ភ្នំពេញៈ សាលា​ដំបូង​ភ្នំពេញ​សម្រេច​​មិន​ប្រកាស​សាល​ក្រម​រឿង​រក្សា​សារធាតុគីមី សម្រាប់​ផលិត​អាវុធ​ នុយក្លេអ៊ែរ ​ដោយ​សម្រេច​ចាត់​ជា​របៀប​ដើម្បី​បន្ត​ស៊ើប​អង្កេត​​លើ​វត្ថុ​ចាប់​យក ​និង​រង់​ចាំ​លទ្ធផល​កោសល្យវិច័យ​លើ​វត្ថុ​តាង។

លោក សេង លាង ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ​បាន​ប្រកាស​សាល​ក្រម​កាល​ពី​ម្សិល​មិញ ​ដោយ​សម្រេច​ចាត់​របៀប​ ឬ ​ស៊ើប​អង្កេត​ឡើង​វិញ​ លើ​សំណុំ​រឿង​រក្សា​ទុក​សារធាតុគីមី​សម្រាប់​ផលិត​អាវុធ​គីមី អាវុធ​នុយក្លេអ៊ែរ អាវុធ​ជីវសាស្ត្រ​ និង​អាវុធ​វិទ្យុ​សកម្ម។

សំណុំ​រឿង​នេះ​មាន​ជន​ជាប់​ចោទ​ ៤ ​នាក់ មាន​ឈ្មោះ​ជា យូ ដែល​ជាប់​ពីបទ​រក្សា​ទុក​សារធាតុ​ខាង​លើ ចំណែក​ឈ្មោះ ចាន់ ធឿន, ទិត ​រស្មី និង ឌី វីបុល ជាប់​ពីបទ​សមគំនិត​តាម​មាត្រា​ ២៧ ​នៃ​ច្បាប់​ស្តី​ពី​ការ​ហាម​ឃាត់​អាវុធ​គីមី ​អាវុធ​នុយក្លេអ៊ែរជីវ​សាស្ត្រ និង​អាវុធ​វិទ្យុសកម្ម និង​មាត្រា​ ២៩ ​នៃ​ក្រមព្រហ្មទ​ណ្ឌ។

លោក សេង លាង បាន​ថ្លែង​ថា ការ​ចាត់​របៀប​នេះ​គឺ​ «ដើម្បី​ស៊ើប​សួរ​បន្ត​ និង​ស្នើ​សុំ​ឲ្យ​ធ្វើ​កោសល្យ​វិច័យ​លើ​វត្ថុចាប់​យក​ពិនិត្យ​ភ័ស្តុ​តាង»។

លោក​ចៅក្រម​បាន​ចាត់​តាំង​ខ្លួន​ឯង​ធ្វើជា​ចៅ​ក្រម​ស៊ើប​បន្តនេះ។

លោក​មេធាវី​ សុក សំអឿន អ្នក​ជំនាញ​ផ្នែក​ច្បាប់​ថ្លែង​ថា បើ​ចៅក្រម​ជំនុំ​ជម្រះ​ចាត់​តាំង​ខ្លួន​ឯង​ជា​ចៅក្រម​ស៊ើប​នោះ មិន​ខុស​នីតិវិធី​ទេ ប្រសិន​បើ​ការ​ស៊ើបអ​ង្កេត​​គ្រាន់​តែ​ពិនិត្យ​លើ​អ្វី​ដែល​បាន​ចាប់​យក​រួច​ហើយ។

ជន​ជាប់​ចោទ​ទាំង​ ៤ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ ៣០ ​សីហា ២០១៦ នៅ​ភោជនីយដ្ឋាន​រាត្រី​ពន្លឺ​ថ្មី​​សង្កាត់​ កាកាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

សមត្ថកិច្ច​សង្ស័យ​សារធាតុ​រាវ​ ២ ​លីត្រ​ គឺជា​សារ​ធាតុ​គីមី «អ៊ុយរ៉ាញ៉ូម» សម្រាប់​ផលិត​អាវុធ​គីមី។ ប៉ុន្តែ​ជន​ជាប់​ចោទ​ប្រាប់​សវនា​ការ​ថា ជា​អាស៊ីត​សម្រាប់​ដេញ​មាស (សម្រាប់​ពិនិត្យ​មាស​សុទ្ធ​ ឬ ​មិន​សុទ្ធ) ហើយ​ពួកគេ​ត្រូវ​បាន​គេ​បញ្ចុះ​បញ្ចូល​ឲ្យ​រក​អ្នក​ទិញ​អាស៊ីត​នេះ​ដោយ​ទទួល​បាន​ប្រាក់​កម្រៃ​ជើងសា​ចាប់​ពី​ ១០ ​ម៉ឺន​ដុល្លារ រហូត​ដល់​ជាង​ ១ ​លាន​ដុល្លារ។

យោង​តាម​សមត្ថកិច្ច​សារធាតុ​ចាប់​យក​នៅ​ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្រសួង​ការពារ​ជាតិ​ហើយ​មិនទាន់​ត្រូវ​បាន​ពិសោធ​នៅ​ឡើយ​ ដោយសារ​គ្មាន​ឧបករណ៍៕