ភ្នំពេញៈ អតីតមន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​លើ​សំណុំ​រឿង​ទំនាស់​ផ្ទៃក្នុង​ដ៏ចម្រូង​ចម្រាស​បាន​ព្រមាន​ពី​ការ​បែកបាក់​គណបក្ស​មួយ​នេះ​កាន់តែ​ខ្លាំង​សាជាថ្មី បើ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នៅ​តែ​បន្ត​ស្ដាប់​មន្ត្រី​ដែល​តែងតែ​អែបអប ញុះញង់​ឲ្យ​ព្រះអង្គ​សាង​កំហុស​ម្ដង​ហើយ​ម្ដង​ទៀត​នោះ​។

ការ​ព្រមាន​បែប​នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់ពី​អតីតមន្ត្រី​ជាន់ខ្ពស់​គណក្ស​ហ៊្វុនស៊ិនប៉ិច​ចំនួន ៦ រូប​ក្នុង​ចំណោម ៧ រូប​ត្រូវ​បាន​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស ហ៊្វុនស៊ិនប៉ិច​បាន​បណ្តេញ​ពួកគេ​ចេញ​ពី​គណបក្ស កាលពី​ចុង​ខែ​មករា​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​ ១២ ខែ​កុម្ភៈ ដើម្បី​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​គណបក្ស​នេះ​ដោយ​ចាត់ទុក​ថា​ធ្វើ​ឡើង​ដោយ​ «​អយុត្តិធម៌​»​។

យ៉ាង​ណា​ក្តី​បន្ទាប់ពី​ចាកចេញ​​ពី​វិមាន​រដ្ឋសភា​កាលពី​ថ្ងៃ​ពុធ សម្ដេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ មាន​បន្ទូល​ថា បញ្ហា​នៃ​ការ​បញ្ចប់​មុខ​តំណែង​មន្ត្រី​ទាំង​ ៧ ​រូប​កាលពី​ពេល​ថ្មីៗ​នេះ​គឺ​ត្រូវ​ដោះស្រាយ​ដោយ​ផ្ទៃក្នុង មិន​គួរ​បញ្ជូន​ទៅ​តុលាការ​នោះ​ទេ​។

ព្រះអង្គ​មាន​បន្ទូល​ថា​៖ «​ខ្ញុំ​នរោត្តម រណឫទ្ធិ ជា​ប្រធាន ខ្ញុំ​មិន​ដែល​ដេញ​អ្នក​ណា​ទេ ប៉ុន្តែ​ខ្ញុំ​​ចុះ​ហត្ថលេខា​មែន គេ​ឲ្យ​ខ្ញុំ​ចុះ​ហត្ថលេខា​ខ្ញុំ​ត្រូវ​ចុះ ដើម្បី​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ជា​គណបក្ស​រាជានិយម​តែ​មួយ​គត់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ចេះ​រួបរួម​គ្នា​...»​។

ព្រះអង្គ​បន្ថែម​ថា​៖ «​ជា​សិទ្ធិ​របស់​ខ្ញុំ ខ្ញុំ​មាន​ឱកាស​មួយ​ចង់​ជម្រាប​អ្នក​កាសែត​ទាំងអស់ អ្នកណា​ចង់​ប្ដឹង​អ្នក​ណា ឲ្យ​ប្ដឹង​ទៅ​ស្រេច​តែ​គេ​ចង់​ប្ដឹង​ ក៏​ប៉ុន្តែ​ខ្ញុំ​មាន​យោបល់​មួយ​ដែល​ក្នុង​ឋានៈ​ខ្ញុំ​ជា​ប្រធាន​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​អត់​ឲ្យ​មាន​ការ​បែកបាក់​គ្នា​ទេ​។ មាន​បញ្ហា​អ្វី យើង​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​កុំ​មាន​បញ្ហា​អ្វី​ឡើង​ទៅ​តុលាការ​»​។

អតីត​មន្ត្រី​ជាន់​ខ្ពស់​ទាំង ៦ នាក់​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ត្រូវ​បញ្ចប់​មុខ​តំណែង​រួម​មាន លោក សេង ហាក់ស្រ៊ុន​, លោក មៀច សំរួល​, លោក កាន់ វុឌ្ឍី​, លោក សួន ផល្លី​, លោក គឹម រ៉ាវី និង លោក ណុប ផន​។

លោក មៀច សំរួល អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​ហ៊្វុនស៊ិចប៉ិច និង​ជា​ឧបការី​ផ្ទាល់​របស់​សម្ដេច​ក្រុមព្រះ​ដែល​ត្រូវ​បាន​បក្ស​បញ្ចប់​មុខ​​តំណែង​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា​៖ «​កន្លង​មក​ព្រះអង្គ​តែង​មាន​បន្ទូល​ថា ចង់​ឲ្យ​រួបរួម​សាមគ្គី ប៉ុន្តែ​ដោយសារ​ជឿ​លើ​មន្ត្រី​មួយ​ចំនួន​ធ្វើ​ឲ្យ​មាន​ការ​យល់​ខុស​ពី​មួយ​ទៅ​មួយ​»​។

