ភ្នំពេញៈ អតីត​គ្រូបង្រៀន​ម្នាក់​បាន​បដិសេធ​ចំពោះ​មុខ​ចៅក្រម​សាលា​​ឧទ្ធរណ៍​ខណៈ​កំពុង​នៅក្នុង​សវនាការ​ពី​ម្សិលមិញ​ថា ខ្លួន​មិន​បាន​ក្លែង​ឯកសារ​ដូច​ការ​ចោទ​ទេ ប៉ុន្តែ​ទទួល​ស្គាល់​ថា​បាន​ចូលរួម​ផ្តិត​មេដៃ​ក្នុង​ការ​ស្នើសុំ​ដី​ជាមួយ​ពលរដ្ឋ​ ១០២ ​នាក់​នៅ​​ភូមិ​ព្រៃពាយ​ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត​មែន​កាលពី​ឆ្នាំ​ ២០១៦​។

ខណៈ​ចៅក្រម​ផ្តល់​សិទ្ធិ​ឲ្យ​បំភ្លឺ​ក្នុង​សវនាការ ជនជាប់ចោទ​ថ្លែង​ថា គាត់​ឈ្មោះ អ៊ឹង លី អាយុ​ ៥៤ ​ឆ្នាំ​រួម​នឹង​ពលរដ្ឋ​ដទៃ​ទៀត​បាន​នាំ​គ្នា​ចាប់​យក​ដី​ធ្វើ​លំនៅឋាន​ និង​ដាំ​ដំណាំ​បាន​ផល​ទៅ​ហើយ​ក៏​ស្រាប់​តែ​មាន​ក្រុមហ៊ុន​មួយ​មក​ចរចា​ទិញ​ដី​ដោយ​ឲ្យ​ ១ ​ហិកតា​ ៣០០ ​ដុល្លារ តែ​ពួកគាត់​មិន​ព្រម​លក់​។

ជនជាប់ចោទ​បន្ត​ថា​ដោយសារ​ចង់​បាន​ដី​កាន់កាប់​ស្រប​ច្បាប់​ពួកគាត់​បាន​ផ្តិត​មេដៃ​ដើម្បី​ធ្វើ​សំណើ​ទៅ​អភិបាល​ខេត្ត​ដោយ​មាន​ស្នាម​មេដៃ​ ១០២ ​នាក់​ស្នើសុំ​ដី​ទំហំ​ ៥ ​ហិកតា​ក្នុង​មួយ​គ្រួសារ​។ ​ប៉ុន្តែ​ក្នុង​នោះ​គាត់​ស្គាល់​មុខ​ប្រហែល​តែ​ ៣០ ​ភាគរយ​ទេ ក្រៅ​ពី​នោះ​មិន​ដឹង​គេ​មក​​ពី​ណា​ឡើយ​។

ជនជាប់ចោទ​បញ្ជាក់​ថា​៖ «​រឿង​នេះ​ខ្ញុំ​បាន​ចូលរួម​ផ្តិត​មេដៃ​មែន តែ​អក្សរ​សរសេរ​លើ​សំណើ​នោះ​មិនមែន​ជា​អក្សរ​ខ្ញុំ​ទេ​។ បន្ទាប់​មក​តុលាការ​ចេញ​ដីកា​ប្រាប់​ខ្ញុំ​នៅ​ថ្ងៃ​អាទិត្យ​ទៀត បើ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ប្រាប់​មុន​ ១ ​អាទិត្យ​ដែរ​ដើម្បី​ឲ្យ​ខ្ញុំ​អាច​រៀបចំ​ឯកសារ​ឡើង​តុលាការ​។ ខ្ញុំ​មិន​បាន​ធ្វើ​មេខ្លោង​ក្នុង​រឿង​នេះ​ទេ សូម​តុលាការ​ដោះលែង​ខ្ញុំ​។ ពេល​គេ​ចាប់​ខ្ញុំ​គេ​វាយ​ខ្ញុំ​សន្លប់​ហើយ​ចងដៃ​ជើង​ទៀត​»​។

