Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ស្ត្រី​ពីរ​នាក់ ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​រឿង​នាំ​ស្ត្រី​ខ្មែរ​ទៅ​រៀបការ​ប្តី​នៅ​ចិន

Content image - Phnom Penh Post
ស្ត្រី​សង្ស័យ​ទាំង​ពីរ​នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​។ រូបថត នគរបាល

ស្ត្រី​ពីរ​នាក់ ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​រឿង​នាំ​ស្ត្រី​ខ្មែរ​ទៅ​រៀបការ​ប្តី​នៅ​ចិន

ក្រចេះ: ស្ត្រី​ ២ ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ក្រចេះ​រង់ចាំ​ការ​កាត់ទោស​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​ការ​នាំ​ស្ត្រី​ខ្មែរ​ទៅ​ការ​ប្តី​ចិន​ហើយ​ជនរងគ្រោះ​ទទួល​រង​ទារុណកម្ម​ពី​ប្តី​ជនជាតិ​ចិន​។

លោកស្រី នៅ រតនា ស្នងការរង​ខេត្ត​ក្រចេះ​ទទួល​បន្ទុក​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ស្ត្រី​មេខ្យល់​ឈ្មោះ សាន ខា អាយុ ៥៣ ឆ្នាំ​មាន​ទីលំនៅ​ក្នុង​ភូមិ​ល្អ ឃុំ​ចង្ក្រង់ ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ និង​ម្នាក់​ទៀត​ឈ្មោះ ស្រន ស៊ីនឿន អាយុ​ ៤៧ ​ឆ្នាំ​រស់នៅ​ភូមិ​ ស្រែសង្កែ ឃុំ​ពាមកោះស្នា ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​ត្រូវ​បាន​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​ ១៣ ខែ​កក្កដា​ឆ្នាំ​ ២០១៧ ក្រោយ​ពេល​សមត្ថកិច្ច​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​លោក ហាស់ សេដ្ឋោ ជា​ឪពុក​របស់​ជនរងគ្រោះ​អាយុ​​ ២៨ ​ឆ្នាំ​។

«​គាត់​ (​ជនសង្ស័យ​)​មាន​ការ​ឃោសនា​ទាក់ទាញ​ដល់​ស្ត្រី​ខ្មែរ​យើង​ទៅ​រៀបការ​ជាមួយ​ប្តី​ជា​ជនជាតិ​ចិន​ដោយ​ថា​មាន​ជីវភាព​ធូរធារ​។ ប៉ុន្តែ​ ធាតុពិត​ពេល​ទៅ​ហ្នឹង​វា​អត់​បាន​ដូច​អ្វី​ដែល​គាត់​និយាយ​ទេ ហើយ​សកម្មភាព​ដែល​គាត់​ធ្វើ​មិនមែន​តែ​ ២ ​នាក់​ទេ គឺ​មាន​ការ​រៀបចំ​ពី​មេខ្យល់​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​ដូច​ជា​នៅ​វៀតណាម​នៅ​ភ្នំពេញ​ហើយ​និង​នៅ​ចិន​»​។

លោកស្រី​បញ្ជាក់​ថា ​ជនសង្ស័យ​ទាំង​ ២ ​ត្រូវ​បាន​ចោទប្រកាន់​​ពី​បទ​នាំ​ចេញ​មិន​ស្រប​ច្បាប់​ដោយ​មាន​គោលដៅ​តាម​មាត្រា​ ១០ នៃ​ច្បាប់​ស្តីពី​ការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវ​ភេទ​។ តាម​ច្បាប់​នេះ​ជនសង្ស័យ​ប្រឈម​ជាប់​ពន្ធនាគារ​ពី​ ៧ ​ទៅ​ ១៥ ​ឆ្នាំ​បើ​សិន​រកឃើញ​ថា​មាន​ទោស​។

លោក ជា សុភ័ក្រ ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត​ក្រចេះ​បាន​បញ្ជាក់​ថា​ពិត​ជា​មាន​ការ​ចោទប្រកាន់​ហើយ​បញ្ជូន​ជនសង្ស័យ​ទៅ​ពន្ធនាគារ​មែន​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។

លោកស្រី នៅ រតនា បាន​រៀបរាប់​អំពី​រឿង​ហេតុ​ដែល​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ថា​៖ «​ដោយសារ​កូន​គាត់​រងគ្រោះ ឪពុក​គាត់​មក​ដាក់​ពាក្យ​ប្តឹង ហើយ​គាត់​បាន​រាយការណ៍​ប្រាប់​យើង​ថា​កូន​គាត់​បាន​​រងគ្រោះ​នៅ​ប្រទេស​ចិន​។ មិន​ត្រឹម​តែ​ពាក្យបណ្តឹង​របស់​ឪពុកម្តាយ​ទេ ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​បាន​ឲ្យ​គាត់​ទូរស័ព្ទ​ទៅ​កូន​គាត់​ផ្ទាល់​នៅ​ប្រទេស​ចិន​។ ឪពុកម្តាយ​គាត់​ខល​ទៅ​យើង​សួរ​នាំ​ពី​ស្ថានភាព​នៅ​ទី​នោះ​យ៉ាង​ម៉េចៗ​ហើយ​បច្ចុប្បន្ន​ជន​រងគ្រោះ​នារី​ខ្មែរ​យើង​ហ្នឹង​បាន​រៀបការ​ជាមួយ​បុរស​ចិន​នៅ​ប្រទេស​ចិន ប៉ុន្តែ​នាង​ត្រូវ​បាន​បុរស​ជនជាតិ​ចិន​ដែល​ជា​ប្តី​បង្ខាំង​ទុក​ក្នុង​ផ្ទះ​បង្ខំ​រួមភេទ មាន​ការ​គំរាម​កំហែង​ជាដើម​»​។

លោកស្រី​បញ្ជាក់​ដែរ​ថា​សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ហើយ​ក៏​កំពុង​ស្នើសុំ​អន្តរាគមន៍​យក​ជនរងគ្រោះ​ពី​ចិន​មក​វិញ​តាមរយៈ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ក្រសួង​ការបរទេស និង​អង្គការ​ពាក់ព័ន្ធ​៕

0

Comments

Please, login or register to post a comment