លោក​ចោទ​ជា​សំណួរ​ថា​៖ «​ហេតុ​អី​បាន​ជា​ទៅ​ដក​សមាជិក​ដែល​អត់​មាន​កំហុស​ខុស​ឆ្គង ដែល​កន្លង​មក​គ្នា​ខំ​តស៊ូ​ជួយ​គណបក្ស​លះបង់​ទាំង​កម្លាំង​ចិត្ត កម្លាំង​កាយ មាន​ទាំង​លុយកាក់​អី​ជាច្រើន ដើម្បី​ឲ្យ​គណបក្ស​ [​រីកចម្រើន​] ហើយ​ការ​ដក​គេ​ផុយៗ ដោយ​គ្រាន់​តែ​មាន​ការ​ស្នើ​ពី​មន្ត្រី​មួយ​ចំនួន​ដែល​ញុះញង់​ចាក់រុក ហើយ​គាត់​ស៊ីញ៉េ​ហ្នឹង​គឺជា​ការ​ទទួល​ខុសត្រូវ​ក្នុង​នាម​ជា​ប្រធាន​បក្ស​?»​។

លោក​ថ្លែង​ថា​៖ «​បើ​សិន​ជា​សម្ដេច​ព្រះប្រធាន​នៅ​តែ​ប្រកាន់​គោលជំហរ​ក្នុង​ការ​សម្របសម្រួល ការ​ផ្សះផ្សា ឬ​បង្រួបបង្រួម​សាមគ្គី ការ​បែកបាក់​គឺ​អត់​មាន តែ​បើ​សិន​ព្រះអង្គ​នៅ​តែ​បន្ត​សកម្មភាព​ជឿ​ទៅ​លើ​មន្ត្រី​ដែល​ខិលខូច មន្ត្រី​ដែល​ញុះញង់ មន្ត្រី​ដែល​អែបអប លូន​ក្រាប​...» ​នោះ​ការ​បែកបាក់​នឹង​កើតឡើង​កាន់តែ​ធ្ងន់ធ្ងរ​។

លោក គឹម រ៉ាវី អតីត​ប្រធាន​ក្រុម​ការងារ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ប្រចាំ​ខេត្ត​សៀមរាប​ដែល​មាន​ឈ្មោះ​ក្នុង​ពាក្យ​បណ្ដឹង​ដែរ​នោះ​យល់​ស្រប​ថា ហ៊្វិនស៊ិនប៉ិច​នឹង​មាន​ការ​បែកបាក់​ធ្ងន់ធ្ងរ​ដូច​ក្នុង​អតីតកាល​។

លោក​ថា ហ៊្វុនស៊ិនប៉ិច​គួរ​រៀន​ពី​យុទ្ធសាស្ត្រ​ឈ្នះៗ​របស់​គណបក្ស​កាន់​អំណាច​។ «​បើ​មាន​មនុស្ស​ ២ ​នាក់​ដឹកនាំ​របៀប​នេះ​ហើយ​ធ្វើ​របៀប​នេះ អយុត្តិធម៌​របៀប​នេះ គ្មាន​ការ​លើក​ទឹកចិត្ត​ដល់​អ្នក​ធ្វើ អត់​មាន​រីកចម្រើន​ទេ​»​។

ប៉ុន្តែ​លោក ញេប ប៊ុនជិន អ្នក​នាំពាក្យ និង​ជា​អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ច្រានចោល​ថា​នឹង​គ្មាន​ការ​បែកបាក់​ណា​មួយ​ដូច​អតីតកាល​ទេ​។ «​គណបក្ស​ហ៊្វុនស៊ិនប៉ិច​អត់​មាន​ការ​បែកបាក់​ដូច​ការ​គិត​ឃើញ​របស់​មនុស្ស ៣ ឬ​ ៤ នាក់​ហ្នឹង​ទេ ពីព្រោះ​នេះ​ជា​កម្លាំង​មួយ​ដែល​សេសសល់​យើង​និយាយ​មែនទែន​ទៅ​គឺជា​មាស​សុទ្ធ​អ្នក​ដែល​មិន​សុទ្ធ​ដូច​យើង​ដេញ​ជម្រះ មាស​ទឹក​សុទ្ធ​អ៊ីចឹង​ពាំ​សំណ​គឺ​ទៅ​អស់​ហើយ វា​នៅ​សល់​តែ​មាស​សុទ្ធ​ទេ​»​។

លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​យល់​ថា​៖ «​វា​នឹង​មិន​អាច​មាន​សន្ដិភាព និង​សណ្តាប់ធ្នាប់​នៅ​ក្នុង​ស្ថាប័ន​ណា​មួយ​បាន​ទេ​រាល់​ពេល​ដែល​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​មិន​មាន​ក្រមសីលធម៌​ដឹកនាំ​រឹងមាំ ហើយ​នឹង​មិន​អាច​មាន​ក្រមសីលធម៌​គ្រប់គ្រង​រឹងមាំ​បាន​ទេ​ នៅពេល​ដែល​ស្ថាប័ន​ និង​ថ្នាក់ដឹកនាំ​របស់​ស្ថាប័ន​នោះ​មិន​ឈរ​លើ​ការពិត និង​យុត្តិធម៌​»៕ NS