កោះកុង៖ មន្ត្រី​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS) បាន​ចាត់តាំង​សមាជិក​សហគមន៍ ៤ នាក់​ឲ្យ​យាម​សំ​បុក​អណ្ដើក​ហ្លួង​មួយ​សំ​បុក​ ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំ​បិល​ ភូមិ​ព្រះ​កែង​ ស្រុកស្រែ​អំ​បិល​ ខេត្ត​កោះ​កុង​ រហូត​ដល់​ញាស់​កូន​ក្រោយ​ពី​រក​ឃើ​ញ​កាល​ពី​ដើម​ខែ​ កុម្ភៈ​។​

មន្ត្រី​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​ (WCS) បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​មិញនេះ​ថា ក្រុម​អ្នក​អភិរក្ស​របស់​រដ្ឋបាល​ជល​ផល និង អង្គការ​ WCS​ រួមទាំង​ប្រជាជន​សហគមន៍ បាន​រកឃើញ​សំបុក​អណ្តើក​ហ្លួង ចំនួន​ មួយ​​សំបុក ​ដែល​មាន​ពង​ចំនួន​​ ១៦ គ្រាប់​នៅ​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល។​

​លោក អេង ម៉េង​អ៊ី មន្ត្រី​ទំនាក់​ទំនង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS) និយាយ​ថា សំបុក​អណ្ដើក​ហ្លួង​មួយ​នេះ ត្រូវបាន​រក​ឃើញ​កាលពី​ថ្ងៃទី០៣​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៨​ កន្លង​ទៅ​នេះ ស្ថិតនៅ​ក្នុង​ភូមិ​ព្រះ​អង្គ​កែវ​ ស្រុកស្រែ​អំបិល ខេត្ត​កោះកុង។​

​លោក​បាន​បញ្ជាក់​ថា៖ ​«វា​គឺជា​សំបុក​អណ្តើក​ហ្លួង​ទី ០១ ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ឆ្នាំ ២០១៨ នេះ។​ បច្ចុប្បន្ន​អង្គការ​ WCS បាន​ជួល​សមាជិក​សហគមន៍​ចំនួន​០៤នាក់​ឲ្យ​យាម​សំបុក​អណ្តើក​ហ្លួង​នេះ​រហូតដល់​វា​ញាស់»។

អណ្តើក​ហ្លួង ​ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ ​IUCN​ ជា​ប្រភេទ​រងគ្រោះ ​ជិត​ផុត​ពូជ​បំផុត​ និង​ស្ថិត​ក្នុង​ចំណោម​អណ្តើក​ទាំង​ ២៥​ ប្រភេទ​ដែល​កំពុង​ រង​គ្រោះថ្នាក់​ខ្លាំង​ជាង​គេ​បំផុត​នៅលើ​ពិភព​លោក។​ កា​រ​ដាក់​ឈ្មោះ​អណ្តើក ហ្លួង​យ៉ាង​ដូច្នេះ ពីព្រោះ​កាល​ពីមុន​ មាន​តែ​គ្រួ​សារ​រាជ្យ​វង្ស​ប៉ុណ្ណោះ ​ដែល​អាច​សោយ​ពង​វា​បាន។​

ព្រះរា​ជ​ក្រឹត្យ​ នស/រកត/០៣០៥/១៤៩ ចុះ​ថ្ងៃ​ទី ២១ ​ខែមីនា ​ឆ្នាំ២០០៥​ បាន​ដាក់​បញ្ចូល​អណ្តើក​ហ្លួង​ជា​ប្រភេទ​ សត្វ​ល្មូ​ន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា។​

បើ​តាម​ការ​អះអាង​រប​ស់​លោក​ អ៊ិន​ ហ៊ុល ​មន្ត្រី​រដ្ឋបាល​ជលផល ​ខេត្ត​កោះ​កុង​ ចា​ប់​ពី​ពេល​នេះ​រហូត​ដល់​ខែ​មីនា គឺ​ជា​រដូវ​កាល​ពង​កូន​របស់​សត្វ​អណ្តើក​ហ្លួង ក្រុម​អ្នក​អភិរក្ស​កំពុង​តែ​សហការ​ជាមួយ​ប្រជាជន​សហ​គម​ន៍​ ដើរ​ស្វែង​រក​ទីតាំង​សំបុក​ពង​កូន​របស់​ពួកវា និង​រក្សា​ការពារ​រហូត​ដល់​កូន​វា​ញាស់។​

លោក​ថ្លែងថា​៖ «ក្រោយ​ពី​វា​ញ៉ាស់ យើង​នឹង​យក​កូន​អណ្តើក​ហ្លួង ​ទាំង​នោះ​ទៅកាន់​មជ្ឈ​មណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​ល្មូ​ន​ខេត្ត​កោះកុង ​ដើម្បី​ចិញ្ចឹម​ និង​ថែរក្សា​ រហូត​ដល់​ពួក​វា​ធំ​ពេញ​វ័យ​ទើប​លែង​ទៅ​ក្នុង​ ធម្ម​ជាតិ​វិញ»​៕