មណ្ឌលគីរី៖ ក្រុម​ជន​ជាតិ​វៀតណាម ​ចំនួន​ ៨ នាក់​ដែល​បាន​ធ្វើ​សកម្ម​ភាព​ឈូស​ឆាយ​ និង ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​អូរ​ផ្លា​យ ភាគ​ខាងកើត​ ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ ក្រង​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គិរី កាល​ពីថ្ងៃ​​ពុធ​សប្ដាហ៍​មុន​​ ត្រូវ​បាន​តុលា​ការ​សម្រេច​ឃុំខ្លួន​ក្នុង​ពន្ធ​នាគារ​​​ប​ណ្ដោះ​អាសន្ន ​ក្រោម​បទ​ចោទ​ប្រកាន់ ​«កាប់​បំផ្លាញ​ព្រៃឈើ​ដោយខុសច្បាប់» ។​

លោក​ ម៉ម ​វណ្ណដា​ អ្នក​នាំ​ពាក្យ​នៃ​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​មណ្ឌល​គិរី ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា៖ ​«​ពួក​គេ​ត្រូវ​បាន​ លោក ​ស៊ុយ​ សុភា​ ចៅ​ក្រម​ស៊ើប​សួរ​ សម្រេច​ឲ្យ​ឃុំខ្លួន​ជា​បណ្ដោះ​អាស​ន្ត ដោយ​ចោទ​ប្រកាន់​ពីបទ​ ឈូសឆាយ​និង​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត»។​

កាល​ពី​ថ្ងៃទី​ ១០ ​ខែមករា ឆ្នាំ ២០១៨ ​បន្ទាប់​​ពី​ទទួល​បាន​សេចក្ដី​រាយការណ៍​ពី​អ្នក​ភូមិ​ និង​ អាជ្ញាធរ​មូលដ្ឋាន​ ឃុំ​ក្រង​តេះ ស្រុក​ពេ​ជ្រា​ដា ស្ដីពី​ការ​ឈូសឆាយ​ដី​ព្រៃ ​និង កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់ ​អូរ​ផ្លា​យ ក្រុម​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ខេត្ត​មណ្ឌល​គិរី​ បាន​ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង​កើត​ហេតុ​ ហើយ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ជនជាតិ​វៀតណាម​ទាំង ​៨ នាក់ ​កំពុង​ប្រព្រឹត្តិ​បទ​ល្មើស​ជាក់ស្ដែង​ ដោយ​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ និង​​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ខាង​លើ។ ​

ភ្លាមៗ​នោះ​ ក្រុម​សមត្ថ​កិច្ច​បាន​ធ្វើ​ការ​ចាប់​ឃាត់ខ្លួន​ពួកគេ​នៅ​នឹង​កន្លែង​ ដោយ​រឹបអូស​វត្ថុតាង​មួយ​ចំនួន​ រួម​មាន​រណា​យន្ត​ចំនួន ​២ គ្រឿង ​ប៊ុល​ដូ​ស្ស៊ឺ​ បី​គ្រឿង ​ដែល​មាន​បិទ​ស្លាក​សញ្ញា​ក្រុមហ៊ុន​ដួង​ស្រួច​គ្រុប និង​ កំណាត់​ឈើ​ដែល​ទើប​កាប់​និង​អារកាត់​​ជា​កំណាត់ៗ​ក្នុង​ពេល​ថ្មីៗ​ចំនួន ​៧ គំនរ​ ដែល​មាន​ចំនួន​ជាច្រើន​រយ​កំណាត់។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​ដែល​ផ្ដល់​ដោយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌល​គិរី​ កាល​ពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍។​ ​

