ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ថា​នៅ​យប់​ថ្ងៃ​ពុធ​នេះ​កងទ័ព និង​សម្ភារ​យោធា​នឹង​ត្រូវ​ចល័ត​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​មួយ​ចំនួន​សូម​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយបារម្ភ​ឬ​ភ្ញាក់ផ្អើល​ដោយ​កងទ័ព និង​សម្ភារ​យោធា​ទាំង​នោះ​ត្រូវ​ទៅ​ចូលរួម​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​នៅ​កោះពេជ្រ​នៅ​ថ្ងៃ​ស្អែក​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា​កងពល​តូច​ថ្មើរជើង​លេខ ៧០ និង​កងកម្លាំង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើការ​ចល័ត​ចេញ​ពី​បន្ទាយ​នៅ​ផ្លូវជាតិ​លេខ ៣ នៅ​វេលា​ម៉ោង ១២ កន្លះ​យប់ និង​បញ្ជាការដ្ឋាន​នៅ​ក្រុង​តាខ្មៅ​នៅ​វេលា​ម៉ោង ១ យប់​ថ្ងៃ​ទី​​ ១០ ខែ​មករា​នេះ​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​នៅ​ថ្ងៃ​ស្អែក​នៅ​កោះពេជ្រ​។

កងពល​តូច​ថ្មើរជើង​លេខ ៧០ នឹង​ត្រូវ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ជាតិ​លេខ ៣ ឆ្លង​កាត់​តាម​ផ្លូវ​វេងស្រេង​បត់​ទៅ​មហាវិថី ម៉ៅ សេទុង និង​ធ្វើ​ដំណើរ​តាម​មហាវិថី​សុធារស ឆ្ពោះ​ទៅ​កោះពេជ្រ និង​កងកម្លាំង​នៃ​បញ្ជាការដ្ឋាន​កងអង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី​នឹង​ត្រូវ​ដឹក​តាម​ផ្លូវជាតិ​លេខ​ ២១ ​ឆ្លង​កាត់​ផ្លូវជាតិ​លេខ ២ និង​មហាវិថី​នរោត្ដម​ឆ្ពោះ​ទៅ​កោះពេជ្រ​។

លោក​ ស្រេង បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​នោះ​ដូច្នេះ​ថា​៖ «...​ក្រុម​រៀបចំ​កីឡា​កងយោធពល​ខេមរភូមិន្ទ​នឹង​រៀបចំ​កម្មវិធី​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​នា​ថ្ងៃ​ទី​ ១០ ​មករា​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ​។ ក្រុម​ការងារ​រៀបចំ​កីឡា​កងយោធពល​ខេមរភូមិន្ទ​មាន​ការ​តាំងពិព័រណ៍​យុទ្ធោបករណ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ដោយ​ត្រូវ​ចល័ត​សម្ភារ​បម្រើ​ការងារ​យោធា​សម្រាប់​បម្រើ​ឲ្យ​ការ​តាំងពិព័រណ៍​...»​។

លោក អ៊ូ ចាន់រ័ត្ន ​អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ចាត់ទុក​ការ​រៀបចំ​ពិធី​នេះ​ថា​ជា​ការ​គំរាម​កំហែង​មួយ​របស់​រដ្ឋាភិបាល​កុំ​ឲ្យ​ពលរដ្ឋ​ដែល​គាំទ្រ​បក្ស​ប្រឆាំង​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​បន្ទាប់ពី​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ។ ​«​ស្ថានភាព​បែប​នេះ​សាលា​រាជធានី​ប្រកាស​មិន​ឲ្យ​ព្រួយបារម្ភ​ក៏​ពលរដ្ឋ​មាន​ការ​ភ័យខ្លាច​ដែរ​នៅ​ពេល​បង្ហាញ​កាំភ្លើង និង​អាវុធ​នេះ​ជា​ការ​គំរាម​កំហែង​ហើយ​រដ្ឋាភិបាល​មិន​គួរ​បន្ត​គំរាម​កំហែង​បន្ត​ទៅ​ទៀត​ទេ ហើយ​វា​គ្មាន​ប្រយោជន៍​ក្នុង​ការ​ធ្វើ​បែប​នេះ​ទេ​។ ការ​ធ្វើ​នេះ​គឺជា​រូបភាព​ដើម្បី​គំរាម​កំហែង​កុំ​ឲ្យ​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ងើប​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​។ គេ​បាន​គំរាម​តាម​ផ្លូវ​ច្បាប់ វា​គ្រប់គ្រាន់​ហើយ​ដោយ​បាន​កែ​ច្បាប់ និង​វិសោធនកម្ម​ច្បាប់​ដើម្បី​គាប​សង្កត់​វា​គ្រប់គ្រាន់​ហើយ​...»៕