក​ដី​ប្រជាពលរដ្ឋ​ពួកគេ​ចង់​ធ្វើ​សម្បទាន​យក​ទ្រព្យសម្បត្តិ​​ដីធ្លី​របស់​ប្រជាពលរដ្ឋ​​នៅ​ក្នុង​ឃុំ​យើង​ជា​មេឃុំ​របស់​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​តែ​ការពារ​​ និង​​​បដិសេធ​មិន​ចុះហត្ថលេខា​តាម​ពួកគេ​បញ្ជា​​។ [យើង​] ​ធ្វើ​តាម​គោលការណ៍​ណា​​ដែល​បម្រើ​​អត្ថប្រយោជន៍​ជាតិ​អត្ថប្រយោជន៍​​របស់​ពលរដ្ឋ​នោះ​យើង​ចុះ​ហត្ថលេខា​»។

Content image - Phnom Penh Post
អ្នក​ចូលរួម​សមាជ​​បក្ស​ប្រឆាំង​កាលពី​ថ្ងៃ​ម្សិលមិញ​។ ផា លីណា

លោក កឹម សុខា ក៏​បាន​ថ្លែង​​ផង​ដែរ​ថា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​​ពិនិត្យ​មើល​អំពី​លទ្ធផល​នៃ​ការ​វិនិយោគ​នៅក្នុង​ឃុំ​ សង្កាត់ ថា​តើ​​ការ​វិនិយោគ​ទាំងនោះ​​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​​សង្កាត់​របស់​ពួកគេ​ ឬ​​អត់​ប្រសិន​បើ​ការ​វិនិយោគ​​ទាំង​នោះ​​មិន​ផ្តល់​អត្ថប្រយោជន៍​​ដល់​ប្រជាពលរដ្ឋ​ ​ឃុំ សង្កាត់​​ត្រូវ​តែ​បណ្តេញ​ការ​វិនិយោគ​​​នោះ​ចេញ​។

ភ្លាមៗ​បន្ទាប់ពី​លោក កឹម សុខា ត្រូវ​បាន​អង្គសមាជ​បោះឆ្នោត​ឲ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស។​

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ជា​​​គូ​ប្រកួត​នយោបាយ​ដ៏ស្រួចស្រាល់​​​​ជាមួយ​​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង លោក កឹម សុខា បាន​ចេញ​លិខិត​ខ្លី​មួយ​ទៅ​លោក កឹម សុខា ដោយ​ជូនពរ​លោក កឹម សុខា ឲ្យ​មាន​សុខភាព​ល្អ និង​សុភមង្គល​ក្នុង​គ្រួសារ​។

កាលពី​ម្សិលមិញ​លោក កឹម សុខា ក៏​បាន​ចេញ​លិខិត​ឆ្លើយតប​ទៅ​លោក ហ៊ុន សែន វិញ​ផង​ដែរ​ដោយ​សរសេរ​ថា​៖ «ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​សម្តេច​ដែល​បាន​ធ្វើ​លិខិត​ជូនពរ​ខ្ញុំ​ក្នុង​ឱកាស​នេះ និង​សូម​ជូនពរ​សម្តេច​មាន​សុខភាព​ល្អ និង​សុភមង្គល​ក្នុង​គ្រួសារ​»។

លោក នួន ជាង អាយុ​ ៤៥ ​ឆ្នាំ​សមាជិក​​ក្រុម​ប្រឹក្សា​​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ លោក ទ្រី ណៃយ៉េង អាយុ​​ ៦២ ​​ឆ្នាំ ជំទប់​ទី​មួយ​ឃុំ​​ហាលាប ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម និង​លោក បៀន បឿន អាយុ​ ៦៣ ​ឆ្នាំ​សមាជិក​ក្រុម​ប្រឹក្សា​​​ស្រុក​ជលគិរី ខេត្ត​កំពង់ឆ្នាំង បាន​សម្តែង​​សេចក្តី​រីករាយ​ចំពោះ​​មេដឹកនាំ​ថ្មី​​របស់​ខ្លួន​ដោយ​រំពឹង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​របស់​ពួកគេ​នឹង​ទទួល​បាន​ជោគជ័យ​​នៅក្នុង​​ការ​បោះឆ្នោត​​​​ឃុំ​ សង្កាត់​នៅ​ថ្ងៃ​ទី​ ៤ មិថុនា​ និង​ការ​បោះឆ្នោត​ជាតិ​​ខែ​កក្កដា ២០១៨។

