ភ្នំពេញៈ សាលា​ឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ បាន​ប្រកាស​សាល​ដីកា ទម្លាក់​បទ​ចោទ​ប្រកាន់ ពី​បទ «បរិហារកេរ្តិ៍​ជា​សាធារណៈ» ទៅ​លើ​បុគ្គលិក​អង្គការ សមធម៌ បី​នាក់ ប្តឹង​ដោយ​អតឹត​បុគ្គលិក​អង្គការ​នេះ ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ ដោយសារ​ធ្វើ​ការ​មិន​បម្រើ​ផល​ប្រយោជន៍ ជន​រងគ្រោះ​ដោយសារ​ការ​បណ្តេញ​​ចេញ​ពី​ដីធ្លី ដែល​លោក​តំណាង​ឲ្យ។

សំណុំរឿងនេះ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​ ២២ ខែ​សីហា​ឆ្នាំ​ ២០១៦ ​បាន​ផ្ដន្ទាទោស​អ្នក​ទាំង​បី​គឺ លោក អៀង វុទ្ធី ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌ ​លោក ផែន គឹមសុង ប្រធាន​កម្មវិធី​ឃ្លាំ​មើល​ការ​អភិវឌ្ឍ និង លោក ឈាង ភា ប្រធាន​ការិយាល័យ​រដ្ឋបាល និង​ធនធាន​មនុស្ស​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​តាម​បណ្ដឹង​របស់​អតីត​បុគ្គលិក​ម្នាក់​នៃ​អង្គការ​នេះ​ដែរ ​ឈ្មោះ​ ចាន់ វិចិត្រ​។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​បង្គាប់​ឱ្យ​បង់​ប្រាក់​ពិន័យ និង​សង​ថ្លៃ​ខូចខាត​ជាច្រើន​ទៅ​ដើម​បណ្ដឹង​។ បទ​បរិហារកេរ្តិ៍​នេះ​ត្រូវ​ពិន័យ​ពី​មួយ​សែន​រៀល​ដល់​ដប់​លាន​រៀល​។

លោក​ចៅក្រម​ ញូង ថុល​ បាន​ថ្លែង​នៅក្នុង​សាលដីកា ព្រឹកនេះ​ថា ពុំមាន​ភ័ស្ដុតាង​បញ្ជាក់​ពីបទ​បរិហារកេរ្តិ៍​ទេ ដែល​ប្តឹង​ដោយ​លោក ចាន់ វិចិត្រ និង​សម្រេច​បដិសេធ​ចោល​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់ អ្នក​នាំ​ពាក្យ​របស់​សាលា​ឧទ្ធរណ៍។​

លោក ទូច ថារិទ្ធ អ្នក​នាំ​សាលា​ឧទ្ធរណ៍​បាន​ថ្លែង​ថា «លោក​ចៅក្រម​ជំនុំ​ជម្រះ ញូង ថុល បាន​ប្រកាស​ថា លោក អៀង វុទ្ធី និង​បុគ្គលិក​ឈាង ភា និង​លោក​ផែន គឹមសុង បាន​ឈ្នះ​លើ​បណ្តឹង​របស់​លោក ចាន់ វិចិត្រ»។

បន្ទាប់​ពី​ការ​ប្រកាស​សាល​ដីកា លោក អៀង វុទ្ធី គ្រាន់​តែ​ថ្លែង​ប្រាប់​ថា លោក​រីករាយ​ក្រោយ​ទទួល​បាន​សាល​ដីកា គាប់​ចិត្ត។

លោក​និយាយ​ថា «សាលា​ឧទ្ធរណ៍ បាន​ទម្លាក់​ចោល​សាលក្រម [សាលា​ដំបូង]។ យើង​ពិត​ជា​សប្បាយ​ចិត្ត​ជាមួយ​នឹង​លទ្ធផល​នេះ និង​អរគុណ​ដល់​តុលាការ ដែល​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​នេះ»។

ក្នុង​នាម​ជា​បុគ្គលិក​ អង្គការ សមធម៌ នៅ​កម្ពុជា លោក ចាន់ វិចិត្រ បាន​ធ្វើ​ការ​ជាមួយ​សហគមន៍​មូលដ្ឋាន​ក្នុង​វិវាទ​ដីធ្លី​ដែល​ទាក់​ទង​ទៅ​នឹង​ក្រុមហ៊ុន​ស្ករ ស ភ្នំពេញ​របស់​លោក លី យ៉ុងផាត់ នៅ​ខេត្ត​កំពង់ស្ពឺ។

សមាជិក​សហគមន៍​បាន​ចោទ​ប្រកាន់​ថា វិចិត្រ បាន​ចាប់​ផ្តើម​ធ្វើ​ការងារ​ក្នុង​នាម​ក្រុមហ៊ុន​ស្ករ ស នោះ​ដែល​នាំ​ឱ្យ​គាត់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ។

លោក វិចិត្រ ដែល​មិន​បាន​ចូល​សវនាការ​ អះអាង​ថា លោក​មិន​ទទួល​បាន​ការ​កោះ​ហៅ ក៏​មិន​មាន​វត្តមាន​នៅ​ថ្ងៃ​អង្គារ​នេះ​ដែរ ហើយ​បាន​និយាយ​ថា លោក​មិន​ដឹង​ពី​សាលក្រម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​លោក​បាន​គំរាម​ដាក់​ពាក្យ​ប្តឹង​កាសែត ភ្នំពេញ ប៉ុស្តិ៍។

លោក​បាន​មាន​ប្រសាសន៍​ថា «ខាង​កាសែត​ភ្នំពេញ ប៉ុស្តិ៍ បាន​សរសេរ​រឿង​មិនមែន​ជា​ពិត​សោះ ហើយ​កាល​កន្លង​មក​ហ្នឹង​ចុះ​ហាក់​បី​ដូចជា​មួល​បង្កាច​បង្ខូច​កេរ្តិ៍​ឈ្មោះ​ខ្ញុំ​។ ឥឡូវ​ហ្នឹង ខ្ញុំ​កំពុង​ធ្វើ​ពាក្យ​បណ្តឹង​នឹង​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ពីព្រោះ​បាន​សរសេរ​រឿង​មិន​មែន​ជា​ពិត»៕