Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អគារ​ក្រសួង ​ធម្មការ​ នឹង​ត្រូវ​រើ​មក​នៅ​ ពុទ្ធសាសន​បណ្ឌិត្យ

Content image - Phnom Penh Post
លោក ហ៊ឹម ឆែម (ឆ្វេង) និង​លោក​ យ៉ែម បុញ្ញឫទ្ធិ នៅ​រដ្ឋសភា​កាលពី​ម្សិលមិញ​។ ហេង ជីវ័ន

អគារ​ក្រសួង ​ធម្មការ​ នឹង​ត្រូវ​រើ​មក​នៅ​ ពុទ្ធសាសន​បណ្ឌិត្យ

ភ្នំពេញៈ អគារ​​ក្រសួង​ធម្មការ និង​សាសនា​នឹង​ត្រូវ​ប្តូរ​មក​នៅ​ក្នុង​​បរិវេណ​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ ស្ថិត​នៅ​ក្បែរ​​អគារ​បនល្បែង​ណាហ្គាវើល​វិញ​​នៅ​ក្នុង​​ឆ្នាំ ២០១៨ ខណៈ​ទីតាំង​ចាស់​នឹង​ត្រូវ​​ប្រគល់​ឱ្យ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុរាជ​ជា​អ្នក​គ្រប់គ្រង។

ព័ត៌មាន​ពី​ការ​ផ្លាស់ប្តូរ​ទីតាំង​ក្រសួង​នេះ​ត្រូវ​បាន​ឱ្យ​ដឹង​កាលពី​ម្សិលមិញ​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា​លោក ហ៊ឹម ឆែម បាន​ចូល​បំភ្លឺ​ជូន​ប្រធាន​គណៈកម្មការ​ទី ៧ នៃ​រដ្ឋសភា​លោក យ៉ែម បុញ្ញឫទ្ធិ ពាក់ព័ន្ធ​នឹង​បញ្ហា​បី​រួម​មាន​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ​ដែល​កាល​ពី​មុន​ត្រូវ​បាន​គេ​សង្ស័យ​ថា​ត្រូវ​បាន​លក់​ទៅ​ឲ្យ​បនល្បែង​ណាហ្គាវើល បញ្ហា ពុទ្ធិក​សាកលវិទ្យាល័យ សហលក្ខនិ្តកៈ​មន្ត្រី​សង្ឃ។

ក្រោយ​បញ្ចប់​កិច្ចប្រជុំ​បិទ​ទ្វារ​ជិត ៤ ម៉ោង​ប្រធាន​គណៈកម្មការ​​ទី ៧ នៃ​រដ្ឋសភា​លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែង​ថា​៖ ​«នៅ​ពេល​ខាង​មុខ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ពី​ការ​សាងសង់​អគារ​ទីស្តីការ​របស់​ក្រសួង​ធម្មការ និង​សាសនា​នឹង​​ប្តូរ​ទៅ​ជាប់​នៅ​វិទ្យាស្ថានពុទ្ធ​សាសន​បណ្ឌិត្យ​ហើយ​​អគារ​​ទីស្តីការ​ក្រសួង​បច្ចុប្បន្ន​នឹង​ប្រគល់​ទៅ​ឱ្យ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុរាជ​ដើម្បី​ធ្វើការ​គ្រប់គ្រង ​និង​ពង្រីក​សាកល​វិទ្យាល័យ»។

យ៉ាង​នេះ​ក្តី​លោក យ៉ែម បុញ្ញឫទ្ធិ មិន​ជំទាស់​នឹង​ការ​ប្តូរ​នេះ​ទេ​ហើយ​បាន​ទទួល​យក​ការ​ឆ្លើយ​បំភ្លឺ​របស់​​លោក ហ៊ឺម ឆែម ផង​ដែរ។

ចំណែក​លោក ហ៊ឹម ឆែម ថ្លែង​ថា៖ «យើង​បាន​ឯកភាព​គ្នា​អស់​ហើយ​យើង​បាន​ចុះ​បឋម​​​សិលា​ថ្ងៃ​ទី​ ២៨ ខែ​ធ្នូ ឆ្នាំ ២០១៦»។

