ភ្នំពេញៈ ស្ត្រី​ដែល​ចោទ​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ថា​ ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​មួយ​ឆ្នាំ និង​ពិន័យ​ប្រាក់​ ១ ​លាន​រៀល​ចូល​ថវិកា​រដ្ឋ ដែល​ការ​សម្រេច​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សវនាការ​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី ១១ ខែ​មករា ឆ្នាំ ២០១៨។

អ៊ី ឋាវរៈ ចៅក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​​ក្នុង​សវនាការ​ថា៖ «ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​ ហ៊ិន វ៉ាន់​ស្រី​ពៅ អាយុ​ ៣៧​ ឆ្នាំ​ ដាក់​ពន្ធនាគារ​ ១​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​១​លាន​រៀល​ ចូល​ថវិការដ្ឋ​ពី​បទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ តាម​មាត្រា​ តាម​មាត្រា​៤៩៤ និង​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ប្រព្រឹត្តនៅ​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃទី ​៩ ខែ​កក្កដា ឆ្នាំ​២០១៧ បើក​ផ្លូវ​ប្តឹង​ទាស់​និង​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់»។

សាល​ក្រម​នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​ជំនុំជម្រះ​កាល​ពីថ្ងៃទី​ ២៥ ខែធ្នូ ឆ្នាំ​ ២០១៧។

នៅ​ក្នុង​សវ​នាការ​​អ្នក​ស្រី ហ៊ិន វ៉ាន់ស្រី​ពៅ បាន​ថ្លែង​ប្រាប់​តុលាការ​ថា គាត់មិន​បាន​ញុះញង់​ទេ តែ​​បាន​និយាយ​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋ​មន្ត្រី​មែន។ ទោះ​យ៉ាង​ណា​ គាត់​អះអាង​ថា គាត់​និយាយ​​ដោយ​​អចេតនា​ ដោយ​សារ​តែ​គាត់​​​ខឹង​មួយ​ឆាវ​ជាមួយ​​នឹង​​អ្នក​លេង​ហ្វេសប៊ុក​​​ដែល​ចេះ​តែ​បញ្ចេញ​មតិ​ជេរ​ប្រមាថ​គាត់។

ក្រោយ​ស្តាប់​ការ​ប្រកាស​សាល​ក្រម ជន​ជាប់​ចោទ វ៉ាន់ស្រីពៅ​ បាន​ថ្លែង​​ថា នាង​មិន​ប្តឹង​ឧទ្ធរណ៍​ទេ ប៉ុន្តែ​មិន​បាន​បង្ហាញ​ពី​ការ​យល់​ឃើញ​រប​ស់​នាង​ លើ​សាល​ក្រម​នេះ​ទេ។ នាង​មិន​មាន​មេធាវី ឬ​សាច់​ញាតិ​មក​​សួរ​សុខ​ទុក្ខ​នៅ​ពេល​សវនាការ​ទេ។

ហ៊ិន វ៉ាន់ស្រីពៅ ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​កង​កម្លាំង​​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ របស់​ក្រសួង​មហា​ផ្ទៃ​​កាល​​ពី​​ថ្ងៃ​ទី​១២​ ខែ​​កក្កដា ឆ្នាំ​​ ២០១៧ បន្ទាប់​​ពី​នាង​​​បានចោទ​ប្រកាន់​​តាម​បណ្តាញ​ហ្វេស​ប៊ុក​​របស់​នាង ដែល​ដាក់​ឈ្មោះ​ថា ហេង លក្ខិណា ដោយ​អះអាង​ថា លោក ហ៊ុន សែន និង​សមាជិក​គ្រួសារ​ បាន​សម្លាប់​លោក​បណ្ឌិត កែម ឡី។

លោក កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ កាល​ពី​ថ្ងៃ​ទី​ ១០ ខែ​កក្កដា ឆ្នាំ​ ២០១៦ នៅ​​ស្ដារ​ម៉ាត​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល់តិច ស្តុប​បូកគោ។ មាន​តែ​ជន​ល្មើស​ម្នាក់​គត់ ​​ដែល​មជ្ឈដ្ឋាន​ជា​ច្រើន​ហៅ​ថា ជា​ឃាតករ «សិប្ប​និម្មិត» ឈ្មោះ ជួប​ សម្លាប់​ ត្រូវ​បាន​ចាប់​ខ្លួន​​ភ្លាម​ៗ​និង​​ត្រូវ​កាត់​ទោស​ដាក់​ពន្ធនាគារ​មួយ​ជីវិត។

