ភ្នំពេញៈស្ត្រី​ឈ្មោះ សំ សុខា ជា​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ ដែល​យក​ស្បែកជើង​គប់​រូប​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​គេ​ចាប់​បញ្ជូន​ពី​ក្រុង​បាងកក ប្រទេស​ថៃ មក​កម្ពុជា​វិញ កាលពី​យប់​ថ្ងៃ​ទី​​ ៨ ខែ​កុម្ភ​: ក្រោយ​មាន​សាលក្រម​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ២ ​ឆ្នាំ​។

សំ សុខា អាយុ​ ៣៨ ​ឆ្នាំ​ត្រូវ​ជាប់ចោទ​ពី​បទ «​ប្រមាថ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​» ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​ ០១ ខែ​មេសា ឆ្នាំ​ ២០១៧ នៅ​ចំណុច​ផ្លូវ​លេខ​ ៤៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ៤-៥ ស្ថិត​នៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

កាលពី​យប់​ម្សិលមិញ សុខា ត្រូវ​អាជ្ញាធរ​កម្ពុជា​សហការ​ជាមួយ​ថៃ​ចាប់​បញ្ជូន​ខ្លួន​មក​កាន់​ទឹកដី​កម្ពុជា​វិញ ក្រោយ​ពី​បាន​ភៀស​ខ្លួន​ទៅ​ទី​នោះ និង​ត្រូវ​ចាប់​កាត់ទោស​ករណី​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​ហួស​ទិដ្ឋាការ​។

នៅ​ថ្ងៃ​ទី​ ២៥ ខែ​មករា ស្ត្រី សំ សុខា ត្រូវ​តុលាការ​ខេត្ត​កំពង់ស្ពឺ​កាត់ទោស​កំបាំង​មុខ និង​ចេញ​សាលក្រម​ផ្តន្ទាទោស ២ ​ឆ្នាំ​ដាក់​ពន្ធនាគារ​ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់ ៥ ​លាន​រៀល​ផង​ដែរ​។

យោង​តាម​ដីកា​បង្គាប់​ចាប់​ខ្លួន ឃុំ​ខ្លួន ចុះ​ថ្ងៃ​ទី​ ២៥ ខែ​មករា ចៅក្រម​ជំនុំ​ជម្រះ អ៊ុក រ៉េតគន្ធា បាន «​បញ្ជា​ឲ្យ​កម្លាំង​សាធារណ:​ស្រាវជ្រាវ​រក​ចាប់​ខ្លួន​ និង​នាំ​ខ្លួន​ឈ្មោះ​ខាង​លើ​មក​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​» ។

ការ​ចាប់​បញ្ជូន សំ សុខានេះ ខណៈ​ដែល​អង្គការ​សហប្រជាជាតិ​ក៏​បាន​ទទួល​ស្គាល់​នាង​ជា​ជន​ភៀសខ្លួន​ផង​ដែរ​។

លោក Phil Robertson អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស HRW ឲ្យ​ដឹង​តាម​សារ​អេឡិចត្រូនិច​ថា៖ «​ការ​បង្ខំ​ជន​ភៀសខ្លួន សំ សុខា មក​កម្ពុជា​វិញ គឺជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ច្បាស់​ក្រឡែត​ និង​ធ្ងន់ធ្ងរ​បំផុត ធ្វើឡើង​ដោយ​ភាព​ផ្តាច់ការ​ផ្នែក​យោធា​របស់​ប្រទេស​ថៃ ដែល​ទំនង​ជា​កំពុង​ស្វែងរក​ទិញ​ប្រយោជន៍​ពី​លោក ហ៊ុន សែន» ​។

លោក​បន្ត​ថា សហគមន៍​អន្តរជាតិ​គួរ​តែ​ធ្វើ​ឲ្យ​​ប្រទេស​ថៃ​បង់​សង​នូវ «​តម្លៃ​ដ៏ធ្ងន់ធ្ងរ​» នេះ​ដោយសារ​តែ​ធ្វើការ​បណ្តេញ​ជនជាតិ​កម្ពុជា​ម្នាក់​នេះ​៕