ភ្នំពេញៈ សាលាឧទ្ធរណ៍នៅថ្ងៃ៦ កុម្ភៈ នេះបានជំនុំជម្រះជនជាប់ចោទម្នាក់ពាក់ព័ន្ធគាស់ទ្វារផ្ទះលួចម៉ូតូនៅសង្កាត់ស្រះចកខណ្ឌដូនពេញកាលពីឆ្នាំ ២០១៥ ខណៈតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំកន្លះ។
តាមអង្គហេតុកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១៥ ជនជាប់ចោទឈ្មោះទិត្យ សុវណ្ណា អាយុ ៣៥ ឆ្នាំនិងឈ្មោះទិត្យបាននាំគ្នាគាស់ទ្វារផ្ទះបុរសឈ្មោះសនសុវណ្ណារ៉ាចូលលួចម៉ូតូ១គ្រឿង។
លុះព្រឹកឡើងជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ស្រះចកហើយសមត្ថកិច្ចសង្ស័យឈ្មោះ ទិត្យ សុវណ្ណា ដែលរស់នៅក្នុងភូមិ ២ សង្កាត់ខាងលើ។ ពេលនោះគេបាននាំសមត្ថកិច្ចទៅផ្ទះឈ្មោះទិត្យ ប៉ុន្តែជននោះគេចខ្លួនបាត់ហើយសមត្ថកិច្ចប្រគល់ម៉ូតូឲ្យម្ចាស់វិញ។
សំណុំរឿងនេះ ត្រូវសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោស កាលពីថ្ងៃទី ២១ កញ្ញា ឆ្នាំ ២០១៦ ឲ្យឈ្មោះ ទិត្យសុវណ្ណា ជាប់ពន្ធនាគារ ៣ ឆ្នាំកន្លះ ចោទបទ «លួចមានស្ថានទម្ងន់ទោសដោយគាស់ទម្លុះទម្លាយ»។
នៅក្នុងបន្ទប់សវនាការមុនដំបូងជនជាប់ចោទខំបដិសេធប៉ុន្តែនៅពេលចៅក្រមអានចម្លើយសារភាពកាលពីនៅតុលាការថ្នាក់ក្រោមឲ្យស្តាប់ទើបគេឆ្លើយសារភាព ប៉ុន្តែបានសុំឲ្យតុលាការបន្ថយទោស។
លោកព្រះរាជអាជ្ញា ង៉ែត សារ៉ាត តំណាងមហាអយ្យការសន្និដ្ឋានថា៖ «ជនជាប់ចោទដំបូងប្រកែកតែពេលក្រុមប្រឹក្សាអានចម្លើយឲ្យស្តាប់ទើបសារភាពហើយជនជាប់ចោទបានគាស់ទម្លុះទម្លាយផ្ទះគេមែន។ តាមពិតទោសនេះត្រូវដាក់ពន្ធនាគារពី៣ទៅ៥ឆ្នាំ។តែតុលាការថ្នាក់ក្រោមដាក់៣ឆ្នាំកន្លះគឺត្រឹមត្រូវហើយដូច្នេះខ្ញុំសូមតម្កល់សាលក្រមទុកជាបានការ»។
លោក នូ ចន្ថា មេធាវីការពារជនជាប់ចោទសន្និដ្ឋានថា តាមពិតរឿងនេះកូនក្តីលោកបានបញ្ជាក់ហើយថាពុំបានគាស់ផ្ទះជនរងគ្រោះទេប៉ុន្តែគាត់គ្រាន់តែយកដៃបាំងកាមេរ៉ាសុវត្ថិភាព។
យ៉ាងណាគាត់ក៏មានកំហុសដែរដូច្នេះសូមក្រុមប្រឹក្សាជំនុំជម្រះមេត្តាផ្តល់ស្ថានសម្រាលទោសដល់គាត់ផង។ ក្រោយជំនុំជម្រះលោកចៅក្រមប៉ាក ច័ន្ទសំបូរប្រធានក្រុមប្រឹក្សាជំនុំជម្រះថ្លែងថាសាលដីកានេះប្រកាសនៅថ្ងៃទី ១ ខែមីនា ខាងមុខនេះ៕