Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អភិបាល​ខេត្ត​កណ្តាល ​នឹង​ផ្តល់​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​ចាញ់​ក្តី

Content image - Phnom Penh Post
អាជ្ញាធរ​ខេត្ត​កណ្តាល និង​ពលរដ្ឋ​ចាញ់​ក្តី​ជួបប្រជុំ​កាលពី​ថ្ងៃ​ចន្ទ​នៅ​សាលា​ខេត្ត​កណ្តាល​។ រូបថត ហ្វេសប៊ុក

អភិបាល​ខេត្ត​កណ្តាល ​នឹង​ផ្តល់​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​ចាញ់​ក្តី

កណ្តាលៈ អភិបាល​ខេត្ត​កណ្ដាល​លោក ម៉ៅ ភិរុណ បាន​សម្រេច​នឹង​ផ្ដល់​ដី​នៅ​ទីតាំង​ថ្មី​ជូន​ដល់​ពលរដ្ឋ​ក្រីក្រ​ចំនួន​ ៣ ​គ្រួសារ​ដែល​រង​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ តាម​អំណាច​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល ដែល​ត្រូវ​បាន​គណៈកម្មការ​ចម្រុះ​ចុះ​អនុវត្ត​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។

ដំណោះស្រាយ​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​បាន​ចុះ​អនុវត្ត​សាលដីកា​របស់​តុលាការ ហើយ​អ្នក​ចាញ់​ក្តី​បាន​ធ្វើការ​តវ៉ា​យ៉ាង​ខ្លាំងក្លា​ដោយ​យំ​ស្រែក​មិន​ព្រម​ចាកចេញ ហើយ​សកម្មភាព​បណ្តេញ​ចេញ​ដោយ​បង្ខំ​នេះ​ត្រូវ​បាន​គេ​ថត​បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែល​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​។

លោក ម៉ៅ ភិរុណ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​លោក​បាន​កោះ​ប្រជុំ​គណៈកម្មការ​ចម្រុះ​ដែល​មាន​ការ​ចូលរួម​គ្រប់​ភាគី​ពាក់ព័ន្ធ​ដែល​ក្នុង​នោះ​ក៏​មាន​តំណាង​ភាគី​អ្នក​ឈ្នះ​ក្ដី ឈ្មោះ លឹម ម៉ាច និង​តំណាង​ភាគី​ចាញ់​ក្ដី ឈ្មោះ ប៉ុន ថន​, សែ គឹមអូន និង អ៊ុង អ៊ឹម ផង​ដែរ​។

ក្នុង​កិច្ចប្រជុំ​នោះ​ក្រុម​គណៈកម្មការ​ចម្រុះ​បាន​រកឃើញ​ថា​ក្រុម​គ្រួសារ​ភាគី​ចាញ់​ក្ដី​គឺជា​គ្រួសារ​ក្រីក្រ​ពិតប្រាកដ និង​ជា​អ្នក​ដែល​បាន​មក​សុំ​ដី​របស់​ឈ្មោះ លឹម ម៉ាច ស្នាក់​នៅ​ក្នុង​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល​តាំង​ពី​ឆ្នាំ ១៩៨៧ ពិតប្រាកដ​មែន​។

លោក​បញ្ជាក់​ថា​៖ «​យោង​តាម​ស្ថានភាព​ជាក់ស្ដែង​របស់​គ្រួសារ​ចាញ់ក្ដី​ទាំង​ ៣ ​នោះ គណៈកម្មការ​យើង​បាន​ឯកភាព​ថា​នឹង​រក​ទីតាំង​ដី​នៅ​កន្លែង​ថ្មី​ដែល​នៅ​មិន​ឆ្ងាយ​ពី​ទីតាំង​ចាស់​ដើម្បី​សង់​លំនៅឋាន​ជូន​ពួកគាត់​រស់នៅ​ឲ្យ​បាន​សមរម្យ និង ស្រប​ច្បាប់​»​។

