ភ្នំពេញៈ គណ​បក្ស​រាជា​និយម​ហ្វ៊ុន​ស៊ិន​ប៉ិច កាល​ពីម្សិល​មិញ បាន​បដិ​សេធ​ព័ត៌​មាន​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​បាន​ដក​ស្រង់​ពី​ប្រភព​អនា​មិក ថា គណ​​បក្ស​​នេះ​​បាន​​តែង​​តាំង​​ជន​​ជាតិ​​ចិន​ម្នាក់​​ធ្វើ​ជា​អនុ​ប្រធាន​គណ​បក្ស។

សារ​ព័ត៌​មាន Rasmei News កាល​ពី​ថ្ងៃ​អាទិត្យ បាន​រៀប​រាប់​រឿង​រ៉ាវ​នេះ​តាម​ប្រព័ន្ធ​អន​ឡាញ​ដោយ​បាន​ដក​ស្រង់​សម្តី​មន្ត្រី​គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ម្នាក់ដែលបានលើកឡើងថាគណបក្សនេះបានតែងតាំងជនជាតិចិនម្នាក់ឈ្មោះ Jack Kise ឲ្យកាន់តំណែង​ជាអនុប្រធាន​គណបក្ស​ដែលទង្វើនេះគឺខុសច្បាប់បើយោងទៅលើច្បាប់ស្តីពីគណបក្សនយោបាយ។

កាលពីខែមុនប្រធានគណបក្ស សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានស្នើសុំការគាំទ្រផ្នែកហិរញ្ញវត្ថុពីចិនបន្ទាប់ពីមានការជួបជាមួយអ្នកការទូតម្នាក់ ហើយជាថ្មីម្តងទៀតគឺវាជាការរំលោភលើច្បាប់ស្តីពីគណបក្សនយោបាយ ប៉ុន្តែ​ភ្លាមៗដំណឹងនេះ​ត្រូវបាន​អ្នកនាំពាក្យ​គណបក្ស​បដិសេធ។

កាសែតរស្មីកម្ពុជា បានបញ្ជាក់រឿងរ៉ាវ ស្រដៀងគ្នាដែលបានលេចឡើងនៅក្នុងកាសែត Khmer Times ដែរ គឺថា៖«សមាជិកជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច ម្នាក់បានប្រាប់រស្មីកម្ពុជាកាលពីថ្ងៃទី ១៣ ខែមករាថា សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានតែងតាំងលោក Jack Kise ដែលជាជនជាតិចិនឲ្យធ្វើជាអនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច»។

កាលពីម្សិលមិញសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានច្រានចោលព័ត៌មានលេចឮនេះដោយព្រះអង្គថ្លែងថាគណបក្សមិនបានធ្វើការតែងតាំងបែបនេះទេ។

សម្តេច​ក្រុមព្រះនរោត្តម រណឫទ្ធិ បានថ្លែងនៅខាងក្រៅកិច្ចប្រជុំពេញអង្គរដ្ឋសភានៅថ្ងៃនេះថា៖«ខ្ញុំបានឮអំពីរឿងនេះ។ វាមិនអាចទៅរួចទេ។ យើងមិនអាចតែងតាំង[នរណាម្នាក់] បានទេ លុះត្រាតែគាត់ជាពលរដ្ឋកម្ពុជា»។

លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បាននិយាយថា គាត់ជាទីប្រឹក្សាគណបក្សដោយសំដៅទៅលោក «Jackie» គឺជា​ទីប្រឹក្សា​យូរ​មក​ហើយ​របស់​គណ​បក្ស​ហើយ​ជា​ពល​រដ្ឋ​កម្ពុជា​មិន​មែន​ជា​ជន​ជាតិ​ចិន​ដូច​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​លើក​ឡើង​នោះ​ទេ៕ NS