លោក នួន ជាង បាន​ថ្លែង​ថា​៖ ​«​​ខ្ញុំ​ពេញ​ចិត្ត​ពីព្រោះ​ខ្ញុំ​ឃើញ​សមត្ថភាព​​របស់​គាត់ ឧត្តមគតិ​ស្រឡាញ់​ជាតិ​ពិត​ប្រាកដ​។ ​ខ្ញុំ​បាន​គិត​អស់​រយៈពេល​ជាយូរ​មក​ហើយ [គណបក្ស​​សង្គ្រោះជាតិ​] ​ពិតជា​ទទួល​បាន​​ជោគជ័យ​នាពេល​ខាង​មុខ​​»។

ប៉ុន្តែ​អ្នក​នាំពាក្យ​​គណបក្ស​ប្រជាជន​លោក សួស យ៉ារ៉ា បាន​ចាត់​ទុក​កម្មវិធី​នយោបាយ​អាទិភាព​​របស់​គណបក្ស​សង្គ្រោះជាតិ​​​​ថា​ជា​ការ​សន្យា​ខ្យល់​ដែល​​មិន​ពិត​ហើយ​ថា​អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​គឺជា​ការ​អភិវឌ្ឍ​ពិត សន្តិភាព​ពិត និង​​កម្លាំង​សេដ្ឋកិច្ច​ជាតិ​​អាច​ទទួល​បាន​ពិត​ប្រាកដ​។ ​

លោក សួស យ៉ារ៉ា ក៏​បាន​ព្រមាន​ផង​ដែរ​ថា​ ការ​ផ្លាស់ប្តូរ​របប​នីមួយៗ​ក៏​ពាក់ព័ន្ធ​នឹង​ការ​សន្យា​​ខ្យល់​ហើយ​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​​មិន​ឲ្យ​ប្រើ​​ការ​សន្យា​ខ្យល់​​សម្រាប់​ប្រជាជន​។

ទោះ​យ៉ាង​ណា​ក្តី​អ្នក​វិភាគ​នយោបាយ​លោក មាស នី បាន​សរសើរ​កម្មវិធី​នយោបាយ​របស​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ជា​កម្មវិធី​ល្អ​​ និង​រំពឹង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​​អាច​​​អនុវត្ត​ទៅ​តាម​​កម្មវិធី​នយោបាយ​របស់​ខ្លួន​នៅ​ពេល​​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ការ​​បោះឆ្នោត​ និង​គ្រប់គ្រង​រដ្ឋាភិបាល។

លោក មាស នី បាន​ថ្លែង​ថា​៖ «​​នេះ​​អាស្រ័យ​ទៅ​លើ​​លទ្ធភាព​ និង​សមត្ថភាព​​របស់​រដ្ឋាភិបាល​នៅពេល​ [គណបក្ស​សង្គ្រោះជាតិ​] ​ឡើង​កាន់​អំណាច​។ ប្រសិន​បើ​យើង​មាន​ប្រព័ន្ធ​គ្រប់គ្រង​​​ថវិកា​ជាតិ​​សមស្រប​ហើយ​យើង​អភិវឌ្ឍ​នៅ​​​ថ្នាក់​មូលដ្ឋាន​តាម​បែប​​​វិមជ្ឈការ​ជា​អាទិភាព​ខ្ញុំ​គិត​ថា​ថវិកា​យើង​អាច​យក​មក​ប្រើប្រាស់​​បាន​ដោយសារ​ឥឡូវ​នេះ​ថវិកា​ជាតិ​​ហូរ​ទៅ​កន្លែង​ជាច្រើន​ទៅក្នុង​អំពើ​ពុករលួយ​»៕ PS

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