ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះរឿងក្តីជួញដូរមនុស្សបានប្រកាសសាលក្រមពីថ្ងៃសុក្រសប្តាហ៍មុនដោយកាត់ទោសស្ត្រីឈ្មោះ ផៃ ចន្ថា អាយុ ៣៤ ឆ្នាំឲ្យជាប់ពន្ធនាគារ ៧ ឆ្នាំ និងតម្រូវឲ្យជនជាប់ចោទសងជំងឺចិត្ត ៣ ពាន់ដុល្លារឲ្យជនរងគ្រោះជាដើមបណ្ដឹងឈ្មោះ ន.ម.ន.ក ដែលបានទៅរៀបការប្តីចិន។
ជនជាប់ចោទរូបនេះត្រូវបានចោទពីបទ «ការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន» តាមមាត្រា ១១ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្សដែលកំណត់ដាក់ទោសជនល្មើសពី ៧ ទៅ ១៥ ឆ្នាំ។
សាលក្រមចេញដោយចៅក្រម លោក ម៉ុង វិមានសោភា ធ្វើឡើងក្រោយសាលាដំបូងរាជធានីភ្នំពេញបានជំនុំជម្រះកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
ក្នុងសវនាការនោះជនជាប់ចោទ ផៃ ចន្ថា បានសារភាពថាខ្លួនពិតជាបាននាំជនរងគ្រោះទៅការប្តីចិនមែនកាលពី ២ ឆ្នាំមុន ប៉ុន្តែការនាំទៅនោះមិនបានបង្ខំ ឬលួងលោមអ្វីទេគឺខ្លួនបានជួយទៅវិញទេតាមការស្នើពីម្តាយជនរងគ្រោះដែលមានលំនៅក្នុងស្រុកកៀនស្វាយជាមួយគ្នា។
លោក កែវ វ៉ាន់នី មេធាវីការពារជនជាប់ចោទបានថ្លែងពីម្សិលមិញថាលោកនឹងដាក់ពាក្យប្តឹងទៅសាលាឧទ្ធរណ៍នៅសប្តាហ៍នេះដោយបញ្ជាក់ថា៖ «យើងមើលក្នុងសាច់រឿងទៅកូនក្តីខ្ញុំអត់បានចូលក្នុងបទល្មើសទេខាងជនរងគ្រោះគាត់យល់ព្រមទៅទាំងអស់គ្នាហើយបានការបានអីត្រឹមត្រូវ។ ដូច្នេះថាគាត់ (ជនជាប់ចោទ) នាំគាត់ (ជនរងគ្រោះ) ទៅជួញដូរអីអត់មានសោះ»៕