​នៅ​ថ្ងៃ​ម្សិលមិញ ​លោក​អ៊ុំ ​សុវណ្ណ​សុភៈ ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌល​គិរី បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា​ ក្នុង​អំឡុង​ពេល​សាកសួរ​ដោយ​ក្រុម​មន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​ព្រៃឈើ ​ក្រុម​ជន​សង្ស័យ​ជនជាតិ​វៀតណាម​ទាំង ​៨ នាក់​នោះ ​បាន​​អះអាង​ថា ​ពួកគេ​​ជា​កម្មករ​ដែល​ត្រូវបាន​ជួល​ដោយ​ក្រុមហ៊ុន​ដួង​ស្រួច​គ្រុប និង​ថា ​ក្រុមហ៊ុន​នេះ​មាន​ដី​សប្បទាន​សង្គមកិច្ច​មួយ​កន្លែង ដែល​ស្ថិត​នៅក្នុង​ឃុំក្រង​តេះ និង ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា ដែលមាន​អាជ្ញាប័ណ្ណ​ចេញ​ដោយ​អាជ្ញាធរ​ខេត្ត​មណ្ឌល​គិរី ហើយ​ថា ​ពួកគេ​ឈូសឆាយ​ដីព្រៃ​ក្នុង​តំបន់​កើតហេតុ​ខាងលើ ​ដើម្បី​ធ្វើ​ផ្លូវ​ចូលទៅ​កាន់​ដី​សម្បទាន​របស់​ពួកគេ​តែ​ប៉ុណ្ណោះ។​

លោក​បាន​បញ្ជាក់​ថា៖« ​យើង​បាន​ធ្វើការ​ទំនាក់​ទំនង​ ទៅខាង​ភាគី​ក្រុមហ៊ុន​ឲ្យ​នាំយក​សំណៅ​ឯកសារ​ដើម​មក​ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់ ​ប៉ុន្តែ​រហូត​មកទល់​ពេល​នេះ ​ភាគី​ក្រុមហ៊ុន​នៅ​ពុំទាន់​បាន​បញ្ជូន​ឯកសារ​ណាមួយ​មក​កាន់​ស្ថាប័ន​ជំនាញ​យើង​នៅឡើយ​ទេ ខណៈ​ជន​សង្ស័យ​ទាំង​អស់​ត្រូវបាន​កសាង​សំណុំ​រឿង​ចោទ​ប្រកាន់​ពីបទ​ ឈូសឆាយ​ និង​ កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​គ្មាន​ការ​អនុញ្ញាត​ និង​ បាន​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់»។​

​លោក​ ស្វាយ ​សំ​អ៊ាង ​អភិ​បាល​ខេត្ត​មណ្ឌល​គិរី បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍​តាម​ប្រព័ន្ធ​ទូរស័ព្ទ​នៅ​ថ្ងៃរសៀល​ម្សិលមិញ​នេះ​ថា៖ «ខ្ញុំ​មិន​ធ្លាប់​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​កន្លែង​ណាមួយ​ទៅ​ឲ្យ​ក្រុមហ៊ុន​ដួង​ស្រួច​គ្រុប​នោះទេ»។​

​លោក ស៊ុយ សុភា ចៅក្រម​ស៊ើបសួរ​លើ​ករណី​ខាង​លើនេះ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​ថ្ងៃ​ច័ន្ទ​នេះ ​លោក​និង​សហការី​របស់​លោក ​នឹង​បើក​ការ​ស្រាវជ្រាវ​ និង​ស៊ើបអង្កេត​បន្ថែម​ទៀត លើ​ករណី​ខាង​លើនេះ​ ដើម្បី​រក​ឲ្យ​ឃើញថា​ តើ​ក្រុមហ៊ុន​ដួង​ស្រួច​គ្រុប ពិតជា​មានការ​ពាក់ព័ន្ធ​នឹង​ករណី​ក្រុម​ជន​សង្ស័យ​ជនជាតិ​វៀតណាម​ទាំង​៨នាក់​ឬ​មួយ​យ៉ាង​ណា ហើយ​មាន​មន្ត្រី​ពាក់ព័ន្ធ​ណាខ្លះ​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​និង​ករណីនេះ។​

