ភ្នំពេញៈ សេរីភាពប្រព័ន្ធផ្សព្វផ្សាយបានដួលរលំខ្លាំងចាប់ពីឆ្នាំមុននេះដោយមានអ្នកសារព័ត៌មានត្រឹមតែ ១១ ភាគរយប៉ុណ្ណោះ ដែលនិយាយថា ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាដើរតាមទិសដៅត្រូវពោលគឺថយចុះពី ៧១ ភាគរយចាប់តាំងពីឆ្នាំ ២០១៥។ នេះបើតាមការរកឃើញរបស់អង្គការមួយ ដែលធ្វើការលើកកម្ពស់សេរីភាពនៃសារព័ត៌មាននៅកម្ពុជា។
ការរកឃើញនៃការថយចុះនេះក្រោយពីប្រព័ន្ធផ្សព្វផ្សាយមានដូចជា ស្ថានីយវិទ្យុ និងកាសែតឯករាជ្យមួយចំនួនត្រូវបានបង្ខំឲ្យឈប់ផ្សាយ និងបិទទ្វារ ហើយការគំរាមកំហែងនៅតែបន្តកើតមានទៀត។
របាយការណ៍ចេញផ្សាយថ្ងៃទី ២១ កុម្ភៈរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យហៅកាត់ថា CCIM បានស្ទង់មតិលើអ្នកធ្វើការលើប្រព័ន្ធផ្សព្វផ្សាយ ៧៥ នាក់ដែលធ្វើការនៅកម្ពុជាចាប់ពីចុងឆ្នាំ ២០១៧ មក។ ក្នុងរបាយការណ៍នោះបានរកឃើញថាអ្នកសារព័ត៌មាន ៦៧ ភាគរយមានអារម្មណ៍ថា ពួកគេគ្មានសេរីភាពពេញលេញក្នុងការរាយការណ៍ដោយសេរីនោះទេ។
លោក ណុប វី នាយកមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យហៅកាត់ថា CCIM ថ្លែងថាការបិទស្ថានីយវិទ្យុចំនួន ៣២ ដែលផ្សាយព័ត៌មានបក្សប្រឆាំងព័ត៌មានដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក ឬផ្សាយព័ត៌មានឯករាជ្យ និងការប្រើប្រាស់ការស៊ើបអង្កេតលើការបង់ពន្ធហើយបានបិទសារព័ត៌មាននោះដោយរដ្ឋាភិបាលរួមទាំងគំរាមកំហែង និងចាប់អ្នកកាសែត ពីបទញុះញង់ និងការផ្តល់ជូនឲ្យរដ្ឋបរទេសនូវព័ត៌មានដែលបង្កភាពអន្តរាយដល់សន្តិសុខជាតិជាដើមជាមូលហេតុដែលធ្វើឲ្យមានការវាយតម្លៃពីសេរីភាពសារព័ត៌មានមានការធ្លាក់ចុះបែបនេះ។
លោកបានបញ្ជាក់ថា៖ «មុនឆ្នាំ ២០១៧ សេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានគេចាត់ថ្នាក់ជាប្រទេសមួយដែលមានសេរីភាពជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្ដែមួយរយៈចុងក្រោយនេះធ្លាក់ចុះខ្លាំងទៅវិញយ៉ាងគំហុក»។
លោកបន្តថាស្ថាប័នប្រព័ន្ធផ្សព្វផ្សាអង្គការសង្គមស៊ីវិលត្រូវមានការគាំទ្រដែលចាំបាច់ដល់អ្នកសារព័ត៌មាន ជាពិសេសផ្តល់ការគាំទ្រផ្នែកសុខភាព សុវត្ថិភាព និងប្រព័ន្ធឌីជីថល ខណៈរដ្ឋាភិបាលគួរបន្ថយសម្ពាធដល់អ្នកកាសែត ហើយងាកទៅពន្លឿនច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន និងគួរតែបង្កើតស្ថាប័នឯករាជ្យពីនយោបាយក្នុងការផ្តល់អាជ្ញាប័ណ្ណដល់ស្ថាប័នព័ត៌មាន។
លោក Michael Dickison អ្នកប្រឹក្សាស្រាវជ្រាវឯករាជ្យបានថ្លែងថា វិស័យព័ត៌មានជាវិស័យមួយដែលធ្លាប់តែផ្ដល់នូវរូបភាពនៃប្រជាធិបតេយ្យនៅកម្ពុជា ដោយមានផ្សព្វផ្សាយព័ត៌មានរិះគន់ដោយសេរី ខណៈដែលមានទូរទស្សន៍ និងកាសែតគាំទ្របក្សកាន់អំណាចជាច្រើនដែរនោះប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជានាបច្ចុប្បន្ននេះត្រូវបានកាត់បន្ថយ និងត្រូវប៉ះពាល់យ៉ាងខ្លាំង។
