Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សាលក្រម​រឿង​ញុះញង់​របស់ សម រង្ស៊ី នឹង​ប្រកាស​ថ្ងៃ ៣០ មីនា

Content image - Phnom Penh Post
លោក សម រង្ស៊ី កាល​មិន​ទាន់​និរទេស​ខ្លួន​​​។ ហុង មិនា

សាលក្រម​រឿង​ញុះញង់​របស់ សម រង្ស៊ី នឹង​ប្រកាស​ថ្ងៃ ៣០ មីនា

ភ្នំពេញ: ថ្ងៃ​ទី ៣០ មីនា ត្រូវ​បាន​កំណត់​ថា​ជា​ថ្ងៃ​ចេញ​សាលក្រម​នៅ​ក្នុង​សំណុំ​រឿង​ញុះញង់ និង​បរិហារកេរ្តិ៍​ប្រឆាំង​នឹង​លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​ប្តឹង​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចំពោះ​អត្ថាធិប្បាយ​របស់​លោក​ដែល​ថា​រដ្ឋាភិបាល​ពាក់ព័ន្ធ​ក្នុង​ករណី​ឃាតកម្ម​លោក កែម ឡី ដែល​ជា​អ្នក​វិភាគ​នយោបាយ។

សំណុំ​រឿង​នេះ​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​សំណុំ​រឿង​ជាច្រើន​ដែល​ប្តឹង​ទៅ​លើ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាច្រើន​ចាត់​ទុក​ថា​ជា​រឿង​នយោបាយ​ត្រូវ​បាន​ជំនុំជម្រះ​ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​សុក្រ។

ថ្លែង​ទៅ​កាន់​អ្នកកាសែត​ ​បន្ទាប់ពី​សវនាការ​រយៈពេល​ពីរ​ម៉ោង​មេធាវី​របស់​លោក​នាយក​រដ្ឋមន្រ្តី​គឺ​លោក គី តិច បាន​ថ្លែង​ថា​ក្រុម​របស់​លោក​បាន​ហៅ​នគរបាល​ពី​ក្រសួង​មហាផ្ទៃ​មក​ធ្វើ​សក្ខីកម្ម​ថា​វីដេអូ​ឃ្លិប​របស់​លោក សម រង្ស៊ី ដែល​ធ្វើការ​អះអាង​នៅ​វេទិកា​សាធារណៈ​មួយ​ក្នុង​ប្រទេស​បារាំង​​ ជា​ប្រទេស​ដែល​លោក​កំពុង​រស់នៅ​និរទេស​ខ្លួន​តាំងពី​ខែ​វិច្ឆិកា​ ​ឆ្នាំ ២០១៥ គឺជា ​វីដេអូឃ្លីប ​ពិតប្រាកដ។

លោក មេធាវី បាន​ថ្លែង​បន្ត​ថា៖ «ខ្ញុំ​ជឿ​ថា​ចៅក្រម​ និង​តុលាការ​នឹង​ធ្វើ​សេចក្តី​សម្រេច​សមស្រប​មួយ»។ លោក​បាន​បន្ថែម​ថា​លោក សម រង្ស៊ី មិន​បាន​ផ្តល់​ភ័ស្តុតាង​ដើម្បី​គាំទ្រ​ការ​អះអាង​របស់​លោក​ទេ។

លោក គី តិច ថ្លែង​ថា៖ «ខ្ញុំ​សង្ឃឹម​ថា​តុលាការ​នឹង​កាត់​ទោស និង​ពិន័យ​គាត់​ទៅ​តាម​ច្បាប់»។

នៅ​ពេល​ទាក់ទង​កាលពី​ម្សិលមិញ​លោក សម រង្ស៊ី ដែល​បាន​ចាកចេញ​ពី​គណបក្ស​សង្គ្រោះជាតិ​កាលពី​ខែ​កុម្ភៈ​ដើម្បី​ចៀស​ពី​ការ​ប្រើប្រាស់​ការ​កាត់ទោស​លោក​ដើម្បី​រំលាយ​គណបក្ស​របស់​លោក​បាន​ថ្លែង​ថា​លោក​ប្រកាន់ខ្ជាប់​នឹង​អត្ថាធិប្បាយ​របស់​លោក។

លោក រង្ស៊ី បាន​សរសេរ​ថា៖ «ខ្ញុំ​ប្រកាន់​ខ្ជាប់​នឹង​រាល់​ការ​ថ្លែង​របស់​ខ្ញុំ​កាលពី​ពេល​មុនៗ​​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​របស់​រដ្ឋ»៕ PS

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