លោក​ សុភា ​បាន​បន្ថែមថា៖ «​ក្រុមហ៊ុន​ដួង​ស្រួច​គ្រុប មាន​ជាប់​ពាក់ព័ន្ធ​ករណី​ប្រព្រឹត្តិ​បទល្មើស​ខាងលើនេះ​ឬមួយ​យ៉ាងណា​នោះ ​យើង​នៅ​មិនទាន់​ដឹង​ច្បាស់​ទេ ប៉ុន្តែ​ក្នុង​ជំ​ហ៊ាន​ដំបូង​នេះ​ គឺ យើង​ចាំបាច់​ត្រូវ​សម្រេច​ធ្វើការ​ឃុំខ្លួន​ក្រុម​ជនសង្ស័យ ដើម្បី​សម្រួល​នៅក្នុង​ការ​ស៊ើប​អង្កេត»។​

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុម​ហ៊ុន​ដួង​ស្រួច​គ្រុប បាន​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​សកម្មជន​ព្រៃឈើ​ថា បាន​ញុះញង់​ឲ្យ​ពលរដ្ឋ​ចូល​កាប់​បំផ្លាញ​ព្រៃឈើ​រដ្ឋ​យ៉ាង​អនា​ធិប​តេយ្យ ហើយ​ខ្លួន​ជា​អ្នក​ប្រមូល​ទិញ​ក្នុង​តំលៃ​ទាប។​

កាល​ពី​ដើម​ឆ្នាំ ២០១៧ ​ក្រុមហ៊ុន​ ដួង ស្រួច​គ្រុប ក្រោយពី​ទទួល​បាន​ អាជ្ញា​ប័​ន្ត​ប្រមូល​ឈើ (​ដួល)​ នៅក្នុង​ដី​គម្រោង​សម្បទាន​ដី​សង្គម​កិច្ច​ចំនួន​ជាង ៦,១៣១ ហិកតា​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ស្រុក​លំផាត់​ និង​ស្រុក​បរ​កែវ​ ខេត្ត​រតនគិរី​ ក្រុមហ៊ុន​នេះ បាន​រង​កា​រ​​ចោទ​ប្រកាន់​ថា​ បាន​បំផុស​បំផុល​អ្នកភូមិ​ ឲ្យ​ចូលទៅ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ ដែន​ជម្រក​សត្វព្រៃ​លំផាត់ ។​

គេ​ក៏​នៅចាំ​ផងដែរ​ថា កាល​ពី​ព្រឹក​ថ្ងៃទី​២៧​ ខែកុម្ភៈ​ ឆ្នាំ២០១៦ នៅ​ទីតាំង​ឃ្លាំង​ស្តុក​ឈើ​របស់​ក្រុមហ៊ុន​នេះ ដែល​ស្ថិតនៅ​ភូមិ​ក្តី​ដូ​ប ឃុំ​ស្រ​យ៉ង់​ជើង ស្រុក​គូលែន​ ខេត្ត​ព្រះវិហារ​ ត្រូវបាន​អគ្គី​ភ​យ័​ឆាបឆេះ​ ឈើ​ប្រណិត​និង​ឈើ​ដែល​ប្រមូល​ទិញ​ពី​ប្រជា​ពលរដ្ឋ​អស់​ប្រមាណ​ប្រមាណ​៥០០ម៉ែត​គូប។​

ករណី​នោះ​ត្រូវបាន​គេ​សង្ស័យថា​ ជាការ​ដុតបំផ្លាញ​ភស្តុតាង​ឈើ​ខុសច្បាប់​ព្រោះ​វា​បាន​កើត​ឡើង​ក្រោយ​ពេល ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃទី១៥​មករា​ឆ្នាំ២០១៦​ បាន​បង្កើត​ក្រុម​ចំរុះ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ដឹកនាំ​ដោយ​លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​មេ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស៕​