លោកបញ្ជាក់ថា៖ «ខ្ញុំបានជួបអ្នកសារព័ត៌មានមួយចំនួនបាននិយាយថា ពួកគេធ្វើការងារដោយដឹងច្បាស់ថា ពួកគេអាចក្លាយជាមុខសញ្ញាបន្ទាប់ទៀត ដោយសារតែការងាររបស់ខ្លួន។ ពួកគេថា ឥឡូវនេះប្រភពព័ត៌មានទាំងឡាយស្ទាក់ស្ទើរមិនហ៊ានផ្ដល់ព័ត៌មាននោះទេ ចំណែកអាជ្ញាធរមូលដ្ឋានក៏បង្កើនការគំរាមគំហែងដល់អ្នកសារព័ត៌មានទាំងនោះ»។
ប៉ុន្តែលោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជាថ្លែងថាមានមតិមួយចំនួនព្រួយបារម្ភអំពីសុវត្ថិភាព និងទទួលរងនូវការគំរាមកំហែង ប៉ុន្ដែបើអ្នកសារព័ត៌មានមិនចង់ឲ្យមានករណីនេះកើតឡើង គប្បីគោរព និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាចម្បង។
លោកថា៖ «ធ្វើជាអ្នកសារព័ត៌មានបើមិនចង់យកទុក្ខដាក់ខ្លួនយើងត្រូវតែយកក្រមសីលធម៌វិជ្ជាជីវៈដាក់ក្នុងខ្លួនឲ្យធំបំផុតមុននឹងឈរលើជំហរនិន្នាការណាមួយ»។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាមានតែបរិមាណ ប៉ុន្ដែមិនមានគុណភាព ហើយថាបើប្រៀបធៀបទៅនឹងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានមានតែប្រទេសកម្ពុជាទេ ដែលមានប្រព័ន្ធផ្សព្វផ្សាយច្រើនជាងគេ។
លោកបញ្ជាក់ថា៖ «ទូរទស្សន៍នៅកម្ពុជាជាង ២០ ប៉ុស្ដិ៍គឺច្រើនណាស់គឺច្រើនជាងនៅថៃ គេមានតែ ៦ ប៉ុស្ដិ៍ នៅម៉ាឡេស៊ីក៏តិចជាងយើង នៅប្រទេសវៀតណាមក៏តិចដែរ។ អ៊ីចឹងបើយើងយកដង់ស៊ីតេប្រជាជនធៀបនឹងស្ថាប័នវាច្រើនហួស ហើយកាលណាបរិមាណវាច្រើន គុណភាពក៏ខ្សោយដែរ។ អ៊ីចឹងទេគឺយើងត្រូវពង្រឹងបន្ថែមទៀត គឺពង្រឹងគុណភាព បរិមាណយើងមានហើយ»។
របាយការណ៍នេះបានបង្ហាញថា ក្នុងចំណោមកាសែតជាភាសាអង់គ្លេស កាសែតភ្នំពេញប៉ុស្ដិ៍ដែលជាកម្មសិទ្ធិរបស់ជនជាតិអូស្ត្រាលី គឺត្រូវបានគេចាត់ទុកថា ជាអង្គភាពសារព័ត៌មានឯករាជ្យបំផុតមួយក្នុងចំណោមអង្គភាពសារព័ត៌មានឯករាជ្យបំផុតនៅប្រទេសនេះ ហើយកាសែតនេះក៏ផ្សាយជាភាសាខ្មែរដ៏ពេញនិយមដែរនោះ គឺប៉ុស្ដិ៍ខ្មែរ បើទោះបីជាអត្ថបទជាភាសាខ្មែរខុសពីភាសាអង់គ្លេសក្ដី។ ខ្មែរ ថែមស៍ ជាកាសែតថ្មីទទួលបានកេរ្តិ៍ឈ្មោះបោះសំឡេងពីអ្នកអានជាពិសេសក្នុងចំណោមជនបរទេសថាលម្អៀងទៅរករដ្ឋាភិបាល។
របាយការណ៍បន្តថាអ្នកសារព័ត៌មានបរទេសឲ្យចំណាត់ថ្នាក់កាសែតនេះ ៤,១ ក្នុងបណ្ដា ៥ ពិន្ទុ (ងាកទៅរកកម្រិត «មិនដែលឯករាជ្យ») ចំណែកអ្នកកាសែតជនជាតិខ្មែរឲ្យពិន្ទុកាសែតនេះជាមធ្យមគឺ ៣,១ ដែលជាការខុសឃ្លាតគ្នាឆ្ងាយនៅក្នុងការស្ទង់មតិ។ (វេបសាយថ្មីៗ និងខាមបូណូមិស) ក៏ត្រូវបានគេចាត់ទុកថា សរសេរខ្លាំងៗដែរដោយជនបរទេស។
លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មានម្សិលមិញមិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញរបាយការណ៍នេះបានទេ។
កាលពីឆ្នាំ ២០១៦ អង្គការអ្នកកាសែតគ្មានព្រំដែនដែលមានមូលដ្ឋាននៅប្រទេសបារាំងចាត់ថ្នាក់ប្រទេសកម្ពុជាក្នុងលេខរៀងទី ១២៨ ក្នុងចំណោមប្រទេស ១៨០ ទូទាំងពិភពលោកស្តីពីសេរីភាពសារព័ត៌មាន។
ឆ្នាំ ២០១៥ អង្គការនេះចាត់ប្រទេសកម្ពុជានៅលេខរៀងទី ១៣៩ ក្នុងចំណោមប្រទេស ១៨០ ទូទាំងពិភពលោក។ ប្រទេសដែលមានចំណាត់ថ្នាក់សេរីភាពសារព័ត៌មានល្អជាងគេឆ្នាំ ២០១៦ គឺប្រទេសហ្វាំងឡង់ និងប្រទេសអេរីត្រេ៕