ភ្នំពេញៈ ស្ត្រី​ជាប់ចោទ​ម្នាក់​កាលពី​ម្សិលមិញ​បាន​សុំ​ចៅក្រម​នៃ​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​ឲ្យ​បន្ថយ​ទោស​ពាក់ព័ន្ធ​ករណី​យក​កូន​ស្រី​ទៅ​លក់​ឲ្យ​ជនបរទេស​ដើម្បី​រួមភេទ​កាលពី​ឆ្នាំ ២០១០ ​ហើយ​ត្រូវ​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ១០ ​ឆ្នាំ​។

តាម​អង្គហេតុ ស្ត្រី​ជាប់​ចោទ​ឈ្មោះ​ ចាន់ ផល្លី អាយុ​ ៤៩ ​ឆ្នាំ​មាន​កូនស្រី​ម្នាក់​អាយុ​ ១៤ ​ឆ្នាំ​ឈ្មោះ​ ច.ម.ល រស់​នៅ​ផ្ទះ​លេខ​ ៣១C សង្កាត់​ផ្សារ​ថ្មី​ទី​ ៣ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​បាន​ទាក់ទង​ជាមួយ​បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់​ដើម្បី​លក់​កូនស្រី​ខ្លួន​ឲ្យ​រួមភេទ​។

លុះ​នៅ​ថ្ងៃ​ទី​ ២៦ ខែ​តុលា ឆ្នាំ​ ២០១០ ​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ក្នុង​ផ្ទះ​ស្ត្រី​ជាប់​ចោទ​ហើយ​ឆែក​ឃើញ​ស្រោម​អនាម័យ និង​សម្ភារ​មួយ​ចំនួន​ទៀត​ហើយ​បាន​ឃាត់​ខ្លួន​គាត់​ជា​ម្ចាស់​ផ្ទះ​តែ​ម្ដង​។

សំណុំ​រឿង​នេះ​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​កាលពី​ថ្ងៃ​ទី​ ២៨ ខែ​តុលា ឆ្នាំ​ ២០១១ ដាក់​ពន្ធនាគារ​ ១០ ​ឆ្នាំ​ចោទ​បទ​ «​សមគំនិត​ក្នុង​អំពើ​ទិញ​ពេស្យាចារ​កុមារ​» ​តាម​មាត្រា​ ៣៤ ​ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ និង​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។ ​ចំណែក​បុរស​ជាតិ​អាមេរិក​ម្នាក់​ត្រូវ​ចាប់​បញ្ជូន​ទៅ​អាមេរិក​វិញ​។

ក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ​ស្ត្រី​ជាប់​ចោទ​មិន​បាន​ឆ្លើយ​ច្រើន​ទេ​ដោយ​គ្រាន់តែ​ប្រាប់​ចៅក្រម​ថា​៖​ «​ខ្ញុំ​ទទួល​ស្គាល់​កំហុស​របស់​ខ្ញុំ​ដែល​លក់​កូនស្រី​ឲ្យ​គេ​រួមភេទ ប៉ុន្តែ​កូន​ខ្ញុំ​បន្ទាប់​ពី​សមត្ថកិច្ច​រំដោះ​បាន​ពី​ហេតុការណ៍​នោះ ខាង​អង្គការ​មួយ​គេ​យក​នាង​ទៅ​រស់នៅ​ក្នុង​មណ្ឌល​គេ​ហើយ​។ ខ្ញុំ​សុំ​ឲ្យ​តុលាការ​បន្ថយ​ទោស​ដល់​ខ្ញុំ​ផង​ព្រោះ​ខ្ញុំ​ជាប់​ពន្ធនាគារ​បាន​ ៩ ​ឆ្នាំ​ ២ ​ខែ​ហើយ​នៅ​សល់​តែ​ ៨ ​ខែ​ទៀត​ប៉ុណ្ណោះ​នឹង​គម្រប់​ឆ្នាំ​ឃុំ​ខ្លួន​ខ្ញុំ​ហើយ​»​។

លោក​ព្រះរាជអាជ្ញា​ ង៉ែត សារ៉ាត តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា​ស្ត្រី​ជាប់ចោទ​បាន​សារភាព ប៉ុន្តែ​សមត្ថកិច្ច​ឃាត់​ខ្លួន​ក្នុង​បទល្មើស​ជាក់ស្តែង​។ ​«​ការ​ផ្តន្ទាទោស​របស់​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​ត្រឹមត្រូវ ហើយ​ដូច្នេះ​ខ្ញុំ​សូម​តម្កល់​សាលក្រម​ទុក​ជា​បាន​ការ​ដដែល​»​។

លោក​ នូ ចន្ថា មេធាវី​ការពារ​សិទ្ធិ​ស្ត្រី​ជាប់ចោទ​សន្និដ្ឋាន​ថា​ក្នុង​អង្គហេតុ​នេះ​ជនបរទេស​នោះ​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​គេ​វិញ​ឯ​កូនក្តី​លោក​ក៏​បាន​ជាប់​ពន្ធនាគារ​ជាង​ ៩ ​ឆ្នាំ​ហើយ​ដែរ​។

លោក​ថ្លែង​ថា​៖ «​សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ​មេត្តា​ពិនិត្យ​ពិចារណា​តម្រឹម​ទោស​របស់​កូន​​ក្តី​ខ្ញុំ​ឲ្យ​នៅ​ត្រឹម​ ៩ ​ឆ្នាំ​ ២ ​ខែ​នេះ​បាន​ហើយ​»​។

ក្រោយ​ជំនុំជម្រះ​លោក​ចៅក្រម ប៉ាក ច័ន្ទសំបូរ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែង​ថា សាលដីកា​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​ ១ ខែ​មីនា​ខាង​មុខ​៕