ទោះ​យ៉ាង​ណា​តាម​អង្គហេតុ​បង្ហាញ​ថា​រឿង​នេះ​ជន​ជាប់ចោទ​ជា​មេខ្លោង​ហើយ​ក្នុង​សំណើ​មាន​សរសេរ​អាសយដ្ឋាន​របស់​អ្នក​ស្នើ​ដី​ខុស​ច្បាប់​ដើម​។ ​ក្នុង​ពាក្យ​បណ្តឹង​ចោទ​ថា​ជន​ជាប់ចោទ​បាន​នាំ​មនុស្ស​ច្រើន​នាក់​ និង​មាន​ម៉ូតូ​ ២០ ​គ្រឿង​ដើម្បី​ជួបជុំ​គ្នា ព្រោះ​ជន​ជាប់ចោទ​ប្រាប់​ពលរដ្ឋ​ថា ថ្ងៃ​នោះ​មាន​លោក ហ៊ុនម៉ាណែត និង​លោក ហ៊ុន តូ ចុះ​ទៅ​ចែក​អំណោយ​។

សំណុំ​រឿង​នេះ​ត្រូវ​សាលាដំបូង​ខេត្ត​កំពត​ផ្តន្ទាទោស​ដាក់​គុក​ ១ ​ឆ្នាំ​កន្លះ​ និង​ពិន័យ​ប្រាក់​ ២ ​លាន​រៀល​រួម​ឲ្យ​សង​ទៅ​ដើមបណ្តឹង​ដើម្បី​ជួសជុល​ការ​ខូចខាត​ ១០ ​លាន​រៀល​ផង​កាលពី​ថ្ងៃ​ទី​ ៣១ ខែ​តុលា ឆ្នាំ​ ២០១៧​។

ក្នុង​សវនាការ​នោះ​ដែរ​លោក​ព្រះរាជអាជ្ញា លី លន់ តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា​៖ «​រឿង​នេះ​ជនជាប់ចោទ​សារភាព ហើយ​តុលាការ​ខេត្ត​បាន​ដាក់​ទោស​គាត់​ ១ ​ឆ្នាំ​កន្លះ​។ ​ខ្ញុំ​សូម​ក្រុមប្រឹក្សា​ពិចារណា​តាម​ច្បាប់​»​។

លោក មួង សុគន្ធ មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់ចោទ​សន្និដ្ឋាន​ថា ក្នុង​រឿង​នេះ​កូនក្តី​លោក​មិន​បាន​ក្លែង​ឯកសារ​ដូច​ការ​ចោទ​ទេ ហើយ​ក៏​មិនមែន​មេខ្លោង​ដែរ​។ ​គាត់​គ្រាន់តែ​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​ ១០២ ​នាក់​ប៉ុណ្ណោះ ហើយ​គាត់​ស្គាល់​មនុស្ស​តែ​ ៣០ ​ភាគរយ​ទេ​ក្នុង​ ១០២ ​នាក់​នោះ​។

លោក​ថា​៖ «​ចំពោះ​តុលាការ​បង្គាប់​ឲ្យ​​សង​ទៅ​ដើមបណ្តឹង​ ១០ ​លាន​រៀល​ជួសជុល​ការ​ខូចខាត​នោះ​ខ្ញុំ​ថា ដើម​បណ្តឹង​ដូចជា​គ្មាន​អ្វី​ខូចខាត​ទេ ព្រោះ​គាត់​ប្តឹង​រឿង​ក្លែង​ឯកសារ​។​ ​យោង​មាត្រា​ ៣៥១ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ និង​មាត្រា​ ៣៨ ​នៃ​ច្បាប់​រដ្ឋធម្មនុញ​ខ្ញុំ​សូម​តុលាការ​ដោះលែង​កូនក្តី​ខ្ញុំ​ឲ្យ​មាន​សេរីភាព​វិញ​»​។

ក្រោយ​ជំនុំជម្រះ​លោក ប៉ុល សំអឿន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ប្រាប់​ថា​សាលដីកា​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​ ២៨ ខែ​កុម្ភៈ ខាង​មុខ​នេះ​៕