ការ​កាត់​ទោស​លើ​អ្នក​ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា​ជា​អ្នក​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក កែម ឡី​នេះ ជា​ករណី​ទី​៣​ហើយ។ ​ករណី​ទី​មួយ​ គឺ​ការ​​​ផ្ដន្ទា​ទោស​លោក​ស្រី ថាក់ ឡានី សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​ សម រង្ស៊ី ដែល​តុលាការ​បាន​ចោទ​ពី​បទ​«ញុះញង់​ឲ្យ​ប្រព្រឹត្តបទ​ល្មើស​ជា​អាទិ៍» ហើយ​កាត់​ទោស​​លោក​ស្រី​ ដាក់​ពន្ធនាគារ​១​ឆ្នាំ​​កន្លះ និង​ពិន័យ​ប្រាក់​៨​លាន​រៀល។

ករណី​ទី​២ គឺ​ការ​កាត់​ទោស​លោក គឹម សុខ អ្នក​វិភាគ​នយោបាយ​ ដោយ​ដាក់​ពន្ធនាគារ​រយៈ​ពេល​១ ឆ្នាំ​កន្លះ​ដូច​គ្នា​ និង​​បង្គាប់​​ឲ្យ​​សង​សំណង​ ៨០០ ​លាន​រៀល​ ទៅ​ឲ្យ​​ប្រធាន​គណបក្ស​ប្រជាជន​ លោក ហ៊ុន សែន ពាក់​ព័ន្ធ​​នឹង​​ការ​​ចោទ​គណបក្ស​​នេះ​​ថា​ នៅ​ពី​ក្រោយ​ឃាតកម្ម​លោក បណ្ឌិត កែម ឡី​។

លោក Phil Robertson នាយក​រង​​នៃ​​អង្គការ​​ឃ្លាំ​​មើល​​សិទ្ធិ​​មនុស្ស​​អន្តរជាតិ Human Rights Watch ប្រចាំ​អាស៊ី​បាន​ថ្លែង​តាម​សារ​អេឡិច​ត្រូនិក​ ថ្ងៃ​នេះ​​ថា ការ​ដែល​ជំរុញ​ឲ្យ​មាន​ការ​ថ្លែង​ដូច្នេះ ដោយ​សារ​តែ​ការ​កាត់​ទោស​ករណី​ឃាតក​ម្ម​លោក កែម ឡី ដែល​មាន​ជន​ជាប់​ចោទ​ ជួប សម្លាប់​ នោះ​ មិន​​បាន​ធ្វើ​ឡើង​ឲ្យ​ចប់​សព្វ​គ្រប់ ពោល​​គឺ​​បាន​បន្សល់​ទុក​អ្នក​សមគំនិត​មិន​ត្រូវ​បាន​កាត់​ទោស ហើយ​រដ្ឋាភិបាល​ ប្រញាប់​ប្រញាល់​បិទ​បញ្ចប់​សំណុំ​រឿង​នេះ។

លោក​ថ្លែង​ថា៖ «ឥឡូវ​​នេះ​ តាម​រយៈ​ករណី​ ហ៊ិន​ វ៉ាន់ស្រីពៅ​នេះ យើង​ឃើញ​ថា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ មិន​ត្រូវ​បាន​គេ​ការពារ​ទេ ពេល​និយាយ​ពាក់​ព័ន្ធ​នឹង​រឿង​ការ​សម្លាប់​លោក កែម ឡី។ បើ​សិន​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន និង​រដ្ឋាភិបាល ​មិន​ពាក់​ព័ន្ធ​នឹង​ការ​សម្លាប់​លោក​ កែម ឡី​ ទេ ហេតុ​អ្វី​ពួក​គេ​ទៅ​ខ្វល់​ខ្វាយ​នឹង​ពលរដ្ឋ​សាមញ្ញ​ដែល​លេង​ហ្វេស​ប៊ុក​និយាយ​ពី​រឿង​នេះធ្វើ​អ្វី?»៕ រាយ​កា​រណ៍​​បន្ថែម​​ដោយ ​Andrew Nachemson