ទាំង​​លោក ហ៊ឹម ឆែម និង​លោក បុញ្ញឫទ្ធិ ​បញ្ជាក់​​ជាថ្មី​ថា​មិន​មាន​ការ​លក់​ដី​វិទ្យាស្ថាន​ពុទ្ធសាន​បណ្ឌិត្យ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​នោះ​ទេ។

កាលពី​ឆ្នាំ ២០១៤ អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា​លោក សេង សុមុនី ធ្លាប់​បាន​ថ្លែង​ថា៖ «រដ្ឋាភិបាល​​មាន​គម្រោង​សាងសង់​អគារ​ក្រសួង​ធម្មការ និង​សាសនា​ថ្មី​ពី​ ៧ ទៅ ៨ ជាន់​នៅ​លើ​ដី​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ ដែរ​គឺ​សង់​កន្លែង​ដែល​ទំនេរ​»​។

យ៉ាង​ក៏ដោយ​ទាំង​លោក យ៉ែម បុញ្ញឫទ្ធិ និង​លោក ហ៊ឹម ឆែម បាន​​បដិសេធ​ប្រាប់​ព័ត៌មាន​លម្អិត​​អំពី​ថវិកា​ដែល​ត្រូវ​ចំណាយ និង​ទំហំ​អគារ ឬ​ទំហំ​ដី​ដែល​ត្រូវ​សាងសង់​គ្រាន់​តែ​បញ្ជាក់​ថា «ដោយ​ប្រើ​ថវិការដ្ឋ​តាម​ដំណាក់កាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឯកភាព​ និង​ប្រគល់​ហើយ»។ «យើង​ត្រូវ​រៀបចំ​ឱ្យ​ជាក់លាក់​នូវ​ការ​គ្រប់គ្រង​ច្បាស់លាស់​លើ​វិស័យ​ព្រះពុទ្ធ​សាសនា​ហើយ​វិស័យ​អប់រំ​ផ្នែក​ពុទ្ធិកបឋម ពុទ្ធិ​កមធ្យម ហើយ​នឹង​ពុទ្ធិក​ឧត្តមសិក្សា​ដែល​ជួប​ប្រទះ​បញ្ហា​គឺ​មាន​ការ​លើក​ឡើង​ថា​គុណភាព​នៃ​ការ​អប់រំ​នៅ​មាន​កម្រិត បើ​ប្រៀបធៀប​នឹង​មហាវិទ្យាល័យ​នានា​»​។

ទាក់ទង​នឹង​កន្លង​ទៅ​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន​​ជេរ​ព្រះសង្ឃ​ថា «អា​ចោរ​ថង់​យាម​» នោះ​ត្រូវ​បាន​លោក ហ៊ឹម ឆែម ថ្លែង​ថា «អ្នក​ណា​ជេរ អ្នក​នោះ​ទទួល»។

ប៉ុន្តែ​លោក យ៉ែម បុញ្ញឫទ្ធិ បាន​​ថ្លែង​ទៀត​ថា​៖ «​យើង​ព្យាយាម​ចែក​ឱ្យ​​ដាច់​នៅ​ពេល​ព្រះសង្ឃ​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​នឹង​មាន​ថេរសភា​សង្ឃ​នឹង​ចូលរួម​ដោះស្រាយ​ហើយ​ចំពោះ​ក្រុម​ដែល​ប្រមាថ​នឹង​សាសនា​ក្រសួង​នឹង​​យក​ទៅ​គិត​ពិចារណា​ដើម្បី​មាន​វិធានការ​បន្តបន្ទាប់​»។

បច្ចុប្បន្ន​ព្រះសង្ឃ​នៅ​ទូទាំង​ប្រទេស​មាន​ជាង​ ៦ ម៉ឺន​អង្គ​។

បើ​តាម​លោក យ៉ែម បុញ្ញឫទ្ធិ គណៈកម្មាធិការ​របស់​​រដ្ឋសភា​ក៏​គ្រោង​នឹង​ធ្វើការ​អញ្ជើញ​រដ្ឋមន្ត្រី​មួយ​ចំនួន​ទៀត​ទៅ​សាកសួរ​ផង​ដែរ​គឺ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ពាក់ព័ន្ធ​នឹង​សារមន្ទីរ​ជាតិ​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ពាក់ព័ន្ធ​នឹង​បញ្ហា​អសកម្ម​មួយ​ចំនួន​ដែល​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​ទាំង​នេះ៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