បើ​តាម​លោក​ ភិរុណ គ្រួសារ​របស់​លោក ប៉ុន ថន មន្ត្រី​កងរាជ​អាវុធហត្ថ​ខេត្ត​កណ្ដាល​ដែល​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​ក្នុង​អំឡុង​ពេល​នៃ​ការ​តវ៉ា​ជំទាស់​ទៅ​នឹង​ការ​ចុះ​អនុវត្ត​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​ដោយ​ក្រុម​កម្លាំង​សមត្ថកិច្ច​ចម្រុះ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នោះ​នឹង​ទទួល​បាន​ដី​ទំហំ ១០ គុណ ១២ ម៉ែត្រ និង​ថវិកា​ចំនួន ៣០០០ ដុល្លារ ខណៈ​គ្រួសារ​របស់​អ្នកស្រី សែ គឹមអូន និង​លោក អ៊ុង អ៊ឹម ទទួល​បាន​ដី​ទំហំ ៥ ​គុណ​ ១២ ម៉ែត្រ រួម​នឹង​ថវិកា​ចំនួន ១៥០០ ​ដុល្លារ​ក្នុង​មួយ​គ្រួសារ​។

លោក​បាន​ថ្លែង​ទៀត​ថា​៖ «​នៅ​ពេល​នេះ​ក្រុម​គណៈកម្មការ​យើង​កំពុង​ស្វែងរក​ទិញ​ដី ដើម្បី​រៀបចំ​សង់​ផ្ទះ​ជូន​ពួកគាត់​»​។

ជាមួយ​គ្នា​នេះ​ក្រុម​គ្រួសារ​ភាគី​ចាញ់ក្ដី​ទាំង​ ៣ ​បាន​សម្ដែង​ការ​ត្រេកអរ និង​យល់​ព្រម​ទទួល​យក​នូវ​ការ​ជួយ​អន្តរាគមន៍​ស្វែងរក​ដំណោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត​កណ្ដាល​។ អ្នកស្រី សៀន សិលា អាយុ ៤៤ ឆ្នាំ​ដែល​ជា​ភរិយា​របស់​លោក ប៉ុន ថន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​ពួកគាត់​រីករាយ​នឹង​ទទួល​យក​ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ​ឡើយ ចំពោះ​ដំណោះស្រាយ​របស់​អភិបាល​ខេត្ត​ដែល​បាន​សម្រេច​ផ្ដល់​ដី​ជូន​គ្រួសារ​ក្រីក្រ​របស់​ពួកគាត់​។

អ្នកស្រី​បាន​ថ្លែង​ទៀត​ថា​៖ «​យើង​ខ្ញុំ​ទាំងអស់​គ្នា​ពិតជា​រីករាយ​ណាស់ ហើយ​យើង​ខ្ញុំ​នឹង​បញ្ឈប់​ការ​តវ៉ា​ទាមទារ​អ្វី​ទាំងអស់​។ ទន្ទឹម​នឹង​នេះ​ខ្ញុំ​សូម​អំពាវនាវ​សុំ​ឲ្យ​សមត្ថកិច្ច​ដោះលែង​ប្ដី​របស់​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​ជួបជុំ​គ្រួសារ​វិញ​»​។

បើ​តាម​លោក ភិរុណ ការពិត​សមត្ថកិច្ច​មិន​បាន​ចាប់​ឃុំ​ខ្លួន​លោក ប៉ុន ថន នោះ​ទេ​។ នៅ​ថ្ងៃ​ចុះ​អនុវត្ត​សាលដីកា​​ស្ថាពរ​របស់​តុលាការ​កំពូល​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នោះ​លោក ប៉ុន ថន ដែល​ជា​មន្ត្រី​កងរាជ​អាវុធហត្ថ​ខេត្ត​កណ្ដាល​ត្រូវ​បាន​មេបញ្ជាការ​របស់​គាត់​អញ្ជើញ​ឲ្យ​ត្រឡប់​ទៅ​កាន់​បញ្ជាការដ្ឋាន ដើម្បី​បញ្ចៀស​ការ​ផ្ទុះ​អំពើ​ហិង្សា​កើតឡើង​ប្រឆាំង​សមត្ថកិច្ច​ប៉ុណ្ណោះ ហើយ​គាត់​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​។

រឿង​វិវាទ​ដីធ្លី​នៅ​តែ​ជា​បញ្ហា​ដ៏ក្តៅគគុក​មួយ​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន ដែល​ជា​ញឹកញាប់​គេ​តែងតែ​ឃើញ​ពលរដ្ឋ​មកពី​តាម​បណ្តា​ខេត្ត​នានា​ឡើង​មក​តវ៉ា ដាក់​ញត្តិ​នៅ​តាម​ក្រសួង​ និង​ស្ថាប័នរដ្ឋ​មួយ​ចំនួន​សូម​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួកគាត់​៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